ជាទូទៅយើងមិនចង់ឈប់ពីកន្លែងធ្វើការច្រើនទេ ព្រោះវាអាចនាំអោយខូចឈ្មោះរបស់យើងពេលទៅធ្វើការនៅកន្លែងថ្មី តែប្រសិនបើអ្នកឃើញថាខ្លួនកំពុងស្ថិតនៅក្នុងស្ថានភាពដូចដែលបានរៀបរាប់ខាងក្រោម អ្នកគួរពិចារណាអំពីការសុំឈប់ហើយត្រៀមលក្ខណៈដើម្បីដើរដាក់cvនៅក្រុមហ៊ុនផ្សេងៗអោយហើយទៅ។ 

១. អ្នកមិនបានចេះអ្វីសោះពីកន្លែងធ្វើការ៖ ប្រសិនបើអ្នកធ្វើការយូរគ្រាន់បើហើយនៅតែមិនចេះច្រើនពីចំណេះដឹងដែលទាក់ទងនឹងការងារ (បើអ្នកមិនសូវយកចិត្តទុកដាក់ការងារដោយខ្លួនឯងនោះគឺជាកំហុសរបស់អ្នក) តែជាទូទៅដើម្បីអោយក្រុមហ៊ុនរីកចម្រើនខាងក្រុមហ៊ុនត្រូវវិនិយោគអោយបុគ្គលិកចេញទៅរៀនជំនាញថ្មីៗដែលទាក់ទងនឹងការងារ តែបើក្រុមហ៊ុនមិនព្រមវិនិយោគទៅលើបុគ្គលិករបស់ខ្លួន សញ្ញាណនេះបង្ហាញថាគេមិនសូវចាប់អារម្មណ៍នឹងអនាគតនិងការអភិវឌ្ឍរបស់បុគ្គលិកទេ។

២. កន្លែងធ្វើការឆ្ងាយ៖ ការធ្វើដំណើរទៅកន្លែងធ្វើការឆ្ងាយពិតជាធ្វើអោយអ្នកធុញ ទ្រាន់ ខាតពេលវេលា ហើយប្រសិនថ្ងៃណាស្ទះចរាចរណ៍ទៀតវានឹងធ្វើអោយអ្នកកាន់តែមូរម៉ៅហើយមិនអាចផ្ដោតអារម្មណ៍លើការងារបានល្អ។ ប្រសិនបើអាចអ្នកគួរប្ដូរទៅកាន់កន្លែងថ្មីណាដែលនៅជិតទីលំនៅរបស់អ្នកជាង។ 

៣. ប្រាក់ខែមិនសមនឹងសមត្ថភាពរបស់អ្នក៖ ប្រាក់ខែមិនគ្រប់គឺជាហេតុផលមួយដែលបុគ្គលិកភាគច្រើនលាឈប់ពីការងារ។ ដំបូងពេលចូលធ្វើការ លុយវាមិនមែនជាគោលដៅចម្បងដែលអ្នកទទួលយកការងារផ្នែកណាមួយទេ តែប្រសិនបើអ្នកធ្វើបានរយៈពេលវែងដែរហើយការងារក៏រីកចម្រើនល្អជាងមុន តែគេនៅមិនព្រមឡើងប្រាក់ខែអោយ នេះបង្ហាញថាគេមិនសូវអោយតម្លៃទៅលើសមត្ថភាពរបស់អ្នកទេ។ 

៤. មិនចូលចិត្តអ្នកធ្វើការជាមួយគ្នា៖ បើអ្នកធ្វើការជាមួយជាមនុស្សមិនល្អទេ គ្មានសីលធម៌ និងតែងតែយកបញ្ហាមកអោយអ្នកធ្វើការដទៃទៀតនោះគឺជាសញ្ញាដែលបង្ហាញថាអ្នកត្រូវតែទៅប្រាប់ពីបញ្ហានេះអោយថ្នាក់លើដោះស្រាយ បើដោះស្រាយមិនបានអ្នកគួរតែលាឈប់ហើយ ព្រោះធ្វើការជាមួយមនុស្សប្រភេទនេះមិនធ្វើអោយអ្នករីកចម្រើនហើយថែមទាំងនាំរឿងឈឺក្បាលដល់អ្នកទៀតផង។ 

៥. ការងារធ្វើអោយអ្នកធុញ ទ្រាន់៖ ប្រសិនបើអ្នកតែងតែមានអារម្មណ៍ធុញថប់ក្នុងម៉ោងការងារព្រោះមិនមានអ្វីកិច្ចការថ្មីដែលអោយអ្នកចង់ធ្វើនៅក្នុងការងារនោះយូរៗទៅវានឹងមិនធ្វើអោយអ្នករីកចម្រើនទេ ហើយជីវិតឯកជនរបស់អ្នកក៏អាចប៉ះពាល់ដែរ។ ផ្ទុយទៅវិញតាមការស្រាវជ្រាវបង្ហាញថាប្រសិនបើមនុស្សម្នាក់មានការងារដែលគាត់ពេញចិត្តនឹងធ្វើ នោះជីវិតរស់នៅរបស់គាត់ក៏ល្អប្រសើរដែរ។

៦. បុគ្គលិកដទៃទៀតក៏សុំឈប់ដែរ៖ រឿងនេះអាចបណ្ដាលមកពីបញ្ហាច្រើនដូចជា ក្រុមហ៊ុនមិនបើកលុយអោយច្រើនខែ ឬអ្នកគ្រប់គ្រងមិនល្អកេងប្រវ័ញ្ចពីកូនចៅជាដើម។ ហើយបើគេសុំឈប់អស់ច្រើន អ្នកគួរសួរខ្លួនឯងថានៅធ្វើអីទៀត?

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។