ស្វែងយល់ពីប្រព័ន្ធទូទាត់ប្រាក់ក្នុងប្រទេសសកម្ពុជា

1957

ប្រតិបតិ្តការប័ណ្ណទូទាត់សងប្រាក់មានការកើនឡើងទាំងប្រតិបត្តិការជាប្រាក់រៀល និងជាប្រាក់ដុល្លារអាមេរិក ប៉ុន្តែចំនួនប្រតិបត្តិការជាប្រាក់ដុល្លារអាមេរិកមានរហូតដល់ជាង ៧០% ។ ចំណែកប្រតិបត្តិការដូចជាការដាក់ប្រាក់ និងការទូទាត់តាមរយៈ POS គឺអាចធ្វើបានតែជាប្រាក់ដុល្លារអាមេរិកប៉ុណ្ណោះ ។ ទោះបីជាចំនួននៃប័ណ្ណឥណទាន និងប័ណ្ណឥណពន្ធ ដែលអាចប្រើប្រាស់ជាមួយម៉ាស៊ីន POS កំពុងតែមានការកើនឡើងក៏ដោយ ក៏ប័ណ្ណទូទាត់ត្រូវ បានប្រើជាចម្បងសម្រាប់ការដកសាច់ប្រាក់ពីម៉ាស៊ីន ATM ជាជាងការទិញដោយប្រើម៉ាស៊ីន POS ។

 

នៅប្រទេសកម្ពុជា ម៉ាស៊ីន ATM និង ម៉ាស៊ីន POS អាចឲ្យអ្នកកាន់ប័ណ្ណប្រើប្រាស់សេវាដូចជា មើលសមតុល្យប្រាក់បញ្ញើ ដកសាច់ប្រាក់ និងទិញទំនិញ ។ បច្ចុប្បន្ននេះ នៅពុំទាន់មាន ប្រព័ន្ធ Shared Switch សម្រាប់ប័ណ្ណទូទាត់ជាអេឡិចត្រូនិកថ្នាក់ជាតិនៅឡើយទេ ។ ប៉ុន្តែយើងមាន ATM Switch អន្តរធនាគារមួយ ដែលហៅថា “Easy Cash” ។

Easy Cash ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០០៨ ដោយក្រុមហ៊ុន Visa ដោយមានធនាគារពាណិជ្ជមួយ ចំនួនជាសមាជិក ។ Easy Cash មិនមែនជាស្ថាប័នឯករាជ្យមួយនោះទេ ប៉ុន្តែវាមានរូបរាងដូចសហគមន៍មួយ ។ រហូតមកដល់ខែមិថុនា ឆ្នាំ២០១៤ Easy Cash មានសមាជិកជាធនាគារពាណិជ្ជចំនួន ៨ និងបានតភ្ជាប់ម៉ាស៊ីន ATM ចំនួន ២៨៥ ។ ធនាគារពាណិជ្ជដែលជាសមាជិកទាំងនោះរួមមាន៖

១. សាជីវកម្មធនាគារកាថេយូណៃធីតចំកាត់
២. ធនាគារកាណាឌីយ៉ា
៣. ធនាគារសហពាណិជ្ជ
៤. ធនាគារកម្ពុជាសាធារណៈ
៥. ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា
៦. ធនាគារកម្ពុជាអាស៊ី
៧. ធនាគារ ប៊ី អាយ ឌី ស៊ី
៨. ធនាគារវឌ្ឍនៈអាស៊ីចំកាត់

Easy Cash អនុញ្ញាតឲ្យអតិថិជនមើលសមតុល្យគណនី និងដកប្រាក់ជាអន្តរធនាគារ និងអាចធ្វើឡើង សម្រាប់តែប្រាក់ដុល្លារអាមេរិកប៉ុណ្ណោះ ។ សម្រាប់សេវាផ្សេងទៀតដូចជា ការដាក់ប្រាក់ ផ្ទេរប្រាក់ និងការទូទាត់ វិក័យបត្រមិនទាន់អាចប្រើបាននៅឡើយទេ ។ អតិថិជនដែលប្រើសេវា ដើម្បីពិនិត្យមើលសមតុល្យគណនីខ្លួន ឬដកសាច់ប្រាក់នៅតាមម៉ាស៊ីន ATM របស់ធនាគារដទៃទៀតត្រូវបង់កម្រៃ ០,៣ ដុល្លារអាមេរិក និង ០,៥ ដុល្លារអាមេរិកសម្រាប់ប្រតិបត្តិការនីមួយៗ ។

ម្យ៉ាងទៀត បណ្តាញម៉ាស៊ីន POS ជាអន្តរធនាគារក្នុងស្រុកនៅមិនទាន់មាននៅឡើយទេ ។ រាល់ប្រតិបត្តិការ ទូទាត់ជាប័ណ្ណនៅកម្ពុជាត្រូវបានដំណើរការតែនៅក្នុងប្រព័ន្ធរបស់ធនាគារចេញប័ណ្ណតែមួយ ឬ តាមរយៈបណ្តាញ អន្តរជាតិដូចជាក្រុមហ៊ុន Visa ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគីជាអ្នកសរសេរអត្ថបទក្នុងគេហទំព័រ apamat.com ។ ចំពោះខ្ញុំការសរសេរអត្ថបទគឺជារឿងរីករាយ ប៉ុន្តែអ្វីដែលកាន់តែធ្វើឲ្យខ្ញុំរីករាយនោះគឺ ការចែករំលែកនូវចំណេះដឹង បទពិសោធន៍ ជំនាញ និង គតិបណ្ឌិតល្អៗដល់មិត្តអ្នកអានទុកជាចំណេះដឹងសម្រាប់ធ្វើការសិក្សាស្វែងយល់។