រឿងសាមញ្ញ ១០យ៉ាង ដែលបុគ្គលជោគជ័យធ្វើ ខុសពីបុគ្គលធម្មតា

2930

មនុស្សដែលទទួលបានភាពជោគជ័យតែងគិតខុសពីគេ ធ្វើសកម្មភាពផ្សេងពីគេ ហើយចុងក្រោយពួកគេបានសម្គាល់ខ្លួនពួកគេពីមនុស្សដែលមិនទទួលបានភាពជោគជ័យដោយការដើរតាមទិសដៅផ្ទុយពីអ្នកទាំងនោះ ហើយឆ្ពោះទៅរកគោលដៅរបស់ពួកគេ។ មនុស្សដែលទទួលបានជោគជ័យទាំងអស់មានលក្ខណៈស្រដៀងគ្នានិងគំរូស្រដៀងគ្នាផងដែរ ហើយអ្វីដែលជាការពិតនោះ ភាពជោគជ័យគឺមិនបាននៅឆ្ងាយពីយើងទេ ប្រសិនបើយើងអាចរៀនពីអ្វីដែលមនុស្សជោគជ័យដទៃទៀតបានធ្វើ។ លើសពីនេះទៅទៀត វាមិនចាំបាច់តែជាសកម្មភាពធំធេងនៃការជំរុញចិត្ត ឬការច្នៃប្រឌិតទេ តែវាអាចត្រឹមជារឿងតូចតាច ដែលអាចជារឿងដែលអ្នកធ្វើវារាល់ថ្ងៃដើម្បីសម្រេចនូវគោលដៅរបស់អ្នកប៉ុណ្ណោះ។ ខាងក្រោមនេះគឺជារឿងសាមញ្ញ 10 យ៉ាងដែលមនុស្សជោគជ័យធ្វើជាប្រចាំ៖

 

១. ពួកគេព្យាយាមធ្វើអោយមានស្ថេរភាព

មនុស្សដែលទទួលបានភាពជោគជ័យ គឺជាមនុស្សដែលផ្តោតលើការបំពេញគោលបំណងរបស់ពួកគេ ហើយនេះជាមូលហេតុដែលពួកគេតែងមានកាលវិភាគច្បាស់លាស់ និងទៀងទាត់។ យោងតាមលោក Rameet Chawla ស្ថាបនិកក្រុមហ៊ុនប្រេងឥន្ធនៈ Fueled Collective និយាយថា ការដែលអ្នកមានកាលវិភាគច្បាស់លាស់ វាជួយផ្តល់អាទិភាព និងអនុញ្ញាតអោយអ្នករក្សាបាននូវរាល់ភារកិច្ចណាដែលសំខាន់ៗហើយបញ្ចប់វាមុនការងារដទៃទៀត។

២. ពួកគេតែងកំណត់គោលដៅប្រចាំថ្ងៃ

លោក Kenneth Chenault នាយកប្រតិបត្តិនៃក្រុមហ៊ុន American Express មានផែនការលម្អិតប្រចាំថ្ងៃរបស់គាត់ដោយការសរសេរនូវគោលដៅ៣យ៉ាង ដែលគាត់ចង់សម្រេចនៅថ្ងៃបន្ទាប់។ មនុស្សដែលទទួលបានភាពជោគជ័យតែងតែច្បាស់លាស់អំពីគោលដៅរបស់ពួកគេ ហើយតែងមានតារាងដើម្បីជំរុញពួកគេអោយបំពេញរាល់គ្រប់គោលដៅទាំងនោះ។

៣. ពួកគេរក្សានូវទំនាក់ទំនងដែលត្រឹមត្រូវ (វិជ្ជមាន)

នៅក្នុងសៀវភៅរបស់គាត់ Seth Godin បានពន្យល់ថា វាមានកុលសម្ព័ន្ធគ្រប់ទីកន្លែងដែលស្រេកឃ្លានចង់បានការតភ្ជាប់ទំនាក់ទំនងដែលមានន័យ និងការផ្លាស់ប្តូរ។ មនុស្សដែលទទួលបានជោគជ័យតែងស្វែងរកការគាំទ្រ ឬការផ្គត់ផ្គង និងស្វែងរកមនុស្សដែលពួកគេអាចប្រាស្រ័យទាក់ទងជាមួយគ្នាជាលក្ខណៈបញ្ញវន្ត។ ការស្វែងរកកុលសម្ព័ន្ធ និងដៃគូសហការគ្នារបស់អ្នក នឹងជួយជំរុញភាពខ្លាំងរបស់គ្នាទៅវិញទៅមក ហើយជួយមើលគ្នាក្នុងភាពរីកចំរើន។

