មកស្គាល់មុខមហាសេដ្ឋីប្រចាំប្រទេសទាំង 10 នៃតំបន់អាស៊ាន

5882

អាស៊ាន គឺជាតំបន់ដែលមានសេដ្ឋកិច្ចរីកលូតលាស់លឿនជាងគេមួយក្នុងពិភពលោក ហើយថ្មីៗនេះក្នុងតំបន់អាស៊ានមានមហាសេដ្ឋីមានប្រាក់ពាន់លានដុល្លារ មកពីប្រទេសធំៗចំនួន 6ក្នុងតំបន់ ចំនួន ១០២នាក់ នេះបើមិនបូកប្រទេស ៤ទៀតដូចជា កម្ពុជា ប្រ៊ុយណេ ឡាវ និងភូមាទេនោះ។ បច្ចុប្បន្ននេះ អាស៊ានបានក្លាយជាតំបន់ដែលទាក់ទាញអ្នកវិនិយោគ និងពាណិជ្ជកម្ម ដែលកាលពីមុនវិស័យទេសចរណ៍ធ្លាប់តែជាវិស័យឈានមុខគេ។

ខាងក្រោមនេះគឺជាបញ្ចីឈ្មោះមនុស្សដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតប្រចាំប្រទេសនិមួយៗក្នុងតំបន់អាស៊ាន៖

១. ស្តេចនៃប្រទេសប្រ៊ុយណេ – ស្តេចស៊ុលតង់ Hassanal Bolkiah

  • មានទ្រព្យសម្បត្តិ៖ ២០ពាន់លានដុល្លារអាមេរិច
  • មានព្រះជន្ម៖ ៦៣
  • ប្រភពនៃទ្រព្យសម្បត្តិ៖ ពាណិជ្ជកម្មចម្រុះ

ទ្រង់ គឺជាស្តេចស៊ុលតង់ទី ២៩ នៃប្រទេសប្រ៊ុយណេ។ គួរឱ្យចាប់អារម្មណ៍ ទ្រង់គឺជាព្រះមហាក្សត្រដែលកាន់តំណែងនាយករដ្ឋមន្ត្រីដំបូងបង្អស់ និងកំពុងកាន់តំណែងនាពេលបច្ចុប្បន្ន។ ស្តេចស៊ុលតង់ត្រូវបានចាត់ចំណាត់ថ្នាក់ដោយទស្សនាវដ្ដី Forbes ក្នុងចំណោមបុគ្គលដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅលើពិភពលោក ដែលមានទ្រព្យសម្បត្តិសរុបសុទ្ធចំនួន ២០ពាន់លានដុល្លារ។

២. អ្នកមានបំផុតនៅប្រទេសហ្វីលីពីន – លោក Henry Sy

  • មានទ្រព្យសម្បត្តិ៖ ២០ពាន់លានដុល្លារ
  • មានអាយុ៖ ៩៣ឆ្នាំ
  • ប្រភពនៃទ្រព្យសម្បត្តិ៖ រកស៉ីលើពាណិជ្ជកម្មចម្រុះ
  • រស់នៅប្រទេស៖ ហ្វីលីពីន
  • មានកូន៖ ៦នាក់
  • កម្រិតអប់រំ៖ បញ្ចប់បរិញ្ញាប័ត្រផ្នែកសិល្បះ និងវិទ្យាសាស្ត្រ នៅសកលវិទ្យាល័យ Far Eastern University
  • មានលេខរៀងជាមហាសេដ្ឋីលំដាប់ទី ៥២ លើពិភពលោក

លោក Henry Sy កើតនៅក្នុងគ្រួសារក្រីក្រមួយនៅក្នុងភូមិ Ankhue ទីក្រុង Fujian ប្រទេសចិន។ លោក Henry Sy គឺជាមហាសេដ្ឋីចិន-ហ្វីលីពីន ជាអ្នកវិនិយោគ និងជាសប្បុរសជន។ លោក Henry រកស៉ីក្នុងពាណិជ្ជកម្មដែលភាគច្រើនក្នុងវិស័យអចលនទ្រព្យ វិស័យបដិសណ្ឋារកិច្ច វិស័យធនាគារ វិស័យរ៉ែ វិស័យអប់រំ និងវិស័យសុខាភិបាល។ គាត់ក៏ជាស្ថាបនិកនៃសាជីវកម្ម SM Prime Holdings ដែលជាក្រុមហ៊ុនមេគ្រប់គ្រងបុត្រសម្ព័ន្ធទាំងអស់របស់គាត់ផងដែរ។

