មេរៀនជោគជ័យចាក់ឫសគ្រប់ទីកន្លែងរហូតដល់យើងមានជម្ងឺខ្លាច “ការបរាជ័យ”

2266

យើងកំពុងរស់នៅក្នុងសង្គមមួយដែលមនុស្សជុំវិញខ្លួនកំពុងតែប្រមូលផ្តុំគ្នានិយាយពីភាពជោគជ័យ។ មានមនុស្សរាប់លានចែកចាយតៗគ្នាពីវីដេអូនិងអត្ថបទដែលនិយាយទាក់ទងនឹងគន្លឹះឆ្ពោះទៅរកភាពជោគជ័យ។ នៅតាមហាងកាហ្វេ ភោជនីយដ្ឋាន និងកម្មវិធីជប់លៀង យើងសុទ្ធតែលឺមនុស្សជុំវិញខ្លួនរៀបរាប់ពីភាពជោគជ័យរៀងៗខ្លួន។ មិនតែប៉ុណ្ណោះ សូម្បីតែការបោះពុម្ពសៀវភៅភាគច្រើនក៏និយាយពីរបៀបដែលជួយអោយយើងជោគជ័យដែរ។ ភាគតិចនៃសៀវភៅណាស់ដែលបានលើកឡើងពីការត្រៀមខ្លួនចំពោះការបរាជ័យ។ បើនិយាយជារួម គ្រប់ទីកន្លែងគឺសុទ្ធតែប្រមូលផ្តុំដោយផ្នត់គំនិត “ជោគជ័យៗ”។ ជាការពិតណាស់ ការយល់ដឹងពីមេរៀនជោគជ័យជាកម្លាំងជម្រុញចិត្តដ៏ល្អមួយសម្រាប់អ្នកក្នុងការដេញតាមក្តីស្រមៃរបស់ខ្លួន។ ប៉ុន្តែអ្នកមិនត្រូវងប់ងល់នឹងភាពជោគជ័យរហូតដល់មានជម្ងឺខ្លាចការបរាជ័យនោះទេ។ ការរៀនសូត្រពីភាពបរាជ័យប្រៀបដូចជាអ្នកមានអាវការពារខ្លួនពេលចេញប្រយុទ្ធដូច្នោះដែរ ហើយកត្តានេះហើយដែលអ្នកធ្វើអោយអ្នកលេចធ្លោជាងអ្នកដទៃ។

 

មនុស្សជោគជ័យភាគច្រើនមិនខ្លាចក្នុងការចែករំលែកគន្លឺះដើម្បីជោគជ័យទេ ព្រោះពួកគេដឹងច្បាស់ថាពួកគេមានចំណុចពិសេសរបស់ខ្លួន ដូច្នេះបើទោះបីជាទម្លាយប្រាប់អ្នកដទៃក៏គេមិនអាចធ្វើដូចខ្លួនឯង ១០០ %ដែរ។ ផ្ទុយទៅវិញមានដែលឆ្ងល់ទេ ហេតុអ្វីបានជាមានមនុស្សតិចណាស់ដែលចែករំលែកបទពិសោធន៍បរាជ័យរបស់ពួកគេ? ព្រោះបទពិសោធន៍បរាជ័យប្រៀបដូចជា ស្លាកចរាចរណ៍។ វាប្រាប់ថា ផ្លូវនៅខាងមុខមានអ្វី? តើវាជាផ្លូវទាល់ឬធ្វើដំណើរបាន? តើមានឧបសគ្គអ្វីឬទេ? តើគួរបើកលឿនឬយឺត? ហើយមេរៀនទាំងអស់នេះជាវត្ថុកម្រណាស់។ ប្រសិនបើអ្នកទៅកន្លែងលក់សៀវភៅ សាកពិនិត្យលមើលថាតើមានអ្នកនិពន្ធប៉ុន្មាននាក់ដែលសរសេរពីភាពបរាជ័យរបស់ខ្លួន។