៤. ពួកគេបង្ហាញពីអារម្មណ៍នៃភាពវៃឆ្លាត

មនុស្សដែលមានភាពវៃឆ្លាត តែងរកមើលវិធីដើម្បីបន្ថែមតម្លៃដែលអាចរួមចំណែកក្នុងសង្គមរបស់ពួកគេ។ ពួកគេប្រើការយល់ដឹងផ្លូវចិត្តរបស់ពួកគេដើម្បីគិតពីមូលហេតុនិងស្វែងរកចម្លើយចំពោះរាល់គ្រប់បញ្ហា។ ការធ្វើបែបនេះជួយពួកគេខ្លួនឯង រួមទាំងអាចជម្រុញអោយអ្នកដទៃទទួលបាននូវជោគជ័យដូចគ្នាផងដែរ។ នេះបើយោងតាមលោក Steve Jobs ការច្នៃប្រឌិតគ្រាន់តែជាការតភ្ជាប់សាច់រឿង។ នៅពេលអ្នកសួរមនុស្សដែលមានភាពច្នៃប្រឌិតពីរបៀបដែលពួកគេបានធ្វើអ្វីមួយ ពួកគេនឹងមានអារម្មណ៍ថាមានកំហុសបន្តិចបន្តួចពីព្រោះពួកគេមិនបានធ្វើវាពិតប្រាកដ ពួកគេគ្រាន់តែបានឃើញអ្វីមួយតែប៉ុណ្ណោះ។

៥. ពួកគេចាត់វិធានការ

មនុស្សដែលទទួលជោគជ័យជាមនុស្សដែលចាត់វិធានការបានច្បាស់លាស់ហើយអនុវត្តតាមវិធានការទាំងនោះ។ គ្មានអ្វីត្រូវបានដោះស្រាយឡើយនៅពេលដែលអ្នកអនុញ្ញាតអោយអារម្មណ៍របស់អ្នកធ្វើការគ្រប់គ្រងអ្នកត្រឡប់មកវិញ។ តាមរយៈការអនុវត្តនូវសកម្មភាពទាំងនេះ វានឹងផ្តល់អោយអ្នកទទួលបានលទ្ធផលហើយរកឃើញផ្លូវឆ្ពោះទៅរកគោលដៅរបស់អ្នក។

៦. ពួកគេអនុវត្តការនិយាយលើកទឹកចិត្តអោយខ្លួនឯង(Positive self-talk)

នៅពេលដែលអ្នកនិយាយឃ្លាល្អៗ (វិជ្ជមាន) ទៅកាន់ខ្លួនឯងដូចជា ថ្ងៃនេះនឹងក្លាយជាថ្ងៃដ៏អស្ចារ្យរបស់ខ្ញុំ ខ្ញុំនឹងទទួលបានជោគជ័យនៅក្នុងថ្ងៃនេះ មានន័យថាអ្នកបានបង្កើនសមត្ថភាពបញ្ញារបស់អ្នក និងបង្កើនឱកាសនៃការសំរេចបាននូវគោលដៅរបស់អ្នកនៅក្នុងថ្ងៃនេះ។

៧. ពួកគេយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាព

អតីតប្រធានាធិបតីអាមេរិក លោក Barack Obama តែងធ្វើលំហាត់ប្រាណ 45 នាទីក្នុងមួយថ្ងៃ ហើយប្រាំមួយថ្ងៃក្នុងមួយសប្តាហ៍។ គំនិត និងរាងកាយដែលមានសុខភាពល្អគឺជាជំហានដំបូងដើម្បីទទួលបានភាពជោគជ័យ។ រាងកាយរបស់អ្នកប្រៀបបានដូចជាយានជំនិះដែលនាំអ្នកឆ្ពោះទៅរកភាពជោគជ័យគ្រប់យ៉ាងដែលអ្នកអាចសម្រេចបាន ការធ្វើលំហាត់ប្រាណបែបនេះមិនត្រឹមតែអាចជួយអោយរាងកាយអ្នកមានសុខភាពល្អតែប៉ុណ្ណោះទេ វាក៏បានជួយលើកកម្ពស់ស្ថានភាពផ្លូវចិត្តរបស់អ្នកផងដែរ។ អ្នកអាចស្រមៃមើលថា ប្រសិនបើអ្នកមានសុខភាពខ្សោយ ទោះជាអ្នកមានសមត្ថភាពប៉ុណ្ណា មានលុយច្រើនប៉ុណ្ណា តើអ្នកអាចធ្វើអ្វីបានទៅ?

