ម៉ាកសម្លៀកបំពាក់ប្រណិត Henri Bendel នឹងបាត់ខ្លួនពីពិភពលោក ក្រោយបង្ហាញខ្លួនបាន123ឆ្នាំ

1321

ស្លាកសញ្ញាសម្លៀកបំពាក់ទាន់សម័យរបស់អាមេរិកឈ្មោះ Henri Bendel  ដែលត្រូវបានគេស្គាល់ច្រើនតាមរយៈកាបូបដៃ និងស្បែកជើងប្រណីតៗនោះ នឹងត្រូវបិទទ្វារនៅក្នុងខែមករា ឆ្នាំ 2019 បន្ទាប់ពីបានប្រឡូកក្នុងអាជីវកម្មអស់រយៈពេល 123ឆ្នាំ។ នេះបើតាមការប្រកាសពីក្រុមហ៊ុនមេ L Brands ដែលគ្រប់គ្រងម៉ាកយីហោរ Henri Bendel

ក្រុមហ៊ុន L Brands បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា វេបសាយ Bendel និងគ្រប់ហាងទាំង 23ទីតាំងរបស់ Henri Bendel នៅសហរដ្ឋអាមេរិក រួមទាំងទីតាំងសំខាន់នៅលើមហាវិថី  Fifth Avenue នាទីក្រុងញូវយ៉កផងនោះ នឹងនៅតែបើកដំណើរការរហូតផុតរដូវទិញទំនិញនៅរដូវវិស្សមកាលឆ្នាំនេះ។ ប៉ុន្តែចាប់ពីដើមឆ្នាំ 2019 ក្រុមហ៊ុនមេ បាននិយាយថាខ្លួននឹងផ្តោតការយកចិត្តទុកដាក់របស់ខ្លួនលើផលចំណេញឲ្យកាន់តែច្រើនដល់ក្រុមហ៊ុន និងបិទហាង Henri Bendel ចោល ដោយសារតែទទួលរងការខាតបង់ពេក។

លោក Les Wexner អគ្គនាយក និងនាយកប្រតិបត្តិក្រុមហ៊ុន L Brands បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា យើងប្តេជ្ញាដើម្បីធ្វើឱ្យប្រសើរឡើងនូវការអនុវត្តប្រសិទ្ធភាពក្នុងអាជីវកម្ម និងបង្កើនតម្លៃភាគហ៊ុន។”

លោកបានបន្តថា ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងនោះ យើងបានសម្រេចបញ្ឈប់ដំណើរការក្រុមហ៊ុន Bendel ដើម្បីបង្កើនប្រាក់ចំណេញរបស់ក្រុមហ៊ុន និងផ្តោតលើក្រុមហ៊ុនធំៗរបស់យើងវិញ ដែលកំពុងមានសក្តានុពលកាន់តែខ្លាំង” ។

ក្រុមហ៊ុន L Brands បានលើកឡើងថា ខ្លួនបានទិញយកក្រុមហ៊ុន Bendel កាលពីឆ្នាំ 1985 ហើយឆ្នាំ 2018 នេះ វាកំពុងតែជួបការខាតបង់យ៉ាងធ្ងន់ធ្ងរ ដោយរកចំណូលបានតែ 85លានដុល្លារ ហើយវាអាចនឹងខាតបង់រហូតដល់ទៅ 45លានដុល្លារឯណោះក្នុងឆ្នាំនេះ។

ក្រុមហ៊ុន L Brands គ្រប់គ្រងម៉ាកផលិតផលល្បីៗជាច្រើន ក្នុងនោះមានហាងលក់ខោរអាវក្នុង Victorias Secret, La Senza និង Bath & Body Works ផងដែរ។

គួររំលឹកថា កាលពីឆ្នាំមុន ក្រុមហ៊ុននេះ ដែលបានកំពុងប្រតិបត្តិការហាងជាង 3ពាន់នៅអាមេរិក កាណាដា និងចក្រភពអង់គ្លេស បានរកប្រាក់ចំណូលបានជាង 12.6 ពាន់លានដុល្លារ។ បើប្រៀបធៀបជាមួយសាជីវកម្មដ៏ធំនេះ ការបិទចោល Bendel គឺតូចណាស់សម្រាប់ L Brands ម្យ៉ាងទៀត Bendel ក៏បានធ្វើឲ្យ L Brands ខាតបង់ផងដែរ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
សួស្តី! ខ្ញុំគឺជាអ្នកសរសេរអត្ថបទម្នាក់នៅលើគេហទំព័រ APAMAT ហើយអត្ថបទរបស់ខ្ញុំភាគច្រើនជាអត្ថបទព័ត៌មានពាណិជ្ជកម្ម។ បច្ចុប្បន្ន ខ្ញុំគឺជានិស្សិតឆ្នាំទីបួន ជំនាញវិទ្យាសាស្ត្រសេដ្ឋកិច្ច និងជាសមាជិកក្រុម startup ម្នាក់នៅ Apamat Team ផងដែរ។