បុគ្គលឆ្លាតវៃក្នុងរឿងសន្សំលុយពិតប្រាកដមិនដែលខ្ជះខ្ជាយរឿងទាំងអស់នេះឡើយ

2293

ការសន្សំលុយមិនមែនជារឿងអព្ភូតហេតុដែលនឹកឃើញថ្ងៃនេះហើយស្អែកឡើងនឹងក្លាយជាការពិតនោះទេ។ វាទាមទារអោយអ្នកបង្កើតនូវទម្លាប់ដដែលៗមួយ។ ការមានទម្លាប់សន្សំលុយជាទម្លាប់ដ៏ល្អមួយដែលមនុស្សជោគជ័យនិងមនុស្សបរាជ័យមានមិនដូចគ្នា។ នៅពេលដែលយើងមានសមត្ថភាពឈ្លាសវៃក្នុងការចេះសន្សំលុយហើយ​ នាថ្ងៃអនាគតយើងនឹងមានសេរីភាពផ្នែកហិរញ្ញវត្ថុយ៉ាងពិតប្រាកដមួយដែលអាចអោយយើងយកទៅវិនិយោគបន្តបន្ទាប់ទៀត។ និយាយជារួមគឺលុយបង្កើតលុយ។ ប៉ុន្តែអ្នកដែលប៉ិនប្រសប់ផ្នែកសន្សំលុយកាក់តែងតែមានអត្តចរិតមួយចំនួនដែលយើងគួរសិក្សា។

ពួកគេមិនដែលខ្ជះខ្ជាយលើការចំណាយធំហើយមកចាយត្បិតត្បៀតលើការចំណាយកំប៉ិកកំប៉ុកនោះទេ។ យើងភាគច្រើនយល់ថា ដើម្បីសន្សំលុយអោយបានច្រើន​​ គឺចាប់ផ្តើមពីការសន្សំបន្តិចបន្តួចសិន ប៉ុន្តែយើងបែរជាមើលរំលងការចំណាយធំៗទៅវិញ។ ឧទាហរណ៍៖ យើងសន្សំលើរឿងហូបចុក ធ្វើដំណើរ និងការប្រើប្រាស់តូចៗមួយចំនួន ប៉ុន្តែបែរជាមើលរំលងការបង់រំលោះផ្ទះដែលមានការប្រាក់លើសធនាគារច្រើនទៅវិញ។ មិនមែនមានន័យថា ទាល់តែវត្ថុដែលចំណាយលុយច្រើនទើបយើងសន្សំសំចៃទេ ប៉ុន្តែយើងត្រូវរកប្រភពនៃការចំណាយច្រើនដែលរាំងស្ទះមិនអោយយើងសន្សំលុយបានច្រើនសិន។ ជំនួសអោយការទិញដោយបង់រំលោះ យើងអាចខ្ចីលុយពីធនាគារដែលមានការប្រាក់ទាបជាងដើម្បីយកលុយទៅទិញផ្ទះហើយយើងក៏អាចសន្សំការប្រាក់ដើម្បីសន្សំលុយបានច្រើនជាងមុនទៀតផង។ ប្រសិនបើយើងខំប្រឹងសន្សំសំចៃលើរឿងតូចតាច តែបែរជាខ្ជះខ្ជាយលើរឿងធំ នេះមិនហៅថាបុគ្គលសន្សំលុយដែលឆ្លាតវៃនោះទេ។

មួយវិញទៀត អ្នកដែលពូកែសន្សំលុយជាមនុស្សដែលមានអត្តចរិតមួយគឺ នៅពេលដែលពួកគេចង់បានរឿងធំ ពួកគេចេះរងចាំ។ ធម្មជាតិរបស់មនុស្សគ្រប់រូបធម្មតាទេគឺមានតម្រូវការមិនឈប់ឈរ។ ប៉ុន្តែភាពខុសប្លែកគ្នារវាងអ្នកឆ្លាតវៃក្នុងរឿងលុយកាក់និងបុគ្គលដទៃទៀត គឺស្ថិតនៅលើចំណុចនេះដូចគ្នា។ ឧទាហរណ៍ថា បុគ្គលិក A និង B មានប្រាក់ខែស្មើរគ្នា មានម៉ូតូជិះដូចគ្នា។ Aសម្លឹងមើលឃើញប្រាក់ខែខ្លួនច្រើនគួរសម ក៏សម្រេចចិត្តទិញឡានថ្មីមួយគ្រឿងព្រោះឃើញមិត្តរួមការងារភាគច្រើនជិះឡាន។ ចំណែកឯ B មិនធ្វើដូច្នោះទេ។ គេសុខចិត្តសន្សំលុយទិញផ្ទះមួយខ្នងសិន ចាំទិញឡានជាក្រោយ។ គេសុខចិត្តទ្រាំចាំរបស់ធំដែលគេត្រូវការ។ អ្នកឆ្លាតវៃពិតប្រាកដចេះបែងចែកច្បាស់លាស់ណាស់ថារឿងមួយណាជាតម្រូវការចាំបាច់របស់ពួកគេ។

ម្យ៉ាងវិញទៀត បើសម្លឹងមើលទៅការចំណាយលើចំណីអាហារក៏ជាការចំណាយមួយច្រើនដែរ ក្នុងការរស់នៅរបស់យើង។ ហេតុដូចនេះហើយទើបអ្នកប៉ិនប្រសប់ផ្នែកសន្សំលុយកាក់ពិចារណាល្អិតល្អន់ណាស់លើចំណុចទាំងអស់នេះ។ ឧទាហរណ៍៖ បើប្រាក់ចំណូលគេនៅមានកម្រិត ពួកគេមិនសូវជ្រើសរើសការញ៉ាំអាហារនៅខាងក្រៅទេព្រោះតម្លៃវាថ្លៃជាងការធ្វើម្ហូបនៅផ្ទះខ្លួនឯង។ នៅក្នុងនោះដែរ បើគេត្រូវឡើងផ្សារ គេក៏បានកំណត់ខ្ទង់ចំណាយច្បាស់លាស់ថាតើគួរចំណាយលើការទិញអស់ប៉ុន្មានក្នុងមួយសប្តាហ៍៕

 

 

ផ្ទាំងឃោសនាពាណិជ្ជកម្ម
Hi readers, my name's Jing Chhing and I'm currently a junior student studying at IFL. Personally, my daily hobby is reading and reading business news provide me a massive understanding so I would love to share it to all of you too.