រនាំងដែលប្រឆាំងការចាប់យកហានិភ័យនៃការចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន គឺការតស៊ូបង្កើតក្រុមហ៊ុនដោយខ្លួនឯងស្របពេលដែលអ្នកកំពុងតែធ្វើការពេញម៉ោង ដែលអាចផ្តល់ចំណូលទៀងទាត់ និងអត្ថប្រយោជន៍ផ្សេងៗ។

នេះគឺជាមូលហេតុ៖ ប្រសិនបើអ្នកស្ថិតក្នុងស្ថានភាពចង់ចេញរកស៉ីដោយខ្លួនឯង ខណៈកំពុងតែធ្វើការឲ្យគេ អ្នកនឹងស្ថិតក្នុងពិភពលោកពីរខុសគ្នា។ ភាពស្ថិតថេរ គឺពឹងលើប្រភពចំណូលដែលនឹងផ្តល់ឲ្យអ្នកនូវទំនុកចិត្តខ្ពស់ក្នុងការធ្វើការ ជាជាងចាប់ផ្តើមអាជីវកម្មថ្មីមួយដែលអាចបរាជ័យក្នុងពេលចាប់ផ្តើមដំបូង។ 

ខាងក្រោមនេះ គឺជារឿងដែលអ្នកគួរធ្វើ និងមិនគួរធ្វើ ដើម្បីបង្ហាញផ្លូវដល់អ្នកថាគួរបន្តធ្វើការពេញម៉ោងឲ្យគេ ឬដើរតាមក្តីស្រមៃខ្លួនឯងធ្វើជាម្ចាស់អាជីវកម្ម។

អ្វីដែលអ្នកគួរធ្វើពេលចេញរកស៉ីខ្លួនឯង ខណៈពេលកំពុងតែធ្វើការឲ្យគេ

១. គិតគូរអំពីការចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនរបស់អ្នកជាលក្ខណៈក្រៅម៉ោង (Part-time) ដោយដំណើរការបន្ថែមពីលើការងារដែលអ្នកកំពុងធ្វើ៖ នេះគឺជាជម្រើសដ៏ល្អមួយ ព្រោះថាអ្នកនឹងនៅតែមានចំណូលទៀងទាត់ ហើយវាក៏អាចលុតដំអ្នកឲ្យចេះតស៊ូកាន់តែខ្លាំងដើម្បីយកទៅប្រើក្នុងអាជីវកម្មរបស់អ្នកផងដែរ។ រឿងដែលនៅសល់ គឺការធ្វើឲ្យអាជីវកម្មរបស់អ្នករីកចម្រើន។ អ្នកត្រូវព្យាយាមបិទវិក័យប័ត្រចំណាយណាដែលមិនអាចរកចំណូលមកឲ្យអ្នកវិញឲ្យអស់ ឬការចំណាយណាដែលធ្វើឲ្យប្រាក់សន្សំរបស់អ្នកហិនហោច។ ប៉ុន្តែពេលខ្លះ វាអាស្រ័យលើប្រភេទការងាររបស់អ្នកដែរ ការងារខ្លះអ្នកត្រូវស្ពាយកិច្ចការមកធ្វើតនៅផ្ទះ ចំណែកការងារខ្លះទៀតឲ្យតែដល់ម៉ោងចេញ គឺលែងមានអ្វីធ្វើហើយ។ 

២. អ្នកត្រូវគោរពតាមកិច្ចសន្យាការងារក្នុងនាមជាបុគ្គលិករបស់គេ៖ នេះគឺជាចំណុចសំខាន់ដែលអាចប្រឈមនឹងផ្លូវច្បាប់ ប្រសិនបើអ្នកយកម៉ោងធ្វើការរបស់គេ ទៅធ្វើការឯកជន ឬយកសម្ភារៈរបស់គេទៅបម្រើការងារក្នុងអាជីវកម្មផ្ទាល់ខ្លួន។

