សាច់ប្រាក់
ប្រទេសកម្ពុជាជាប្រទេសមួយដែលប្រើប្រាស់សាច់ប្រាក់ខ្ពស់ដោយសារតែសាច់ប្រាក់ត្រូវបានគេចាត់ទុកថាជាមធ្យោបាយទូទាត់សងប្រាក់ដែលងាយស្រួលនិងមានប្រជាប្រិយភាព ។ ដោយសារតែកម្រិតដុល្លាររូបនីយកម្មខ្ពស់ រូបិយប័ណ្ណដុល្លារអាមេរិកត្រូវបានគេទទួលយកយ៉ាងទូលំទូលាយជំនួសឲ្យរូបិយវត្ថុរៀល ។ បច្ចុប្បន្ន មានប្រភេទរូបិយវត្ថុចំនួនដប់ប្រភេទនៅក្នុងចរាចរណ៍ គឺប្រភេទ ១០០.០០០ រៀល ៥០.០០០ ២០.០០០ ១០.០០០ ៥.០០០ ២.០០០ ១.០០០ ៥០០ និង១០០ រៀល ។
មូលប្បទានប័ត្រ
មូលប្បទានប័ត្រគឺជាបញ្ជាជាលាយលក្ខណ៍អក្សរនិងដោយឥតលក្ខខណ្ឌទៅធនាគារ និងចុះហត្ថលេខាដោយ បុគ្គលជាអ្នកចេញបញ្ជា តម្រូវឲ្យធនាគារទូទាត់សង ប្រាក់ក្នុងចំនួនកំណត់ណាមួយឲ្យទៅ ឬតាមបញ្ជាបុគ្គលម្នាក់ទៀត ឬអ្នកកាន់ ។ មូលប្បទានប័ត្រត្រូវតែទទួលបានការទូទាត់សងនៅពេលបង្ហាញ ដល់ធនាគារហើយស្របតាម ការតម្រូវដូចមានចែងក្នុងច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់ ។ មូលប្បទានប័ត្រត្រូវបានប្រើប្រាស់ជាចម្បងដោយក្រុមហ៊ុនអាជីវកម្ម ។ មូលប្បទានប័ត្រដែលចរាចរក្នុងប្រព័ន្ធ រួមមាន មូលប្បទានប័ត្រជាដុល្លារអាមេរិក និងរៀល ប៉ុន្តែមូលប្បទានប័ត្រជាដុល្លារអាមេរិកត្រូវបានប្រើប្រាស់ទូលំទូលាយជាង ដែលមានរហូតដល់ជាង៩០% នៃការផាត់ទាត់ដោយសភាផាត់ទាត់ជាតិ ។ បន្ថែមលើនេះ មូលប្បទានប័ត្រត្រូវបានប្រើប្រាស់ជាមធ្យោបាយផ្ទេរតម្លៃរូបិយវត្ថុរវាងធនាគារ ដោយសារ តែមិនមានប្រព័ន្ធផ្ទេរប្រាក់អន្តរធនាគារ ៕
