យុទ្ធសាស្ត្រពង្រីកខ្លួន សម្រាប់អាជីវកម្មដែលមានចំណូលខ្លះហើយ

3528

ការចាប់ផ្តើមរកស៉ី មិនមែនជាការពិបាកនោះទេ ប៉ុន្តែវានឹងពិបាកនៅពេលដែលអ្នកចង់ធ្វើឲ្យវាជោគជ័យ ហើយរកចំណូលឲ្យបានច្រើន។ មានន័យថាអ្នកត្រូវធ្វើការធ្ងន់លើការប្រកួតប្រជែងនៅលើទីផ្សារ ការកំណត់អតិថិជនគោលដៅ ការយល់ដឹងពីចំណេះដឹងហិរញ្ញវត្ថុ ការគ្រប់គ្រង ការពង្រីកខ្លួន និងរឿងជាច្រើនទៀត។ ប៉ុន្តែនឹងមានអ្វីកើតឡើង នៅពេលដែលអាជីវកម្មរបស់អ្នកមានចំណូលខ្លះហើយ តែអ្នកចង់ពង្រីកវាឲ្យរីកថែមទៀត?

 

ប្រសិនបើអ្នកចង់រក្សាភាពជោគជ័យដែលអ្នកមាន អ្នកត្រូវបន្តខិតខំធ្វើការដូចដែលអ្នកធ្វើពីមុន។ អ្នកត្រូវមានទំនាក់ទំនងល្អជាមួយអតិថិជន រក្សាពួកគេកុំឲ្យចាកចេញ ហើយរៀបយុទ្ធសាស្ត្រពង្រីកខ្លួនឲ្យកាន់តែធំថែមទៀត។ វាគឺពិបាក ក្នុងការរក្សាភាពជោគជ័យផង និងបង្កើនការពង្រីកខ្លួនផងក្នុងពេលតែមួយ ប៉ុន្តែវាមិនមានន័យថាមិនអាចទៅរួចនោះទេ ហើយអ្នកគួរតែសាកល្បង។

បើអ្នកចង់ឲ្យអជីវកម្មរបស់អ្នករីកចម្រើនទៅមុខរយៈពេលវែង អ្នកក៏ត្រូវបំភ្លេចចោលការគិតអ្វីខ្លីៗដែរ ហើយចាប់ផ្តើមអត់ធ្មត់ ព្យាយាមសម្រាប់គោលដៅរយៈពេលវែងម្តង។ ខាងក្រោមនេះ គឺជាចំណុចមួយចំនួនដើម្បីពង្រីកអាជីវកម្មរបស់អ្នក៖

កាត់បន្ថយចំណាយ និងបំណុល

ពិតណាស់ថាការរកស៉ីតែងតែមានការជំពាក់គេខ្លះ ប៉ុន្តែកុំលង់ខ្លួននឹងបំណុល។ ត្រូវកាត់បន្ថយបំណុលឲ្យនៅសល់តិចតាមតែអាចទៅរួច ព្រោះតែបំណុលទាំងនោះគឺជាដំបៅដែលអ្នកត្រូវចំណាយបង់ការប្រាក់រាល់ខែ។ ដើម្បីរីកលូតលាស់ អ្នកត្រូវតាមដានរាស់ការចំណាយទាំងអស់ ហើយរកមើលការចំណាយណាដែលមិនចាំបាច់ រួចហើយដកវាចេញ។ ការចំណាយណាដែលអ្នកអាចធ្វើខ្លួនឯងបាន អ្នកគួរតែធ្វើ ជាជាងយកលុយទៅជួលអ្នកដទៃ។ បើអ្នកត្រូវការឧបករណ៍ណាមួយសម្រាប់ប្រើត្រឹមរយៈពេលខ្លី អ្នកគួរតែជួលវាពីគេ កុំចំណាយលុយទិញវាមកទុកចោល។ តួរយ៉ាងក្រុមហ៊ុន Amazon Inc ដែលជាក្រុមហ៊ុនមានការរីកលូតលាស់ក្នុងល្បឿនលឿនបំផុតនៅក្នុងពិភពលោក ហើយក្រុមហ៊ុននេះប្រើយុទ្ធសាស្ត្រសន្សំសំចៃជានិច្ជ មិនថាក្លាយជាក្រុមហ៊ុនជោគជ័យប៉ុណ្ណាក៏ដោយ។

ព្យាយាមទាក់ទងទៅអតិថិជន

សព្វថ្ងៃនេះ បច្ចេកវិទ្យាបានដើរលឿនខ្លាំងណាស់ អ្នកអាចប្រើប្រាស់បច្ចេកវិទ្យាកុំទ្យូទ័រដើម្បីបង្កើនភាពជិតស្និត និងធ្វើទីផ្សារតាមបច្ចេកវិទ្យាទាំងនោះ។ អ្នកប្រហែលជាធ្លាប់ទទួលបានសារពីក្រុមហ៊ុនដែលអ្នកធ្លាប់ទៅទិញផលិតផល ឬសេវាកម្មរបស់ពួកគេ តាមរយៈ SMS Email នេះហើយគឺជារបៀបថែរក្សាអតិថិជនរបស់ពួកគេ។

