ការទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ អាចឲ្យយើងសម្រេចចិត្តបានច្បាស់ និងត្រឹមត្រូវ ជាពិសេសអ្នកជំនួញដែលស្រេកឃ្លានភាពជោគជ័យ។ មនុស្សជោគជ័យកំពូលៗលើលោកដូចជាស្តេចវិនិយោគប្រចាំសតវត្សរ៍ទី២១ លោក Warren Buffett ជាដើម ត្រូវបានគេស្គាល់ថាជាមនុស្សដែលចូលចិត្តអានបំផុត។ លោក Warren Buffett តែងតែចំណាយពេល ៥ទៅ៦ម៉ោងដើម្បីអានជារៀងរាល់ថ្ងៃ ហើយនៅពេលព្រឹកគាត់អានព័ត៌មាននានាជុំវិញការវិនិយោគ ព័ត៌មានហិរញ្ញវត្ថុ និងព័ត៌មានពាណិជ្ជកម្មទូទៅដទៃទៀត បន្ទាប់មកនៅពេលរសៀល និងល្ងាច គាត់អានសៀវភៅប្រហែល ៥០០ទំព័ររាល់ថ្ងៃ។ ខាងក្រោមនេះ គឺជាមូលហេតុមួយចំនួនដែលធ្វើឲ្យអ្នកជំនួញ និងអ្នកវិនិយោគតែងតែដាមដានព័ត៌មានពាណិជ្ជកម្មរាល់ថ្ងៃ។
អានដើម្បីធ្វើឲ្យពួកគេកាន់តែឆ្លាតជាងមុន
គំនិត ដំបូន្មាន និងព្រឹត្តិការផ្សេងៗដែលមាននៅក្នុងព័ត៌មានទាំងនោះ អាចធ្វើឲ្យយើងទទួលបានគំនិតថ្មីៗដែលយើងមិនធ្លាប់ដឹង។ នៅពេលដែលយើងអាន យើងនឹងចាប់ផ្តើមគិត បន្ទាប់មកខួរក្បាលរបស់យើងចាប់ផ្តើមដំណើរការបានកាន់តែលឿន។
អានដើម្បីតាមដានការប្រែប្រួលនៅក្នុងទីផ្សារ
នៅក្នុងទីផ្សារមានការប្រែប្រួលលឿនណាស់ ប្រសិនបើយើងជាអ្នកជំនួញម្នាក់ មិនបានដឹងពីការប្រែប្រួលនោះបានទាន់ហេតុការណ៍ទេ យើងនឹងប្រឈមការខាតបង់មិនខាន។ ការប្រែប្រួលទាំងនោះអាចកើតឡើងដោយសារមានគូប្រជែងថ្មីចូលមក ឬការពង្រីកខ្លួនរបស់គូប្រជែងដែលមានក្នុងទីផ្សារស្រាប់ជាដើម ហើយបើយើងមិនបានដឹងពីព័ត៌មានទាំងនោះ យើងប្រៀបបានដូចជាដើរតាមក្រុមហ៊ុន Nokia អញ្ចឹង គឺដើរថយក្រោយដោយមិនដឹងខ្លួន។
អានដើម្បីស្វែងរកឱកាស
ព័ត៌មានជាប្រភពមួយដែលអាចឲ្យអ្នកជំនួញមើលឃើញឱកាសជាច្រើន ដូចជាឱកាសវិនិយោគជាដើម។ ព័ត៌មានពីការចាប់ផ្តើមអាជីវកម្មថ្មីៗ ព័ត៌មានអំពីការរីកចម្រើនរបស់ startups ថ្មីៗ ព័ត៌មានអំពីគម្រោងអភិវឌ្ឍន៍ថ្មីៗ និងព័ត៌មានជាច្រើនទៀតដែលអាចឲ្យយើងអាចវិនិយោគដើម្បីទាញប្រាក់ចំណេញជាច្រើន។
នៅប្រទេសជឿនលឿនដែលរីកចម្រើនក្នុងវិស័យផ្សារហ៊ុន អ្នកវិនិយោគ និងអ្នកជំនួញតែងតែតាមដានព័ត៌មានជារៀងរាល់ថ្ងៃ ដើម្បីដឹងពីស្ថានភាពទីផ្សារ តម្លៃភាគហ៊ុន និងព័ត៌មានសំខាន់ដែលទាក់ទងនឹងដំណើរការជួញដូរភាគហ៊ុនជាច្រើនទៀត។ នៅពេលអាន អ្នកជំនួញទាំងនោះ អាចទាយដឹងពីអនាគតថាអាជីវកម្មបង្កើតថ្មីៗដែលត្រូវបានគេផ្សាយ នឹងរីកចម្រើននៅថ្ងៃខាងមុខ ដូច្នេះវាគឺជាឱកាសវិនិយោគរបស់ពួកគេ ព្រោះថាបើវិនិយោគនៅពេលនេះ ពួកគេនឹងមានឥទ្ធិពលខ្លាំង និងមានចំណែកច្រើនលើម្ចាស់អាជីវកម្មថ្មីៗទាំងនោះ។ ទោះបីជាយ៉ាងណាក៏ដោយ មុននឹងពួកគេសម្រេចចិត្តវិនិយោគ ពួកគេសុទ្ធតែបានស្រាវជ្រាវលម្អិតពីអាជីវកម្មបង្កើតថ្មីផងដែរ។
អានដើម្បីជៀសវាងកំហុសវិនិយោគ
ឧទាហរណ៍ថា ក្រុមហ៊ុន Apple តែងតែចេញផលិតផលថ្មីរបស់ខ្លួននៅកំលុងខែកញ្ញា រាល់ឆ្នាំ ហើយតម្លៃភាគហ៊ុនរបស់ Apple ក៏កើនឡើងខ្លាំងក្នុងខែចេញផលិតផលថ្មីនឹងដែរ ប៉ុន្តែជាទូទៅតម្លៃភាគហ៊ុនរបស់ Apple នឹងធ្លាក់ចុះវិញក្នុងត្រីមាសទី២។ ឧបមាថាអ្នកទិញភាគហ៊ុនរបស់ Apple ហើយគ្រោងទុកថានឹងលក់ចេញវិញនៅពេលដែលវាមានតម្លៃដ៏ខ្ពស់មួយក្នុងត្រីមាសទីមួយ។ ស្រាប់តែក្នុងខែតុលា ក្រុមហ៊ុន Samsung ក៏បានប្រកាសបញ្ចេញផលិតផលរបស់ខ្លួនដែរដើម្បីប្រកួតប្រជែងជាមួយ Apple ប៉ុន្តែអ្នកមិនបានដឹងពីព័ត៌មាននោះទេ ហើយរយៈពេលដ៏ខ្លី តម្លៃភាគហ៊ុនរបស់ Apple ក៏ចាប់ផ្តើមធ្លាក់ចុះវិញយ៉ាងឆាប់រហ័ស ដោយសារតែគេជឿថាទូរស័ព្ទថ្មីរបស់ Samsung វានឹងល្អជាង Apple។ មានន័យថាអ្នកខាតបង់លុយ ព្រោះមិនបានលក់ភាគហ៊ុននោះចេញវិញទាន់ពេលដែលវាមិនទាន់ធ្លាក់ថ្លៃ មូលហេតុដោយសារតែមិនបានដឹងព័ត៌មានទាន់ពេលពីការប្រកាសចេញផលិតផលរបស់ Samsung៕
