បើសង្កេតឃើញថាបុគ្គលិកធ្វើការមិនល្អដូចមុន ម្ចាស់អាជីវកម្មគួរស្វែងរកភាពថ្លោះធ្លោយមួយចំនួន

2278

ធម្មតាក្នុងនាមយើងជាប្រធានឬចាហ្វាយគេ ការគ្រប់គ្រងធនធានមនុស្សជាបញ្ហាចំបងមួយដែលយើងត្រូវដោះស្រាយ។ ជាម្ចាស់អាជីវកម្មឬម្ចាស់ជំនួញដ៏ឆ្លាតវៃមួយរូប មិនមែនជាមនុស្សដែលពូកែធ្វើការម្នាក់ឯងនោះទេប៉ុន្តែជាមនុស្សដែលពូកែចាត់ចែងមនុស្សធ្វើការអោយ។ យ៉ាងណាមិញ ងារជាអ្នកដឹកនាំគេយើងតែងតែមានការរំពឹងទុកនិងស្តង់ការណាមួយដែលកំណត់នូវចំណុចជោគជ័យនៃអាជីវកម្មរបស់ខ្លួន។ ទោះបីជាយ៉ាងណាក៏ដោយ ការរំពឹងទុកនិងការពិតជាក់ស្តែងមិនសមប្រកបគ្នាទាំងអស់នោះទេ។ ដូច្នេះបើសង្កេតឃើញថាផលិតភាពការងារដែលបុគ្គលិករបស់អ្នកសម្រេចបានមិនទាន់ឈានដល់ស្តង់ដារដែលអ្នកចង់បានហើយ ថ្ងៃនេះពួកយើងសូមលើកយកចំណុចមួយចំនួនដែលជួយអោយបុគ្គលិករបស់អ្នកមានថាមពលបំពេញការងារអោយអ្នកប្រសើរជាងមុន។

១. និយាយពាក្យសរសើរ                                                                                          

មនុស្សយើងមាន style ដឹកនាំខុសគ្នាៗទៅតាមប្រភេទមនុស្ស។ អ្នកខ្លះគាត់គិតថាការបង្ហាញភាពម៉ឺងម៉ាត់ មិនលេងសើចច្រើនគឹមានចេតនាចង់បង្ហាញដល់បុគ្គលិកអោយមានភាពម៉ត់ចត់និងយកចិត្តទុកដាក់ក្នុងការងារ។ ពេលខ្លះដោយសារតែអ្នកគ្រប់គ្រងម៉ត់ចត់ពេករហូតដល់ថ្នាក់មិនហ៊ានសូម្បីនិយាយពាក្យសរសើរទៅកាន់​បុគ្គលិកពេលពួកគេធ្វើការបានល្អ។ មនុស្សយើងអ្នកណាក៏ចូលចិត្តពាក្យសរសើរដែរ ហើយបើបានលឺគេសរសើររឹតតែខំប្រឹងធ្វើការជាងមុនទៅទៀត។ ការសរសើរបុគ្គលិកដែលធ្វើការបានល្អក្នុងចំណោមបុគ្គលិកដទៃទៀត វាមិនត្រឹមតែបង្ហាញជាគំរូល្អដល់បុគ្គលិកដទៃទៀតទេ ប៉ុន្តែថែមទាំងបង្ហាញពីការអោយតម្លៃរបស់អ្នកទៅលើការខិតខំប្រឹងប្រែងរបស់ពួកគេ។

២. រិះគន់ក្នុងន័យស្ថាបនា

បើបុគ្គលិកធ្វើរឿងណាមួយមិនពេញចិត្តអ្នក ចូរកុំរិះគន់ក្នុងកន្លែងមនុស្សច្រើន។ បើអ្នកណាខុស ណាត់ជួបនិយាយតទល់គ្នាជាមួយអ្នកខុសនោះតែម្តងទៅ។ កុំខឹងតែមួយនាក់តែរាលដាលដល់មួយក្រុម ព្រោះអ្នកដទៃមិនដឹងរឿងនោះទេ ហើយវាអាចបំបាក់ទឹកចិត្តពួកគេបាន។ ហៅអ្នកដែលយើងចង់រិះគន់មកជួបដោយផ្ទាល់ ប៉ុន្តែត្រូវប្រើពាក្យវិជ្ជមានដើម្បីបញ្ចេញមតិយោបល់លើសកម្មភាពខុសឆ្គងរបស់ពួកគេ។ ចូររិះគន់ក្នុងន័យស្ថាបនា កុំរិះគន់ក្នុងន័យបំផ្លាញទឹកចិត្តមនុស្ស។ កាលបើបានជួបតទល់ហើយ អ្នកគួរលើកឡើងអោយច្បាស់លាស់ពីអ្វីដែលអ្នករំពឹងចង់បានពីពួកគេ ហើយនិងគោលការណ៍ទាំងឡាយដែលអ្នកចង់អោយពួកគេធ្វើតាម។