៣. សន្សំចំណូលទុក៖ ចាប់ផ្តើមសន្សំចំណូលដែលបានមកពីអាជីវកម្មបង្កើតថ្មីរបស់អ្នក សម្រាប់ប្រើប្រាស់នៅពេល ឬប្រសិនបើអ្នកលាឈប់ពីការងារពេញម៉ោង។ រឿងដែលសំខាន់ អ្នកត្រូវប្រាកដថារាល់ការចំណាយរបស់អ្នកគឺមិនខ្ជះខ្ជាយ និងមិនចាយក្នុងរឿងផ្ទាល់ខ្លួនឡូកឡំជាមួយការចំណាយក្នុងអាជីវកម្ម។ ការសន្សំ ឬការវិនិយោគឡើងវិញនូវប្រាក់ចំណេញទាំងអស់ដែលបានមកពីអាជីវកម្មរបស់អ្នក វានឹងជួយឲ្យអ្នកកាន់តែមានសុវត្តិភាពផ្នែកហិរញ្ញវត្ថុសម្រាប់អនាគតនៅពេលអ្នកឈប់ធ្វើការឲ្យគេ។

៤. បង្កើតទំនាក់ទំនងជាមួយអ្នករួមការងាររបស់អ្នកដោយបើកជំហរ៖ តាមពិតទៅ ប្រសិនបើអាជីវកម្មរបស់អ្នកមិនមែនជាគូប្រជែងជាមួយកន្លែងការងារដែលអ្នកកំពុងធ្វើទេ អ្នកគួរតែទាញយកពួកគេឲ្យមកធ្វើជាអតិថិជនរបស់អ្នក ឬក៏ពួកគេអាចនឹងវិនិយោគជាមួយអ្នកផងក៏ថាបាន។ 

៥. បែងចែក និងកំណត់ពេលធ្វើការ៖ ប្រសិនបើអ្នកសម្រេចចិត្តថានឹងបន្តធ្វើការឲ្យគេផង និងផ្តោតលើការធ្វើឲ្យអាជីវកម្មរបស់អ្នករីកចម្រើនផង ក្នុងពេលតែមួយ ដូច្នេះអ្នកនឹងមិនមានពេលច្រើនសម្រាប់ធ្វើអ្វីផ្សេងទៀតទេ។ អ្នកគួរគិតថាកិច្ចការណាដែលសំខាន់ជាង ហើយពិភាក្សាជាមួយក្រុមគ្រួសារ ឬម្ចាស់ភាគហ៊ុន បន្ទាប់មកកំណត់ពេលវេលាដែលអ្នកត្រូវទទួលខុសត្រូវក្នុងអាជីវកម្ម។ អ្នកអាចទទួលខុសត្រូវលើការងារពិនិត្យបញ្ចី នៅពេលដែលអ្នកចេញពីធ្វើការឲ្យគេ រួចទៅប្រចាំការនៅថ្ងៃសៅរ៍-អាទិត្យ ហើយឲ្យក្រុមការងាររបស់អ្នក ឬសមាជិកគ្រួសាររបស់អ្នកនៅប្រចាំការរាល់ថ្ងៃ។ 

បើអ្នកមានគ្រួសារ វាអាចធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនង និងភាពស្និតស្នាលរវាងគ្រួសាររបស់អ្នក ដូច្នេះអ្នកអាចនឹងមានសម្ពាធច្រើន ប៉ុន្តែបើអ្នកនៅលីវ អ្នកគួរព្យាយាមទាន់នៅក្មេង។

អ្វីដែលអ្នកមិនគួរធ្វើពេលចេញរកស៉ីខ្លួនឯង ខណៈពេលកំពុងតែធ្វើការឲ្យគេ

១. កុំប្រើប្រាស់កុំទ្យូទ័រ ឬ Email នៅកន្លែងការងារ ទៅធ្វើការក្នុងអាជីវកម្មផ្ទាល់ខ្លួន៖ ទោះបីជាអ្នក log ចូលទៅក្នុងគណនីផ្ទាល់ខ្លួនរបស់អ្នកក៏ដោយ អ្នកនឹងនៅតែមានបញ្ហានៅពេលក្រោយទាក់ទងនឹងផ្លូវច្បាប់នៃការប្រើប្រាស់ទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនក្នុងគោលបំណងផ្ទាល់ខ្លួន។ ពួកគេក៏អាចមើលឃើញឯកសារសំងាត់ផ្សេងៗរបស់អ្នកបានដែរ ទោះបីជាអ្នកមិនប្រើ email រួមរបស់ក្រុមហ៊ុនក៏ដោយ។ 

