អាយុ20-25ឆ្នាំមិនមែនជាវ័យបាក់ទឹកចិត្តទេ គ្រាន់តែអ្នកមិនទាន់ដឹងមេរៀនទាំងអស់នេះតែប៉ុណ្ណោះ

8921

មនុស្សយើងមានការវិវត្តន៍នៃពីជីវិតពីមួយដំណាក់កាលទៅមួយដំណាក់កាល។ ឆ្លងផុតពីវ័យជំទង់ហើយ យើងនឹងចូលដល់វ័យមួយទៀតដែលយើងហៅថា “យុវវ័យ”។ ពេលដែលយើងនៅក្មេងតែងតែគិតថា បើខ្លួនឯងធំឡើងប្រាកដជាស្រួលហើយព្រោះនឹងកាន់តែមានសេរីភាពជាងមុន។ លើសពីនេះទៅទៀត តែងតែយល់ថាជីវិតក្នុងភាពជាយុវវ័យប្រាកដជាសប្យាយហើយ ប៉ុន្តែតាមពិតយុវវ័យជាវ័យដែលស្មុគស្មាញណាស់។ ឆ្លងកាត់បទពិសោធន៍ជីវិតក៏ច្រើន ឧបសគ្គក៏ច្រើន ហើយទំនួលខុសត្រូវក៏ច្រើន។ ប៉ុន្តែក្នុងកំឡុងវ័យនេះ មានរឿងប្រាំយ៉ាងដែលយើងគួរដឹងហើយអ្នកនឹងមានអារម្មណ៍ថាធូរស្បើយចំពោះស្ថានភាពអ្នកបច្ចុប្បន្ននេះ។

 

១. ជោគជ័យត្រូវការពេលវេលា

មនុស្សម្នាក់ៗមាននិយមន័យនៃពាក្យថា “ជោគជ័យ” ផ្សេងៗពីគ្នា។ ជោគជ័យមានពីរប្រភេទគឺជោគជ័យទ្រង់ទ្រាយធំ និងជោគជ័យទ្រង់ទ្រាយតូច។ បើយើងមានមហិច្ចតាធំហើយចង់សម្រេចវាអោយបានជោគជ័យ យើងត្រូវចំណាយពេលយូរ។ កុំដាក់គោលដៅថ្ងៃនេះ ហើយចង់ជោគជ័យស្អែក ព្រោះផ្លូវទៅកាន់ភាពជោគជ័យមិនមានផ្លូវកាត់នោះទេ។ បើអ្នកកាន់តែប្រញាប់ប្រញាល់ចង់សម្រេចជោគជ័យឆាប់រហ័ស អ្នកនឹងកាន់តែដាក់សម្ពាធលើខ្លួនឯង។ នៅពេលដែលជីវិតកាន់តែតានតឹងពេក យើងក៏ឈប់ធ្វើអ្វីទាំងអស់។ ចុងក្រោយសូម្បីតែជោគជ័យតូចមួយក៏ធ្វើមិនបានផង។

២. កុំប្រញាប់មានស្នេហា

មិនមែនមិនអោយយុវវ័យគ្រប់រូបកុំមានស្នេហានោះទេ ប៉ុន្តែត្រូវមានស្នេហាដែលត្រឹមត្រូវមួយ។ កុំមានស្នេហាដោយសារមិត្តរបស់អ្នកសុទ្ទតែមានសង្សា និងកុំមានស្នេហាដោយសារតែអ្នកភ័យខ្លាច។ អ្នកខ្លាចថាគេមើលមកជាមនុស្សអន់ ហើយអ្នកភ័យខ្លាចការរស់នៅម្នាក់ឯង។ តាមពិតទៅ ភាពនៅលីវក្នុងភាពជាយុវវ័យជារឿងល្អព្រោះវាធ្វើអោយយើងមានឱកាសដ៏ល្អបំផុតក្នុងការបំពេញនូវក្តីស្រមៃរបស់ខ្លួន។ អ្នកអាចយកពេលវេលានេះទៅអភិវឌ្ឍន៍សមត្ថភាពទាំងផ្នែកចំណេះដឹងនិងការគិតរបស់ខ្លួនអោយកាន់តែប្រសើរឡើង។ នៅពេលអ្នករឺងម៉ាំហើយ កុំភ័យខ្លាចរឿងគ្មានអ្នកណាស្រលាញ់ព្រោះមនុស្សដែលសាកសមនឹងអ្នកបំផុតនឹងមករកអ្នកដោយឯកឯង។

