វិធីសាស្ត្រចំនួន ៥ ដែលឲ្យសហគ្រិនវ័យក្មេងប្រើដើម្បីជំនះឧបសគ្គ

3412

សហគ្រិនជោគជ័យភាគច្រើនសុទ្ធតែប្រឈមមុខជាមួយឧបសគ្គធ្ងន់ៗ នៅលើវិថីជំនួញរបស់ពួកគេ លើកលែងតែសហគ្រិនដែលបន្តតំណែងពីឪពុកម្តាយដែលជោគជ័យស្រាប់។ វាអាចនឹងពិបាកណាស់ នៅពេលចេញរកស៉ីដំបូង ទម្រាំធ្វើឲ្យអាជីវកម្មនោះក្លាយជាអាជីវកម្មពេញលេញ ហើយធ្វើឲ្យមនុស្សស្គាល់យីហោររបស់អ្នកច្រើន។ 

 

នៅពេលដែលជួបបញ្ហា ឬឧបសគ្គ វាគឺសំខាន់ណាស់ដែលអ្នកត្រូវធ្វើចិត្តឲ្យនឹងន ហើយព្យាយាមដោះស្រាយម្តងមួយៗដើម្បីឆ្ពោះទៅរកគោលដៅរបស់អ្នកបន្តទៀត។ ខាងក្រោមនេះ គឺជាវិធីចំនួនប្រាំដែលអាចជួយអ្នកជំនះឧបសគ្គ និងស្វែងរកភាពជោគជ័យក្នុងនាមជាសហគ្រិនម្នាក់។

គិតវិជ្ជមាន

ប្រសិនបើអ្នកទុកឲ្យបញ្ហាធ្វើឲ្យអ្នកមានអារម្មណ៍អវិជ្ជមានទៅលើអាជីវកម្ម ឬក៏លើសមត្ថភាពរបស់អ្នក វានឹងធ្វើឲ្យអ្នកចាកចេញឆ្ងាយពីភាពជោគជ័យ។ អ្នកត្រូវចាំថា សហគ្រិនជោគជ័យគ្រប់រូប តែងតែប្រឈមមុខនឹងបញ្ហានៅក្នុងជីវិតរបស់ពួកគេ។ សម្របខ្លួនជាមួយនឹងការគិតវិជ្ជមានឲ្យបានច្រើន អាចធ្វើឲ្យអ្នកមានទំនុកចិត្ត ជឿលើខ្លួនឯង និងជម្រុញចិត្តខ្លួនឯងឲ្យធ្វើបានល្អប្រសើរជាងកំហុសពីអតីត។ ការគិតបែបវិជ្ជមាន មិនមែនគ្រាន់តែអាចជួយឲ្យអ្នកជំនះឧបសគ្គបានប៉ុណ្ណោះទេ វាក៏ធ្វើឲ្យអ្នកមានអកប្បកិរិយាសមជាសហគ្រិនពូកែម្នាក់ផងដែរ។

ភ្ជាប់បណ្តាញទំនាក់ទំនង

អ្នកប្រហែលជាឆ្ងល់ថាហេតុអ្វីបានជាការភ្ជាប់បណ្តាញ អាចជួយអ្នកឲ្យជំនះឧបសគ្គបាន។ វាគឺជាកូនសោរមួយឆ្ពោះទៅរកការប្រកួតប្រជែង។ នៅពេលដែលអ្នកមានទំនាក់ទំនងជាមួយមនុស្សដែលមានផ្នត់គំនិតដូចគ្នា អ្នកនឹងអាចចែករំលែកយោបល់ និងបទពិសោធន៍គ្នាទៅវិញទៅមក។ វាអាចថាអ្នកនឹងជួបនរណាម្នាក់ដែលអាចជួយអ្នកបាន ចង់វិនិយោគជាមួយអ្នក ឬក៏ចង់ធ្វើជាដៃគូសហការជាមួយអ្នកក៏ថាបាន។ 

