Phil Knight៖ ដំណើរឆ្ពោះទៅបង្កើត BRAND របស់ក្រុមហ៊ុនដ៏ល្បីល្បាញក្នុងលោក NIKE

1713

Phil Knight មានឈ្មោះពេញជា Philip Hampson Phil Knight គឺជាបុគ្គលឆ្មើមនៅពីក្រោយភាពជោគជ័យដ៏មហាសាលរបស់ក្រុមហ៊ុនផលិតស្បែកជើង និងសម្ភារៈកីឡាគ្រប់ប្រភេទ NIKE

Phil កើតនៅថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ១៩៣៨ ក្នុងទីក្រុង Oregon នៃទឹកដីប្រទេសប៉ូឡូញ។ គាត់បានចូលរៀននៅសាកលវិទ្យា ​The University of Oregon និងបានបញ្ចប់បរិញ្ញាប័ត្រផ្នែកសារពត៌មានពីទីនោះក្នុងឆ្នាំ ១៩៥៩។ បន្ទាប់ពីបានចូលបម្រើខ្លួនក្នុងជួរទ័ពអស់រយៈពេលមួយឆ្នាំ Phil បានត្រឡប់មកបន្តការសិក្សាវិញក្នុងជំនាញផ្នែកគ្រប់គ្រងពាណិជ្ជកម្មជាន់ខ្ពស់នៅ Stanford’s School of Business

កំឡុងពេលសិក្សានៅសាលាស្ទេនហ្វដ  Phil បានរកឃើញគំនិតបង្កើតហាងលក់សម្ភារៈកីឡា Blue Ribbon Sports ក្នុងឆ្នាំ ១៩៦៤ ដែលក្រោយមកត្រូវបានប្តូរឈ្មោះមកជា NIKE។ Phil Knight ដែលពីមុនធ្លាប់ជាកីឡាករមួយរូបផងនោះ បានចាប់ដៃគ្នាជាមួយគ្រូបង្វឹករបស់គាត់ឈ្មោះ Bill Bowerman ហើយបានសម្រេចដាក់ទុនជាមួយគ្នាក្នុងមួយនាក់ ៥០០ ដុល្លារអាមេរិកដើម្បីដំណើរការក្រុមហ៊ុន NIKE ឡើង។

វិធីរកចំណូលរបស់ Blue Ribbon Sports (BRS) ដំបូងឡើយគឺជាការនាំចូលប្រភេទស្បែកជើងប៉ាត់តាពីប្រទេសជប៉ុនម៉ាក Onitsuka Tigers ហើយលក់វាវិញក្នុងតម្លៃខ្ពស់មួយនៅសហរដ្ឋអាមេរិក។

ក្នុងឆ្នាំ ១៩៧១ BRS បានប្តូរឈ្មោះមកជា NIKE ហើយអត្តពលិកជាច្រើនបានងាកមកចាប់អារម្មណ៍ប្រើប្រាស់ផលិតផលរបស់ NIKE ដែលនេះជាផ្នែកជួយឱ្យក្រុមហ៊ុននេះរកចំណូលបានទ្វេរដងជារៀងរាល់ឆ្នាំ។ Phil និង Bill បានបង្កើនការខិតខំយ៉ាងខ្លាំងដើម្បីធ្វើឱ្យផលិតផលរបស់ពួកគេមានគុណភាពខ្ពស់បំផុត និងជាជម្រើសល្អផ្តាច់គេសម្រាប់កីឡាករអាជីពនានា។

បន្ទាប់មក NIKE បានផលិតស្បែកជើងប៉ាត់តាបែបយុវវ័យហៅថា NIKE Cortez ស្របពេលនិងព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ ១៩៧២ ដែលប្រារព្ធឡើងនៅទីក្រុង Munich ប្រទេសអាឡឺម៉ង់ ហើយ Phil Knight បានប្រាកដក្នុងចិត្តណាស់ថាវានឹងក្លាយជាជម្រើសដ៏សាកសមបំផុតសម្រាប់អត្តពលិកនៃព្រឹត្តិការណ៍អូឡាំពិកនេះ។

ចាប់ពីទសវត្សឆ្នាំ ១៩៧០ ដល់ ៨០ ក្រុមហ៊ុន NIKE បានរីកធំធាត់យ៉ាងឆាប់លឿន រីឯប្រាក់ចំណូលសរុបបានកើនឡើងពី ២៨.៧ លានដុល្លារក្នុងឆ្នាំ ១៩៧៣ ដល់ ៨៦៧ លានដុល្លារក្នុងឆ្នាំ ១៩៨៣។

