Go-Jek របស់ឥណ្ឌូនេស៉ី គ្រោងបន្ថែមទុន $២ពាន់លានទៀត ដើម្បីឡើងសៃវៀនជាមួយ Grab ក្នុងតំបន់អាស៊ាន

1249

ឥណ្ឌូនេស៉ី (Bloomberg): អាជីវកម្មបង្កើតថ្មី (startup) Go-Jek ដែលមានតម្លៃថ្លៃជាងគេរបស់ប្រទេសឥណ្ឌូនេស៉ី កំពុងចរចារគ្នាគ្រោងបណ្តាក់ទុន ២ពាន់លានដុល្លារអេមរិកបន្ថែមទៀត ដើម្បីពង្រីកវិសាលភាពទៅកាន់ក្រៅប្រទេស នេះបើតាមមនុស្សម្នាក់ដែលស្និតនឹងក្រុមហ៊ុន Go-Jek។ 

 

ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុងចាកាតានេះ គ្រោងនឹងបិទយុទ្ធនាការបង្កើនដើមទុនក្នុងរយៈពេលបីទៅបួនសប្តាហ៍ ហើយមនុស្សម្នាក់ដែលទម្លាយព័ត៌មាននេះ បានសុំមិនឲ្យបញ្ចេញឈ្មោះឡើយ ដោយសារតែវាជាព័ត៌មានផ្ទៃក្នុងរបស់ក្រុមហ៊ុន។ Startup មួយនេះ មានអ្នកវិនិយោគធំៗពីក្រោយដូចជា Tencent Holdings, Temasek Holdings និង Warburg Pincus។

Go-Jek នឹងបង្វែរកាណុងកាំភ្លើងរបស់ខ្លួន តម្រង់ទៅទីផ្សារអាស៊ាន ហើយវានឹងចូលសមរភូមិជាមួយគូប្រជែងដែលមកពីប្រទេសសឹង្ហបុរី គឺ Grab ដែលទើបទទួលបានទុនថ្មីៗ ៣ពាន់លានដុល្លារក្នុងឆ្នាំនេះ។ ក្រុមហ៊ុនដែលមានកំណើតក្នុងប្រទេសឥណ្ឌូនេស៉ី Go-Jek បានចាប់ផ្តើមចេញពីអាជីវកម្មដឹកអ្នកដំណើរ និងទំនិញដោយប្រើ App ហើយបន្ទាប់មកបានបន្ថែមសេវាកម្មថែមទៀតដូចជា សេវាបង់ប្រាក់តាមអ៉ីនធើណិត សេវាកម្មង់អាហារតាមអ៉ីនធើណិត និងសេវាទិញសំបុត្រកុនផងដែរ។ 

Go-Jek ត្រូវបានបង្កើតឡើងដំបូងនៅក្នុងទីក្រុងចាកាតា ហើយបានកំពុងតែព្យាយាមពង្រីកខ្លួនចេញពីប្រទេសឥណ្ឌូនស៉ីជាបន្តបន្ទាប់។ Go-Jek បានចាប់ផ្តើមបោះទីតាំងដណ្តើមទីផ្សារដឹកអ្នកដំណើរតាមម៉ូតូ និងដឹកជញ្ជូនទំនិញ នៅទីក្រុងហាណូយ ប្រទេសវៀតណាមកាលពីថ្ងៃទី១២ ខែកញ្ញាកន្លងទៅថ្មីៗនេះ បន្ទាប់ពីបានបើកដំណើរការសាកល្បងនៅទីក្រុងហូជីមិញ ដោយប្រើឈ្មោះថ្មីថា Go-Viet ហើយនេះគឺជាប្រតិបត្តិការនៅលើទីផ្សារអន្តរជាតិដំបូងរបស់ Go-Jek។ App របស់ Go-Viet ត្រូវបានគេ Download ១.៥លានដងក្នុងរយៈពេល ៦សប្តាហ៍ និងមានអ្នកចុះឈ្មោះចូលជាអ្នកបើកបរ និងដឹកជញ្ជូនចំនួន ២៥ ០០០នាក់ នេះបើតាមការឲ្យដឹងរបស់ក្រុមហ៊ុន។ Go-Viet មានគម្រោងបន្ថែមសេវាកម្មបន្ថែមទៀតដូចជា សេវាដឹកអាហារ និងសេវាទូរទាត់សាច់ប្រាក់តាមអ៉ីនធើណិត នៅក្នុងប្រទេសជាប់កម្ពុជាមួយនេះ ដែលមានប្រជាជនច្រើនជាង ៩០លាននាក់។

រូបភាពពី Nikkei Asean

នាយកប្រតិបត្តិរបស់ Go-Jek លោក Nadiem Makarim បាននិយាយនៅក្នុងព្រឹត្តិការណ៍មួយនាថ្ងៃទី១២ កញ្ញា ថា “អតិថិជនត្រូវការជម្រើសបន្ថែម ហើយទីផ្សារត្រូវការ ការប្រកួតប្រជែងបន្ថែមទៀត ដើម្បីធ្វើឲ្យឧស្សហកម្មនេះ រីកលូតលាស់យូរអង្វែង”។ ក្រុមហ៊ុន Go-Jek ក៏បាននិយាយដែរថា បន្ទាប់ពីនេះ ខ្លួននឹងត្រៀមចូលទីផ្សារប្រទេសថៃ សឹង្ហាបុរី និងហ្វីលីពីនបន្ថែមទៀត។ 

សាព័ត៌មាន Bloomberg បានរាយការណ៍ថា អាជីវកម្មបង្កើតថ្មីរបស់ឥណ្ឌូនេស៉ីមួយនេះ ទទួលបានទុនវិនិយោគចុងក្រោយបង្អស់ មានចំនួនប្រហែល ១.៥ពាន់លានដុល្លារអាមេរិក បន្ថែមលើដើមទុនដែលមានស្រាប់ ហើយបានធ្វើឲ្យតម្លៃរបស់ក្រុមហ៊ុននេះ ឡើងទៅដល់ ៥ពាន់លានដុល្លារអាមេរិក៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។