មនុស្សស្រីដែលមានគ្រប់យ៉ាង ទាំងស្អាត ទាំងឆ្លាត នៅពីក្រោយភាពជោគជ័យនៃក្រុមហ៊ុន M Curated

6323

នេះគឺជាអត្ថបទប្រចាំខែកញ្ញា នៃទំព័រ Women in Business របស់ទស្សនាវដ្តីពាណិជ្ជកម្មអេឡិចត្រូនិក apamat.com ដែលតែងតែនាំយករឿងរ៉ាវរបស់អ្នកជំនួញស្ត្រីដ៏អស្ចារ្យពីជុំវិញពិភពលោក មក Inspire ស្ត្រីកម្ពុជា។ 

មនុស្សស្រីលើលោក តែងតែចង់បង្ហាញភាពខ្លាំង តាមរយៈការធ្វើអ្វីតាមក្តីស្រមៃ និងមហិច្ចតារបស់ខ្លួន ខណៈមនុស្សស្រីមួយចំនួនទៀតមានក្តីស្រមៃចង់ធ្វើជា “Boss Women” ។ ហើយមនុស្សស្រីម្នាក់ដែលមានគ្រប់យ៉ាង ទាំងស្អាត ទាំងឆ្លាត កំពុងតែរះឡើងដូចព្រះច័ន្ទនៅប្រទេសថៃ នោះគឺកញ្ញា Pailin Umpujh ម្ចាស់ ក្រុមហ៊ុនចែកចាយ និងលក់រាយសម្លៀកបំពាក់ M Curated ។

កើតក្នុងត្រកូល Umpujh ជាគ្រួសារមួយដ៏ស្តុកស្តម្ភក្នុងប្រទេសថៃ គ្រប់គ្រងទីផ្សារលក់រាយក្រោមស្លាកយីហោរ The Mall Group ជាក្រុមហ៊ុនមេគ្រប់គ្រងផ្សារទំនើបលក់ផលិតផលប្រណិតៗ Siam Paragon, Emporium និង EmQuartier ។ ម្ចាស់សម្ព័ន្ធក្រុមហ៊ុន The Mall Group គឺអ្នកស្រី Supaluck Umpujh ត្រូវជាម្តាយមីងរបស់កញ្ញា Pailin Umpujh គឺជា “Boss Woman” ដែលអស្ចារ្យម្នាក់ក្នុងប្រទេសថៃ ហើយកញ្ញា Pailin ដែលមានឈ្មោះក្រៅថា Blue កំពុងតែដើរតាមគន្លងមីងរបស់នាង។

Blue គឺជាតារាស្រី ជាអ្នកជំនួញស្ត្រី និងជាតារាបង្ហាញម៉ូតដ៏ទាក់ទាញម្នាក់។ នាងមើលទៅដូចជាមនុស្សដែលមានភាពស្ងៀមស្ងាត់ សុភាពរាបសារ ហើយនាងចូលចិត្តតុបតែងខ្លួនតាមបែបសាមញ្ញៗ។ នាងមានអាយុ 27ឆ្នាំ មើលពីសម្បកក្រៅទៅ នាងដូចជាមនុស្សស្រីម្នាក់ដែលទើបបញ្ចប់ការសិក្សាថ្នាក់មហាវិទ្យាល័យថ្មីៗអញ្ចឹង ប៉ុន្តែនាងគឺជាអ្នកជំនួញស្រីម្នាក់ដែលមានបទពិសោធន៍ពេញខ្លួន ហើយនាងបានបង្កើតភាពជោគជ័យជាច្រើនមកហើយ។ 

ទោះជានាងមានម្តាយមីងដ៏ពូកែម្នាក់ដែលជម្រុញចិត្តនាងឲ្យដើរតាមក៏ដោយ ការចង់ធ្វើជាអ្នកជំនួញម្នាក់ក៏ជាក្តីស្រមៃផ្ទាល់ខ្លួនរបស់នាងដែរ ហើយ Blue បាននិយាយថាឪពុករបស់នាងក៏ជាមនុស្សម្នាក់ដែលបានជួយបង្ហាញផ្លូវដល់នាងផងដែរ។ 

