4 ចំណុច ក្នុងការធ្វើឲ្យការចំណាយលើការធ្វើទីផ្សាររបស់អ្នក ចំគោលដៅ

2673

អាទិភាពធ្វើទីផ្សារក្នុងទ្រង់ទ្រាយធំ ឬតូច ខ្លាំង ឬខ្សោយ គឺអាស្រ័យលើកញ្ចប់ថវិការដែលម្ចាស់អាជីវកម្មហ៊ានចំណាយ។ ក្រុមហ៊ុនធំៗវិនិយោគលើការផ្សាយពាណិជ្ជកម្ម ពីព្រោះពួកគេដឹងថានៅចុងក្រោយវានឹងផ្តល់ការចំណេញដល់ពួកគេវិញ។ ក្រុមហ៊ុនធំៗទាំងនោះពួកគេមានលទ្ធភាពចំណាយច្រើនលើការផ្សាយប្រភេទពាណិជ្ជកម្មថ្លៃៗ តែក្រុមហ៊ុនតូចៗមិនអាចមានលទ្ធភាពផ្សាយដូចពួកគេនោះទេ។ ប៉ុន្តែមិនមែនមានន័យថា រាល់ការផ្សាយរបស់ក្រុមហ៊ុនធំៗ សុទ្ធតែចំគោលដៅនោះឡើយ ហើយក៏មិនមានន័យថាវិធីផ្សាយពាណិជ្ជកម្មដែលមានតម្លៃថោកៗ គ្មានប្រសិទ្ធភាពនោះដែរ។

 

ប្រសិនបើអ្នកកំពុងតែដឹកនាំអាជីវកម្មដែលមានកញ្ចប់ថវិការធ្វើទីផ្សារតិច អ្នកត្រូវតែមានភាពឆ្លាតវៃក្នុងការសម្រេចចិត្តជ្រើសរើសវិធីធ្វើទីផ្សារណាដែលសមតាមលទ្ធភាពរបស់អ្នក។ អ្នកគួរតែចំណាយលុយដែលអ្នកបានត្រៀមសម្រាប់ធ្វើទីផ្សារ ទៅលើតែយុទ្ធសាស្ត្រផ្សាយពាណិជ្ជកម្មឲ្យបានត្រឹមត្រូវ ហើយខាងក្រោមនេះគឺជាការចាប់ផ្តើម៖

ត្រៀមកញ្ចប់ថវិកាធ្វើទីផ្សារ

វាគ្មានន័យនោះទេ នៅពេលដែលអ្នកមិនចំណាយអ្វីសោះលើការផ្សាយពាណិជ្ជកម្មនៅពេលចាប់ផ្តើមដំបូង។ ក្រុមហ៊ុនខ្លះគិតថាការធ្វើទីផ្សារមិនសូវសំខាន់នោះទេ ហើយជាលទ្ធផលពួកគេទទួលបានអាជីវកម្មដែលត្រៀមបាត់ខ្លួន ស្របពេលដែលគូប្រជែងរបស់ពួកគេកំពុងតែលេចមុខគ្រប់ទីកន្លែងដែលមនុស្សអាចមើលឃើញការផ្សាយពាណិជ្ជកម្មរបស់ពួកគេ។ មិនថាអ្នកមានយុទ្ធសាស្ត្រធ្វើទីផ្សារល្អមហាអស្ចារ្យយ៉ាងណាក៏ដោយ ក៏អ្នកមិនអាចធ្វើអ្វីចេញឡើយ បើគ្មានលុយទេនោះ។ ពិតណាស់នាពេលបច្ចុប្បន្ននេះ មនុស្សស្ទើរតែគ្រប់គ្នាមានទូរស័ព្ទប្រើប្រាស់ ហើយការផ្សាយពាណិជ្ជកម្មដែលកាលពីមុនពេញនិយមនៅទូរទស្សន៍ វិទ្យុ កាសែត និងទស្សនាវដ្តី ក៏ត្រូវបានគេងាកមកផ្សាយតាមបណ្តាញសង្គម គេហទំព័រ អ៉ីនធើណិត ដែលមនុស្សអាចមើលឃើញតាមទូរស័ព្ទដៃរបស់ពួកគេដែរ។ ដូច្នេះអាជីវកម្មដែលទើបប្រឡូក ត្រូវរៀបចំកញ្ចប់ចំណាយលើការធ្វើទីផ្សារជាដំណាក់កាលតាមលុយដែលខ្លួនមាន ជៀសវាងផ្សាយមិនទាន់ដល់គោលដៅ បែរជាអស់លុយកណ្តាលទី។

ពិចារណាទៅលើវិធីធ្វើទីផ្សារណាដែលផ្តល់ប្រាក់ចំណូលពីការលក់ច្រើនត្រឡប់មកវិញ

ទោះបីជាអ្នករើសយកវិធីធ្វើទីផ្សារណាមួយ ដោយសារតែវាមិនមានការចំណាយ ឬចំណាយតិចក៏ដោយ តែវាមិនបានធានារថាអ្នកអាចទទួលបានលទ្ធផលតាមការចង់បានរបស់អ្នកដែរ។ ឧទាហរណ៍ដូចជាការផ្សាយពាណិជ្ជកម្មលើ Facebook អញ្ចឹង វាគឺ Free មែន ប៉ុន្តែបើអ្នកចង់ឲ្យមានអ្នកឃើញច្រើន អ្នកត្រូវ boost post។ 

