ហេតុអ្វីបានជាក្រុមហ៊ុន Apple មិនផ្សាយពាណិជ្ជកម្មនៅលើបណ្តាញសង្គម?

3403

Apple គឺជាក្រុមហ៊ុនដែលមានតម្លៃថ្លៃជាងគេបំផុតនៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ ហើយអ្នកទាំងអស់គ្នាក៏ប្រាកដជាស្គាល់ Apple ផងដែរតាមរយៈទូរស័ព្ទ iPhone ដែលជាផលិតផលលក់ដាច់បំផុតរបស់ Apple។ ក្រុមហ៊ុន Apple គឺជាក្រុមហ៊ុនដែលមានការរីកចម្រើនលឿន ហើយវាមានល្បឿនរីកលូតលាស់លឿនបំផុតកាលពីលោក Steve Jobs នៅមានជីវិត និងដឹងនាំក្រុមហ៊ុន Apple។

 

តើអ្នកធ្លាប់ចាប់អារម្មណ៍ទេថាក្រុមហ៊ុន Apple មិនដែលបង្ហោះអ្វីនៅលើ Facebook នៅលើ Twitter និងបណ្តាញសង្គមដទៃទៀតនោះទេ។ តើមូលហេតុអ្វីបានជា Apple មិនផ្សាយផលិតផលរបស់ខ្លួននៅបណ្តាញសង្គម?

Apple មានទំព័រ Facebook ផ្លូវការណ៍ដែលមានអ្នកចុច Like ចំនួន 11លាននាក់ជាង។ ប៉ុន្តែនៅលើផេកនោះ មិនមានការបង្ហោះនោះទេបើអ្នកបើកតាមទូរស័ព្ទ ប៉ុន្តែបើអ្នកបើកនៅលើកុំទ្យូទ័រ អ្នកអាចមើលឃើញតែផូសដែល Apple pin នៅលើគេតែមួយប៉ុណ្ណោះ។

ចំណែកគណនី Twitter ផ្លូវការណ៍របស់ Apple វិញក៏មិនមានការបង្ហោះសូម្បីតែមួយរូបភាព ខណៈមានអ្នកចុច Follow រហូតដល់ទៅជាង 2លាននាក់។

ងាកទៅមើលគណនី Instagram ផ្លូវការណ៍របស់ Apple វិញ ក៏មិនមានការបង្ហោះផ្សាយពីផលិតផលអ្វីដែរ គឺមានតែរូបភាពដែលថតដោយកាមេរ៉ារបស់ iPhone ដែលត្រូវបានអ្នកប្រើប្រាស់ ថតពីជុំវិញពិភពលោក ហើយបានផ្ញើរទៅឲ្យ Apple ដើម្បីបង្ហោះតតែប៉ុណ្ណោះ។

ចំណែកឆាណែល Youtube របស់ Apple មានវីឌីអូណែនាំផលិតផលថ្មីរបស់ខ្លួនខ្លះៗ ប៉ុន្តែមិនមានការផ្សាយញឹកញាប់នោះទេ ពោលគឺយូរៗទើបបង្ហោះម្តង។

មូលហេតុដែល Apple មិនផ្សាយពាណិជ្ជកម្មតាមបណ្តាញសង្គម គឺដោយសារតែហេតុផលមួយ៖

ហេតុផលនោះគឺ Apple មិនចង់ឲ្យមានអ្នក comment នៅលើ post របស់ខ្លួននោះទេ ព្រោះថាមានទាំងអ្នកគាំទ្រ និងអ្នកស្អប់ផលិតផលរបស់ Apple។ ដូច្នេះចំពោះអ្នកស្អប់ប្រាកដជានឹង comment ពាក្យរិះគន់ បង្អាប់ផលិតផលរបស់ Apple រាល់ពេលដែលក្រុមហ៊ុនបង្ហោះ ហើយអ្នកផ្សេងទៀតនឹងឃើញពាក្យទាំងនោះ ហើយវាអាចជះឥទ្ធិពលដល់អ្នកដែលចង់សាកប្រើផលិតផលរបស់ Apple។ 

