រឿងដែលអ្នកមិនដឹងពីការធ្វើជំនួញ

2618

ជាទូទៅអ្នកតែងតែឃើញអ្នកជំនួញជោគជ័យមានមុខមាត់ក្នុងសង្គម មានទ្រព្យសម្បត្តិហូរហៀរ ប៉ុន្តែអ្នកមិនបានដឹងថានៅពីក្រោយការជោគជ័យនោះមានរឿងអ្វីកើតឡើងចំពោះពួកគេនោះទេ។ ថ្ងៃនេះយើងសូមលើកយកជីវិតនៃការរកស៊ីរបស់លោក Dan Lok តាំងពីចាប់ផ្ដើមដំបូងរហូតក្លាយទៅជាអ្នកមាន។ គាត់បានជួបប្រទះនូវបញ្ហាក្នុងជំនួញជាច្រើនដែលដំបូងឡើយពេលមុខជំនួញមិនរលូនវាបានធ្វើអោយគាត់មានការព្រួយបារម្ភជាខ្លាំង អស់សង្ឃឹម ហើយគិតថាខ្លួនជាមនុស្សគ្មានប្រយោជន៍ម្នាក់សម្រាប់ក្រុមគ្រួសារ។ គាត់ថាពេលយើងឃើញមនុស្សជោគជ័យដូចជា Steve Jobs ឬ Elon Musk អ្នកតែងតែកោតសរសើរហើយចាត់ទុកពួកគេគឺជាបុគ្គលគំរូ ហើយជាទូទៅអ្នកឃើញតែពីពេលដែលពួកគេក្លាយជាអ្នកមានហើយប៉ុណ្ណោះ តែអ្នកមិនដឹងថាពួកគេឆ្លងកាត់ទាំងការលំបាកទាំងថ្ងៃទាំងយប់ អស់ទាំងកម្លាំងកាយ និងការរងសម្ពាធខាងផ្នែកអារម្មណ៍ផងដែរទម្រាំអាចអោយពិភពលោកស្គាល់ពួកគេបាន។ ពេលនេះគាត់លើកយកតែពីបញ្ហាសម្ពាធផ្លូវចិត្តដែលគាត់ទទួលរងខណៈពេលដែលជួបឧបសគ្គក្នុងជំនួញ។ ចំនុចពិសេសបំផុតរបស់អ្នកជំនួញដែលអ្នកត្រូវដឹងនោះគឺពួកគេអាចប្រឈមមុខនឹងបញ្ហាក្នុងរយៈពេលវែងបាន។ នៅពេលដែលអ្នកមានលុយកាន់តែច្រើន បញ្ហាក្នុងជំនួញក៏កាន់តែច្រើនដែរ ពេលអ្នកដោះស្រាយបញ្ហាក្នុងជំនួញមួយភ្លាម បញ្ហាផ្សេងៗនឹងចូលមកអោយអ្នកដោះស្រាយបន្ដទៀត។ 

 

នៅពេលមួយគាត់មានបញ្ហាច្រើនក្នុងជំនួញរបស់គាត់ យប់មួយនោះគាត់នៅក្នុងកន្លែងធ្វើការរហូតដល់ម៉ោង៤ភ្លឺដើម្បីរកវិធីដោះស្រាយផ្សេងៗគ្នា តែទោះបីជាគិតយ៉ាងណាក៏នៅតែគិតមិនឃើញផ្លូវដោះស្រាយរហូតធ្វើអោយគាត់អង្គុយយំតែម្នាក់ឯង ហើយពេលនេះក៏ស្របពេលនឹងឪពុករបស់គាត់ទើបតែស្លាប់ និងដោយសារបញ្ហាស្មុគស្មាញពេកគាត់មិនបានប្រាប់សូម្បីតែប្រពន្ធគាត់ព្រោះមិនចង់អោយប្រពន្ធគិតពីបញ្ហាច្រើនដូចខ្លួនដែរ។ គាត់ដឹងថាមានអ្នកខ្លះមានបញ្ហាក្នុងជំនួញហើយថែមទាំងមិនទទួលបានការគាំទ្រលើកទឹកចិត្តពីក្រុមគ្រួសារទៀត។ រឿងនេះគាត់មិនបានជួបប្រទះខ្លួនឯងទេព្រោះគ្រួសាររបស់គាត់តែងតែគាំទ្រនិងនៅពីក្រោយគាត់ក្នុងការសម្រេចចិត្តផ្សេងៗ។ ការជួបបញ្ហាពីផ្នែកខាងក្រៅនៅអាចទ្រាំទ្របាន តែពេលខ្លះសូម្បីតែគ្រួសារខ្លួនឯងក៏មិនយល់ពីអ្វីដែលអ្នកកំពុងឆ្លងកាត់ឡើយ អ្វីដែលពួកគាត់មិនបានដឹងគឺថាអ្នកកំពុងព្យាយាមធ្វើអ្វីគ្រប់បែបយ៉ាងដើម្បីអនាគតគ្រួសារទាំងមូលទេ។ 

