បើជីវិតជារបស់យើងសោះ ហេតុអ្វីចាំបាច់ផ្គាប់ចិត្តអ្នកដទៃច្រើនជាងខ្លួនឯង?

2409

ពាក្យថា “កុំគិតច្រើន” ជាពាក្យដែលខ្ញុំតែងលឺញឹកញាប់ចេញពីការលួងលោមរបស់មិត្តភក្តិនិងមនុស្សជុំវិញខ្លួនពេលដែលខ្ញុំមិនសប្បាយចិត្ត។ ជាការពិតណាស់ ការពិបាកចិត្តរបស់ខ្ញុំភាគច្រើនកើតចេញពីការគិតច្រើន។ ខ្ញុំចេះតែគិតនេះគិតនោះដោយគ្មានព្រំដែននិងទិសដៅច្បាស់លាស់។ ខ្ញុំចូលចិត្តបារម្ភពីរឿងនៅអនាគតទាំងដែលវាមិនទាន់មក​ដល់។ ខ្ញុំចូលចិត្តយករឿងដែលកន្លងហួសទៅហើយយកគិតហើយមានអារម្មណ៍ថាស្តាយក្រោយ។ ខ្ញុំចូលចិត្តយកពាក្យសម្តីដែលគេនិយាយមកកាន់ខ្ញុំយកមកគិតដដែលៗ។ ខ្ញុំខ្លាចខ្ញុំធ្វើមិនបានដូចពាក្យសម្តីដែលគេនិយាយ។ និយាយទៅ ខ្ញុំខ្វល់ពីអ្នកជុំវិញខ្លួនគ្រប់បែបយ៉ាង។

 

តាមពិតទៅ នៅពេលដែលអ្នកពិបាកចិត្ត ទោះបីជាមានមនុស្សប៉ុន្មាននាក់មកលួងលោមអ្នកថា “កុំគិតច្រើន” ក៏ដោយក៏ខួរក្បាលអ្នកនៅតែវិលវល់ចំពោះមន្ទិលទាំងឡាយដែរ។ មានតែមនុស្សម្នាក់គត់ដែលមានឥទ្ធិពលក្នុងការបញ្ឃប់វា ហើយម្នាក់នោះគឺខ្លួនយើងផ្ទាល់តែម្តង។ គ្មានអ្នកណាអាចលើកទឹកចិត្តអ្នកនិងលួងលោមអ្នកបានល្អជាជាងយើងខ្លួនឯងនោះទេ។ តើមានអ្នកណាដែលស្គាល់យើងច្រើនជាងយើងខ្លួនឯងនោះ? តើមានមនុស្សប៉ុន្មាននាក់ដែលដឹងថាយើងកំពុងគិតច្រើនរឿងអ្វីនោះ? មានតែខ្លួនយើងទេទើបដឹងច្បាស់។​ ការគិតលើបញ្ហាជីវិតមិនមានអ្វីអាក្រក់នោះទេ ព្រោះបើយើងមិនគិតនោះជីវិតនឹងមកគិតជំនួសយើងវិញ។ ប៉ុន្តែការគិតច្រើនឬគិតជ្រុលពេកវាមិនល្អនោះទេ។ អ្នកណាក៏មានបញ្ហា ផ្លូវជីវិតម្នាក់ៗស្មុគស្មាញដូចតែគ្នា ប៉ុន្តែមនុស្សម្នាក់ៗចេះស្វែងរកសេចក្តីសុខដាក់ខ្លួនរបស់គេ។ មិត្តភក្តិដែលអ្នកតែងតែជួបហើយលឺសម្លេងសើចក្អាកក្អាយរបស់ពួកគេរាល់ថ្ងៃក៏ពួកគេធុញទ្រាន់នឹងជីវិតរបស់ពួកគេដែរ ប៉ុន្តែគេចេះច្នៃជីវិតរបស់ពួកគេអោយមានន័យបំផុត។

