គេវ័យដំណាលខ្ញុំដែរ ប៉ុន្តែជីវិតគេជោគជ័យម្ល៉េះ ចុះហេតុអ្វីជីវិតខ្ញុំគ្មានអ្វីសោះ?

3589

កាលនៅពីតូចធ្លាប់ប្រាថ្នាចង់ក្លាយជាមនុស្សធំ មានសេរីភាពក្នុងការសម្រេចចិត្ត និងមានសេរីភាពផ្នែកលុយកាក់។ ប៉ុន្តែមិននឹកស្មានថា ពេលធំឡើងជីវិតក៏កាន់តែស្មុគស្មាញជាងអ្វីដែលធ្លាប់គិត។ ឆ្លងកាត់ពីមួយដំណាក់ទៅមួយដំណាក់កាលចេះតែមានអារម្មណ៍ថា អ្វីគ្រប់យ៉ាងមិនអំណោយផលសោះ។ ជីវិតរបស់ខ្លួនហាក់ដូចជាលំបាកទៅៗ ហើយជីវិតប្រៀបដូចទូករសាត់គ្មានកោះគ្មានត្រើយ។ ខណៈពេលដែរមើលមកខ្លួនឯងគ្មានអ្វីសោះក្នុងខ្លួន ប៉ុន្តែក្រឡេកមើលទៅអ្នកដទៃ គេមានអ្វីគ្រប់យ៉ាងហើយជីវិតគ្មានទុក្ខព្រួយអ្វីសោះ។ ពេលខ្លះក៏លួចច្រណែន ហេតុអ្វីគេវ័យដំណាលខ្ញុំដែរប៉ុន្តែជីវិតគេមើលទៅរីករាយ ចុះជីវិតខ្ញុំហេតុអ្វីស្មុគស្មាញយ៉ាងនេះ?

 

មនុស្សយើងមិនថារឹងម៉ាំយ៉ាងណា មានពេលខ្លះក៏នៅតែត្រូវការអ្នកណាម្នាក់ស្តាប់រឿងរបស់ខ្លួននិងផ្តល់កម្លាំងចិត្ត។ មិនថាមានសមត្ថភាពអប់រំចិត្តបែបណា ពេលខ្លះក៏នៅតែលួចមានចិត្តច្រណែន។ ច្រណែនដែលអ្នកជុំវិញខ្លួនហាក់ដូចជារស់នៅយ៉ាងសប្បាយ គ្មានទុក្ខព្រួយ គ្មានបញ្ហាស្មុគស្មាញ។ ក្រលេកមើលមកខ្លួនឯងអ្វីក៏គ្មាន។ ផ្លូវដែលដើរកាន់តែឆ្ងាយទៅៗ ប៉ុន្តែនៅតែគ្មានអារម្មណ៍ថាធូរស្បើយ។ ផ្ទុយមកវិញគឺកាន់តែមានអារម្មណ៍ថាហត់។ តាមពិតទៅកុំជឿលើភ្នែកទទេដែលអ្នកបានឃើញលើអ្នកដទៃអោយសោះ។

សម័យនេះគឺសម័យបច្ចេកវិទ្យាជឿនលឿន។ មនុស្សចូលចិត្តភាពហឺហានិងទាន់សម័យ។ សម្ភារៈនិយមជាកត្តាមួយជះឥទ្ធិពលលើយុវវ័យខ្លាំងណាស់។ មនុស្សភាគច្រើនចូលចិត្តប្រៀបធៀបខ្លួនឯងទៅអ្វីដែលមើលឃើញនឹងភ្នែក ជាក់ស្តែងគឺសម្ភារៈប្រើប្រាស់។ នៅពេលដែលឃើញអ្នកដទៃដែលមានវ័យដំណាលខ្លួនគេមានជីវិតបែបស៊ីវីល័យ យើងក៏ចាប់ផ្តើមគិតថាគេមានអ្វីគ្រប់យ៉ាង។ តាមការពិត មានសម្ភារៈប្រើប្រាស់ល្អៗទំនើបៗ មិនប្រាកដថាអ្នកនោះមានអ្វីគ្រប់យ៉ាងនោះទេ។ ជីវិតគេអាចនឹងមិនស្រស់បំព្រងដូចអ្នកគិតនោះទេ។ នៅពីក្រោយការបង្អួតជីវិតស៊ីវិល័យនៅលើបណ្តាញសង្គម ជីវិតគេអាចនឹងកម្សត់និងឯកាជាងអ្នកទៅទៀតក៏ថាបាន។ មានមនុស្សប៉ុន្មាននាក់ដែលចង់អោយអ្នកដទៃដឹងថាខ្លួនឯងមានទុក្ខព្រួយ។ គ្រប់គ្នាសុទ្ធតែមិនចង់ក្លាយជាបន្ទុករបស់នរណាម្នាក់។ គ្រប់គ្នាសុទ្ធតែចង់អោយតែអ្នកដទៃឃើញតែភាពរីករាយនិងស្នាមញញឹមរបស់ខ្លួន។ ដូច្នេះយើងមិនអាចវាស់ស្ទង់ពីសុភមង្គលរបស់នរណាម្នាក់តាមរយៈជីវិតស៊ីវីល័យដែលយើងមើលនឹងភ្នែកទទេបាននោះទេ។ ដូចពាក្យចាស់ពោលថាចង្កៀងផ្ទះអ្នកណាភ្លឺផ្ទះអ្នកហ្នឹង