ពេលនេះគាត់បានជោគជ័យហើយ អ្វីដែលគាត់ផ្ដោតនៅពលនេះគឺបន្ដពង្រីកមុខជំនួញរបស់ខ្លួនបន្ថែម និងចែករំលែកនូវចំណេះដឹងរបស់ខ្លួនខាងផ្នែកជំនួញ។ ម្ដាយរបស់គាត់បាននិយាយប្រាប់គាត់ថាហេតុអ្វីក៏គាត់នៅតែខិតខំប្រឹងទៀតបើពេលនេះអ្វីក៏គ្រួសាររបស់គាត់មានអស់ហើយ តែការពិតគាត់មិនមែនចង់បានទ្រព្យសម្បត្តិបន្ថែមច្រើនណាស់ណាទេ តែគាត់ចង់ចែករំលែកចំណេះដឹងល្អៗមិនថាតាមវីដេអូក្ដី ឬតាមវិធីផ្សេងៗក្តីគឺដើម្បីបន្សល់ទុកនូវកេរ្តិ៍ឈ្មោះសម្រាប់ខ្លួនឯង និងគំនិតល្អៗដល់អ្នកដែលចង់ជោគជ័យដូចគាត់។ ប្រសិនបើដើម្បីតែលុយមួយមុខមហាសេដ្ឋីទាំងអស់នឹងឈប់ភ្លាមពេលក្លាយទៅជាអ្នកមាន ផ្ទុយទៅវិញមនុស្សធម្មតាភាគច្រើនគិតថាអ្នកមានគ្រប់គ្នាពេលមានហើយមិនឈប់ព្រោះពួកគេលោភលន់ តែតាមពិតគោលដៅរបស់អ្នកមានភាគច្រើនគឺពួកគាត់នៅធ្វើបន្ដទៀតមិនមែនដើម្បីលុយជាធំទេ តែដើម្បីកិត្តិយស ការគោរព ដើម្បីធ្វើជាគម្រូល្អអោយដល់មនុស្សទូទៅបានឃើញ និងបន្ដយកលុយជួយដល់សង្គមវិញ។ ក្នុងដំណើរទៅកាន់ការជោគជ័យក្នុងជំនួញ អ្នកនឹងជួបបញ្ហាជាច្រើនដែលពេលខ្លះអ្នកអាចនឹងនឹកស្មានមិនដល់ ដូចនេះត្រូវមានការតាំងចិត្តអោយខ្ពស់ កុំធ្វើអ្វីដោយបង្ខំ ខិតខំរៀនសូត្រនូវគំនិតល្អៗបន្ថែមនិងយកវាមកអនុវត្ត ហើយត្រូវរៀបចំខ្លួនទាំងកម្លាំងកាយនិងកម្លាំងចិត្ត ព្រោះគ្រប់អ្នកជោគជ័យទាំងអស់គឺពួកគេសុទ្ទតែឆ្លងកាត់ឧបសគ្គទាំងនេះ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។