មេរៀនជោគជ័យទាំង ១០ ពីអ្នកជំនួញស្ត្រីដ៏អស្ចារ្យរបស់ប្រទេសថៃ លោកស្រី Supaluck Umpujh

2735

លោកស្រី Supaluck Umpujh គឺជាម្ចាស់ក្រុមហ៊ុន The Mall Group ដែលគ្រប់គ្រងផ្សារទំនើបល្បីៗនៅប្រទេសថៃដូចជា Emporium, Siam Paragon, EmQuartier និង BluPort។ លោកស្រី Supaluck ជាប់ឈ្មោះជាមហាសេដ្ឋីមានបំផុតទី១៥ ប្រចាំប្រទេសថៃ នៅលើទស្សនាវដ្តី Forbes ដោយមានទ្រព្យសម្បត្តិ ២.១ពាន់លានដុល្លារអាមេរិក។ 

 

កាលពីចុងឆ្នាំ ២០១៧ លោកស្រី Supaluck បានចូលរួមកម្មវិធីដែលនិយាយពីការបង្កើតថ្មីនៃអាជីវកម្មលក់រាយ ដែលរៀបចំដោយ Nikkei Global Management Forum នាទីក្រុងតូក្យូ ប្រទេសជប៉ុន។ ហើយលោកស្រី Gina Heng ដែលជាស្ថាបនិកនៃក្រុមហ៊ុន Miss Kaya បានដកស្រង់មេរៀនធ្វើជំនួញចំនួន ១០ ដែលអាចឲ្យសហគ្រិននៅលើពិភពលោករៀនសូត្របាន តាមរយៈការឡើងថ្លែងសន្ទរៈកថារបស់លោកស្រី Supaluck នៅលើវេទិកានោះ។ មេរៀនទាំងនោះគឺ៖

១. កុំខ្លាចក្នុងការធ្វើជាមនុស្សពេញវ័យ

អ្នកស្រី Supaluck បានចាប់ផ្តើមចូលរៀនថ្នាក់មហាវិទ្យាល័យ ផ្នែកវេជ្ជបណ្ឌិត ប៉ុន្តែដោយសារតែអ្នកស្រីខ្លាចឈាម ទើបប្តូរមករៀនខាងឱសថវិញ។ ឪពុករបស់លោកស្រីបានសុំឲ្យមកជួយកាន់កាប់សាជីវកម្មលក់រាយរបស់គ្រួសារ ទោះបីជាលោកស្រីមិនធ្លាប់មានបទពិសោធន៍ក្នុងឧស្សាហកម្មលក់រាយក៏ដោយ។ ដើម្បីរៀន លោកស្រីបានចូលទៅមើលហាងលក់រាយធំៗស្ទើរតែទាំងអស់នៅទីក្រុងបាងកក ហើយលោកស្រីចាប់ផ្តើមរៀនអ្វីគ្រប់យ៉ាងពីកម្រិតដំបូងទៅ។ 

២. មនុស្សអាចនឹងមើលស្រាលអ្នកដោយផ្អែកលើអាយុរបស់អ្នក

បន្ទាប់ពីរៀនបានច្រើនពីអាជីវកម្មលក់រាយនៅទីក្រុងបាងកក លោកស្រីបានងាកទៅរៀននៅប្រទេសជប៉ុនវិញម្តង ដោយសារតែលោកស្រីយល់ថានៅទីនោះមានហាងលក់ទំនិញល្អបំផុតនៅលើពិភពលោក ហើយលោកស្រីបានទៅទីនោះក្នុងអាយុ ២៣ឆ្នាំ។ កាលណោះលោកស្រីនៅក្មេង ហើយមានថៅកែហាងលក់ទំនិញមួយនៅប្រទេសជប៉ុន មានការភ្ញាក់ផ្អើរដែលលោកស្រីក្លាយជាអ្នកគ្រប់គ្រងហាងលក់រាយនៅប្រទេសថៃទាំងវ័យក្មេង។ នៅទីបញ្ចប់ លោកស្រីរៀនចេះបានច្រើនពីអាជីវកម្មលក់រាយពីទីក្រុងតូក្យូ ច្រើនជាងទីក្រុងបាងកកទៅទៀត។