Blue បាននិយាយថា “គាត់(ឪពុករបស់នាង) មើលទៅដូចជាមនុស្សដែលម៉ឺងម៉ាត់ ប៉ុន្តែតាមពិតគាត់គឺជាមនុស្សដែលកំប្លែង ហើយចិត្តល្អ។ គាត់បានផ្តល់សេរីភាពដល់យើងក្នុងការធ្វើអ្វីដែលពួកយើងចង់ធ្វើ។ ឲ្យតែពួកយើងរីករាយ គាត់ក៏សប្បាយចិត្តដែរ។ ប៉ុន្តែ អ្វីដែលគាត់ស្នើរសុំពួកយើងគឺ នៅពេលដែលយើងសម្រេចចិត្តជ្រើសផ្លូវដើរណាមួយ យើងត្រូវមានមហិច្ចតាធំ ហើយត្រូវចេះខិតខំប្រឹងប្រែង”។ 

ឈ្មោះ Blue តំណាងឲ្យបងប្អូនបង្កើតរបស់នាងទាំងបីនាក់ គឺបងស្រីច្បង Loogmoo ប្អូនស្រីរបស់នាង Ploychompu និងប្អូនប្រុសរបស់នាង Phuket។ 

Blue គឺជាមនុស្សដែលមានភាពច្នៃប្រឌិតខ្ពស់។ នាងបាននិយាយថា “នៅពេលដែលខ្ញុំរៀននៅសាលា Harrow International School ខ្ញុំចូលចិត្តផ្នែកសិល្បៈខ្លាំងណាស់ ហើយនៅសាលានោះ សម្រាប់អ្នកដែលចូលចិត្តផ្នែកសិល្បៈ គេមានថ្នាក់រៀនពិសេសមួយសម្រាប់សិស្ស។ នៅពេលខ្ញុំមានពេល  ខ្ញុំតែងតែនៅបន្ទប់រៀននោះ ហើយគូរូបពិភពលោកដ៏តូចមួយសម្រាប់ខ្លួនឯង”។ 

បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ Blue បានដើរតាមក្តីស្រមៃ ហើយផ្លាស់ទៅរស់នៅទីក្រុងឡុង ប្រទេសអង់គ្លេស ដើម្បីរៀនផ្នែកសិល្បៈនៅសកលវិទ្យាល័យ Kingston University ហើយបន្ទាប់មកជ្រើសយកជំនាញច្នៃម៉ូតសម្លៀកបំពាក់។ 

Blue បានពន្យល់មូលហេតុដែលធ្វើឲ្យនាងស្រលាញ់ផ្នែកច្នៃម៉ូតថា “នៅពេលដែលខ្ញុំនៅក្មេង ខ្ញុំចូលចិត្តឲ្យម៉ាក់របស់ខ្ញុំស្លៀកសំលៀកបំពាក់ឲ្យ ហើយអ្វីដែលធ្វើឲ្យខ្ញុំចូលចិត្តសម្លៀកបំពាក់ គឺដោយសារតែម៉ាក់របស់ខ្ញុំតែងតែងស្លៀកពាក់ឲ្យបងប្អូនរបស់ខ្ញុំ រួមទាំងខ្ញុំផង ដោយសម្លៀកបំពាក់ដែលគាត់ដេរដោយផ្ទាល់ដៃ”។ 

ភ្លាមៗបន្ទាប់ពី Blue បញ្ចប់ការសិក្សាពីទីក្រុងឡុង នាងបានត្រឡប់មកទីក្រុងបាងកកវិញ ដើម្បីជួយជ្រំជ្រែងជំនួញនៃគ្រួសាររបស់នាង។ នៅពេលដំបូង នាងធ្វើការជាអ្នកគ្រប់គ្រងការផ្សាយពាណិជ្ជកម្ម ហើយក្រោយមកធ្វើជាអ្នកទិញទំនិញចូលឃ្លាំង ប៉ុន្តែនៅពេលនោះនាងយល់ថា The Mall Group របស់ម្តាយមីងនាង កំពុងតែមើលរំលងឱកាសដ៏អស្ចារ្យមួយ ដោយសារតែ The Mall Group គ្រាន់តែនាំចូលផលិតផលប្រណិតៗមកលក់ ពួកគេត្រូវការពង្រីកវិសាលភាពតាមរយៈការបន្ថែមម៉ាកយីហោរដែលមានតម្លៃសមរម្យ។ គោលដៅរបស់នាង គឺធ្វើឲ្យ M Curated ក្លាយជាផ្លូវមួយនាំយក The Mall Group ដណ្តើមយកទីផ្សារចម្រុះ។ នាងមិនចង់ គ្រាន់តែផ្តោតលើទីផ្សារតែមួយនោះទេ។ 

