Apple តម្លើងថ្លៃ iPhone ជាបន្តបន្ទាប់ ប៉ុន្តែអ្នកប្រើហាក់ដូចជាមិនខ្វល់

2244

ការលក់របស់ Apple ប៉ុន្មានឆ្នាំចុងក្រោយនេះមានល្បឿនយឺតគួរឲ្យកត់សម្គាល់។ Apple នឹងមិនអាចបំបែកកំណត់ត្រាលក់ក្នុងចំនួនដ៏ច្រើនលើសលុបក្នុងប្រវត្តិសាស្ត្របាននោះទេ បើនៅតែផលិត iPhone ដដែលៗមិនមានអ្វីខុសប្លែកពីម៉ូឌែលមុនៗនោះ។ ប៉ុន្តែ Apple ជោគជ័យខ្លាំងណាស់ក្នុងការបង្កើនប្រាក់ចំណូលដោយសារតែលក់បានថ្លៃជាងមុន ទោះជាការលក់ធ្លាក់ចុះក៏ដោយ។ 

 

ប្រសិនបើអ្នកនៅចាំ កាលពីឆ្នាំ 2016 iPhone ជំនាន់ថ្មីរបស់ Apple ម៉ូឌែល iPhone 7 មានតម្លៃ $649 ក្នុងមួយគ្រឿងសម្រាប់អង្គចងចាំ 32GB ខណៈដែល iPhone 7 Plus មានតម្លៃ $769។ 

ត្រឡប់ទៅកាលពីឆ្នាំមុនវិញ iPhone X បានចេញមកហើយបានក្រឡុកតម្លៃឡើងដល់ $999 ក្នុងមួយគ្រឿង។ iPhone X បានបង្ហាញខ្លួនដំណាលខួប 10 ឆ្នាំនៃទូរស័ព្ទម៉ូឌែល iPhone របស់ Apple។ Apple បានដាកបង្ហាញទូរស័ព្ទ iPhone ដំបូងរបស់ខ្លួនម៉ូឌែល iPhone 3G នៅថ្ងៃទី29 ខែមិថុនា ឆ្នាំ 2007។ តំណាលគ្នាដែល iPhone X បង្ហាញខ្លួន Apple ក៏បញ្ចេញម៉ូឌែល iPhone 8 ដែលមានតម្លៃ $699 និង 8 Plus  មានតម្លៃ $799 ក្នុងមួយគ្រឿងផងដែរ ដែលនេះគឺថ្លៃជាងម៉ូឌែល iPhone 7 និង iPhone 7 Plus។

ឆ្នាំនេះ Apple មិនបានដាក់បង្ហាញ iPhone 8s នោះទេ ប៉ុន្តែបានបញ្ចេញ iPhone Xr ជំនួសវិញ ហើយវាមានតម្លៃ $749 ក្នុងមួយគ្រឿង គឺថ្លៃជាង iPhone 8 ទៀត។ 

កាលពីម្សិលមិញ Apple ក៏ដាក់បង្ហាញ iPhone ម៉ូឌែល iPhone Xs និង iPhone Xs Max ផងដែរ ហើយម៉ូឌែលទាំងបីរបស់ iPhone លែងមានលេខដូចមុនទៀតហើយ ជំនួសមកវិញដោយលេខរ៉ូមាំង និងអក្សរទាំងអស់។ 

Apple ទំនងជាដឹងពីការដាក់លក់ iPhone X ក្នុងតម្លៃ $999 កាលពីឆ្នាំមុន ហើយវាបានបង្ហាញថា ទោះជាវាមានតម្លៃថ្លៃក៏ពិតមែន តែមនុស្សនៅតែទិញវា ទើបឥឡូវនេះ Apple ដាក់លក់ iPhone ម៉ូឌែលថ្មីទាំងបីក្នុងតម្លៃខ្ពស់ជាងម៉ូឌែលមុនៗ។ 

iPhone Xs ដាក់លក់ចាប់ពីតម្លៃ $1099 ក្នុងមួយគ្រឿង ហើយថ្លៃបំផុតគឺ $1449 សម្រាប់អង្គចងចាំ 512GB។ កាលពីឆ្នាំ 2016 iPhone ដែលមានតម្លៃខ្ពស់បំផុត គឺ iPhone 7 Plus អង្គចងចាំ 256GB មានតម្លៃតែ $929 ក្នុងមួយគ្រឿងប៉ុណ្ណោះ។ Apple មិនត្រឹមតែតម្លើងថ្លៃលើផលិតផលជំនាន់ថ្មីទេ តែក៏តម្លៃអង្គចងចាំដើម្បីលក់ឲ្យបានកាន់តែថ្លៃផងដែរ។ 

វាគឺជារឿងល្អសម្រាប់ Apple ដែលរកចំណូលបានកាន់តែខ្ពស់ ទោះជាចំនួនលក់មិនកើនឡើងក៏ដោយ។ ការសម្រេចចិត្តកំណត់តម្លៃលក់របស់ Apple គឺជារឿងដ៏រីករាយរបស់ម្ចាស់ភាគហ៊ុន ប៉ុន្តែវាជារឿងអាក្រក់សម្រាប់អ្នកប្រើប្រាស់៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។