ម្យ៉ាងវិញទៀតតាំងពីដើមមក Apple មិនដែលខ្វល់ពីការផ្តល់មតិយោបល់ ណែនាំ សរសើរ ឬសំណូមពររបស់អតិថិជននោះទេ។ កាលពីលោក Steve Jobs នៅរស់ ដែលលោកជាអ្នកបង្កើតក្រុមហ៊ុន Apple ដោយផ្ទាល់ដៃ គាត់ធ្លាប់បាននិយាយថា “មនុស្សមិនដឹងថាខ្លួនចង់បានអ្វីនោះទេ ទាល់តែយើងបង្ហាញរបស់នោះឲ្យពួកគេមើល”។

យុទ្ធសាស្ត្រផ្សាយរបស់ Apple គឺនៅពេលចេញផលិតផលថ្មីម្តងៗ តែងតែធ្វើក្នុងពិធីដាក់បង្ហាញផលិតផលធំមួយ តួយ៉ាងដូចជា Apple Big Event កាលពីយប់ម៉ោង 12រំលងអាធ្រាត្រចូលថ្ងៃនេះអញ្ចឹង។ នៅក្នុងកម្មវិធីនោះគឺមានការផ្សាយផ្ទាល់នៅលើគេហទំព័ររបស់ Apple និងមានការផ្សាយបន្តផ្ទាល់តាមគេហទំព័របច្ចេកវិទ្យាល្បីៗនៅក្នុងពិភពលោកជាច្រើនទៀត និងខ្លះផ្សាយបន្តតាម Facebook page ផងដែរ។ បន្ទាប់ពីកម្មវិធីនោះចប់ ផលិតផលថ្មីដែលទើបបង្ហាញនៅលើកម្មវិធី នឹងត្រូវបានដាក់តាំងនៅបន្ទប់តាំងបង្ហាញផលិតផលរបស់ Apple ហើយ Apple បានអញ្ចើញមនុស្សល្បីៗលំដាប់ពិភពលោក ដូចជាតារាចម្រៀងជាដើម មកថតវីឌីអូណែនាំផលិតផលថ្មីទាំងនោះដោយផ្ទាល់។ នៅក្នុងបន្ទប់នោះក៏មានវត្តមានអ្នកសារព័ត៌មានទៅយកព័ត៌មានមកផ្សាយផងដែរ ដោយអ្នកសារព័ត៌មានទាំងនោះមិនបានទទួលលុយពី Apple នោះទេ មានន័យថាពួកគេទៅដោយមិនបានហៅ។ នៅថ្ងៃនេះ ជាពិសេសព្រឹកមិញ សារព័ត៌មានធំៗរបស់ពិភពលោក សុទ្ធតែផ្សាយពីផលិតផលថ្មីរបស់ Apple ហើយការផ្សាយទាំងនោះ Apple មិនបានជួលឲ្យផ្សាយអស់លុយសូម្បីមួយរៀលនោះទេ។ នេះហើយគឺជាយុទ្ធសាស្ត្រធ្វើទីផ្សាររបស់ Apple ដែលក្រុមហ៊ុនផ្សេងទៀតមិនអាចធ្វើដូច។

ងាកមកមើលខ្ទង់ចំណាយផ្សាយពាណិជ្ជកម្មរបស់ Apple វិញម្តង៖

របាយការណ៍ខាងលើគឺជាខ្ទង់ចំណាយផ្សាយពាណិជ្ជកម្មរបស់ Apple រាប់ពីឆ្នាំ 2008 ដល់ឆ្នាំ 2015 ហើយវាបានបង្ហាញថា ការចំណាយលើការផ្សាយពាណិជ្ជកម្មរបស់ Apple ក្នុងឆ្នាំ 2015 បានកើនឡើងដល់ចំនួន 1.8ពាន់លានដុល្លារ ខណៈចំណូលវិញគឺកើនឡើងទាបមែនទែនបើធៀបនឹងការកើនឡើងនៃចំណាយ។ ហើយចាប់តាំងពីផុតឆ្នាំ 2015 មក Apple បានឈប់បង្ហាញខ្ទង់ចំណាយផ្សាយពាណិជ្ជកម្មជាសាធារណៈរហូតមកដល់បច្ចុប្បន្ននេះ។

ទោះបីជា Apple មិនផ្សាយពាណិជ្ជកម្មនៅលើបណ្តាញសង្គមក៏ដោយ តែ Apple បានចំណាយលុយរាប់ពាន់លានដុល្លារទៅលើការផ្សាយពាណិជ្ជកម្មតាមវិធីបែបបុរាណ (Offline advertising)៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។