ក្រោយពីលេចឭដំណឹងលារលែងពីតំណែងជា CEO របស់ម្ចាស់ក្រុមហ៊ុនលក់ទំនិញអនឡាញខ្នាតយក្សចិន Alibaba លោក Jack Ma បានធ្វើឱ្យពិភពលោកមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ប៉ុន្តែរឿងនេះលោកធ្លាប់បានប្រាប់ម្តងរួចមកហើយ។
តាមការប្រកាសជាផ្លូវការរបស់ក្រុមហ៊ុន Alibaba កាលពីថ្ងៃទី ១០ ខែ កញ្ញា កន្លងទៅថា សហស្ថាបនិកលោក Jack Ma នឹងដើរចេញពីតំណែងជានាយកប្រតិបត្តិនៅថ្ងៃទី ១០ កញ្ញា ឆ្នាំ ២០១៩ ខាងមុខ។
លោក Ma ដែលមានអតីតភាពជាគ្រូបង្រៀនភាសាអង់គ្លេសធ្លាប់មានប្រសាសន៍ថា នៅអាយុខ្ទង់ ២០ គឺជាពេលត្រូវសិក្សារៀនសូត្រ។ ចន្លោះពីវ័យ ៣០ ទៅ ៤០ ឆ្នាំ គឺជាពេលដែលត្រូវសាកល្បងប្រឈមនិងហានិភ័យ។ ចំណែកអាយុចាប់ពី ៥០ ឆ្នាំឡើងទៅគឺជាវេលាដែលត្រូវធ្វើអ្វីដែលអ្នកពូកែធ្វើបំផុតនិងផ្ទេរចំណេះដឹងដល់ក្មេងជំនាន់ក្រោយ។
លោក Ma បានចំណាយពេលជាច្រើនបង្កើតសមាគមន៍អប់រំមួយនៅឆ្នាំ ២០១៤ ឈ្មោះ The Jack Ma Foundation ដើម្បីជាផ្នែកមួយក្នុងការលើកកម្ពស់ប្រព័ន្ធអប់រំនៅតាមទីជនបទក្នុងប្រទេសចិន។
ថ្ងៃទី ១០ ខែ កញ្ញ ឆ្នាំ ២០១៨ គឺជាថ្ងៃប្រទេសចិនប្រារព្ធទិវាជាតិគ្រូបង្រៀន ហើយក៏ថ្ងៃដែលលោក Jack ឈានចូលវ័យ ៥៤ ឆ្នាំផងដែរ។ លោក Ma បន្តទៀតថា លោកពិតជានឹកនាដល់គ្រាដែលធ្វើជាគ្រូបង្រៀនខ្លាំងណាស់ ហើយមិនយូរទេលោកនឹងត្រឡប់ទៅធ្វើជាគ្រូអប់រំវិញដែលនេះគឺជាអ្វីដែល Ma គិតថាលោកពូកែធ្វើជាងតំណែងនាយកប្រតិបត្តិក្រុមហ៊ុន។
ការមកដល់ក្នុងវិស័យជំនួញហាក់ដូចជារឿងដ៏ចៃដន្យមួយសម្រាប់ Jack Ma បន្ទាប់ពីគាត់ត្រូវបានគេបដិសេធមិនទទួលឱ្យចូលបម្រើការងារក្នុងក្រុមហ៊ុនជាង ៣០ កន្លែង។
“បែបបទនៃជីវិតមិនមែនស្ថិតលើថាតើអ្នកសម្រេចអ្វីបានច្រើនប៉ុណ្ណានោះទេ ប៉ុន្តែវាកំណត់ដោយកំហុសនិងពេលវេលាដ៏លំបាកដែលអ្នកបានឆ្លងកាត់។ ប្រសិនបើអ្នកចង់ជោគជ័យ កុំរៀនតាមប្រវត្តិជោគជ័យ តែត្រូវរៀនពីកំហុសរបស់មនុស្ស។”លោកម៉ាបានប្រាប់ដូច្នេះដល់ក្រុមអ្នកដឹកនាំវ័យក្មេងជំនាន់ក្រោយក្នុងជំនួបប្រចាំឆ្នាំនៃកម្មវិធី World Economic Forum ដែលបានប្រព្រឹត្តិ៍ទៅនៅខែ មករា ឆ្នាំ ២០១៨ ក្នុងទីក្រុង ដាវ៉ូស ប្រទេសស្វីស។
Jack បន្ថែមទៀតថា“ចន្លោះពីវ័យ ២០ ទៅ ៣០ អ្នកគួរដើរស្វែងរកចៅហ្វាយល្អមួយ និងចូលបម្រើការងារក្នុងក្រុមហ៊ុនណាមួយដើម្បីរៀនសូត្រ”។ “ចន្លោះពី ៣០ ទៅ ៤០ ឆ្នាំ ប្រសិនបើអ្នកចង់ធ្វើអ្វីដោយខ្លួនឯង ចូរធ្វើវាភ្លាម បើទោះជាអ្នកនឹងបរាជ័យក៏ដោយ អ្នកនៅតែមានពេលស្រោចស្រង់មកវិញបាន។ នៅពេលអ្នកមានវ័យ ៤០ ទៅ ៥០ អ្នកគប្បីផ្តោតធ្វើរឿងណាដែលអ្នកជំនាញបំផុត។ លុះដល់អាយុពី ៥០ ទៅ ៦០ ឆ្នាំ នេះជាពេលដែលអ្នកត្រូវផ្ទេរចំណេះដឹងដល់មនុស្សជំនាន់ក្រោយ។ រីឯវ័យចាប់ពី ៦០ ឡើងទៅ អ្នកគួរតែនៅជាមួយកូនចៅរបស់អ្នក”នេះបើតាមដំបូន្មានរបស់ម្ចាស់ក្រុមហ៊ុន Alibaba។
ទោះជាយ៉ាងណា Jack ធ្លាប់បានគិតថាខ្លួនលោកគឺជាមនុស្សបរាជ័យម្នាក់មុនពេលឈានដល់វ័យ ៣០ ឆ្នាំ ប៉ុន្តែគាត់មិនដែលគិតថាចង់បោះបង់ការតស៊ូនោះទេ។ គាត់បានព្យាយាមក្រោកឈរប្រជែងនិងខ្លួនឯង ពុះពារគ្រប់ឧបសគ្គទាំងអស់ ហើយនឹកស្រមៃពីរូបភាពដែលគាត់ចង់បាននារយៈពេល ១០ បន្ទាប់។ “មិនថាអ្នកឆ្លាតប៉ុណ្ណា អ្នកនៅតែអាចប្រព្រឹត្តិ៍កំហុស។ បន្ទាប់មកទៀតអ្នកនឹងត្រូវរៀនពីកំហុសនោះ ហើយមិនមែនដោយសារតែអ្នកនឹងអាចគេចពីវាបានទេ តែផ្ទុយទៅវិញ អ្នករៀនគឺដើម្បីតតាំងនិងវា” លោក Ma បាននិយាយដូច្នេះ៕
ប្រភព៖ CNBC
