អនុវត្តបទពិសោធន៍ជីវិតទាំងនេះ ដើម្បីក្លាយខ្លួនជាមហាសេដ្ធីនៅថ្ងៃខាងមុខ

2889

អ្នកណាៗក៏ចង់ក្លាយជាមហាសេដ្ធីដែរ ព្រោះមនុស្សម្នាក់ៗតែងតែប៉ងប្រាថ្នាជីវិតដែលមានភាពហ៉ឺហារ ពេលវេលា និងមានលុយចាយមិនចេះអស់។ យ៉ាងណាមិញ អ្វីដែលសំខាន់នោះតើយើងគួរធ្វើបែបណាដើម្បីក្លាយជាមហាសេដ្ធី? ដើម្បីក្លាយជាបុគ្គលជោគជ័យម្នាក់តែងតែមាននូវចំណុចមួយចំនួនដែលជាកាតាលីករជំរុញទៅរកភាពជោគជ័យនោះ អ្នកខ្លះមានទេពកោសល្យពីកំណើត អ្នកខ្លះខិតខំប្រឹងប្រែងរៀនសូត្រ អ្នកខ្លះមិនបោះបង់ចោលគោលដៅរបស់ខ្លួនទោះទទួលភាពបរាជ័យរាប់សិបដង ប៉ុន្តែគ្រប់ភាពជោគជ័យទាំងនោះមិនមែនកើតឡើងដោយការមានត្រឹមតែការស្រម៉ៃនោះទេ គឺទាមទារអោយមានការធ្វើផងដែរ។

 

តួយ៉ាង មហាសេដ្ធីមួយចំនួនមានភាពជោគជ័យ ដោយសារតែពួកគេមានដើមទុនស្រាប់បូកជាមួយនឹងចំណេះដឹងពួកគេ ប៉ុន្តែអ្នកខ្លះមិនមានរបស់ទាំងនោះឡើយ ប៉ុន្តែពួកគេនៅតែអាចក្លាយជាមហាសេដ្ធីបាន បើសិនជាពួកគេ មានភាពវៃឈ្លាតក្នុងការសម្រេចចិត្ត ការជ្រើសរើសប្រភេទជំនួញ ផ្សំជាមួយនឹងបុគ្គលិកលក្ខណះសំខាន់ៗមួយចំនួនទៀត។ ជាការពិតណាស់ ភាពជោគជ័យតែងតែទាមទារពេលវេលា និងសមត្ថភាព ប៉ុន្ដែសម្រាប់បុគ្គលមួយចំនួនដែលមានភាពខ្វះខាត អ្នកគួរតែសិក្សាអំពីចំណុចដែលគួរអនុវត្ត ឬមិនគួរ

. ការបង្កើតថ្មីអ្វីដែលថ្មី ការបង្កើតអ្វីមួយគឺជារឿងមួយដ៏ពិបាក ប៉ុន្តែបើអ្នកអាចធ្វើបាននោះ ការធ្វើជំនួញរបស់អ្នកនឹងជោគជ័យ។ ហើយការបង្កើតនោះមិនចាំបាច់ជាគំនិតថ្មីទាំងស្រុងនោះទេ ក៏អាចជាការកែច្នៃវត្ថុ ឬគំនិតដែលមានស្រាប់ គ្រាន់តែធ្វើអោយវាមានភាពប្រសើរជាងមុន។ នៅពេលដែលផលិតផលដែលអ្នកបង្កើត ឬកែច្នៃមានការគាំទ្រ ឬជាវត្ថុចាំបាច់ក្នុងជីវភាពប្រចាំថ្ងៃរបស់មនុស្ស ឪកាសជោគជ័យរបស់អ្នកគឺកាន់តែច្រើន។ ឧទាហរណ៍ដូចជា Facebook, Instagram, Youtube និងផលិតផល ឬសេវាកម្មផ្សេងទៀតដែលទើបបង្កើតថ្មី ពួកគេបានក្លាយជាសេដ្ឋីត្រឹមមួយរំពិច។ យើងប្រហែលជាមិនអាចបង្កើតអ្វីអស្ចារ្យដូចជាអ្នកទាំងនោះបានទេ ប៉ុន្តែយើងអាចបង្កើតអ្វីថ្មីនៅក្នុងសហគមន៍ ឬក្នុងប្រទេសយើងបាន។

. ការច្នៃប្រឌិតគំនិតថ្មីៗលើមុខជំនួញ ជាការពិតណាស់ Innovation ពិតជាសំខាន់ ព្រោះវាធ្វើអោយជំនួញរបស់អ្នក គ្រប់គ្រងចំណូលបានល្អទោះបីជាលក់ផលិតផលតែមួយប្រភេទក៏ដោយ។ តួយ៉ាង ដូចជាក្រុមហ៊ុនលក់ទូរស័ព្ទអេបផល (Apple Inc,) តែងតែចេញលក់ទូរស័ព្ទម៉ូតថ្មី ព្រមជាមួយនឹងរូបរាង និង បច្ចេកវិទ្យាថ្មី ដែលទាក់ទាញចំណាប់អារម្មណ៍ របស់អ្នកប្រើប្រាស់ និងមានការគាំទ្រកាន់តែខ្លាំង។