រូបលោក Phil Knight ខាងឆ្វេង

អ្វីដែល Phil Knight បានធ្វើជោគជ័យបំផុតក្នុងនាមជាសហស្ថាបនិករបស់ NIKE គឺការចុះកិច្ចព្រមផ្តល់ជំនួយដល់កំពូលកីឡាករបាល់បោះអាមេរិក Michael Jordan និងបានបញ្ចេញម៉ូដស្បែកជើងប៉ាត់តា Air Jordan ដែលទទួលបានការពេញនិយមដ៏ខ្លាំងបំផុត។ តាមពិតទៅ ក្រុមហ៊ុន NIKE បានតាមអន្ទងចិត្ត Michael Jordan ចាប់តាំងពីកីឡាកររូបនេះនៅក្នុងក្រុម All Stars ប្រចាំមហាវិទ្យាល័យនៅឆ្នាំ ១៩៨៥ មកម៉្លេះ រហូតដល់គេបានក្លាយជាអ្នកលេងបាល់បោះកំពូលមួយរូបនៅក្នុង Nation Basketball Association (NBA) និងបានចុះកុងត្រាទទួលយកការគាំទ្ររយៈពេល ៥ ឆ្នាំ ពី NIKE ក្នុងទំហំទឹកប្រាក់ប្រមាណជា ៥ សែនដុល្លារក្នុងមួយឆ្នាំ។

ស្បែកជើងម៉ាក Air Jordan លក់បានតម្លៃ ៦៥ ដុល្លារក្នុងមួយគូរកាលពីខែ មីនា ឆ្នាំ​១៩៨៥ លុះដល់ដំណាច់ឆ្នាំ ក្រុមហ៊ុន NIKE អាចរកចំណូលពីការលក់ស្បែកជើងនេះបានច្រើនជាង ១០០ លានដុល្លារឯណោះ។ ប៉ុន្តែ មកដល់ពាក់កណ្ដាលឆ្នាំនៃទសវត្សទី ៨០ ការលក់របស់ NIKE ចាប់ផ្តើមថយចុះយ៉ាងសម្បើម។ ទោះជាយ៉ាងណា Phil Knight ដឹងថានេះជាពេលដែលក្រុមហ៊ុនរបស់លោកត្រូវធ្វើការផ្លាស់ទិសដៅដ៏ធំមួយ។ គាត់មើលឃើញថា បើទោះជា NIKE មានអ្នកតំណាងផលិតផលសុទ្ធតែជាកីឡាករលំដាប់ពិភពលោកក្តី ប៉ុន្តែអតិថិជនរបស់ NIKE មួយចំនួនធំគឺជាប្រជាជនដែលមានជីវភាពមធ្យម ហើយភាគច្រើនអតិថិជនទាំងនេះមិនប្រើស្បែកជើងសម្រាប់លេងកីឡាទេ។

Knight បានផ្លាស់ប្តូរយុទ្ធសាស្រ្តរបស់ NIKE ពីក្រុមហ៊ុនដែលផ្តោទៅលើការចេញម៉ូដផលិតផល ទៅជាក្រុមហ៊ុនដែលផ្តោទៅលើការធ្វើទីផ្សារវិញម្តង។ ចុងបញ្ចប់ឆ្នាំ ១៩៩១ ចំណូលពីការលក់សរុបរបស់ NIKE បានកើនឡើងត្រឡប់មកវិញដល់ជិត ៣ ពាន់លានដុល្លារ។ នៅក្នុងកម្មវិធី Harvard Business Review ឆ្នាំ ១៩៩២ Phil Knight បាននិយាយថា រឿងសំខាន់បំផុតដែលយើងត្រូវគឺធ្វើទីផ្សារឱ្យផលិតផល។ ការធ្វើទីផ្សារគឺជាចំណែកដ៏ចាំបាច់ដែលនឹងប្រមូលផ្នែកពាក់ព័ន្ធរបស់អាជីវកម្មទាំងអស់ឱ្យមកផ្តុំគ្នា រីឯការច្នៃម៉ូដផលិតផលគ្រាន់តែជាចំណុចមួយក្នុងដំណើរការនៃការធ្វើទីផ្សារទាំងមូលតែប៉ុណ្ណោះ។ សម្រាប់ Knight ផ្ទាល់គិតថា បើទោះជាគាត់កំពុងស្ថិតនៅក្នុងអាជីវកម្មផ្នែកស្បែកជើងក៏ដោយ តែគាត់ធ្វើហាក់បីដូចជាគាត់កំពុងមានរបររកស៊ីផ្នែកកម្សាន្តអញ្ចឹង។