៣. ទទួលស្គាល់បរាជ័យ ហើយបន្តដំណើរទៅមុខទៀត

លោកស្រី Supaluck បានបើកផ្សារទំនើបដំបូងរបស់លោកស្រីក្នុងឆ្នាំ ១៩៨១ នៅពេលដែលលោកស្រីនៅក្មេង និងមិនទាន់មានបទពិសោធន៍នៅឡើយ។ ពីរឆ្នាំក្រោយមក អ្នកស្រីបានបិទវាចោលវិញ។ លោកស្រីមានអារម្មណ៍ថាមិនអាចប្រកួតប្រជែងជាមួយហាងលក់រាយនៅក្នុងតំបន់នោះបាន ប៉ុន្តែអ្នកស្រីបានទទួលស្គាល់ការបរាជ័យទាំងស្រុង បន្ទាប់មកលោកស្រីបានសុំឱកាសទីពីរពីអ្នកផ្គត់ផ្គង់ទំនិញ ដោយសន្យាថានឹងនាំយកភាពជោគជ័យមកវិញឲ្យបាន។ ឪពុករបស់លោកស្រីបានបង្រៀនលោកស្រីឲ្យចេះងើបតស៊ូ មិនមែនចុះចាញ់នោះទេ។ 

៤. ចាប់ផ្តើមជាថ្មី ហើយធ្វើអ្វីដែលថ្មី និង Original

“ពួកគេចង់បានភាពរីករាយជាមួយគ្រួសារ និងមិត្តភក្តិ និងកំសាន្តនៅពេលពួកគេដើរទិញឥវ៉ាន់” លោកស្រីសម្រេចចិត្តបង្កើតផ្សារទំនើប Thai Mall ដោយផ្អែកលើចំណុចទាំងនេះ។ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រលក់រាយរបស់ថៃ ផ្សារលក់ទំនិញទីពីររបស់លោកស្រី Supaluck មានសកម្មភាពកំសាន្តដូចជា សួនទឹក រោងកុន ស្គីទឹកកក សួនកំសាន្ត និងរបស់ប្លែកៗជាច្រើនទៀត។ នៅពេលនោះ វាបានធ្វើឲ្យមានផ្លាស់ប្តូរយ៉ាងធំនៃទីផ្សារលក់រាយនៅទូទាំងតំបន់អាស៊ាន។

៥. បន្ថែមទំនុកចិត្តឲ្យកាន់តែច្រើន ទោះបីជាទទួលបានជោគជ័យធំលើកទីមួយក៏ដោយ

បន្ទាប់ពីលោកស្រី Supaluck ទទួលបានជោគជ័យលើកដំបូង លោកស្រីបានបន្ថែមជំនឿចិត្តលើខ្លួនឯងកាន់តែច្រើន ហ៊ានសម្រេចចិត្ត និងមានការប្តេជ្ញាខ្ពស់ ហើយបង្ហាញពីការបង្កើតថ្មី និងប្រកបដោយភាពច្នៃប្រឌិតនៅក្នុងដំណើរជីវិតជាអ្នកជំនួញរបស់លោកស្រី។ នេះគឺជាគន្លឹះដែលបានកាច់ចង្កូត The Mall Group មកដល់ភាពជោគជ័យនេះ។ 

៦. ផ្តោតលើចក្ខុវិស័យរយៈពេលវែង 

ក្រោយមក លោកស្រីចង់បង្កើតផ្សារដែលមានលក់ទំនិញប្រណិតៗ តាមរយៈការនាំយកផលិតផលម៉ាកល្បីមកពីជុំវិញពិភពលោកមកដាក់លក់។ ដូច្នេះ លោកស្រីក៏បានបង្កើតផ្សារមួយទៀតឈ្មោះ Emporium ឡើង ហើយផលិតផលប្រណិតម៉ាក Chanel, Luois Vuitton, Christian Dior, Hermes, Prada និង Mont Blanc ត្រូវលោកស្រីនាំចូលប្រទេសថៃមុនគេ។ ក្នុងកំឡុងពេលនោះ គឺឆ្នាំ ១៩៩៧ ជាឆ្នាំដែលតំបន់អាស៊ានជួបវិបត្តិហិរញ្ញវត្ថុ ហើយលុយថៃបានធ្លាក់ចុះតម្លៃយ៉ាងគំហុក ភ្លាមៗនោះលោកស្រី Supaluck ត្រូវមានដំណោះស្រាយដល់អាជីវករដែលជួលតូបពីលោកស្រី។ 