. កុំគិតថាខ្លួនឯងដឹងគ្រប់រឿង នៅពេលដែលអ្នកគិតថាខ្លួនឯងគ្មានអ្វីត្រួវរៀនបន្ថែមទៀត ប្រៀបដូចជាអ្នកបំផ្លាញឱកាសរីកចំរើនខ្លួនឯង។ ព្យាយាមស្ដាប់យោបល់ ឬគំនិតរបស់អ្នកនៅជំវិញខ្លួនដោយបើកចិត្តអោយទូលាយ  និងព្យាយាមសួរបន្ថែម ចំនុចដែលចាំបាច់សម្រាប់ មុខជំនួញរបស់អ្នក។ ការធ្វើបែបនោះជួយធ្វើអោយ អ្នកមានគំនិតថ្មីៗបន្ថែមក្នុងការប្រកបអាជីវកម្មរបស់អ្នក និងបង្កើតចំណូលបានកាន់តែធំ។

. ការបោះទុនផ្សេងៗ ការបោះទុនទៅកន្លែងណាមួយយើងត្រូវពិនិត្យអោយបានត្រឹមត្រូវ ព្រោះវាអាចជាការបោះទុនដ៏វ័យឆ្លាត ឬជាទុនដែលធ្វើអោយអ្នកខាត។ ប៉ុន្តែដើម្បីក្លាយខ្លួនជាមហាសេដ្ធី ទាមទារអោយមានការបោះដើមទុន ទៅកន្លែងផ្សេងៗគ្នា (ដូចទ្រឹស្ដីមួយបានពោលថាដើម្បីកាត់បន្ថយហានីភ័យយើងមិនអាចដាក់ស៊ុតទាំងអស់ក្នុងកន្ត្រកតែមួយបាននោះទេ។ ) ដើម្បីទទួលបាន ភាគលាភ ឬការប្រាក់និងកាត់បន្ថយហានីភ័យ។ មានមហាសេដ្ឋីជាច្រើនដូចជាលោក Warren Buffett ជាដើម គាត់ស្ទើរតែមិនធ្វើអ្វីទាំងអស់ ដោយអង្គុយចាំតែវិនិយោគក្នុងអាជីវកម្មណាដែលគាត់មើលដឹងថាវានឹងចំណេញច្រើន។

.​កុំសម្រេចចិត្តបោះទុនដោយភាពក្លាហានពេក ការហ៊ានបោះទុនដោយមិនខ្លាចការបង់ខាត វាមិនមែនជារឿងល្អឡើយ គួរតែងាកមកមើលស្ថាប័នដែលជាដៃគូរវិញ គឺសំដៅដល់ក្រុមហ៊ុនដែលមានចក្ខុវិស័យប្រកបអាជីវកម្មរយះពេលវែង អ្នកគួរតែបោះទុនជាមួយ ព្រោះតែ ភាគលាភដែលទទួលបានក៏មានរយះពេលវែងនិងច្រើនជាងក្រុមហ៊ុនអាជីវកម្មដែលមានរយះពេលខ្លី។

.ត្រូវតាំងខ្លួនជាសហគ្រិន នៅពេលដែលអ្នកគិតថាខ្លួនឯងជាម្ចាស់អាជីវាកម្មយ៉ាងហោចណាស់វាអាចបណ្តុះគំនិត អាជីវកម្មបាន ហើយវាជាយានដែលនាំអ្នកក្លាយជាមហាសេដ្ធី។ សហគ្រិនអាចដឹកនាំបានល្អ ព្រោះគេមិនមែនធ្វើការម្នាក់ឯង ម្នាក់មានគំនិតច្នៃប្រឌិត និងម្នាក់ទៀតមានដើមទុន នៅពេលដែលអ្នកទាំងពីរធ្វើជំនួញជាមួយគ្នា ភាពជោគជ័យនឹងកើតឡើង។ ភាពជោគជ័យ ពេលខ្លះត្រូវការដៃគូរសហការ បើអ្នកម្នាក់ឯងមិនអាចធ្វើវាអោយកើតឡើងបាន។

. កុំឆាប់បោះបង់ពេក ភាពជោគជ័យមិនមែនកើតឡើងត្រឹមតែពេលមួយយប់នោះទេ វាត្រូវការពេលវេលា ដូចគេតែងនិយាយថាភាពជោគជ័យកើតឡើងនៅទីកន្លែងនិងពេលវេលាដ៏ត្រឹមត្រូវមួយមិនមែនចេះតែកើតនោះទេ។ ការបើកអាជីវកម្មរបស់អ្នកនឹងជោគជ័យ តែនៅពេលសមស្របណាមួយ ដូចនេះអ្នកមិនត្រូវឆាប់អស់សង្ឃឹមនឹងបោះបង់នោះទេ ព្រោះមានតែភាពអត់ធ្មត់ប៉ុណ្ណោះ ដែលនាំអ្នកទៅរកភាពជោគជ័យ ដួលកាន់តែច្រើន ចំណេះដឹងកាន់តែកើន៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
Hi readers! I'm Nik, a writer of Apamat. Currently, I am a year-4 university student in faculty of Business and Economic. I'm here to share my knowledges and experiences related to business with you all.