ការសិក្សាពីគន្លឹះក្នុងការជោគជ័យមិនមែនជារឿងខុសនោះទេ ប៉ុន្តែចូរកុំយកវាបាំងមុខរហូតដល់ភ្លេចគិតដល់កត្តាដែលនាំអោយបរាជ័័យ។ អ្នកគួរតែមានចំណេះដឹងសមាមាត្រគ្នារវាងចំណុចទាំងពីរនេះ។ កាលណាអ្នកទោទន់ទៅលើតែមេរៀនជោគជ័យ អ្នកនឹងគិតថាភាពជោគជ័យគឺជារឿងងាយស្រួល។ ជាលទ្ធផល នៅពេលមានបញ្ហាកើតឡើង អ្នកចាប់ផ្តើមអស់កម្លាំងចិត្តនិងចុងក្រោយក៏ចុះចាញ់។

ការចេញប្រឡូកក្នុងវិស័យណាមួយ មិនថាការងារឬការរៀនសូត្រ ផ្លូវដែលមនុស្សម្នាក់ៗឆ្លងកាត់មិនដូចគ្នាទាំងអស់ទេ។ បើអ្នកតែងតែរំពឹងថាវានឹងស្រួល នោះនៅពេលដំណើរការមិនប្រព្រឹត្តទៅដូចអ្នកគិតអ្នកនឹងស្តាយក្រោយ។ បន្ទាប់មកអ្នកប្រាកដជាគិតថា បើកាលពីមុនមានអ្នកប្រាប់មេរៀនពីភាពបរាជ័យនោះអ្នកមិនដួលបែបនេះទេ។ ដូច្នេះហើយ ប្រសិនបើអ្នកបានស្គាល់ពីរូបរាងនៃបរាជ័យខ្លះហើយ នៅពេលដែលមានឧបសគ្គអ្នកក៏បានត្រៀមផ្លូវចិត្តនិងប្រាជ្ងារបស់អ្នកបានពាក់កណ្តាលដែរ ព្រោះពាក់កណ្តាលទៀតវាអាស្រ័យលើទំហំនៃហានិភ័យរបស់វា។

ការសិក្សាពីមេរៀនបរាជ័យមិនមែនបង្ហាញថា អ្នកលើកទង់សទាំងមិនទាន់ចូលប្រកួតនោះទេ។ មានន័យថា ការប្រកួតមិនទាន់ចាប់ផ្តើមផង សុំចុះចាញ់បាត់ទៅហើយ។ ជំនួសមកវិញ វាបង្ហាញពីភាពក្លាហាននិងភាពឈ្លាសវៃរបស់អ្នកក្នុងការត្រៀមខ្លួនរួចរាល់ដើម្បីយកជ័យជំនះ។ សួរថាមានមនុស្សប៉ុន្មាននាក់ដែលរៀបចំសមត្ថភាពផ្លូវចិត្តរួចរាល់ក្នុងការទទួលយកមេរៀនបរាជ័យ? ហើយមានមនុស្សប៉ុន្មាននាក់ដែលព្រមទទួលស្គាល់ថាខ្លួនឯងនៅមានចំណុចខ្វះខាតហើយត្រូវរៀនសូត្រពីការបរាជ័យបន្ថែម? មនុស្សភាគច្រើនសុទ្ធតែគិតថាខ្លួនឯងមានគុណសម្បត្តិគ្រប់គ្រាន់ហើយមិនចាំបាច់ទៅរៀនសូត្រពីអ្នកណាទៀតទេ។ ការគិតនេះខុសហើយ។ ការបរាជ័យគ្មានឥទ្ធិពលទាញអ្នកចុះឬបន្សាបក្តីស្រមៃនោះទេ។ ភាពជោគជ័យគឺវាអាស្រ័យលើសមត្ថភាពរបស់បុគ្គលម្នាក់ៗថាតើយើងត្រៀមខ្លួនហើយឬនៅ? ហើយបើជោគជ័យហើយកុំភ្លេចអរគុណភាពបរាជ័យផងព្រោះវាធ្លាប់ជួយអោយសញ្ញាតាមផ្លូវជោគជ័យរបស់អ្នករហូតមក៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
Hi readers, my name's Jing Chhing and I'm currently a junior student studying at IFL. Personally, my daily hobby is reading and reading business news provide me a massive understanding so I would love to share it to all of you too.