បង្កើតក្រុមការងារ

ប្រសិនបើអ្នកជាសហគ្រិនម្នាក់ដែលសកម្មខ្លាំង អ្នកប្រាកដជាត្រូវការដៃគូ ឬក្រុមការងារដើម្បីជួយរំលែកការងារ។ អាជីវកម្មដែលស្ថិតក្នុងដំណាក់កាលលូតលាស់ ប្រាកដជាត្រូវការអភិវឌ្ឍក្រុមការងារឲ្យមានសមត្ថភាពសម្រេចជោគជ័យក្នុងដំណាក់ក្រោយទៀត។ ការបង្កើតក្រុមមួយ មិនត្រឹមតែអាចជួយឲ្យអាជីវកម្មរបស់អ្នកផលិតបានប្រសិទ្ធភាពការងារកាន់តែល្អទេ ប៉ុន្តែវាក៏អាចជួយសម្រាលការងារពីដៃរបស់អ្នកខ្លះដែរ ជាពិសេសនៅពេលដែលអ្នកកំពុងតស៊ូម្នាក់ឯង។

បន្តការព្យាយាម

ស្មារតីលះបង់ គឺជាគន្លឹះក្នុងការនាំយកជ័យជំនះមកដាក់ក្នុងអាជីវកម្មរបស់អ្នក មិនថាវាស្ថិតនៅជាគម្រោង ឬអាជីវកម្មដែលដំណើរការឲ្យក៏ដោយ។ ភាពជោគជ័យវាមានពិតមែន តែវាសម្រាប់តែអ្នកតស៊ូដើម្បីទទួលបានវាតែប៉ុណ្ណោះ មិនមានវិធីសាស្ត្រណាជំនះឧបសគ្គដោយគ្រាន់តែនៅស្ងៀមនោះទេ វាត្រូវការឲ្យអ្នកចាប់ផ្តើមធ្វើអ្វីម្យ៉ាង។ ប្រសិនបើអ្នករកឃើញថាការធ្វើទីផ្សាររបស់អ្នកមិនបានត្រឹមត្រូវ អ្នកត្រូវគិតរកវិធីណាផ្លាស់ប្តូរវាមកល្អវិញ។ ប្រសិនបើអ្នកពិតជាជឿលើគំនិតខ្លួនឯងមែននោះ ចូរអ្នកកុំបោះបង់ ហើយតស៊ូធ្វើឲ្យគំនិតនោះក្លាយជាការពិត។

ទាញយកផលប្រយោជន៍ពីបណ្តាញសង្គម

បណ្តាញសង្គម Facebook និង Instagram កំពុងតែមានប្រជាប្រិយភាពច្រើនជាងគេនៅប្រទេសកម្ពុជា ហើយវាក៏ជាផ្លូវមួយនាំសហគ្រិនកម្ពុជាជាច្រើនមកដល់ភាពជោគជ័យដល់ថ្ងៃនេះដែរ ដូចជា សាព័ត៌មាន TVFB ដែលចាប់ផ្តើម live ព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ ដូចជាកញ្ញា Dav ម្ចាស់ហាងនំខេកជាច្រើនសាខានៅភ្នំពេញ ដែលចាប់ផ្តើមលក់នំខេកនៅលើ Facebook និងមានតារាចម្រៀង និងតារា Facebook ជាច្រើនទៀត។ ពួកគេសុទ្ធតែជួបឧបសគ្គនៅពេលដំបូងក្នុងអាជីវកម្មរបស់ពួកគេ គឺឧបសគ្គដើមទុន ដូច្នេះហើយពួកគេត្រូវទាញប្រយោជន៍ពីបណ្តាញសង្គមដើម្បីសន្សំទុន បន្តទៅជំហាននៃគម្រោងរបស់ពួកគេបន្តទៀត។ ទាំងនេះគឺជាឧទាហរណ៍៕ 

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។