៣. មានមិត្តភក្តិល្អៗ

ពេលដែលយើងនៅជាកុមារ ឳពុកម្តាយជាមនុស្សដែលជិតស្និតជាមួយយើងជាងគេបំផុត។ ប៉ុន្តែនៅពេលដែលយើងកាន់តែធំទៅ ភាពជិតស្និតរវាងយើងនិងឳពុកម្តាយបានកាត់បន្ថយបន្តិចម្តងៗ។ ជាពិសេសក្នុងភាពជាយុវវ័យ អ្នកដែលជិតស្និតនឹងយើងជាងគេគឺមិត្តភក្តិ ដូច្នេះហើយការជ្រើសរើសប្រភេទមិត្តភក្តិគឺជារឿងសំខាន់ណាស់។ ចូរជ្រើសរើសមិត្តភក្តិណាដែលអោយតម្លៃលើវត្តមានរបស់អ្នកក្នុងជីវិតគេ។ ជ្រើសរើសមិត្តទាំងឡាយណាដែលមានក្តីស្រមៃធំធេងដូចអ្នក និងរាប់អានមិត្តណាដែលគេជាកញ្ចក់ឆ្លុះដ៏ល្អបំផុតចំពោះទង្វើរបស់អ្នក។

៤. សន្សំលុយ

ជាការពិតណាស់ យុវវ័យជាវ័យដែលចូលចិត្តភាពសប្បាយ ចង់សាករបស់ថ្មីៗល្អៗ និងទំនើបៗ ដូច្នេះការចំណាយក៏មានច្រើន។ ប៉ុន្តែបើនិយាយទៅដំណាក់កាលវ័យមួយទៀតពោលគឺវ័យកណ្តាល អ្នកនៅមិនទាន់មានទំនួលខុសត្រូវធំដូចមនុស្សវ័យកណ្តាលទេ។ បើអ្នកមិនទាន់មានសមត្ថភាពទិញផ្ទះ ទិញឡានក៏អ្នកជុំវិញខ្លួនមិនទាន់រំលឹកនូវសំណួរដដែលៗថា “ខំយូរហើយតើសល់អីហើយឬនៅដែរ?” ទោះបីជាយ៉ាងណាក៏ដោយ បើទោះបីជាអ្នកមិនទាន់រងសម្ពាធពីអ្នកជុំវិញខ្លួនក៏ដោយ អ្នកក៏មិនត្រូវប្រលែងដៃលើការចំណាយរបស់អ្នកដែរ។ អ្នកត្រូវចាយអោយត្រូវតាមខ្ទង់ និងត្រូវមានវិធីសាស្ត្រ ក្នុងការសន្សំលុយដើម្បីវិនិយោគនៅថ្ងៃអនាគត។

៥. ភាពលំបាកមិនស្ថិតស្ថេរទេ

ជាការពិតណាស់ វ័យនេះអ្នកស្មុគស្មាញខ្លាំង។ មានរឿងជាច្រើនដែលបានកើតឡើងដោយស្មានមិនដល់។ ប៉ុន្តែ អ្នកត្រូវចាំថា រឿងទាំងអស់ដែលអ្នកកំពុងជួបប្រទះនេះ បន្តិចទៀតក៏បាត់ខ្លួនអស់ហើយ។ វានៅមិនយូរទេ។ សម្ពាយដែលអ្នកកំពុងស្ពាយមួយនេះវានឹងស្រាលទៅៗ។ ការឈឺចាប់ដែលអ្នកបៀនទុក្ខឥឡូវនេះវានឹងធូរស្បើយ។ ក្តីកង្វល់និងមន្ទិលទាំងឡាយវានឹងរសាត់បាត់ឆាប់ៗពីជីវិតអ្នក។ ចូរចងចាំថា អ្នកកើតមកសម្រាប់ភាពអស្ចារ្យហើយអ្នកជាមនុស្សរឹងម៉ាំបំផុតដូច្នេះរឿងរ៉ាវប៉ុណ្ណឹង ហេតុអ្វីយកឈ្នះមិនបាន?  

ផ្ទាំងឃោសនាពាណិជ្ជកម្ម
Hi readers, my name's Jing Chhing and I'm currently a junior student studying at IFL. Personally, my daily hobby is reading and reading business news provide me a massive understanding so I would love to share it to all of you too.