អាជីវកម្មបង្កើតថ្មី Airware ក្ស័យធន់ក្រោយពេលចាយលុយអស់ 118លានដុល្លារ

1609

អាមេរិក(Techcrunch)៖ អាជីវកម្មបង្កើតថ្មី Airware គឺជាក្រុមហ៊ុនផលិតដ្រូន បានប្រកាសពីការបិទទ្វារកាលពីថ្ងៃសៅរ៍ម្សិលមិញ ក្រោយពីចំណាយលុយអស់មិនទាន់ចំណូល។ Airware ទទួលបានទុនចំនួន $118លាន ពីអ្នកវិនិយោគធំៗដូចជា Andreessen Horowitz, Google’s GV និង Kleiner Perkins ។ Startup នេះបានអស់លុយ(ran out of money) បន្ទាប់ពីព្យាយាមផលិត Hardware ដោយខ្លួនឯង ប៉ុន្តែមិនអាចប្រកួតប្រជែងជាមួយក្រុមហ៊ុនផលិតដ្រូនខ្នាតយក្សរបស់ចិនដូចជាក្រុមហ៊ុន DJI បាន។ Airware មានបុគ្គលិកចំនួន 140នាក់ ហើយឥឡូវនេះពួកគេត្រូវបាត់បង់ការងារធ្វើ។

 

Airware ត្រូវបានបង្កើតឡើងក្នុងឆ្នាំ2011 ដោយលោក Jonathan Downey ដែលមានឪពុកម្តាយជាអ្នកបើកបរយន្តហោះ។ ដំបូង Airware ផលិតតែប្រព័ន្ធគ្រប់គ្រងការហោះហើរដោយស្វ័យប្រវត្តិសម្រាប់បំពាក់នៅលើដ្រូន ដើម្បីប្រមូលទិន្នន័យសំខាន់ពីកន្លែងណាមួយប៉ុណ្ណោះ។ វាអាចជួយក្នុងអាជីវកម្ម ដូចជារកមើលការខូចខាតនៅលើតំបូលអាគារ ឬរោងចក្រ អាចមើលពីវត្ថុធាតុដើមដូចជារ៉ែនៅក្នុងដី និងអាចជួយក្នុងវិស័យសំណង់។ ក្រោយមកទៀតវាបានព្យាយាមផលិតដ្រូនដើម្បីបំពាក់លើប្រព័ន្ធនោះដោយខ្លួនឯង។

កំលុងពេលកំពុងដំណើរការល្អ Airware បានបង្កើតមូលនិធិវិនិយោគផ្ទាល់ខ្លួនក្នុងឆ្នាំ 2015 ហើយបានទិញយកអាជីវកម្មបង្កើតថ្មីដែលរកស៉ីក្នុងវិស័យដ្រូនមានឈ្មោះ Redbird ក្នុងឆ្នាំ 2016។ កំលុងពេលដែលវិស័យលុយអេឡិចត្រូនិច(Crypto) និងបច្ចេកវិទ្យា AI ផ្ទុះឡើង អ្នកវិនិយោគជាច្រើនសុទ្ធតែមើលឃើញថា Airware នឹងមានអនាគតល្អ។ ប៉ុន្តែក្រោយមក software ដែលបំពាក់ជាមួយម៉ាស៉ីនដ្រូនរបស់រោងចក្រផលិតផ្សេងទៀត ស្រាប់តែមានភាពល្អប្រសើរជាង Airware ហើយមានការបញ្ឈប់បុគ្គលិកជាបន្តបន្ទាប់ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើរនោះគឺ កាលពីបួនថ្ងៃមុន ក្រុមហ៊ុន Airware ទើបតែបើកទីស្នាក់ការរបស់ខ្លួននៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដោយមានការវិនិយោគរួមគ្នាជាមួយក្រុមហ៊ុន Mitsubishi ប៉ុន្តែឥឡូវនេះបែរជាប្រកាសបិទទ្វារទាំងស្រុង។

Airware គឺជាអាជីវកម្មបង្កើតថ្មីដែលបាត់បង់ក្តីសង្ឃឹម ដោយសារតែមិនមានសមត្ថភាពផលិតផលិតថ្មីដែលទីផ្សារត្រូវការ ឲ្យទាន់ពេលដែលលុយចាប់ផ្តើមអស់។ ពេលខ្លះ ការមានទុនវិនិយោគច្រើនពីអ្នកវិនិយោគកំពូលៗ ក៏មិនអាចស្រោចស្រង់ពីការគ្រប់គ្រងមិនបានល្អបានដែរ។

អតីតបុគ្គលិករបស់ Airware បាននិយាយថា អ្នកដឹកនាំ Airware បានប្រើប្រាស់លុយយ៉ាងខ្ជះខ្ជាយរហូតដល់អស់ដើមទុន $118លាន ដោយសារតែពួកគេបានជួលមនុស្សដែលមានទេពកោសល្យខ្ពស់ៗ ដែលត្រូវចំណាយលើប្រាក់ខែកប់ពពករបស់ពួកគេ ហើយមនុស្សទាំងនោះត្រូវបានជួលពីក្រុមហ៊ុន Google, Autodesk ហើយសូម្បីតែអតីតបុគ្គលិករបស់ SpaceX និង NASA ក៏ត្រូវបានជួលមកធ្វើការនៅ Airware ផងដែរ។ ពួកគេមិនអាចទប់នឹងការចំណាយនេះបានទេ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។