អ្វីទៅជាគ្រឹះស្ថានធនាគារ?

2541

វិស័យធនាគារនៅក្នុងប្រទេសកម្ពុជាគឺជាប្រព័ន្ធដែលមានពីរថ្នាក់ រួមមាន វិស័យសាធារណៈ (តំណាងដោយធនាគារជាតិនៃកម្ពុជា) និងវិស័យឯកជន រួមមានធនាគារពាណិជ្ជ ធនាគារឯកទេស គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនដែលបានចូលរួមនៅក្នុងសកម្មភាពឥណទានជនបទ ។

អនុលោមតាមច្បាប់ស្តីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ធនាគារទាំងអស់ត្រូវតែស្នើសុំអាជ្ញា ប័ណ្ណនិងស្ថិតក្រោមការត្រួតពិនិត្យពីធនាគារជាតិនៃកម្ពុជា ។ កាលពីប៉ុន្មានឆ្នាំកន្លងទៅ ធនាគារមួយចំនួនពុំមានដំណើរការ ល្អដោយសារការគ្រប់គ្រងមានភាពទន់ខ្សោយធ្វើឲ្យអតិថិជនបាត់បង់ជំនឿទុកចិត្តលើប្រព័ន្ធធនាគារ ។ ដើម្បីដោះស្រាយនូវស្ថានភាពនេះ ធនាគារជាតិនៃកម្ពុជាបានអនុវត្តច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងបានអនុវត្តកម្មវិធីផ្តល់អាជ្ញាប័ណ្ណសាជាថ្មីដល់គ្រឹះស្ថានទាំងនោះ ។ តាមរយៈការអនុវត្តកម្មវិធីកំណែទម្រង់ថ្មី នេះប្រព័ន្ធហិរញ្ញវត្ថុកម្ពុជាបានអភិវឌ្ឍជាបន្តបន្ទាប់និងធានាបាននូវស្ថិរភាពខ្ពស់ ។

គិតមកត្រឹមខែធ្នូ ឆ្នាំ២០១៤ មានធនាគារពាណិជ្ជចំនួន ៣៦ ធនាគារឯកទេស ១១ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ៤០ ប្រតិបត្តិករឥណទានដែលបានចុះបញ្ជី ៣៨ និងក្រុមហ៊ុនភតិសន្យា ៦ ដែលបានចូលរួមសកម្មភាពក្នុងវិស័យហិរញ្ញវត្ថុ ។

ក្នុងចំណោមគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទាំងអស់ ធនាគារពាណិជ្ជបានដើរតួនាទីជាអ្នកផ្តល់សេវាទូទាត់ ដ៏សំខាន់បំផុតដោយសារពួកគេទទួលបានអត្ថប្រយោជន៍ផ្នែកគតិយុត្តិ និងស្ថាប័នក្នុងការទទួលបាននូវប្រាក់បញ្ញើពី សាធារណជន ។ ប្រាក់បញ្ញើរបស់ធនាគារផ្តល់ជាមូលដ្ឋានដ៏សំខាន់សម្រាប់ប្រតិបត្តិការទូទាត់ដែលមិន ប្រើប្រាស់ សាច់ប្រាក់ដូចជាការផ្ទេរឥណទាន ឥណពន្ធផ្ទាល់ និងការទូទាត់ដោយប្រើប្រាស់ប័ណ្ណទូទាត់ ។ លើសពីនេះ ធនាគារពាណិជ្ជក៏បានដាក់ឲ្យប្រើប្រាស់និងគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធទូទាត់ដូចជាម៉ាស៊ីន ATM និងម៉ាស៊ីនឆូតកាត (POS) ផងដែរ ៕

 

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគីជាអ្នកសរសេរអត្ថបទក្នុងគេហទំព័រ apamat.com ។ ចំពោះខ្ញុំការសរសេរអត្ថបទគឺជារឿងរីករាយ ប៉ុន្តែអ្វីដែលកាន់តែធ្វើឲ្យខ្ញុំរីករាយនោះគឺ ការចែករំលែកនូវចំណេះដឹង បទពិសោធន៍ ជំនាញ និង គតិបណ្ឌិតល្អៗដល់មិត្តអ្នកអានទុកជាចំណេះដឹងសម្រាប់ធ្វើការសិក្សាស្វែងយល់។