តាមដានគូប្រកួតប្រជែង

ការតាមដានគូប្រជែង មិនមែនមានន័យថាត្រូវផ្តោតលើពួកគេនោះទេ។ អ្នកគ្រាន់តែតាមដានពួកគេថាពួកគេកំពុងប្រើយុទ្ធសាស្ត្រអ្វី ហើយអ្នកត្រូវត្រៀមយុទ្ធសាស្ត្រអ្វីដើម្បីទប់ទល់ពួកគេវិញ តើពួកគេមានចំណុចខ្សោយអ្វី ចំណុចខ្លាំងអ្វីជាដើម ហើយបើអ្នកស្គាល់ពួកគេច្បាស់ អ្នកនឹងស្រួលក្នុងការដណ្តើមយកទីផ្សារ ហើយធ្វើការពង្រីកខ្លួនរបស់អ្នក។

ស្វែងរកឱកាសថ្មីៗ

ដើម្បីបានជោគជ័យធំ អ្នកត្រូវមើលឲ្យឃើញឱកាស និងចាប់វាឲ្យបានមុនគូប្រជែងរបស់អ្នក។ អ្នកត្រូវវិភាគដើម្បីស្វែងរកឱកាសថ្មីៗដើម្បីទាក់ទាញអតិថិជនថ្មីៗផង និងរក្សាអតិថិជនដែលមានស្រាប់ផង។ បើអ្នកធ្វើបានបែបនេះ អាជីវកម្មរបស់អ្នកនឹងរីកលូតលាស់ល្អ។

ដាក់យុទ្ធសាស្ត្របន្ថែម

ដើម្បីលូតលាស់ពីលើភាពជោគជ័យដែលមានស្រាប់ អ្នកត្រូវបន្ថែមយុទ្ធសាស្ត្រពង្រីកខ្លួន។ វាអាចជាការបង្កើនភាពជាដៃគូជាមួយអាជីវកម្មពាក់ព័ន្ធដទៃទៀតក្នុងនាមជាដៃគូយុទ្ធសាស្ត្រ និងដាក់ឲ្យអនុវត្តន៍យុទ្ធសាស្ត្រទីផ្សារឲ្យកាន់តែមានភាពទូលំទូលាយ។ អ្នកក៏អាចជួលមនុស្សខ្លាំងៗមកធ្វើការឲ្យអ្នក ក៏ជាយុទ្ធសាស្ត្រមួយដែរ។

បន្ថែមតម្រូវការពីលើអ្វីដែលមានស្រាប់

ការបន្ថែមផលិតផល ឬសេវាកម្មដែលមានតម្រូវការលើអ្វីដែលអ្នកមានស្រាប់ គឺជាវិធីពង្រីកខ្លួនដ៏ល្អ។ ឧទាហរណ៍ដូចជា ក្រុមហ៊ុនផ្គត់ផ្គងប្រេងរបស់ថៃ PTT បានពង្រីកអាជីវកម្ម និងបង្កើនចំណូលរបស់ពួកគេក្រៅតែពីប្រេង តាមរយៈការបើកហាងកាហ្វេរ Amazon នៅតាមស្ថានីយ៍ចាក់ប្រេង និងថ្មីៗនេះបាននាំយកហាងកាហ្វេមកដាក់នៅខាងក្រៅស្ថាននីយ៍ប្រេងថែមទៀតតាមរយៈលក់សិទ្ធអាជីវកម្ម។ ក្រៅពីស្ថាននីយ៍ប្រេង និងហាងកាហ្វេ PTT ក៏មានហាងលក់ទំនិញ និងតូបអាហារតូចៗនៅតាមស្ថានីយ៍ចាក់ប្រេងរបស់ខ្លួនផងដែរ ដែលទាំងនេះហើយគឺជារបៀបពង្រីកអាជីវកម្មរបស់ពួកគេ។

វិនិយោគឡើងវិញ

ដើម្បីរីកចម្រើន អ្នកមិនអាចដកលុយពីការចំណេញដែលអាជីវកម្មរបស់អ្នករកបាន មកចាយវាយច្រើន ឬដកមកទាំងអស់នោះទេ។ ប្រាក់ចំណេញទាំងនោះ ត្រូវយកទៅវិនិយោគឡើងវិញតាមរយៈពង្រីកទំហំអាជីវកម្ម បង្កើតអាជីវកម្មថ្មី ឬក៏វិនិយោគជាមួយក្រុមហ៊ុនផ្សេងទៀតដើម្បីបង្កើតប្រភពចំណូលថ្មី និងបង្កើនឥទ្ធិពលនៅលើទីផ្សារថ្មី។ ទោះជាយ៉ាងណា មុននឹងធ្វើការវិនិយោគថ្មី អ្នកត្រូវតែគណនាកម្រិតហានិភ័យឲ្យមែនទែន ថាវាមានកម្រិតប៉ុណ្ណា ហើយតើអ្នកមានជំនឿចិត្តលើការសម្រេចចិត្តរបស់អ្នកឬអត់៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។