២. កុំមានសម្ពាធក្នុងការលាឈប់ពីការងារប្រចាំថ្ងៃរបស់អ្នក នៅពេលដែលអាជីវកម្មរបស់អ្នកកំពុងតែលូតលាស់ ហើយត្រូវការឲ្យអ្នកមកផ្តោតលើវា៖ អាជីវកម្មនិមួយៗមានការវិវត្តន៍របស់វា ហើយទោះបីពេលខ្លះអ្នកជោគជ័យក្នុងពេលចាប់ផ្តើមដំបូងក៏ដោយ ប៉ុន្តែវាមិនមានន័យថាអ្នកនឹងជោគជ័យរហូតឡើយ។ អ្នកត្រូវពិនិត្យមើល និងតាមដានការវិវត្តន៍នៃអាជីវកម្មរបស់អ្នកថាវាកំពុងដើរទៅមុខ ឬថយក្រោយ ឬនៅនឹង។ អ្នកត្រូវធ្វើឲ្យចំណូលនៃអាជីវកម្មរបស់អ្នក មានចំនួនច្រើនជាងចំណាយ ចាំសម្រេចចិត្តលាឈប់ពីការងារប្រចាំថ្ងៃ។

៣. កុំធ្វើអាជីវកម្មដែលខុស៖ អាជីវកម្មដែលមិនត្រូវពេលនឹងម៉ោងដែលអ្នកទំនេរក្រៅម៉ោង គឺប្រហែលជាមិនសាកសម្យនឹងអ្នកទេ។ ឧទាហរណ៍ដូចជា ការបើកហាងលក់រាយដែលត្រូវការនៅប្រចាំការជាមួយអតិថិជន។ ប្រសិនបើអ្នកមិនមានពេលទៅប្រចាំការ ឬមិនមានដៃគូនៅប្រចាំ មានន័យថាអ្នកកំពុងតែរៀបគម្រោងបរាជ័យហើយ។ ប្រសិនបើអ្នកធ្វើការឲ្យគេពេលថ្ងៃ អ្នកអាចបើកហាងលក់អាហារពេលយប់ ឬហាងលក់អាហារពេលល្ងាចៗ ឬអាជីវកម្មបែបសេវាកម្មដែលអ្នកអាចបំពេញការងារឲ្យអតិថិជនពេលណាក៏បាន។ ឧទាហរណ៍ បើអ្នកកំពុងធ្វើការជាអ្នកគូរប្លង់ឲ្យក្រុមហ៊ុនមួយ ហើយអ្នកចង់មានអាជីវកម្មគូរប្លង់ សាងសាង់ និងឌីស្សាញដោយខ្លួនឯងមួយទៀត។ ដូច្នេះអ្នកអាចធ្វើដោយខ្លួនឯង តាមរយៈការសល់ពេលពីធ្វើការឲ្យគេ មកបំពេញសេវាកម្មឲ្យអតិថិជនរបស់អ្នក។ បើអ្នកបង្កើតក្រុម អ្នកអាចចែកការងារគ្នាធ្វើតាមជំនាញរៀងខ្លួន នឹងកំណត់ពេលបំពេញការងារឲ្យបានច្បាស់លាស់។ 

៤. កុំខ្លាចក្នុងការក្លាយខ្លួនជាម្ចាស់អាជីវកម្មពេញម៉ោង នៅពេលដែលពលវេលាមកដល់៖ ការបើកអាជីវកម្មជាលក្ខណៈ part-time អាចជោគជ័យបានពាក់កណ្តាល ដូច្នេះបើអ្នកចង់ឲ្យវាជោគជ័យទាំងស្រុង អ្នកត្រូវធ្វើជាម្ចាស់អាជីវកម្ម full-time វិញ៕ 

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកវិភាគទីផ្សាររបស់ APAMAT TEAM ហើយខ្ញុំមានមោទនភាពដែលបានមកទីនេះដើម្បីចែករំលែកអំពីស្ថានភាពទីផ្សារនៅកម្ពុជាដល់អ្នកដែលត្រូវការដឹងពីវា នៅពេលខ្ញុំទំនេរពីកិច្ចការនៅ APAMAT TEAM។