៣. ឧស្សាហ៍មានការប្រជុំ

អ្នកអាចបង្កើតជាការប្រជុំតូចមួយរៀងរាល់សប្តាហ៍ដើម្បីអោយបុគ្គលិកទាំងអស់ដឹងពីដំណើរនៃការងារ ហើយក៏បង្កើតភាពជិតស្និតរវាងគ្នានិងគ្នាផងដែរ។​ ម្យ៉ាងវិញទៀត តាមរយៈអង្គប្រជុំយើងក៏អាច update ព័ត៌មានផ្សេងៗទាក់ទងនឹងផលវិបាករបស់ពួកគេរៀងៗខ្លួនក្នុងការបំពេញការងារ។ លើសពីនេះទៅទៀត វាជាការជួបជុំមួយដែលជួយរក្សាផ្នត់គំនិតរបស់បុគ្គលិកគ្រប់រូបថាពួកគេកំពុងតែមានទិសដៅតែមួយជាមួយគ្នា។

៤. បង្កើតវគ្គបណ្តុះបណ្តាល

បច្ចុប្បន្នទាំងបច្ចេកវិទ្យានិងចំនេះដឹងថ្មីៗមានការវិវត្តន៍ច្រើនណាស់ដូច្នេះយើងមិនអាចអោយបុគ្គលិកអនុវត្តតែវិធីសាស្ត្រដដែលៗនោះទេ។ យើងត្រូវជម្រុញអោយពួកគេគ្រប់រូបមានចំណេះដឹងថ្មីៗដើម្បីយកទៅអភិវឌ្ឍន៍មុខជំនួញយើងបន្ថែម។ ដូច្នេះហើយ ក្នុងកំឡុងពេលកំណត់ណាមួយ យើងគួរមានកាលវិភាគដែលបន្ថែមវគ្គបំប៉នខ្លីៗសម្រាប់ជួយពង្រីកនិងពង្រឹងសមត្ថភាពរបស់បុគ្គលិកគ្រប់ផ្នែកបាន។

៥. ផ្តល់រង្វាន់

ពេលខ្លះពាក្យសម្តីសសើរវាគ្រប់គ្រាន់ទេ។ មនុស្សភាគច្រើនចូលចិត្តរង្វាន់ព្រោះវាជាភស្តុតាងមួយបង្ហាញថាគេជាមនុស្សមានសមត្ថភាពគ្រប់គ្រាន់ហើយគេធ្វើបានមែន។ ដើម្បីផ្តល់ជាវង្វាន់លើកទឹកចិត្តពួកគេ ក្នុងនាមយើងជាអ្នកគ្រប់គ្រងយើងគួរតែមានជាកម្មវីធីលើកទឹកចិត្តបុគ្គលិកពូកែៗដូចជាការផ្តល់ជូនដំណើរកម្សាន្ត ឬប្រាក់លើកទឹកចិត្តជាដើម។ ការធ្វើបែបនេះមិនត្រឹមតែអាចលើកទឹកចិត្តបុគ្គលិកទេ វាថែមទាំងអាចជួយអោយអាជីវកម្មយើងឆាប់សម្រេចគោលដៅទៀតផង។

៦. ផ្តល់សិទ្ធ

មិនថា​យើងជាចាហ្វាយនាយគ្រប់គ្រងនោះទេ ប៉ុន្តែយើងក៏ត្រូវស្តាប់ការបញ្ចេញយោបល់ពីបុគ្គលិកថ្នាក់ក្រោមដែរ។ យើងត្រូវធ្វើអោយពួកគេមានអារម្មណ៍ថាពួកគេទាំងអស់គឺជាផ្នែកមួយនៃអាជីវកម្មមួយនេះ និងធ្វើអោយពួកគេយល់ថាអាជីវកម្មមួយនេះគឺស្ថិតនៅលើកណ្តាប់ដៃពួកគេ។ ចូរលើកទឹកចិត្តអោយពួកគេមានយោបល់ ពិភាក្សាតទល់រកដំណោះស្រាយ និងស្វែងរកយុទ្ធសាស្រ្តថ្មីៗដើម្បីអភិវឌ្ឍន៍អាជីវកម្ម។

៧. ដោះស្រាយជម្លោះ

អ្នកគួរបង្កើតបរិយាកាសធ្វើការអោយមានការយោគយល់និងស្រលាញ់គ្នាដូចបងប្អូន។ ប្រសិនបើកន្លែងធ្វើការមួយប្រមូលផ្តុំទៅដោយការគុំគួន ភាពច្រណែន និងការនិយាយដើមគ្នាទៅវិញទៅមក នោះបុគ្គលិកម្នាក់ៗមិនអាចធ្វើការចុះសម្រុងគ្នានោះទេ។ ហេតុដូច្នេះហើយ ក្នុងនាមយើងជាមេយើងត្រូវស្វែងរកដំណោះស្រាយលើបញ្ហាទាំងអស់នេះ។ កុំធ្វើជាចាហ្វាយដែលមួយថ្ងៃៗនៅតែក្នុងoffice ទោះបីបុគ្គលិកមានរឿងអីក៏មិនដឹង៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
Hi readers, my name's Jing Chhing and I'm currently a junior student studying at IFL. Personally, my daily hobby is reading and reading business news provide me a massive understanding so I would love to share it to all of you too.