Blue បានពន្យល់ថា “ឥឡូវនេះ យើងបាននាំយកផលិតផលជាច្រើនម៉ាក ដែលមានតម្លៃសមរម្យ ដូចជា Stylenanda និង Beams ជាដើម។ គោលដៅ គឺយើងចង់ទាញយកទីផ្សារឲ្យកាន់តែធំ ព្រោះថាម៉ាកទំនិញប្រណិតៗ គឺសម្រាប់តែអ្នកមានប្រាក់ច្រើនប៉ុណ្ណោះ ហើយមនុស្សទាំងនោះបានតិចណាស់”។ 

ក្នុងនាមជាមនុស្សស្រីសម័យថ្មីម្នាក់ Blue ជឿលើតុល្យភាពនៃការងារ និងជីវិតផ្ទាល់ខ្លួន ហើយនាងមិនអនុញ្ញាតិឲ្យការងារ មកឡូកឡំនឹងជីវិតឯកជនរបស់នាងឡើយ។ 

Blue និយាយទាំងសំណើចថា “កាលពីខ្ញុំនៅក្មេង ខ្ញុំជាមនុស្សសកម្មខ្លាំងណាស់”។ នាងបន្តថា “ខ្ញុំចូលចិត្តដើរកំសាន្ត។ ខ្ញុំគិតថា នៅពេលដែលអ្នកចេញទៅក្រៅ ហើយទទួលបានបទពិសោធន៍ថ្មីៗលើពិភពលោក អ្នកនឹងទទួលបានអ្វីម្យ៉ាងដែលមិនអាចកាត់ថ្លៃបាន ដូចជាគំនិតថ្មីៗ ឬក៏ធន់ធានថ្មីៗដែលជម្រុញចិត្តអ្នកឲ្យបង្កើតអ្វីម្យ៉ាង”។

មានទីកន្លែងចំនួនពីរដែល Blue ចូលចិត្តគឺ ទីក្រុង Portofino នៅប្រទេសអ៉ីតាលី និងទីក្រុង Los Angeles នៅសហរដ្ឋអាមេរិក ព្រោះតែទីកន្លែងទាំងពីរនោះ មានភាពទាក់ទងនឹងភាពឯកជនរបស់នាង។ ទីក្រុង Portofino តំណាងឲ្យសន្តិភាព និងភាពស្រស់ស្អាត។ មានភូមិនេសាទត្រីមួយនៅតាមដងទន្លេ Italian Riviera ដែលឆ្លុះបញ្ចាំងពីសិល្បៈក្នុងខ្លួនរបស់នាង។ ទោះជាយ៉ាងណាក្តី អំណាចនៃទីក្រុង Los Angeles គឺគួរឲ្យទាក់ទាញខ្លាំងណាស់។ នាងបាននិយាយថា “ខ្ញុំស្រលាញ់ព្រះអាទិត្យ សមុទ្រ និងមនុស្ស ហើយខ្ញុំក៏ស្រលាញ់ការដើរទិញឥវ៉ានដែរ”។

ចំពោះ Blue នាងគិតថា ភាពប្រណិត គឺមិនមែនជារបស់ដែលអ្នកសុទ្ធតែអាចទិញបាននោះទេ។ មិនថាវាជាអ្វីក៏ដោយ ឲ្យតែវាធ្វើឲ្យអ្នកសប្បាយចិត្ត ទោះបីវាជារបស់ free ក៏ដោយ នោះហើយជារបស់ប្រណិត។ 

សម្រស់ ភាពជោគជ័យ និងបេះដូងល្អដូចមាសរបស់ Pailin Umpujh (Blue) ធ្វើឲ្យមនុស្សស្រីជាច្រើនចង់យកគម្រូតាមនាង៕ 

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។