DUBAI (REUTERS)៖ ក្រុមហ៊ុនដែលគ្រប់គ្រងដោយរដ្ឋ Emirates និងក្រុមហ៊ុន Etihad ជាក្រុមហ៊ុនអាកាសចរណ៍កំពូល 2 ក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍កំពូលៗផ្សេងទៀតនៅតំបន់មជ្ឈិមបូព៌ា បានបដិសេធរបាយការណ៍របស់ Bloomberg ដែលបានផ្សាយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ និងបានដកស្រង់សម្តីពីប្រភពមិនបញ្ចេញឈ្មោះដោយនិយាយថាក្រុមហ៊ុន Emirates កំពុងស្វែងរកការកាន់កាប់ក្រុមហ៊ុន Etihad ដើម្បីបង្កើតក្រុមហ៊ុនអាកាសចរណ៍ធំបំផុតនៅលើពិភពលោក។
អ្នកនាំពាក្យរបស់ក្រុមហ៊ុន Emirates បានប្រាប់សាព័ត៌មានរ៉យទ័រថា “ពាក្យចរចាមអារាមនេះ គឺមិនពិតទេ”។ ហើយក្រុមហ៊ុន Etihad ក៏បានអះអាងដូចគ្នាដែរ។
Emirates ត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាលនៃទីក្រុងឌូបៃ និងជាក្រុមហ៊ុនក្នុងស្រុកឈានមុខគេក្នុងវិស័យទេសចរណ៍ ខណៈដែល Etihad ត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាលនៃទីក្រុង Abu Dhabi ដែលជាប្រទេសនាំចេញប្រេងច្រើនជាងគេ ក្នុងតំបន់អារ៉ាប់រួម។
ក្រុមហ៊ុនអាកាសចរណ៍ទាំងពីរដែលបានរីកចម្រើនយ៉ាងឆាប់រហ័សកាលពីដើមទសវត្សរ៍នេះ ប៉ុន្តែពីរឆ្នាំចុងក្រោយនេះ វាបានប្រឈមនឹងសម្ពាធហិរញ្ញវត្ថុ ដោយសារតែការប្រកួតប្រជែងដ៏ស្វិតស្វាញនៅក្នុងឧស្សាហកម្មអាកាសចរណ៍ និងការធ្លាក់ចុះនៃសេដ្ឋកិច្ចក្នុងតំបន់ដោយសារតែតម្លៃប្រេងចុះថោក។
កាលពីដើមឆ្នាំនេះ ក្រុមហ៊ុនអាកាសចរណ៍ទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនានាដើម្បីសហការនៅតាមតំបន់មួយចំនួន ដូចជាកិច្ចព្រមព្រៀងមួយដែលអនុញ្ញាតិឲ្យអ្នកបើកយន្តហោះរបស់ក្រុមហ៊ុន Etihad អាចចូលរួមជាមួយក្រុមហ៊ុន Emirates ជាបណ្តោះអាសន្នរយៈពេលពីរឆ្នាំ។
ទោះបីជាយ៉ាងណាក៏ដោយ ប្រធានសហព័ន្ធក្រុមហ៊ុន Emirates លោក Sheikh Ahmed bin Saeed al-Maktoum បានច្រានចោលការច្របាច់បញ្ចូលគ្នានេះ កាលពីខែឧសភាឆ្នាំនេះ។ ការគ្រប់គ្រងអាចមានភាពលំបាកខាងផ្នែកនយោបាយ ខណៈដែលទីក្រុងឌូបៃ និងអាប៊ូដាប៊ីបានប្រកួតប្រជែងគ្នាជាយូរមកហើយលើការធ្វើពាណិជ្ជកម្មនៅក្នុងតំបន់មួយចំនួន ទោះបីជាពួកគេបានសហការគ្នាទៅវិញទៅមកក៏ដោយ។
ប្រភពមួយដែលជិតស្និទ្ធនឹងក្រុមហ៊ុន Etihad បានប្រាប់រ៉យទ័រនៅថ្ងៃព្រហស្បតិ៍ម្សិលមិញថា ខណៈពេលដែលការច្របាច់បញ្ចូលគ្នាអាចកើតមានឡើងនាពេលអនាគត រដ្ឋាភិបាលទីក្រុងអាប៊ូដាប៊ីនឹងមិនប្រគល់ការគ្រប់គ្រង និងយីហោរបស់ខ្លួនភ្លាមៗទេ ជាពិសេសក្រោយពីក្រុមហ៊ុននេះបានវិនិយោគលុយរាប់ពាន់លានដុល្លារនៅក្នុងព្រលានយន្តហោះអន្តរជាតិ និងហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ផ្សេងទៀត ។
មន្ត្រីធនាគារម្នាក់នៅឈូងសមុទ្រអារ៉ាប់បាននិយាយថា គំនិតនៃការច្របាច់បញ្ចូលគ្នារវាងក្រុមហ៊ុន Emirates និង Etihad បានកំពុងតែចរចារ ហើយវានឹងចាយពេលយ៉ាងហោចណាស់រយៈពេល 5ឆ្នាំ ប៉ុន្តែគាត់មិនបានដឹងអំពីការអភិវឌ្ឍថ្មីណាមួយទេ។
លោកបានបន្ថែមថា មិនមានធនាគារណាមួយ ត្រូវបានគេកំណត់ឱ្យរៀបចំកិច្ចព្រមព្រៀងមួយដែលនឹងមានភាពលំបាក ក្នុងការរៀបចំប្រតិបត្តិការឡើយ៕
