អ្នកទើបប្រលងទី១២ចប់ គួរពិចារណារឿងទាំងអស់នេះសិន កុំអោយស្តាយក្រោយនៅថ្ងៃមុខ

12486
រូបភាព Asia Exchange

ក្រោយពីប្រើជីវិត ១២ឆ្នាំ ដើម្បីក្រេបចំណេះដឹងទូទៅក្នុងសាលារៀន ថ្មីៗនេះប្អូនៗមួយចំនួនកំពុងតែរីករាយជាមួយនឹងលទ្ធផលដែលខ្លួនទទួលបាន ហើយក៏ចូលរួមសោកស្តាយចំពោះប្អូនមួយចំនួនទៀតដែលពុំបានជាប់។ ក្រោយពីទទួលបានលទ្ធផល  ប្អូនៗមួយចំនួនតែងតែគិតថា ជីវិតសិក្សាដ៏លំបាកត្រូវបានឆ្លងផុតជាស្ថាពរ ប៉ុន្តែវាមិនដូចអ្វីដែលពួកគេកំពុងគិតឡើយ។ ដោយសារតែមានការធ្វេសប្រហែស និងមើលស្រាលលើការពិចារណាមួយនេះ យុវជនភាគច្រើននៅក្នុងប្រទេសកម្ពុជាស្ទើតែ ៥០% កំពុងប្រឈមមុខជាមួយបញ្ហាមួយចំនួនដូចជា៖

 

គ្មានគោលដៅនៃជីវិតច្បាស់លាស់ រហូតមកទល់នឹងពេលនេះ មានយុវជនកម្ពុជាមិនតិចទេដែលនៅតែមិនទាន់ដឹងពីគោលដៅពិតប្រាកដរបស់ខ្លួន។ និស្សិតមួយចំនួនស្ទើរតែបញ្ចប់ការសិក្សាទៅហើយ ក៏នៅមិនដឹងថាខ្លួនឯងចង់ធ្វើអ្វីអោយពិតប្រាកដ។ បើនិយាយទៅ តាំងពីតូចដល់ធំ ពួកយើងធំឡើងដោយគ្រាន់តែមានអ្នកប្រាប់ថាអោយខំរៀន និងយកពិន្ទុរអោយបានល្អ ប៉ុន្តែគ្មានអ្នកសួរថាតើថ្ងៃក្រោយចង់ក្លាយជាអ្វី?” គិតមួយជ្រុងទៀត ពេលខ្លះមិនមែនពួកយើងគ្មានក្តីស្រម៉ៃ គ្រាន់តែពួកយើងមិនមានអ្នកនាំផ្លូវ ថាតើក្តីស្រម៉ៃនោះគួរតែចាប់ផ្តើមត្រង់ណា ត្រូវត្រៀមអ្វីខ្លះដើម្បីឈានទៅរកក្តីស្រម៉ៃដែលខ្លួនប៉ង។ កត្តានេះធ្វើអោយយើងមានភាពស្រពិចស្រពិល ក្នុងការចាប់ផ្តើម ហើយក៏ជំរុញអោយមានការបោះបង់ចោលច្រើនផងដែរ។

ហេតុអ្វីត្រូវមានគោលដៅ?

គោលដៅគឺជារឿងសំខាន់បំផុតនៅក្នុងជីវិតរបស់បុគ្គលគ្រប់រូប។ បើគ្មានគោលដៅទេ អ្នកប្រៀបដូចជាមនុស្សកំពុងវង្វេងផ្លូវហើយធ្វើដំណើរត្រាចចរគ្មានទិសតំបន់អញ្ចឹង។ អ្នកណាក៏ដឹងថាគោលដៅសំខាន់ដែរ ប៉ុន្តែអ្វីដែលសំខាន់នោះគឺតើធ្វើយ៉ាងណាទើបអាចស្វែងរកគោលដៅពិតប្រាកដរបស់ខ្លួនឃើញ? គោលដៅកើតចេញពីចំណង់ចំណូលចិត្តដែលយើងមាននិងមហិច្ចតាដែលយើងប៉ង។ ជាដំបូងត្រូវស្វែងយល់ពីអ្វីដែលខ្លួនចូលចិត្តធ្វើសិន បន្ទាប់មកត្រូវកំណត់វាថាចង់អោយវាក្លាយជារូបរាងពិតទំហំប៉ុណ្ណា? នេះហើយជាគោលដៅ។ ក្នុងករណីដែលខ្លួនមិនទាន់ច្បាស់លាស់ពីគោលដៅខ្លួនឯងទេ ចូរចំណាយពេលស្វែងរកវាសិនទៅ។ វាមិនហួសពេលនោះទេ។

