ផែនការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយសម្រាប់អាជីវកម្មខ្នាតតូច (Business Plan Outline)

5707

ផែនការអាជីវកម្ម គឺជាជំហានចាប់ផ្តើមដ៏សំខាន់ ជាពិសេសសម្រាប់ម្ចាស់អាជីវកម្មខ្នាតតូច និងសម្រាប់អ្នកដែលមានបំណងចង់ស្វែងរកដៃគូវិនិយោគ ឬក៏ត្រូវការខ្ចីលុយពីធនាគារមកធ្វើដើមទុន។ ដោយសារតែផែនការអាជីវកម្មមានព័ត៌មានជាច្រើន ដូច្នេះហើយទើបវាត្រូវបានគេចាប់ទុនថាជាផ្នែកមួយសំខាន់ជាងគេនៅពេលអ្នក ឬនរណាម្នាក់ចាប់ផ្តើមនិយាយពីការចេញរកស៉ី។ 

 

Outline ខាងក្រោមនេះនឹងនាំអ្នកឲ្យអាចបង្កើតបានផែនការអាជីវកម្មដែលអាចឲ្យអ្នកវិនិយោគ និងដៃគូរបស់អ្នកទទួលយកបាន។ 

សង្ខេបប្រតិបត្តិការអាជីវកម្ម ឬ Executive Summary

សង្ខេបប្រតិបត្តិការ គឺជាមាតិកាដំបូងគេនៅក្នុងគម្រោងអាជីវកម្ម ហើយជាទូទៅគេសរសេរវានៅពេលចំណុចផ្សេងទៀតសរសេររួចរាស់។ វាគឺជាការង្ខេបប្រតិបត្តិការអាជីវកម្មរបស់អ្នកទាំងមូល មកដាក់តែមួយ ឬពីរសន្លឹក សម្រាប់ឲ្យអ្នកវិនិយោគងាយមើល។ នៅក្នុងចំណុចនេះ ត្រូវមានព្រឹត្តការណ៍សំខាន់បំផុតយ៉ាងហោចណាស់មួយនៃគម្រោងអាជីវកម្មរបស់អ្នកទាំងមូល។ អ្នកអាចដាក់បញ្ចូលចំណុចដូចជា ឈ្មោះអាជីវកម្ម ទីតាំង ពណ័នាអំពីអាជីវកម្មហើយនឹងផលិតផល ឬសេវាកម្មដែលអ្នកផលិត របៀបគ្រប់គ្រង និងយុទ្ធសាស្ត្រពង្រីកខ្លួន។ ជាធម្មតា នៅក្នុងចំណុចនេះគេសរសេរវាមិនឲ្យលើសពីមួយសន្លឹកឡើយ ហើយអ្នកវិនិយោគមើលវាមុនគេ បើគេចាប់អារម្មណ៍ទើបគេមើលបន្តទៀត តែបើគេមើលការសង្ខេបនេះមិនល្អហើយ គេមិនចង់មើលទៅសន្លឹកបន្តទៀតទេ។ 

ពិពណ៌នាអំពីអាជីវកម្ម ឬ Company Description

ចំណុចពិពណ៌នាអំពីអាជីវកម្មនៃគម្រោងអាជីវកម្មរបស់អ្នក ជាធម្មតាគេដាក់វានៅចំណុចទីពីរ បន្ទាប់ពីចំណុចសង្ខេបប្រតិបត្តិការ។ ចំណុចនេះ ត្រូវមានព័ត៌មានលម្អិតអំពីអាជីវកម្មរបស់អ្នកដូចជា វាទីតាំងនៅទីណា ហើយទីតាំងនោះមានលក្ខណៈបែបណាបានជាអ្នកជ្រើសរើសយក តើអាជីវកម្មរបស់អ្នកមានទំហំប៉ុណ្ណា តើអ្នកនឹងធ្វើអ្វី ហើយគោលដៅអ្នកចំពោះអាជីវកម្មនោះយ៉ាងម៉េចដែរ…។ នៅក្នុងចំណុចនេះក៏មានបញ្ចូលពីចក្ខុវិស័យ និងទិសដៅនៃអាជីវកម្ម ដើម្បីឲ្យដៃគូ និងអ្នកវិនិយោគដឹងថាអ្នកជាមនុស្សបែបណា និងស្ថិតក្នុងកម្រិតណាផងដែរ។ 

ផលិតផល ឬសេវាកម្ម (Products or Services)

ចំណុចនេះ អ្នកគួរតែបញ្ចាក់ឲ្យច្បាស់អំពីផលិតផល ឬសេវាកម្មរបស់អ្នក ថាវាមានអ្វីពិសេស លក្ខណៈសម្បត្តិរបស់វាបែបណា មានគុណភាព ប្រសិទ្ធភាពបែបណា និងផ្តល់ប្រយោជន៍អ្វីខ្លះដល់អតិថិជន។ នៅក្នុងចំណុចនេះក៏មានបញ្ចូលព័ត៌មានទាក់ទងនឹងតម្លៃនៃផលិតផល ឬសេវាកម្មរបស់អ្នកផងដែរ ហើយការប្រៀបធៀបតម្លៃរវាងអ្នក និងគូប្រជែងនៅក្នុងទីផ្សារខុសគ្នាដូចម្តេច ក៏ត្រូវបានគេដាក់បញ្ចូល។ 

ការវិភាគទីផ្សារ

ការវិភាគទីផ្សារ ដែលចាំបាច់មាននៅក្នុងគម្រោងអាជីវកម្ម អាចមានទៅបាន ទាល់តែអ្នកមានគម្រោងផលិតផល និងសេវាកម្មជាមុនសិន។ គម្រោងផលិតផល និងសេវាកម្មនោះ គឺជាផលិតផល ឬសេវាកម្មដែលអ្នកជ្រើសយកមកលក់ ឬផលិត ហើយត្រូវមានព័ត៌មានដែលពាក់ព័ន្ធនិងផលិតផលនោះទាំងអស់ ដូចជាបរិមាណ គុណភាព ការវេចខ្ចប់ រយះពេលនៃការផលិត  មុខងារ និងឈ្មោះរបស់វាជាដើម។ បន្ទាប់មកអ្នកត្រូវយកគម្រោងផលិតផលនោះ ទៅធ្វើការវិភាគទីផ្សារ ថាវាអាចចូលទីផ្សារបានឬអត់ ហើយដោយរបៀបណា? តើគូប្រជែងរបស់អ្នកខ្លាំងកម្រិតណា? អានលម្អិត របៀបសរសេរការវិភាគទីផ្សារ

យុទ្ធសាស្ត្រធ្វើទីផ្សារ

ចំណុចយុទ្ធសាស្ត្រទីផ្សារនេះ គឺសរសេរឡើងដោយផ្អែកលើទិន្នន័យដែលបានពីការវិភាគទីផ្សារ។ វាមានចំណុចតូចៗជាច្រើនដូចជា កន្លែងណាដែលជាទីតាំងដែលផលិតផល ឬសេវារបស់អ្នកអាចមានមនុស្សគាំទ្រច្រើនជាងគេ ហើយតើអ្នកកំណត់តម្លៃផលិតផលដោយផ្អែកលើអ្វី តើអ្នកនឹងផ្សាយពាណិជ្ជកម្មដោយវិធីណា ហើយនឹងលក់ដោយប្រើយុទ្ធសាស្ត្រអ្វី។ ដើម្បីកាន់តែច្បាស់ សូមចូលទៅកាន់ទំព័រ យុទ្ធសាស្ត្រពង្រីកខ្លួន ដែលមានអត្ថបទធ្វើទីផ្សារ និងលក់យ៉ាងសំបូរបែប។ 

សង្ខេបនៃការគ្រប់គ្រង ឬ Managemant Summary

ចំណុចនេះ ពិពណ៌នាអំពីរបៀបដែលអ្នកនឹងគ្រប់គ្រងអាជីវកម្មរបស់អ្នក រចនាសម្ព័ន្ធគ្រប់គ្រង នរណាខ្លះជាក្បាលម៉ាស៉ីនដឹកនាំ ហើយពន្យល់ថាអាជីវកម្មរបស់អ្នកនឹងត្រូវគ្រប់គ្រងដោយរបៀបណា។ 

ការវិភាគផ្នែកហិរញ្ញវត្ថុ

ចំណុចនេះ ត្រូវសរសេរឲ្យលម្អិតអំពីការប្រើប្រាស់លុយក្នុងការដំណើរអាជីវកម្មរបស់អ្នក ត្រូវការដើមទុនដំបូងប៉ុន្មាន តើវានឹងចំណាយលើអ្វីខ្លះ? តើអ្នករំពឹងថានឹងរកចំណូលបានមកវិញប៉ុន្មាន? តើអ្នកនឹងប្រើប្រាស់លុយដែលអាជីវកម្មរបស់អ្នកមាន ដោយរបៀបណា?

ព័ត៌មានបន្ថែម ឬឯកសារយោង

ក្នុងចំណុចនេះ គួរមានព័ត៌មាន ឬភស្តុតាងគាំទ្រអ្វីដែលអ្នកបានអះអាងក្នុងគម្រោងខាងលើ។ វាអាចមានតារាង Graph Charts startistics រូបភាព ទិន្នន័យស្រាវជ្រាវ និងទិន្នន័យដទៃទៀតដែលពាក់ព័ន្ធ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។