៨. ពួកគេតែងធ្វើសមាធិ

ការធ្វើសមាធិអនុញ្ញាតអោយអ្នកផ្តោតអារម្មណ៍ ហើយថែមទាំងបង្កើនបានផលិតភាពបន្ថែមទៀតផង។ មហាសេដ្ឋី និងអ្នកជំនួញស្ត្រីដ៏ជោគជ័យ Oprah Winfrey និយាយអំពីអត្ថប្រយោជន៍ដ៏អស្ចារ្យនៃការធ្វើសមាធិ និងលទ្ធផលដ៏ប្រសើរដែលបានរួមបញ្ចូលទំនាក់ទំនងល្អប្រសើរជាងមុននិ ងការច្នៃប្រឌិតបន្ថែមទៀត។

៩. ពួកគេធ្វើការកែលម្អតិចតួចដែលអាចឆ្ពោះទៅរកគោលដៅសំខាន់របស់ពួកគេ

យោងតាមលោក Henry Ford បាននិយាយថាគ្មានអ្វីពិបាកទេប្រសិនបើអ្នកចែកវាអោយទៅជាបំណែកតូចៗ មនុស្សដែលទទួលជោគជ័យគឺជាមនុស្សដែលចេះបំបែករឿងធំអោយទៅជារឿងតូច ហើយធ្វើរឿងតូចៗទាំងនោះជារៀងរាល់ថ្ងៃរហូតទទួលបានជោគជ័យ។

១០. ពួកគេក្រោកពីព្រលឹម

លោក Tim Cook អគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple បាននិយាយថា ការភ្ញាក់ពីព្រលឹមប្រៀបបានដូចជាប្រពៃណីរបស់មនុស្សដែលទទួលបានភាពជោគជ័យ ព្រោះគ្មានការជោគជ័យណាកើតឡើងលើមនុស្សខ្ជិលនោះទេ។ អ្នកជំនួញជោគជ័យកំពូលៗរបស់ពិភពលោក តែងតែក្រោកមកអានព័ត៌មានរាល់ព្រឹក ដូចជាលោក Warren Buffett និងលោក Bill Gates ជាដើម។ ពួកគេអានដើម្បីដឹងនូវរឿងរ៉ាវដែលកំពុងតែកើនឡើងក្នុងសង្គម និងការធ្វើជំនួញ ពួកគេអាចស្វែងរកឱកាសដើម្បីបង្កើតប្រាក់តាមព័ត៌មានទាំងនោះ ហើយវាពិតជាពិបាកណាស់ បើយើងជាអ្នករកស៉ី តែមិនបានដឹងព័ត៌មានដែលកំពុងតែប្រែប្រួលនៅក្នុងទីផ្សារ វាពិតជាហានិភ័យដ៏ខ្ពស់ក្នុងការដើរក្រោយគូប្រជែងព្រោះតែទទួលបានព័ត៌មានមិនទាន់គេ។

ជាចុងបញ្ចប់វាត្រូវការអនុវត្តច្រើនដើម្បីទទួលបានភាពជោគជ័យ។ ភាពជោគជ័យមិនមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែវាកើតឡើងដោយការខិតខំប្រឹងប្រែងចេញេពីខ្លួនឯងជាមួយនឹងសកម្មភាពប្រចាំថ្ងៃដែលអាចជួយអ្នកអោយសម្រេចគោលដៅរបស់អ្នកបាន៕

ប្រភពអត្ថបទ៖ Success Magazine

ផ្ទាំងឃោសនាពាណិជ្ជកម្ម
I'm a freelance writer of APAMAT. Mostly, my articles are about youth, businesswomen, money and life. This moment, I'm also running my own business, an import and export company between China-Cambodia. I'm here because I love to share my experiences with you about both life and business. Enjoy!