ថ្មីៗនេះនៅលើ Facebook កំពុងតែរងការវាយលុកដោយកម្មវិធីទូទាត់សាច់ប្រាក់លើទូរស័ព្ទមួយ ដោយប្រើយុទ្ធសាស្ត្របណ្តាញ។ ថ្ងៃនេះ apamat.com នឹងណែនាំអ្នកពីយុទ្ធសាស្ត្រនេះដល់អ្នកអានដែលតែងតែចូលចិត្តគេហទំព័ររបស់យើង។

យុទ្ធសាស្ត្រទីផ្សារបណ្តាញ គឺជាយុទ្ធសាស្ត្រមួយដែលមានឥទ្ធិពលបំផុត ប្រសិនបើនរណាម្នាក់ចេះប្រើវាត្រូវរឿង។ នៅក្នុងអាជីវកម្ម យុទ្ធសាស្ត្រនេះត្រូវបានគេប្រើភាគច្រើនក្នុងវិស័យធនារ៉ាប់រង វិស័យសេវាកម្មហិរញ្ញវត្ថុផ្សេងៗ និងការយកផលិតផលជានុយដើម្បីលក់តគ្នាជាបណ្តាញ។ នេះយើងមិននិយាយនោះទេ ពីការប្រើវាយកទៅបង្កើតបណ្តាញបោកប្រាស់ តាមរយៈការប្រើផលិតផលដែលគ្មានប្រសិទ្ធភាពមកធ្វើជាកូនអុក ហើយបង្កើតគម្រោងប្រាក់ចំណេញដែលធ្វើឲ្យមនុស្សឃើញហើយខ្វារកចង់បាន ហើយចុងក្រោយអ្នកចូលក្នុងបណ្តាញក្រោមគេនឹងទឹកភ្នែក  ហើយអ្នកដែលបង្កើតបណ្តាញអាចនឹងទទួលទោសធ្ងន់។

ងាកមកមើលក្រុមហ៊ុនមួយដែលកំពុងប្រើប្រាស់យុទ្ធសាស្ត្រនេះដោយប្រើ Facebook ជាឧបករណ៍ជម្រុញការផ្សព្វផ្សាយ។ ពួកគេពិតជាប្រើប្រាស់ភាពវៃឆ្លាតក្នុងការទាញយកអ្នកតម្លើងកម្មវិធី (App) របស់ពួកគេ ដាក់នៅលើទូរស័ព្ទរបស់យុវវ័យ ហើយវាពិតជាយុទ្ធសាស្ត្រដ៏ត្រឹមត្រូវ ស្មោះត្រង់ និងមិនបោកបញ្ឆោតឡើយ។

តើវាជាយុទ្ធសាស្ត្រចំណេញ ឬខាត ដែលពួកគេចំណាយលុយដល់អ្នកដែលណែនាំ និងអ្នកដែលតម្លើងកម្មវិធីដាក់លើទូរស័ព្ទក្នុងម្នាក់ $2?

ប្រសិនបើយើងប្រៀបធៀបជាមួយឧបករណ៍ធ្វើទីផ្សារផ្សេងទៀតដូចជា ការចុះធ្វើទីផ្សារដោយផ្ទាល់តាមសាសារៀន តាមផ្សារ ការចំណាយផ្សាយពាណិជ្ជកម្មតាមទូរទស្សន៍ ការប្រគុំដន្ត្រី ការផ្សាយ Link Install នៅលើបណ្តាញសង្គម និងឧបករណ៍ផ្សេងទៀត គឺឃើញថា ការប្រើយុទ្ធសាស្ត្របណ្តាញមានប្រសិទ្ធភាពជាង។

ឧទាហណ៍ថា ក្រុមហ៊ុនធ្វើការផ្សាយពាណិជ្ជកម្មតាមទូរទស្សន៍ ដែលត្រូវចំណាយ $500 ក្នុងមួយនាទី ហើយមួយថ្ងៃផ្សាយ 10នាទី ដូច្នេះការចំណាយសរុបគឺ $15ម៉ឺនដុល្លារក្នុងមួយខែ ប៉ុន្តែមិនប្រាកដថាអ្នកមើលនឹង Install App នោះទេ។ ប្រៀបធៀបមកយុទ្ធសាស្ត្រទីផ្សារបណ្តាញវិញ ប្រសិនបើក្រុមហ៊ុនចំណាយ 15ម៉ឺនដុល្លារ នឹងមានចំនួនអ្នក Install App ច្រើនជាង 3ម៉ឺនដង យ៉ាងច្បាស់លាស់។ នេះបើគិតទាំងការចំណាយពាក់ព័ន្ធផ្សេងៗទៀត។ បើមានអ្នក Install តិច ចំណាយនឹងតិច បើមានអ្នក Install ច្រើន ចំណាយនឹងច្រើន។ មានន័យថាក្រុមហ៊ុន គ្រាន់តែបង្វែរការចំណាយលើការផ្សាយតាមទូរទស្សន៍ ឬឧបករណ៍ផ្សាយផ្សេងទៀតឲ្យមានអ្នកតម្លើងកម្មវិធីរបស់ក្រុមហ៊ុន មកចំណាយឲ្យអ្នកដែល Install ដាក់លើទូរស័ព្ទដោយខ្លួនឯង និងណែនាំឲ្យអ្នកដទៃ Install App តៗគ្នា ប៉ុណ្ណោះ ហើយដើម្បីរកលុយបាន អ្នកដែលត្រូវណែនាំអ្នកដទៃឲ្យ Install តាមរយៈខ្លួន គឺជាអ្នកដើរតួផ្សាយពាណិជ្ជកម្មតាមគ្រប់មធ្យោបាយដោយខ្លួនឯង។ វាពិតជាមានប្រសិទ្ធភាពជាងការផ្សាយតាមទូរទស្សន៍ ចំណញពេល និងចំគោលដៅមែនទែន។ 

អ្នកអាចគិតមើលថា ប្រសិនបើទោះបីជាប្រជាជនកម្ពុជាទាំងអស់នាំគ្នា Install App នោះទាំងអស់គ្នា តើក្រុមហ៊ុននឹងចំណាយអស់ប៉ុន្មាន? វាមិនសំខាន់ទេចំពោះការចំណាយនោះ ប៉ុន្តែតើក្រុមហ៊ុននឹងរកចំណូលបានមកវិញប៉ុន្មាន?

អ្វីជាការចំណេញលើសនឹងទៀត?

បន្ទាប់ពីមានអ្នក Install កម្មវិធីហើយ ពួកគេនឹងត្រូវបញ្ចូលលេខទូរស័ព្ទ Email នៅក្នុងកម្មវិធីនោះ។ ដូច្នេះ ក្រុមហ៊ុនអាចប្រើយុទ្ធសាស្ត្រ Email Marketing មួយទៀត នៅពេលដែលក្រុមហ៊ុនមាន Promotion និងព័ត៌មានថ្មីៗ។ មានន័យថា ក្រុមហ៊ុនមិនចាំបាច់ចំណាយលុយទិញទិន្នន័យពីក្រុមហ៊ុនផ្សេងនោះទេ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកវិភាគទីផ្សាររបស់ APAMAT TEAM ហើយខ្ញុំមានមោទនភាពដែលបានមកទីនេះដើម្បីចែករំលែកអំពីស្ថានភាពទីផ្សារនៅកម្ពុជាដល់អ្នកដែលត្រូវការដឹងពីវា នៅពេលខ្ញុំទំនេរពីកិច្ចការនៅ APAMAT TEAM។