៣. អ្នកមានបំផុតនៅប្រទេសថៃ – លោក Charoen Sirivadhanabhakdi

  • មានទ្រព្យសម្បត្តិ៖ ១៧.៩ពាន់លានដុល្លារ
  • មានអាយុ៖ ៧៤ឆ្នាំ
  • ប្រភពនៃទ្រព្យសម្បត្តិ៖ រកស៉ីលើពាណិជ្ជកម្មភេស្ជជៈ និងអចលនទ្រព្យ
  • រស់នៅ៖ ទីក្រុងបាងកក ប្រទេសថៃ
  • មានកូន៖ ៥នាក់
  • មានលេខរៀងជាមហាសេដ្ឋីលំដាប់ទី ៦៥ លើពិភពលោក

លោកមហាសេដ្ឋីពាន់លាន Charoen Sirivadhanabhakdi គឺជាស្ថាបនិកនៃក្រុមហ៊ុនភេស្ជជៈថៃ (Thai Beverage) ហើយក៏ជាប្រធានក្រុមហ៊ុន TCC Group និង Fraser and Neave (F&N) ផងដែរ។ គ្រួសាររបស់លោក បច្ចុប្បន្ននេះគឺជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យធំជាងគេនៅប្រទេសថៃ កំពុងគ្រប់គ្រងដីច្រើនជាង ១០៨,០០០ ហិចតា ហើយកំពុងកាន់កាប់សណ្ឋាគារចំនួន ៥០ នៅប្រទេសអង់គ្លេស សហរដ្ឋអាមេរិច អូស្ត្រាលី និងក្នុងតំបន់អាស៉ី។

៤. អ្នកមានជាងគេនៅប្រទេសឥណ្ឌូនេស៉ី – លោក Robert Budi Hartono

  • មានទ្រព្យសម្បត្តិ៖ ១៧.៤ពាន់លានដុល្លារ
  • មានអាយុ៖ ៧៧ឆ្នាំ
  • ប្រភពនៃទ្រព្យសម្បត្តិ៖ រកស៉ីលើពាណិជ្ជកម្មធនាគារ និងថ្នាំជក់
  • រស់នៅ៖ ទីក្រុង Kudus ប្រទេសឥណ្ឌូណេស៉ី
  • មានកូន៖ ៣នាក់
  • មានលេខរៀងជាមហាសេដ្ឋីលំដាប់ទី ៦៩ លើពិភពលោក

លោក Robert Budi Hartono គឺជាមហាសេដ្ឋីថ្នាំជក់ ចិន-ឥណ្ឌូនេស៊ី ដែលជាម្ចាស់ និងគ្រប់គ្រងក្រុមហ៊ុន Djarum ដែលជាក្រុមហ៊ុនផលិតបារីធំជាងគេទី 3 នៅលើពិភពលោក។ លោក Budi Hartono ក៏មានភាគហ៊ុនជាមួយប្អូនប្រុសរបស់គាត់ដែរគឺលោក Michael Bambang Hartono នៅក្នុងធនាគារធំជាងគេមួយនៅប្រទេសឥណ្ឌូនេស៊ី Bank Central Asia ដែលអតីតគ្រប់គ្រងដោយមហាសេដ្ឋី Liem Sioe Liong ។

៥. អ្នកមានជាងគេនៅម៉ាឡេស៉ី – លោក Robert Kouk

  • មានទ្រព្យសម្បត្តិ៖ ១៤.៨ពាន់លានដុល្លារ
  • មានអាយុ៖ ៩៤ឆ្នាំ
  • ប្រភពនៃទ្រព្យសម្បត្តិ៖ រកស៉ីលើពាណិជ្ជកម្មប្រេងដូង ដឹកជញ្ជូន និងអចលនទ្រព្យ
  • រស់នៅ៖ ទីក្រុងហុងកុង ប្រទេសចិន
  • មានកូន៖ ៨នាក់
  • កម្រិតអប់រំ៖ បញ្ចប់បរិញ្ញាប័ត្រផ្នែកសិល្បះ និងវិទ្យាសាស្ត្រ នៅមហាវិទ្យាល័យ Raffles College
  • មានលេខរៀងជាមហាសេដ្ឋីលំដាប់ទី ៩៦ លើពិភពលោក

កើតនៅឆ្នាំ 1923 លោក Robert Kuok Hock Nien ជាមហាសេដ្ឋី ពាណិជ្ជករ និងជាអ្នកវិនិយោគម៉ាឡេស៊ី។ ភាគច្រើននៃអាជីវកម្មរបស់គាត់ត្រូវបានកាន់កាប់ដោយឯកជន (ដោយគាត់ ឬក្រុមគ្រួសាររបស់គាត់) និងមានភាគហ៊ុននៅក្នុងក្រុមហ៊ុនជាច្រើននៅទូទាំងទ្វីបអាស៊ី។ គាត់រកស៉ីលើអាជីវកម្មជាច្រើនដូចជាចំការអំពៅ ការចម្រាញ់ស្ករ ការកិនម្សៅ ចំណីសត្វ សណ្ឋាគារ អចលនទ្រព្យ និងច្រើនទៀត។ ទោះបីជាប្រភពទ្រព្យសម្បត្តិរបស់គាត់មានច្រើនយ៉ាងណាក៏ដោយ ប្រភពធំបំផុតគឺមកពីភាគហ៊ុននៅក្នុងសាជីវកម្ម Wilmar International ដែលជាសាជីវកម្មប្រេងដូងដែលបានចុះបញ្ជីជាក្រុមហ៊ុនធំបំផុតនៅលើពិភពលោក។

៦. អ្នកមានជាងគេនៅប្រទេសសឹង្ហបុរី – ពីរនាក់បងប្អូនត្រគោល Ng លោក Robert & Philip Ng

  • មានទ្រព្យសម្បត្តិ៖ ១០.៨ពាន់លានដុល្លារ
  • ប្រភពនៃទ្រព្យសម្បត្តិ៖ រកស៉ីលើពាណិជ្ជកម្មអចលនទ្រព្យ
  • មានលេខរៀងជាមហាសេដ្ឋីលំដាប់ទី ១៤០ លើពិភពលោក

លោក Robert និងលោក Philip គឺជាកូនប្រុសទាំងពីររបស់មហាសេដ្ឋីអចលនទ្រព្យសឹង្ហបុរី គឺលោក Ng Teng Fong ដែលមានរហ័សនាមថា “The King of Orchard Road”។ លោក Robert និងលោក Philip កាន់កាប់ក្រុមហ៊ុន Far East Organization ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំជាងគេនៅប្រទេសសឹង្ហបុរី។ ក្រុមហ៊ុនបុត្រសម្ព័ន្ធ Sino Group នៅទីក្រុងហុងកុង គ្រប់គ្រងដោយលោក Robert និងកូនប្រុសរបស់គាត់ ចំណែកក្រុមហ៊ុននៅសឹង្ហបុរីគ្រប់គ្រងដោយលោក Philip។

៧. អ្នកមានជាងគេនៅប្រទេសវៀតណាម – លោក Pham Nhat Vuong

  • មានទ្រព្យសម្បត្តិ៖ ៤.៣ពាន់លានដុល្លារនៅលើទស្សនាវដ្តី Forbes ហើយគិតដល់ខែកញ្ញានេះ ទ្រព្យសម្បត្តិរបស់លោកកើនដល់ ៦.៦ពាន់លានដុល្លារ
  • មានអាយុ៖ ៥០ឆ្នាំ
  • ប្រភពនៃទ្រព្យសម្បត្តិ៖ រកស៉ីលើពាណិជ្ជកម្មចម្រុះ
  • មានកូនចំនួន៖ ៣នាក់
  • រស់នៅ៖ ទីក្រុងហាណូយ ប្រទេសវៀតណាម
  • មានលេខរៀងជាមហាសេដ្ឋីលំដាប់ទី ៤៩៩ លើពិភពលោក

កាលពីឆ្នាំ ២០១៥ លោក Vuong បានក្លាយជាមនុស្សដែលមានទ្រព្យសម្បត្តិច្រើនជាងគេ និងដំបូងគេនៅវៀតណាម ដែលកាលណោះលោកមានប្រាក់ ១.១ពាន់លានដុល្លារ។ ជីវិតជាអ្នកជំនួញរបស់លោក Vuong បានចាប់ផ្តើមនៅក្នុងឆ្នាំ ១៩៩០ ជាពេលដែលគាត់កំពុងសិក្សានៅប្រទេសរុស្សី ហើយគាត់បានបង្កើតអាជីវកម្មគុយទាវដ៏មានប្រជាប្រិយភាពមួយនៅប្រទេសអ៊ុយក្រែន បន្ទាប់មកគាត់ក៏បានលក់វាទៅឲ្យក្រុមហ៊ុន Nestle ក្នុងតម្លៃ ១៥០លានដុល្លារ នៅឆ្នាំ២០០៩ ហើយបន្ទាប់មកគាត់ក៏បានត្រឡប់មកប្រទេសវៀតណាមវិញ។ បច្ចុប្បន្នលោកគឺជាប្រធានក្រុមហ៊ុន Vingroup ដែលជាក្រុមហ៊ុនធំជាងគេមួយនៅប្រទេសវៀតណាម ដោយរកស៉ីលើវិស័យអចលនទ្រព្យ លក់រាយ វិស័យសុខាភិបាល និងច្រើនទៀត។ លើសពីនេះ លោក Vuong គឺជាម្ចាស់មូលនិធី Kind Heart Foundation ដែលជាមូនិធិសប្បុរសធំជាងគេនៅវៀតណាមផងដែរ។

៨. អ្នកមានជាងគេនៅប្រទេសកម្ពុជា – លោក គិត ម៉េង

PHNOM PENH, CAMBODIA – 2008/01/03: Cambodian Businessman Kith Meng.. (Photo by Peter Charlesworth/LightRocket via Getty Images)
  • មានទ្រព្យសម្បត្តិចំនួន៖ ១.៦ ពាន់លានដុល្លារ
  • មានអាយុ៖ ៥០ឆ្នាំ
  • ប្រភពនៃទ្រព្យសម្បត្តិ៖ រកស៉ីលើពាណិជ្ជកម្មចម្រុះ

អ្នកជំនួញកម្ពុជា លោក គិត ម៉េង គឺជាប្រធានក្រុមហ៊ុន Royal Group ដែលជាក្រុមហ៊ុនធំជាងគេនៅកម្ពុជា និងរកស៉ីលើពាណិជ្ជកម្មចម្រុះដូចជា វិស័យហិរញ្ញវត្ថុ ដឹកជញ្ជូន ប្រព័ន្ធផ្សព្វផ្សាយ ធានារ៉ាប់រង សណ្ឋាគារ យានយន្ត កំសាន្ត ចំណីអាហារ អចលនទ្រព្យ និងច្រើនទៀត។

អានអត្ថបទសម្ភាស៍រវាងកាសែត Financial Times និងអ្នកឧកញ្ញ៉ា គិត ម៉េង ដែលចេញផ្សាយកាលពីឆ្នាំ ២០០៨

៩. អ្នកមានជាងគេនៅប្រទេសមីយ៉ាន់ម៉ា – លោក Tay Za

លោក Tay Za នៅខាងឆ្វេងគេ, ថតជាមួយគ្រួសារ
  • មានទ្រព្យសម្បត្តិចំនួន៖ ១.២ ពាន់លានដុល្លារ
  • មានអាយុ៖ ៥៤ឆ្នាំ
  • ប្រភពនៃទ្រព្យសម្បត្តិ៖ រកស៉ីលើពាណិជ្ជកម្មចម្រុះ

លោក Tay Za គឺជាប្រធានក្រុមហ៊ុន HTOO Group ដែលជាមនុស្សមានទ្រព្យសម្បត្តិច្រើនជាងគេ និងមានឥទ្ធិពលខ្លាំងជាងគេនៃវិស័យជំនួញភូមា។ គាត់ក៏ត្រូវបានគេស្គាល់ដែរថាជាមនុស្សដ៏ជិតស្និតនឹងអតីតប្រមុខរដ្ឋភូមា លោក Than Shwe ផងដែរ។ ទោះបីជាលោក Tay Za មានរឿងចម្រូងចម្រាស់ និងទំនាស់ជាច្រើនក្នុងប្រទេសក៏ដោយ តែលោកគឺជាអ្នកជំនួញទីមួយរបស់ប្រទេសភូមាដែលលេចមុខលើក្របទស្សនាវដ្តី Forbes Asia។

១០. អ្នកមានជាងគេនៅប្រទេសឡាវ – លោក Khamtai Siphandone

  • មានទ្រព្យសម្បត្តិចំនួន៖ ៨០០ ទៅ ៨៦០លានដុល្លារ
  • មានអាយុ៖ ៩៤ឆ្នាំ
  • ប្រភពនៃទ្រព្យសម្បត្តិ៖ រកស៉ីលើពាណិជ្ជកម្មចម្រុះ

លោក Siphandone មានប្រភពចេញពីគ្រួសារកសិករ ហើយការងារដំបូងរបស់គាត់គឺជាអ្នករត់សំបុត្រ។ លោក Khamtai Siphandone ជាអតីតអ្នកនយោបាយឡាវ និងជាប្រធានឡាវចាប់ពីខែកុម្ភៈ ឆ្នាំ ១៩៩៨ ដល់ខែមិថុនាឆ្នាំ ២០១៦។ លោកក៏ធ្លាប់ជាសមាជិកនៃបក្សកុម្មុយនិស្តឥណ្ឌូចិនផងដែរនៅឆ្នាំ ១៩៥៤ ហើយបានអង្គុយនៅលើតំណែងគណៈកម្មាធិការមជ្ឈិមបក្សបដិវត្តប្រជាជនឡាវនៅឆ្នាំ ១៩៥៦។

សូមបញ្ជាក់ថា បញ្ជីឈ្មោះពីលេខ១ ដល់លេខ៧ គឺដកស្រង់ពីទស្សនាវដ្តី Forbes ចំណែកពីលេខ៨ ដល់លេខ១០ ត្រូវបានដកស្រង់ចេញពីគេហទំព័រ Prospectsasean៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។