នៅពេលដែលខ្ញុំចាប់ផ្តើមឈានជើងចូលរៀននៅឆ្នាំទីមួយនៃសកលវិទ្យាល័យធំៗទាំងពីរក្នុងទីក្រុងដំបូង ជីវិតខ្ញុំហ៊ុមព័ទ្ធទៅដោយសម្លេងមួយដែលតែងតែសួរខ្លួនឯងថា “តើអ្វីដែលខ្ញុំកំពុងធ្វើនេះខុសឬត្រូវ?” ខ្ញុំធំឡើងក្នុងត្រកូលមួយជាអ្នករកស៊ី។ គ្រួសារខ្ញុំទាំងមូលមិនមែនជាអ្នករៀនសូត្រជ្រៅជ្រះអ្វីនោះទេ ដូច្នេះហើយវារាងចេញពីផ្នត់គំនិតគ្រួសារបន្តិចដែលខ្ញុំមានគំនិតចង់រៀនបានខ្ពង់ខ្ពស់។ ក្រោយពីទទួលបាននិទ្ទេសល្អក្នុងការប្រលងទី១២ហើយ គ្រួសារខ្ញុំទាំងអស់មិនសូវគាំទ្រអោយរៀនបន្តប៉ុន្មានទេ។ ម៉ាក់ខ្ញុំមានរបរសមរម្យដល់ទៅពីរនៅផ្សារស្រាប់ ហើយប៉ាខ្ញុំមានកសិដ្ឋានខ្លួនឯងមួយទៀត។ បើនិយាយទៅ ផ្ទះខ្ញុំទាំងអស់កំពុងមមាញឹករកស៊ី ហើយគ្មានអ្នកជួយទៀត។ ពួកគាត់សុទ្ធតែចង់អោយខ្ញុំនៅលក់ដូរជាមួយម៉ាក់ព្រោះម៉ាក់ពិបាកណាស់បើគ្មានខ្ញុំនៅលក់ជាមួយ។ វាជាការសម្រចចិត្តដ៏លំបាកបំផុតសម្រាប់ខ្ញុំ ប៉ុន្តែទីបំផុតខ្ញុំនៅតែជ្រើសរើសយកការសិក្សា ហើយម៉ាក់ខ្ញុំក៏ត្រូវសេងតូបអោយគេមួយព្រោះគ្មានអ្នកមើល។ រហូតមកដល់ខ្ញុំមករៀននៅភ្នំពេញក៏គ្មានអ្នកណាគាំទ្រចំពោះការសម្រេចចិត្តរបស់ខ្ញុំដែរ។​ បងប្អូនគ្រប់គ្នារបស់ខ្ញុំនៅតែជម្រុញថាអោយខ្ញុំឈប់រៀនទៅ។ មនុស្សជុំវិញខ្លួនខ្ញុំនិយាយថា “បើខ្ញុំជាហែងវិញ ខ្ញុំនៅផ្ទះជួយម៉ាក់ប៉ារកស៊ីបាត់ហើយ គាត់កំពុងតែលំបាកណាស់ហើយហែងនៅចចេសចង់ទៅរៀនទៀត” “បើហែងយកពេលរៀនមកជួយប៉ាម៉ាក់មិនដឹងសល់លុយម៉េចទេ”។ ពីមួយថ្ងៃទៅមួយថ្ងៃ ខ្ញុំចេះតែមានអារម្មណ៍ថាហត់ទៅៗហើយក៏ចង់បោះបង់ម្តងៗ។ អារម្មណ៍ពេលនោះពិបាកនិយាយណាស់ ព្រោះខ្ញុំត្រូវឈរបាំងថ្ងៃបាំងភ្លៀងតែម្នាក់ឯង ម្យ៉ាងទៀតអាណិតម៉ាក់ដែលត្រូវរងការស្តីបន្ទោសពីបងប្អូនគាត់ផ្សេងទៀតដោយសារគាត់អនុញ្ញាតអោយខ្ញុំមករៀន។ ឆ្លងកាត់ពីមួយឆ្នាំទៅមួយឆ្នាំ ខ្ញុំចេះតែមានអារម្មណ៍ថាជីវិតមួយនេះលែងជារបស់ខ្ញុំ។ ជីវិតមួយនេះមានផ្លូវស៊ាំញ៉ាំច្រើនដែលខ្ញុំមិនធ្លាប់គិតដល់។ ពេលខ្លះខ្ញុំចង់បោះបង់ចោលម្តងៗ ប៉ុន្តែក្រោយមកបន្ទាប់ពីខ្ញុំស្វែងរកប្រភពដែលធ្វើអោយខ្ញុំពិបាកចិត្តឃើញហើយ ខ្ញុំក៏ធ្វើចិត្តបាន។ ប៉ុន្តែខ្ញុំប្រាប់ខ្លួនឯងថា ខ្ញុំមិនអាចបញ្ឃប់ត្រឹមហ្នឹងទេ ព្រោះក្តីស្រមៃខ្ញុំនៅវែងឆ្ងាយទៀតណាស់។ តាមពិតទៅ ការព្រួយបារម្ភច្រើនរបស់ខ្ញុំកន្លងមកគ្មានបានជួយអោយជីវិតខ្ញុំប្រសើរឡើងទាល់តែសោះ។ ផ្ទុយទៅវិញ វាមានតែផ្តល់អារម្មណ៍តានតឹងនិងភាពហ្មងសៅអោយខ្ញុំកាន់តែច្រើនឡើង។ វាធ្វើអោយខ្ញុំគិតច្រើនរហូតដល់ខ្ញុំបណ្តោយអោយបច្ចុប្បន្នដ៏ស្រស់ស្អាតដែលយុវវ័យដទៃកំពុងរីករាយបានកន្លងហួសទៅដោយភាពស្តាយក្រោយ។ បន្ទាប់ពីបានធ្វើអោយផ្លូវចិត្តនិងការគិតរបស់ខ្ញុំប្រសើរហើយ ខ្ញុំពិតជាមានអារម្មណ៍ល្អនិងធ្វើរឿងដែលខ្ញុំតែងតែស្រមៃបានច្រើនណាស់ ហើយបច្ចុប្បន្នខ្ញុំក៏ជិតបញ្ចប់ការសិក្សានៅសកលវិទ្យាល័យទាំងពីរដែរ។ ខ្ញុំប្រាប់ខ្លួនឯងថា “ខ្ញុំប្រាកដជាអាចជួយប៉ាម៉ាក់បាន ប៉ុន្តែមិនមែនពេលនេះហើយតាមរបៀបវិធីរបស់គាត់ ប៉ុន្តែខ្ញុំជួយតាមរបៀបខ្ញុំ”។