តើអ្នកនឹងជ្រើសផ្សាយពាណិជ្ជកម្មនៅលើគេហទំព័រល្បីៗ នៅលើទូរទស្សន៍ តាមកាសែត ឬតាមការព្រីនរូបចែកតាមផ្លូវ? អ្នកត្រូវគណនាថារវាងការចំណាយ និងការរកចំណូលមកវិញ មួយណាមានខ្ពស់ជាង មុនពេលអ្នកសម្រេចចិត្តចំណាយលើ។ ហេតុអ្វីក្រុមហ៊ុនភេសជ្ជៈប៉ូវកំលាំង តែងតែឧបត្ថម្ភក្នុងកម្មវិធីប្រដាល់? ព្រោះថាអ្នកមើលប្រដាល គឺភាគច្រើនជាមនុស្សប្រុសដែលចូលចិត្តប្រើកម្លាំង។ ហេតុអ្វីក្រុមហ៊ុនដែលផ្តោតលើអតិថិជនគោលដៅជាយុវវ័យ ចូលចិត្តឧបត្ថម្ភក្នុងកម្មវិធីកីឡា និងការប្រគុំតន្ត្រី? 

កុំដាក់ស៊ុតទាំងអស់ក្នុងកន្ត្រកតែមួយ

មានន័យថា កុំយកលុយដែលអ្នកបានត្រៀមសម្រាប់ធ្វើទីផ្សារ ទៅចាយលើវិធីធ្វើទីផ្សារតែមួយ។ មិនមានយុទ្ធសាស្ត្រធ្វើទីផ្សារតែមួយប្រភេទណា ដែលអាចនាំអាជីវកម្មរបស់អ្នកទៅរកភាពជោគជ័យបានទេ ព្រោះថាអតិថិជនរបស់អ្នកគឺជាមនុស្សខុសគ្នា មានចំណង់ចំណូលចិត្តខុសគ្នា មានសាសនាខុសគ្នា មានវ័យខុសគ្នា និងស្ថិតនៅទីកន្លែងខុសគ្នា។ ឧទាហរណ៍ថា អ្នកផលិតមីកំប៉ុងសម្រាប់លក់ ដែលមានរសជាតិ សាច់មាន់ សាច់ទា និងសាច់ជ្រូក ដូច្នេះអ្នកមិនអាចយកមីរសជាតិសាច់ជ្រូកទៅផ្សាយឲ្យបងប្អូនខ្មែរ-ឥស្លាមទិញនោះទេ មានន័យថាអ្នកមិនអាចប្រើយុទ្ធសាស្ត្រតែមួយដើម្បីចាប់យកអតិថិជនគ្រប់ប្រភេទបានទេ។ បើអ្នកលក់សម្លៀកបំពាក់សម័យថ្មី ឬផលិតផលសម្រាប់អតិថិជនជាក្រុមយុវវ័យ អ្នកមិនត្រូវចំណាយលើការផ្សាយតាមវិទ្យុនោះទេ ព្រោះយុវវ័យសម័យនេះគេឈប់ស្តាប់វិទ្យុអស់ហើយ អ្នកត្រូវផ្សាយតាម Facebook និង Instagram ទើបចំគោលដៅ ផ្ទុយទៅវិញបើអ្នកលក់ថ្នាំព្យាបាលជំងឺមនុស្សចាស់ អ្នកគួរផ្សាយតាមទូរទស្សន៍ ឬតាមវិទ្យុ ព្រោះថាមានមនុស្សចាស់ច្រើនមើល និងស្តាប់។ កុំដាក់ស៊ុតទាំងអស់ក្នុងកន្ត្រកតែមួយ ព្រោះបើវាធ្លាក់ អ្នកនឹងអស់ទាំងអស់។

ប្រើភាពច្នៃប្រឌិតខ្ពស់

ទោះបីជាអ្នកខំប្រឹងចំណាយលុយផ្សាយពាណិជ្ជកម្មអស់ប៉ុន្មានក៏ដោយ វាមិនមានន័យថាសុទ្ធតែមានប្រសិទ្ធភាពទាំងអស់ទេ ខណៈក្រុមហ៊ុនខ្លះមិនសូវចំណាយផង តែគេបានលទ្ធផលខ្ពស់ ដោយសារគេប្រើភាពការច្នៃប្រឌិត។ ឧទាហរណ៍រវាងការផ្សាយពាណិជ្ជកម្មនៅលើទូរទស្សន៍ដែលមានតម្លៃ $500 ក្នុងមួយនាទី និងផ្សាយមួយថ្ងៃ 10នាទី សរុបជាលុយអស់ $15ម៉ឺនក្នុងមួយខែ។ តែបើអ្នកយកតែ $5000 ទៅផលិតវីឌីអូបែបកំប្លែង បែបអប់រំ ឬបែបមនោសញ្ចេតនាវិញ ហើយយកមកផ្សាយនៅលើ Facebook Instagram និង Youtube វិញ វាអាចមានអ្នកមើលច្រើនជាងនៅលើទូរទស្សផងក៏ថាបាន។ មានវីឌីអូផ្សាយពាណិជកម្មខ្លះ គួរឲ្យធុញខ្លាំងណាស់រាល់ពេលមើលម្តងៗ ដោយសារតែវីឌីអូរបស់ពួកគេមិនមានការច្នៃប្រឌិតដែលធ្វើឲ្យយើងចង់មើលសោះ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។