កម្ពុជានឹងនាំចូលអំបិលពីចិន និងថៃចំនួនបីម៉ឺនតោន នៅខែក្រោយ

1466
រូបភាព៖ rfi

ស្រែអំបិលដែលមានផ្ទៃដីជាង ៤៥០០ហិកតា នៅខេត្តកំពត និងខេត្តកែប បានរងគ្រោះដោយសារតែអាកាសធាតុមិនអំណោយផល និងមានភ្លៀងធ្លាក់ច្រើនជាងឆ្នាំមុនៗ ដែលធ្វើឲ្យការផលិតអំបិលសម្រាប់ផ្គត់ផ្គង់នៅក្នុងស្រុក មិនគ្រប់គ្រាន់។ ដោយសារតែហេតុនេះហើយទើបកម្ពុជាសម្រេច នាំចូលអំបិលពីប្រទេសចិនចំនួន២ម៉ឺនតោន និងពីប្រទេសថៃចំនួន១ម៉ឺនតោន បើតាមការឲ្យដឹងពីប្រធានសហគមន៍អ្នកផលិតអំបិលនៅកម្ពុជា លោក ប៊ុន បារាំង។ គាត់ក៏បានប្រាប់អោយដឹងថា សមាគមន៍​ផលិត​អំបិលបានដាក់​សំណើរ​សុំ​គោលការណ៍​ក្នុង​ការនាំ​អំបិល​ចូល​ពី​បរទេសទៅ​រដ្ឋាភិបាល​រួចហើយ  នៅតែ​រង់ចាំ​សេចក្តីសម្រេច​ប៉ុណ្ណោះ​។​

​ប្រធាន​សហគមន៍​អ្នក​ផលិត​អំបិល​ខេត្តកំពត​-​កែប រូបនេះបាន​ថ្លែងថា ក្នុងចំណោម​អំបិល​នាំចូល​៣​ម៉ឺន​តោន មាន​២​ម៉ឺន​តោន​ដែលជា​ប្រភេទ​អំបិលអ៊ីយ៉ូត​សម្រាប់​ការប្រើប្រាស់​ប្រចាំថ្ងៃ ត្រូវ​នាំចូល​ពីប្រទេស​ចិន រីឯ​១​ម៉ឺន​តោន​ទៀត​ជា​ប្រភេទ​អំបិល​ឧស្សាហកម្ម​សម្រាប់​ការធ្វើ​ប្រហុក ផ្អក ត្រីងៀតជាដើម​នោះ ត្រូវ​នាំចូល​ពីប្រទេស​ថៃ​។

ចំណែកទំហំទឹកប្រាក់លើការនាំចូលនេះ គឺមិនត្រូវបានបញ្ជាក់នៅឡើយ ប៉ុន្តែលោក ប៊ុន បារាំង បាននិយាយថា គោលការណ៍​ស្នើសុំ​នេះ នឹង​អាច​សម្រេចបាន​នៅ​ចុងខែ​កញ្ញា​ហើយ​សហគមន៍​ផលិត​អំបិល នឹង​ត្រៀមលក្ខណៈ នាំ​អំបិល​ចូល​ពី​ចិន និង​ថៃ ក្នុងអំឡុង​ខែតុលា​ខាងមុខនេះ​។ គួរបញ្ជាក់ដែរថាក្នុងមួយឆ្នាំៗកម្ពុជាប្រើប្រាស់អំបិលចំនួន ១០ម៉ឺនតោន សម្រាប់បរិភោគ និងប្រើប្រាស់ក្នុងឧស្សាហកម្មផ្សេងៗ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។