តើយើងត្រូវចាប់ផ្ដើមសារជាថ្មីដោយរបៀបណាក្រោយពេលបរាជ័យ?

2888

មនុស្សយើងពេលចេញរកស៊ីប្រាកដណាស់ថាមានអ្នកខ្លះជោគជ័យឯអ្នកខ្លះទៀតបរាជ័យ។ សម្រាប់អ្នកជោគជ័យវិញគឺអ្វីៗទាំងអស់ក្នុងជីវិតសុទ្ធតែដើរក្នុងផ្លូវត្រូវ តែសម្រាប់អ្នកបរាជ័យវិញ វាបានធ្វើអោយយើងអស់សង្ឃឹម និងបាក់ទឹកចិត្តលែងជឿជាក់លើខ្លួនឯង ហើយមនុស្សជាច្រើនបានលះបង់ក្ដីស្រម៉ៃរបស់ខ្លួនដោយសារតែខ្លាចការបរាជ័យម្ដងទៀត។ បើផ្អែកតាមបទពិសោធន៍លោក Dan Lok គាត់ថាកុំទាន់អស់សង្ឃឹម ដោយសារតែគាត់ងាកមើលទៅកាន់ការបាក់ទឹកចិត្ត ការលំបាកក្នុងជីវិត និងការបរាជ័យនោះហើយទើបគាត់អាចរៀនសូត្របានពីវា និងធ្វើអោយគាត់ក្លាយទៅជាមហាសេដ្ឋីដូចសព្វថ្ងៃនេះ។ គាត់បានផ្ដល់គំនិតល្អៗចំនួនពីរសម្រាប់អោយអ្នកដែលជួបភាពបរាជ័យយកទៅប្រើ។ 

ដំបូន្មានរបស់គាត់សម្រាប់អ្នកបរាជ័យហើយចង់ចាប់ផ្ដើមសារជាថ្មី គឺដំបូងអ្នកគួររកការងារដែលទាក់ទងនឹងផ្នែកលក់ ដោយប្រើនូវជំនាញដែលអ្នកបានចេះពីការកស៊ីមុនៗ។ អ្នកអាចនឹងរកលុយបានច្រើនពីការងារនេះព្រោះចំណូលតិចឬច្រើនផ្អែកទៅលើចំនួនផលិតផលដែលអ្នកលក់បាន ហើយបូករួមនឹងទំនាក់ទំនងជាមួយអតិថិជនមុនៗផងនោះវាគឺកាន់តែងាយស្រួលក្នុងការរកលុយស្រង់ដើមដើម្បីប្រើប្រាស់ក្នុងមុខជំនួញខ្លួនយើងផ្ទាល់នាពេលអនាគត។ 

ដំបូន្មានទីពីរដែលអ្នកគួរធ្វើ (សម្រាប់អ្នកដែលបរាជ័យហើយមិនមានទាំងជំនាញជាប់នឹងខ្លួន ឬសឹងតែគ្មានទំនាក់ទំនងជាមួយអ្នករកស៊ីអ្វីសោះ) គឺអ្នកត្រូវតែទៅរៀនសូត្រពីអ្នកជោគជ័យណាម្នាក់ដែលអ្នកគោរព ហើយគាត់យល់ព្រមបង្រៀនអ្នក។ អ្នកអាចសុំធ្វើការអោយគាត់មិនថាការងារតូចតាចប៉ុណ្ណាទេ ហើយបើអាចអ្នកត្រូវដើរតាមគាត់អោយបានជាប់ និយាយរួមគឺធ្វើយ៉ាងណាអោយតែបានរៀនសូត្រនិងមើលពីរបៀបទំនាក់ទំនងរកស៊ីរបស់គាត់។ តែចាំថាអ្នកក៏ត្រូវចេះដាក់ចិត្តដាក់កាយរៀនសូត្រមិនមានគំនិតថាខ្លួនជាអ្នកចេះ ត្រូវផ្ដល់ប្រយោជន៍ដល់ពួកគាត់ដោយយកចិត្តទុកដាក់នឹងការងារដែលគាត់អោយធ្វើ ស្មោះត្រង់ ហើយធ្វើតាមសំដីដែលគាត់បានប្រាប់ដោយមិនត្រូវធ្វើស្រេចនឹងចិត្តឡើយ។ ចំនុចទីពីរនេះគឺលោក Dan Lok បានធ្វើកាលពីគាត់មានអាយុម្ភៃតិចតួចដោយគាត់ចូលធ្វើការក្នុងក្រុមហ៊ុនរបស់គ្រូជំនួញរបស់គាត់ ហើយដើរតាមគាត់សឹងតែដកឃ្លាមិនបាន។ ដោយសារតែការខិតខំរៀនសូត្រពីគ្រូបង្វឹករបស់គាត់នេះ ទើបអាចអោយគាត់ចេះដឹងពីជំនួញបានច្រើនហើយមានទំនុកចិត្តក្នុងការប្រឡូកចូលក្នុងជំនួញម្ដងទៀតក្រោយបរាជ័យ និងក្លាយទៅជាមហាសេដ្ឋីរហូតដល់សព្វថ្ងៃនេះ។ ចុងបញ្ចប់គាត់ក៏បានប្រាប់ថានៅពេលជួបបរាជ័យ អ្នកគួរកុំគិតថាគ្មានផ្លូវចេញ ព្រោះថាប្រាកដជាមានអ្វីដែលអ្នកអាចធ្វើបានដើម្បីគេចចេញពីភាពបរាជ័យនោះដូចដែលគាត់បានបង្ហាញខាងលើអញ្ចឹង ឬអាចមានវិធីច្រើនទៀតដែលអាចបំភ្លឺផ្លូវអោយអ្នក ប្រសិនបើអ្នកអាចយកវាមកប្រើប្រាស់បាន៕ 

ប្រែសម្រួលពីវីដេអូរបស់លោក Dan Lok

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។