មួយវិញទៀត អ្នកឃើញគេជោគជ័យ សល់ផ្ទះសល់ឡាន។ ក្រឡេកមកមើលខ្លួនឯង ជីវិតមិនទាន់មានលំនឹងពិតប្រាកដ។ តាមពិតទៅ ជួនកាលនៅពីក្រោយភាពជោគជ័យរបស់ពួកគេគឺមានគ្រឺះជួយជ្រុមជ្រែងដ៏រឹងម៉ាំមួយ។ គ្រួសារគេមានដើមទុនស្រាប់ ឳពុកម្តាយគេជួយផ្ចុងផ្តើម ហើយគេធំឡើងក្នុងកន្លែងមួយដែលអំណោយផងទៀត។ ចុះអ្នក? គេអាចនឹងដើរមុនអ្នក ប៉ុន្តែមិនមានន័យថាគ្រាន់តែឃើញគេដើរលឿនយើងត្រូវចុះចាញ់ឈប់ដើរត្រឹមហ្នឹងឯណា។ នៅក្នុងសៀវភៅព្រោះជាយុវវ័យហ្នឹងហើយទើបឈឺចាប់បាននិយាយទាក់ទងនឹងការប្រៀបធៀបខ្លួនឯងនឹងអ្នកដទៃ។ អ្នកនិពន្ធបានសួរថា តើផ្កាណាដែលអស្ចារ្យជាងគេបំផុត? តាមពិតទៅផ្កាទាំងអស់សុទ្ធតែអស្ចារ្យដូចគ្នាទាំងអស់ប៉ុន្តែគ្រាន់តែផ្កានិមួយៗរីកតាមលក្ខខណ្ឌរបស់វា។ ក្នុងចំណោមផ្កាទាំងអស់ ផ្កាអង្គាសីលរីកមុនផ្កាដទៃទៀតទាំងអស់។ដោយសារតែវាជារដូវកាលដែលវាត្រូវរីក ដូច្នេះមិនមានន័យថាវាជាផ្កាអស្ចារ្យនោះទេ ព្រោះចូលរដូវមួយទៀតផ្កាផ្សេងទៀតក៏ចាប់ផ្តើមរីកនិងស្រស់ស្អាតដូចគ្នា។ ផ្កាកុលាបដែលយើងថាស្អាត វាមានស្រទាប់ស្តើងមិនអាចធន់នឹងអាកាសធាតុត្រជាក់បានទេ។ បើវាជំនះចង់រីកលឿន នោះវានឹងមិនអាចធន់នឹងអាកាសធាតុហើយក៏ស្វិតស្រពោនមិនស្រស់ស្អាត។

ជីវិតមនុស្សយើងនិងការរីករបស់ផ្កាគឺដូចគ្នា។ មិនមែនអ្នកជាមនុស្សអន់មិនអាចជោគជ័យបាននោះទេ គ្រាន់តែថាពេលវេលារបស់អ្នកមិនទាន់មកដល់។ ផ្កាទាំងអស់រីកក្នុងរដូវកាលរបស់វា ពេលនេះអាចមិនទាន់ដល់ពេលវេលារបស់អ្នក អាចយឺតពេលបន្តិចនៅពេលធៀបនឹងអ្នកដទៃ តែបើរដូវនោះមកដល់ អ្នកនឹងស្រស់ស្អាតមិនចាញ់ផ្កាដទៃនោះទេ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
Hi readers, my name's Jing Chhing and I'm currently a junior student studying at IFL. Personally, my daily hobby is reading and reading business news provide me a massive understanding so I would love to share it to all of you too.