ការជ្រើសរើសមុខជំនាញខុស៖ ដូចបានរៀបរាប់ខាងលើ យុវជនមួយចំនួនកំពុងប្រឈមមុខនឹងភាពស្រពិចស្រពិល មិនដឹងថាខ្លួនគួរជ្រើសរើសយក មុខជំនាញមួយណាដែលសមស្របនឹងសមត្ថភាពរបស់ខ្លួន។ និស្សិតខ្លះត្រូវប្តូរជំនាញខ្លួនពាក់កណ្តាលទី ដោយសារពេលរៀនយូរទៅៗទើបមានអារម្មណ៍ថាមិនចូលចិត្ត។ ជាលទ្ធផលត្រូវខាតពេលវេលាវេលារៀនមួយឆ្នាំ ឬពីរឆ្នាំ។ ធ្លាប់លឺទេថា រៀនជំនាញនេះដល់ពេលធ្វើការបែរជាជំនាញនោះទៅវិញ? នេះគឺដោយសារជំនាញដែលគាត់រៀនមិនមែនជាអ្វីដែលគាត់ស្រលាញ់ ដូច្នេះហើយគ្មានជម្រើសក្រៅពីទទួលយកការងារផ្សេងដែលខុសពីជំនាញដែលខ្លួនបញ្ចប់ការសិក្សានោះទេ។ អ្នកខ្លះទៀត ធ្វើការជ្រើសរើសមុខជំនាញតាមគ្នា ទាំងដែលខ្លួនឯងមានសមត្ថភាពមិនដល់។ ទីបំផុត ខ្លួនឯងជូតទឹកភ្នែកខ្លួនឯង ព្រោះរៀនមិនសមស្របតាមសមត្ថភាពខ្លួនហើយមិនចេញពីការស្រលាញ់របស់ខ្លួនឯងទៀត។

ការជ្រើសរើសសកលវិទ្យាល័យមិនបានត្រឹមត្រូវ៖ ការជ្រើសរើសសាលារៀនគឺពិតជាសំខាន់សម្រាប់ប្អូនៗ ដើម្បីនាំទៅរកភាពជោគជ័យ ប៉ុន្ដែបច្ចុប្បន្ននេះ យុវជនពុំមានការស្រាវជ្រាវ ឬស្វែងយល់ពីសកលវិទ្យាល័យមុនពេលខ្លួនចូលសិក្សាឡើយ គឺពួកគេជ្រើសរើសតាមគ្នាតែប៉ុណ្ណោះ ទាំងមិនបានគិតគូរពីអោយបានច្បាស់លាស់។សាលាមួយចំនួនមានការទទួលស្គាល់ពីកម្រិតនៃសមត្ថភាពនិស្សិតពេលដែលចេញធ្វើការ ចំនែកឯសាលាខ្លះគ្រាន់តែលឺក៏គេមិនចង់ទទួលអោយធ្វើការដែរ។ ហេតុដូចនេះហើយ កេរ្តិ៍ឈ្មោះរបស់សាលាក៏ជាអាទិភាពមួយធំសម្រាប់អ្នកដែរ។ ម្យ៉ាងវិញទៀត នៅតាមសាលានិមួយៗគឺមានឯកទេសលើជំនាញណាមួយខ្លាំងជាងគេ ដូច្នេះបើយើងដឹងច្បាស់ពីគោលដៅយើងថាចង់រៀនអ្វីហើយ ចូរទៅរៀននៅសកលដែលមានឯកទេសផ្នែកនោះ ព្រោះវានឹងជួយផ្តល់អោយនូវគុណភាពនៃការអប់រំដែលអ្នកចង់បាន។

ជាចុងក្រោយ បើនៅមិនទាន់ច្បាស់ពីគោលដៅរបស់ខ្លួនថាចង់រៀនជំនាញអ្វីទេ យកល្អគួរកុំប្រញាប់តក់ក្រហល់ក្នុងការសម្រេចចិត្ត។ អ្នកគួរចំណាយពេលស្វែងយល់ពីខ្លួនឯងបន្ថែមដូចជាការអានសៀវភៅ ចូលរួមសិក្ខាសាលាទាក់ទងនឹងការតម្រង់ទិសសិក្សា ចូលរួមសកម្មភាពសង្គមអោយបានច្រើន និងប្រឹក្សាយោបល់ពីរៀមច្បង។ សុខចិត្តដើរយឺតបន្តិចក៏មិនអីដែរ ប្រសើរជាងដើរលឿនហើយត្រូវបកក្រោយមកវិញដែរ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
Hi readers! I'm Nik, a writer of Apamat. Currently, I am a year-4 university student in faculty of Business and Economic. I'm here to share my knowledges and experiences related to business with you all.