តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតអោយក្រុមហ៊ុនចំនួន 4 សាងសង់និងដំណើរការរោងចក្ររបស់ខ្លួននៅទីតាំងផ្សេងៗគ្នា។ ការដែលមានអ្នកវិនិយោគបរទេសចូលមកក្នុងប្រទេសកម្ពុជាច្រើនបែបនេះគឺពិតណាស់ថាជួយជំរុញអោយសេដ្ឋកិច្ចកម្ពុជាកាន់តែមានសន្ទុះឡើង ហើយនឹងបង្កើតបានការងារថ្មីជាច្រើន។ ប៉ុន្ដែដើម្បីអោយសេដ្ឋកិច្ចខ្មែរកាន់តែរីកចម្រើនអោយកាន់តែខ្លាំង យើងខ្លួនឯងក៏ត្រូវតែខិតខំអភិវឌ្ឍ និងរៀនសូត្រពីប្រទេសជឿនលឿនដទៃទៀតអំពីយុទ្ធសាស្ត្រសេដ្ឋកិច្ចនិងការបណ្ដុះបណ្ដាលធនធានមនុស្សរបស់គេ។ ខាងក្រោមនេះគឺជាឈ្មោះក្រុមហ៊ុន ទីតាំងរោងចក្រ និងទំហំវិនិយោគរបស់ពួកគេ។
– ទី1 គឺក្រុមហ៊ុន PERFECT VISION FASHION ដោយមានគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកំប៉ោ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ មានទុនវិនិយោគប្រមាណ 5.18 លានដុល្លារអាមេរិច ហើយអាចនឹងបង្កើតការងារថ្មីបានចំនួន 1783 កន្លែង។
– ទី2 គឺក្រុមហ៊ុន JH GARMENT ដោយមានគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិដំណាក់ធំ3 សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ 3.74 លានដុល្លារអាមេរិច និងអាចបង្កើតការងារបានចំនួន 1520 កន្លែង។
– ទី៣ គឺក្រុមហ៊ុន PRESTIGE GARMENT ដោយមានគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានទុនវិនិយោគ 5.58 លានដុល្លារអាមេរិច និងអាចបង្កើតការងារថ្មីបានចំនួន 2336 កន្លែង។
– ទី4 គឺ LONG CHENG SHOE PARTS គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម មានទុនវិនិយោគប្រមាណ 7.75 លានដុល្លារអាមេរិច និងអាចបង្កើតការងារថ្មីបានចំនួន 3824 កន្លែង។
ប្រែសម្រួលមកពីផេករបស់ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា
