វិធីសាស្ត្រ ៣យ៉ាង ក្នុងការលុបបំបាត់ភាពតានតឹងរបស់អ្នក

2520

ភាពតានតឹង តែងតែកើតមានឡើងជាធម្មតាហើយជួនកាលយើងក៏មិនអាចជៀសវាងបានទេជាពិសេសនៅពេលដែលយើងបានកំណត់ពេលវេលា និងការទាមទារផ្ទុយគ្នា។ ភាពតានតឹងរ៉ាំរ៉ៃអាចមានផលប៉ះពាល់ដល់អ្នកក្រោយពីធ្វើការងារផ្សេងៗ ហើយបណ្តាលអោយមានបញ្ហាមួយចំនួនដូចជាឈឺក្បាល ធុញថប់ ជំងឺធ្លាក់ទឹកចិត្ត ឬទម្លាប់មិនល្អផ្សេងទៀតដូចជាការប្រើប្រាស់ខួរក្បាលហួសកម្រិត (គិតច្រើន រវើលរវាយ គេងមិនលក់) ភាពតានតឹងអាចធ្វើអោយអ្នកមានអារម្មណ៍ថាអស់កម្លាំង គ្មានថាមពល ហើយវាអាចជំរុញអោយសុខភាពរបស់អ្នកធ្លាក់ក្នុងសភាពគ្រោះថ្នាក់ខ្លាំងទៀតផង។ យ៉ាងណាមិញយើងក៏មានវិធីណាមួយចំនួនដែលអាចគ្រប់គ្រងភាពតានតឹងបានយ៉ាងល្អដែរ ដើម្បីជួយអោយមានសុខភាព និងសុខុមាលភាពកាន់តែប្រសើរឡើង។ សមាគមចិត្តសាស្រ្តអាមេរិកបានផ្តល់អនុសាសន៍ដោយប្រើវិធីសាស្ត្របីយ៉ាងដូចខាងក្រោម៖

 

១. បង្កើនការឆ្លើយតបប្រកបដោយភាពវិជ្ជមាន

សូមកត់សម្គាល់កត្តាសំខាន់ៗសម្រាប់ភាពតានតឹងដែលអ្នកមាន។ ចំណាំពីរបៀបដែលអ្នកឆ្លើយតបចំពោះបញ្ហាទាំងឡាយ ដោយសួរខ្លួនឯងថាតើនេះជាការឆ្លើយតបដ៏ល្អប្រកបដោយភាពវិជ្ជមានហើយឬនៅ? ឧទាហរណ៏ នៅពេលដែលអ្នកធ្វើការដោះស្រាយបញ្ហាច្រើន  ឬប្រើប្រាស់សម្ថភាពខួរក្បាលលើសកម្រិតវានឹងធ្វើអោយអ្នកមានភាពលើ្វយ ឬស្ត្រេស វិធីសាស្ត្រដ៏ល្អអ្នកគួរតែទៅក្លឹបកីឡាដើម្បីធ្វើការហាត់ប្រាណ (gym) លំហាត់ប្រាណនឹងបញ្ចេញនូវអ័រម៉ូន endorphins ដែលអាចជួយអ្នកប្រយុទ្ធប្រឆាំងនឹងភាពតានតឹងអវិជ្ជមាននៃថ្ងៃរបស់អ្នក ហើយធ្វើអោយអ្នកមានអារម្មណ៍ថារឹងមាំ និងមានសុខភាពល្អ។

២. រំងាប់អារម្មណ៏ ឬធ្វើចិត្តអោយស្ងប់

កំណត់ពេលពីរបីនាទីនៅដើមដំបូង ឬប្រើពេលចុងបញ្ចប់នៃថ្ងៃនីមួយៗរបស់អ្នកដើម្បីធ្វើការសមាធិ (meditation) នៅពេលដែលអ្នកមានអារម្មណ៍ថាមានការកើនឡើងនៃភាពតានតឹង ឬអារម្មណ៏ថប់ៗ អ្នកគប្បីដកដង្ហើមយឺតៗពីពីរទៅបីដង នោះអ្នកនឹងមានអារម្មណ៍ស្ងប់ស្ងាត់ហើយវាក៏បានជួយសម្រួលដល់ដំណើរការនៃប្រព័ន្ធសរសៃប្រសាទរបស់អ្នកផងដែរ។ សូមព្យាយាមធ្វើបែបនេះអោយបានច្រើនពេលអ្នកមានអារម្មណ៏ថាមានភាពតានតឹង ហើយចំពោះភារកិច្ចណាដែលអ្នកមិនអាចដោះស្រាយបានភ្លាមៗ អ្នកគប្បីទុកពេលអោយខ្លួនឯងសម្រាកបន្តិចសិន ព្រោះថាបើអ្នកព្យាយាមធ្វើវាទាំងកំពុងមានអារម្មណ៏ធុញថប់ ឬតានតឹង លទ្ធផលដែលទទួលបានក៏មិនសូវល្អដែល ហើយអាចធ្វើអោយសុខភាពអ្នកប្រឈមខ្ពស់ទៅនឹងគ្រោះថ្នាក់ទៀតផង។

៣. ព្យាយាមធ្វើចិត្តអោយរីករាយ

គេតែងតែនិយាយថាសើចច្រើនកើនអាយុ ដូចច្នេះហើយអ្នកគួរឧស្សាហ៏ធ្វើអោយខ្លួនឯងមានភាពរីករាយ ដូចជាការលើកទឹកចិត្តខ្លួនឯងជាដើម។ ត្រូវចេះគ្រប់គ្រងគំនិតអវិជ្ជមានដើម្បីផ្លាស់ប្តូរផ្នត់គំនិត និងអារម្មណ៍របស់អ្នក ដោយផ្តោតលើអ្វីដែលអ្នកធ្វើបានល្អហើយបង្កើតគំនិតវិជ្ជមានជំនួសអោយគំនិតអវិជ្ជមានវិញ។ ឧទាហរណ៏នៅពេលអ្នកមានអារម្មណ៏តានតឹង អ្នកត្រូវចេះផ្លាស់ប្តូរទស្សនៈរបស់អ្នកដោយការបង្កើតបរិយាកាសសប្បាយៗដូចជា ស្តាប់តន្រ្តី អានសៀវភៅដែលអ្នកចូលចិត្ត ឬជ្រើសរើសដំណើរកំសាន្តជាដើម។ ក្នុងទិដ្ឋភាពនេះអ្នកមិនត្រូវបន្ថែមសម្ពាធអោយខ្លួនឯងឡើយ ព្រោះវាអាចធ្វើអោយអ្នកឈានទៅរកជំងឺបាក់ទឹកចិត្តដែលគេហៅថា Depression

ជារួមមកភាពតានតឹង គឺជាផ្នែកមួយដែលគ្មាននណាម្នាក់អាចជៀសផុតបានទេក្នុងជីវិតរស់នៅ ប៉ុន្តែអ្នកអាចជ្រើសរើសវិធីដែលយើងឆ្លើយតបយ៉ាងមានប្រសិទ្ធភាពបាន។ នៅពេលដែលអ្នកអាចរកវិធីវិជ្ជមានដើម្បីដោះស្រាយភាពតានតឹងនៅក្នុងជីវិតរបស់អ្នកបាន នោះអ្នកនឹងអាចគ្រប់គ្រងបញ្ហាប្រឈមដែលអ្នកប្រឈមមុខហើយមានអារម្មណ៍ថាស្រស់ថ្លា និងមានសមត្ថភាពដោះស្រាយបញ្ហាផ្សេងៗប្រកបដោយភាពជោគជ័យ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
I'm a freelance writer of APAMAT. Mostly, my articles are about youth, businesswomen, money and life. This moment, I'm also running my own business, an import and export company between China-Cambodia. I'm here because I love to share my experiences with you about both life and business. Enjoy!