គោលបំណងវិចារណភាវូបនីយកម្មក្នុងការប្រើប្រាស់ដី និងដើម្បីជាប្រយោជន៍ដល់ថវិការដ្ឋបាល ថ្នាក់ក្រោមជាតិ ត្រូវបង្កើតពន្ធលើអចលនទ្រព្យស្ថិតនៅក្នុងភូមិសាស្រ្តរដ្ឋបាលរាជធានី និងខេត្ត នៃព្រះរាជាណាចក្រកម្ពុជា។ ពន្ធដែល ត្រូវប្រមូលពីអចលនទ្រព្យនេះតម្រូវតែលើអចលនទ្រព្យដែលមានតម្លៃលើសពី ១០០,០០០,០០០(មួយរយលាន) រៀល។ សម្រាប់គោលដៅនៃពន្ធនេះ ពាក្យ ‹អចលនទ្រព្យ› សំដៅដល់ ដី ផ្ទះ អគារ និងសំណង់ផ្សេងៗដែលសង់ភា្ជប់នឹង ដីនោះ។
ពន្ធនេះត្រូវប្រមូលប្រចាំឆ្នាំតាមអត្រា ០,១% (សូន្យក្បៀសមួយភាគរយ) លើតម្លៃអចលនទ្រព្យ។ មូលដ្ឋានគិតពន្ធ គឺជាតម្លៃ ដី ផ្ទះ អគារ និងសំណង់ផ្សេងៗ ដែលសង់ភ្ជាប់នឹងដីនោះ ដោយកាត់បន្ថយនូវទឹកប្រាក់ចំនួន ១០០,០០០,០០០ (មួយរយលាន) រៀល។ តម្លៃ ដី ផ្ទះ អគារ និងសំណង់ផ្សេងៗដែលសង់ភ្ជាប់នឹងដីនោះ ត្រូវកំណត់តាមតម្លៃទីផ្សារដោយ គណកម្មការវាយតម្លៃអចលនទ្រព្យដែរបង្កើតដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ប្រាក់ពន្ធត្រូវបានគណនាតាមរូបមន្តដូចខាងក្រោម៖
មូលដ្ឋានគិតពន្ធ
= (តម្លៃអចលនទ្រព្យ x ៨០%)- ១០០.០០០.០០០រៀល
ប្រាក់ពន្ធ
= មូលដ្ឋានគិតពន្ធ x ០,១%
ឧទាហរណ៍៖ អចលនទ្រព្យមួយស្ថិតនៅសងខាងកំណាត់ផ្លូវសហព័ន្ធរុស្ស៊ីចាប់ពីផ្លូវយោធពលខេមរភូមិន្ធ (២៧១) ដល់ផ្លូវចូលក្រសួងពាណិជ្ជកម្មថ្មី។ អចលនទ្រព្យនោះមានដីទំហំ ៤ម x ២០ម និងផ្ទះល្វែងមានកម្ពស់២ជាន់ (EoE1E2) ដែលមានទំហំ ៤ម x ២០ម សាងសង់នៅឆ្នាំ២០០៥និងមានតម្លៃទីផ្សារកំណត់ដោយគណ:កម្មការវាយតម្លៃអចលនទ្រព្យក្នុងមួយម៉ែត្រក្រឡាដូចខាងក្រោម៖
- តម្លៃដី = ៧៥០ដុល្លារម២
- តម្លៃផ្ទះជាន់ផ្ទាល់ដី(Eo) = ២៥០ដុល្លារម២
– តម្លៃផ្ទះជាន់ទី១ (E1) = ២០០ដុល្លារម២
-តម្លៃផ្ទះជាន់ទី២ (E2) = ១៥០ដុល្លារម២
ការគណនាតម្លៃអចលនទ្រព្យ៖
តម្លៃដី
= ៤ម x ២០ម x ៧៥០ដុល្លារ = ៦០.០០០ដុល្លារ
តម្លៃផ្ទះជាន់ផ្ទាល់ដី (Eo)
= ៤ម x ២០ម x ២៥០ដុល្លារ = ២០.០០០ដុល្លារ
តម្លៃផ្ទះជាន់ជាន់ទី១ (E1)
= ៤ម x ២០ម x ២០០ដុល្លារ = ១៦.០០០ដុល្លារ
តម្លៃផ្ទះជាន់ជាន់ទី២ (E2)
= ៤ម x ២០ម x ១៥០ដុល្លារ = ១២.០០០ដុល្លារ
តម្លៃអចលនទ្រព្យសរុប
= ៦០.០០០ដុល្លារ + ២០.០០០ដុល្លារ + ១៦.០០០ដុល្លារ + ១២.០០០ដុល្លារ = ១០៨.០០០ដុល្លារ
តម្លៃសរុប ៨០% ជាប្រាក់រៀល
= ១០៨.០០០ដុល្លារ x ៨០% x ៤០០០រៀល
= ៣៤៥.៦០០.០០០ រៀល
មូលដ្ឋានគិតពន្ធ
= តម្លៃអចលនទ្រព្យ – ១០០.០០០.០០០រៀល
= ៣៤៥.៦០០.០០០រៀល – ១០០.០០០.០០០រៀល
= ២៤៥.៦០០.០០០រៀល x ០,១% = ២៤៥.៦០០រៀល
= ៦១,៤ដុល្លារ
អ្នកអាចទាញយកឯកសារបន្ថែមពីគេហទំព័រ៖ http://www.tax.gov.kh/index.php