តាមពិតទៅ ទស្សនៈរបស់អ្នកដទៃនិងបញ្ហាជីវិតដែលកើតមកលើយើងសុទ្ធតែជាអ្វីដែលយើងហាមឃាត់មិនបាននោះទេ។ ប៉ុន្តែរឿងតែមួយដែលអ្នកមានអំណាចក្នុងការគ្រប់គ្រងគឺការគិតរបស់ខ្លួនយើង។ មិនថាអ្នកដទៃគិតបែបណាមកលើយើងទេ សំខាន់យើងត្រូវប្រាកដចិត្តថាយើងកំពុងតែធ្វើត្រូវហើយយើងនឹងបង្ហាញអោយគេឃើញថា យើងប្រាកដជាអាចធ្វើបាន។ កុំមានក្តីស្រមៃស្រពិចស្រពិល ប៉ុន្តែត្រូវមានក្តីស្រមៃពិតប្រាកដរបស់ខ្លួនឯង និងធ្វើអោយវាក្លាយជាការពិត។ ស្វែងរកអ្វីដែលជាប្រភពនៃកម្លាំងចិត្តរបស់អ្នក ហើយឧស្សាហ៍ធ្វើវាដើម្បីផ្តល់ថាមពលជីវិតអោយខ្លួនឯងជារឿយៗ។ មនុស្សម្នាក់ៗមិនមានអ្នកណារឹងប៉ឹងគ្រប់កាលទេសនោះទេ។ ទូរស័ព្ទត្រូវការសាកថ្ម ចំណែកឯមនុស្សយើងក៏ត្រូវការបន្ថែមថាមពលជីវិតដែរ។ ម្យ៉ាងវិញទៀត កុំយកពាក្យសម្តីអ្នកដទៃមកគ្របដណ្តប់លើការសម្រេចក្តីស្រមៃអ្នក។ កុំតានតឹងចំពោះខ្លួនឯងពេក បន្ធូបន្ថយលើជីវិតខ្លួនឯងខ្លះទៅ។​ បើជីវិតគង់តែមានច្រកចេញរបស់វា ហេតុអ្វីចូលចិត្តស្ពាយទុក្ខព្រួយម្លេះ?

ផ្ទាំងឃោសនាពាណិជ្ជកម្ម
Hi readers, my name's Jing Chhing and I'm currently a junior student studying at IFL. Personally, my daily hobby is reading and reading business news provide me a massive understanding so I would love to share it to all of you too.