. បង្កើតឱកាសនៅក្នុងពេលកំពុងមានបញ្ហា

ដោយសារលុយថៃធ្លាក់ចុះ ភ្ញៀវទេសចរណ៍បរទេសទៅទស្សនាប្រទេសថៃមានប្រមាណ ៧លាននាក់ ហើយបានកើនឡើងដល់ ១៧លាននាក់នៅពីរបីឆ្នាំបន្ទាប់ពីវិបត្តិសេដ្ឋកិច្ចអាស៉ីឆ្នាំ ១៩៩៧នោះ។ ពេលនោះ វាគឺជាឱកាសដ៏អស្ចារ្យសម្រាប់ផ្សារលក់ទំនិញប្រណិត Emporium ក្នុងការលក់ផលិតផលឲ្យជនបរទេសបានក្នុងចំនួនដ៏ច្រើន ហើយពេលនោះ Emporium ក៏បានក្លាយជាទិសដៅទេសចរណ៍លំដាប់ជួរមុខរបស់ថៃផងដែរ។ ទាំងប្រជាជនក្នុងស្រុក និងភ្ញៀវទេសចរណ៍បរទេសចូលចិត្តទៅផ្សារទំនើប ស្របពេលដែលកេរិ៍ឈ្មោះរបស់ Emporium បានរីកសុះសាយជាអន្តរជាតិ ហើយវាបានផ្តល់ទំនុកចិត្តឲ្យលោកស្រី Supaluck សាងសង់ផ្សារទំនើបមួយទៀតគឺ Siam Paragon ។ 

ផ្សារ Siam Paragon

៨. ព្យាយាមធ្វើអ្វីដែលមានស្តង់ដារខ្ពស់លំដាប់ពិភពលោក

ផ្សារទំនើប Siam Paragon បានបើកទ្វារក្នុងឆ្នាំ ២០០៥ ដោយមានការចូលរួមសម្ភោធដោយព្រះមហាក្សត្រីនៃប្រទេសថៃ ពេលនោះបានធ្វើរង្គោះរង្គើរទីក្រុងបាងកក ដោយសារអ្នកទៅចូលរួមសម្ភោធមានចំនួនច្រើនជាងមួយលាននាក់។ មកដល់ពេលនេះគឺកន្លងហួស ១៣ឆ្នាំមកហើយ ប៉ុន្តែ Siam Paragon នៅតែជាទិសដៅទេសចរណ៍ដ៏ពេញនិយមរបស់ថៃដដែល។ Siam Paragon បានក្លាយជាទិសដៅកំសាន្តឈានមុខគេរបស់ពិភពលោកនៅលើបណ្តាញ Instagram គឺមានប្រជាប្រិយភាពជាង Times Square, Disneyland និង Eiffel Tower របស់បារាំងទៅទៀត។

៩. គិតអ្វីដែលអ្នកដទៃមិនអាចគិតដល់

បន្ទាប់ពីផ្សារទំនើប Siam Paragon លោកស្រីក៏បានបើកដំណើរការផ្សារទំនើបមួយទៀតគឺ EmQuartier ក្នុងឆ្នាំ ២០១៥។ ក្រោយមកទៀតលោកស្រី Supaluck ចង់សាងសង់ផ្សារទំនើបដែលធំជាងគេ ដូចដែលលោកស្រីបានឃើញមជ្ឈមណ្ឌលលក់ទំនិញមួយនៅកណ្តាលទីក្រុងតូក្យូ។ នៅក្នុងផ្សារនោះ មនុស្សអាចរស់នៅផង ធ្វើការផង ហើយធ្វើឲ្យជីវិតកាន់តែរីករាយ។ គម្រោងនោះ គឺជាផ្សារទំនើប EmSphere ដែលគ្រោងនឹងបើកឲ្យដំណើរការនៅឆ្នាំ ២០២០។ គម្រោងផ្សារទំនើបនេះ មានទំហំដល់ទៅ ៧០០០០០ម៉ែត្រក្រឡា។ ហើយម្តងនេះ វានឹងធ្វើឲ្យទីក្រុងបាងកករង្គោះរង្គើរជាថ្មី។

គម្រោងផ្សារ EmSphere by Coconuts

១០. ការផ្លាស់ប្តូរ គឺមិនអាចជៀសផុតបានទេ

កាលពី ៣៥ឆ្នាំមុន លោកស្រី Supaluck បានទៅទស្សនាប្រទេសជប៉ុន ហើយបន្ទាប់មកនាំយកអ្វីដែលលោកស្រីបានឃើញ មកច្នៃបង្កើតនៅប្រទេសថៃ។ លោកស្រីបានទាយថា ទិសដៅថ្មីគឺជាការផ្លាស់ប្តូររបថនៃបច្ចេកវិទ្យា ដូចជាវិស័យលក់ទំនិញលើអ៉ីនធើណិតជាដើម (E-commerce)។ គ្មាននរណាម្នាក់ដឹងទេថាពិភពលោកនឹងផ្លាស់ប្តូរទៅជាបែបណានោះទេ ប៉ុន្តែលោកស្រីមិនខ្លាចវាឡើយ។ ទោះជាវាគឺជាអ្វីក៏ដោយ លោកស្រីតែងតែមើលបញ្ហាជាឱកាស៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។