រហូតដល់ទសវត្សឆ្នាំទី ៩០ ក្រុមហ៊ុន NIKE បានប្រឈមនិងបញ្ហាសារជាថ្មីចំពោះរឿងគេងប្រវ័ញ្ចកម្លាំងកម្មករ និងការអនុវត្តការងារមិនស្មើរភាពគ្នា។ អតិថិជនរបស់ NIKE ចាប់ផ្តើមជំទាស់មិនប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុននេះ និងថែមទាំងធ្វើការតវ៉ាពីខាងក្រៅរោងចក្រ ហើយនេះក៏ជាហេតុដែលធ្វើឱ្យយីហោរបស់ NIKE ធ្លាក់ចុះប្រជាប្រិយភាពអស់រយៈពេលជាង ១០ឆ្នាំផងដែរ។ NIKE បានបាត់បង់ចំណូលពីការលក់ជាបន្តបន្ទាប់នៅឆ្នាំ ១៩៩៨ ហើយក្រុមហ៊ុននេះ ក៏ត្រូវបានបង្ខំឱ្យផ្អាកការងាររបស់បុគ្គលិកមួយចំនួន។

Phil Knight ជាថ្មីម្តងទៀត ក្នុងនាមជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន បានបង្កើតការផ្លាស់ប្តូរយ៉ាងឆាប់រហ័សដើម្បីស្រោចស្រង់យីហោរបស់ក្រុមហ៊ុន។ គាត់បានព្យាយាមកែប្រែមុខមាត់ NIKE ដោយដំឡើងប្រាក់ខែឱ្យបុគ្គលិក អនុវត្តការងារតាមកម្រិតស្មើរគ្នា និងធ្វើយ៉ាងណាឱ្យរោងចក្រមានខ្យល់ចេញចូលគ្រប់គ្រាន់ ហើយមិនយូរប៉ុន្មាន NIKE ក៏ត្រឡប់មករកចំណុចកំពូលរបស់ខ្លួនវិញ។

NIKE គឺជាក្រុមហ៊ុនផលិតសម្ភារៈកីឡាដែលមានសក្តានុពលខ្លាំងនៅក្នុងស្រុក។ ក្រុមហ៊ុននេះគ្រប់គ្រងចំណែក ៦២ ភាគរយនៃផលិតផលស្បែកជើងនៅសហរដ្ឋអាមេរិក និងមានចំណូលប្រចាំឆ្នាំខ្ពស់បំផុតដល់ទៅ ៣០ ពាន់លានដុល្លារ។

នៅឆ្នាំ ២០១៣ Phil Knight ដែលជានាយប្រតិបត្តិ និងជាសហស្ថាបនិករបស់ក្រុមហ៊ុន NIKE ត្រូវបានគេប៉ានប្រមាណថាមានទ្រព្យសម្បត្តិសរុបជាង ២១.៦ ពាន់លានដុល្លារ រួមទាំងមានយន្តហោះផ្ទាល់ខ្លួន ២គ្រឿងទៀតផង។

ក្រោយពីចំណាយពេល ៥១ ឆ្នាំ តស៊ូជាមួយ NIKE បុរសវ័យ ៨០ ឆ្នាំ Phil Knight បានសម្រេចចិត្តលារលែងពីតំណែងជាប្រធានក្រុមហ៊ុននៅឆ្នាំ ២០១៥៕

ប្រភព៖ Businessinsider

ផ្ទាំងឃោសនាពាណិជ្ជកម្ម
សួស្តី! ខ្ញុំគឺជាអ្នកសរសេរអត្ថបទឱ្យ Apamat.com និងប្រែសម្រួលអត្ថបទណាទាក់ទងនិងអ្នកជំនួញល្បីៗ ជាពិសេសរបៀបក្នុងការសម្រេចជោគជ័យ ព្រមទាំងបទពិសោធន៍បរាជ័យរបស់ពួកគេ។ សម្រាប់ទស្សនៈខ្ញុំផ្ទាល់ ខ្ញុំយល់ថា ការធ្វើអាជីវកម្មគឺជាថ្នាំដ៏ស័ក្តិសិទ្ធិមួយដែលអាចកែប្រែទំនាស់ផលប្រយោជន៍រវាងមនុស្សនិងមនុស្ស។ សូមអរគុណចំពោះចំណាប់អារម្មណ៍ និងពេលវេលាដ៏មានតម្លៃរបស់អ្នកក្នុងការអានអត្ថបទរបស់ខ្ញុំ៕