McDonald’s មិនទាន់ចូលទីផ្សារកម្ពុជា ដោយសារប្រជាជនមានចំណូលទាប?

2224

McDonald’s គឺហាង fast food ដ៏ល្បីបំផុតរបស់អាមេរិចដែលត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ 1940 ហើយរហូតមកដល់ពេលនេះមានទីតាំងជាង 37,000 សាខានៅជុំវិញពិភពលោក។ ប៉ុន្ដែរហូតមកដល់ពេលនេះ McDonald’s មិនទាន់មានវត្តមាននៅកម្ពុជាទេ។ មតិមួយចំនួនបានលើកឡើងថា McDonald’s មិនមានសាខានៅកម្ពុជាដោយសារតែកត្តាមួយចំនួនដូចជាប្រជាជនខ្មែរមានចំណូលតិច។ បើផ្អែកតាមការមើលឃើញជាក់ស្ដែងប្រជាជនខ្មែរមួយចំនួន ជាពិសេសនៅតាមទីក្រុងមានលទ្ធភាពបរិភោគនៅហាង fast food របស់បរទេស និងក្នុងស្រុកដូចជា Burger King, Calr Jr., KFC ឬ Lucky Burger…។ ការដែលនិយាយថាខ្មែរយើងមិនមានលទ្ធភាពចូល McDonald’s ហាក់ដូចជាបន្លើសពេក ព្រោះបើប្រៀបធៀបតម្លៃនៃអាហាររបស់ McDonald’s និង Burger King/Carl Jr. និងហាងក្នុងស្រុកដ៏ទៃទៀត គឺមិនខុសគ្នាប៉ុន្មានទេ ហើយអាហារខ្លះអាចមានតម្លៃថ្លៃជាង McDonald’s ទៀតផង។ បើនិយាយពីរសជាតិរបស់ McDonald’s ក៏មិនលើសហាង fast food ដទៃទៀតដែរ ព្រោះវាមិនមែនជាហាងលំដាប់ផ្កាយប្រាំដែលចម្អិនដោយចុងភៅជំនាញៗឡើយ រីឯវត្ថុធាតុដើមក៏គុណភាពប្រហាក់ប្រហែលនឹងគេដែរ។

មានកត្តាជាច្រើនដែលអាចរារាំងអ្នកចង់នាំម៉ាកដ៏ល្បីរបស់ពិភពលោកមួយនេះមកកាន់ប្រទេសខ្មែរ ព្រោះគេត្រូវចំណាយដើមច្រើន តម្រូវការពីខាងក្រុមហ៊ុន McDonald’s ដើម្បីសុំសិទ្ធក៏ច្រើន ហើយណាមួយពិបាកសុំច្បាប់ពីខាងក្រសួងនៅខ្មែរក្នុងការបើកសាខានៅកម្ពុជា។ មួយទៀតគេក៏អាចគិតថាវាមិនទាន់ចាំបាច់ព្រោះហាងលក់អាហារ fast food នៅក្នុងប្រទេសខ្មែរក៏មានច្រើនគួរសម ទីផ្សាររាងតូចចង្អៀតជាងប្រទេសជិតខាង ហើយខ្មែរយើងជាទូទៅមិនសូវចូលចិត្តអាហារ fast food ប៉ុន្មានទេ អ្នកចូលចិត្តភាគច្រើនជាយុវវ័យ។ 

ហេតុផលធំជាងគេដែលរារាំងមិនអោយមាន McDonald’s នៅកម្ពុជាអាចដោយសារការទាមទារច្រើនពីខាងក្រុមហ៊ុនដើម្បីបើកហាងនេះ។ ពេលនេះយើងសូមលើកយកពីតម្រូវការក្នុងការទិញយកម៉ាក McDonald’s មកធ្វើអាជីវកម្មដោយផ្អែកតាមក្រុមហ៊ុនធំនៅអាមេរិច។ តាមស្ថិតិរបស់អាមេរិចជាមធ្យមហាង McDonald នីមួយៗរកបាន 2.6 លានដុល្លាក្នុងមួយឆ្នាំ។ រីឯតម្លៃនៃការសាងសង់ហាងគឺពី 1 ទៅ 2.2 លានដុល្លា ផ្អែកតាមទីតាំងរបស់ហាង ការរចនាក្នុងហាង ទំហំហាង ឬចំនួនឧបករណ៍ប្រើប្រាស់ក្នុងចង្ក្រានជាដើម។ ពេលដឹងពីតម្លៃសម្រាប់ការបើកដំណើរការហាងហើយ អ្នកចង់បើកសាខានោះត្រូវបង់លុយសុទ្ធចំនួន 40% នៃតម្លៃសរុប ដោយលុយនោះត្រូវតែជាលុយផ្ទាល់ខ្លួនមិនមានខ្ចីពីធនាគារ ខណៈដែល 60% ភាគរយទៀតអាចបង់រំលស់បានក្នុងរយៈពេល 7ឆ្នាំ។ ក្រៅពីនេះក៏នៅមានបង់សេវាកម្មផ្សេងទៀតផងដែរដូចជា ម្ចាស់សាខាត្រូវបង់ថ្លៃម៉ាកយីហោរជារៀងរាល់ខែ 4% នៃប្រាក់ចំណូលដែលបានពីការលក់ រីឯតម្លៃនៃការជួលជាមធ្យមគឺ 10.7% នៃការលក់សរុបប្រចាំខែ។ 

ការទាមទារច្រើនបែបនេះអាចជាកត្តាមួយរារាំងអ្នកវិនិយោគក្នុងស្រុកក្នុងការនាំយកម៉ាកនេះមកកាន់ទីផ្សារកម្ពុជា។ ប៉ុន្ដែយើងរំពឹងថានាពេលអនាគត McDonald’s នឹងមានវត្តមាននៅក្នុងប្រទេសកម្ពុជា ព្រោះប្រជាជនខ្មែរដែលពេញនិយមអាហារបរទេសនឹងមានចំនួនកាន់តែច្រើនឡើង គួបផ្សំនឹងភ្ញៀវទេសចរណ៍បរទេសដែលមកកំសាន្ដនៅកម្ពុជាមានការកើនឡើយពីមួយឆ្នាំទៅមួយឆ្នាំផងដែរ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។