អាជីពជាគ្រូបង្រៀនរបស់ Jack Ma ជួយលោកអោយក្លាយជាអ្នកជំនួញជោគជ័យដូចសព្វថ្ងៃនេះ

2088

ប្រហែលជាអ្នកមិនបានគិតទេថាថ្នាក់រៀន អាចបង្រៀនអ្នកអំពីបញ្ហាខាងក្រៅច្រើន ប៉ុន្តែបើយោងតាមលោក Jack Ma ជាសហស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Alibaba Group ដែលចាប់ផ្តើមអាជីពរបស់លោកជាគ្រូបង្រៀន គឺជាអ្វីដែលធ្វើអោយគាត់ក្លាយជាពាណិជ្ជករដ៏ល្បីឈ្មោះនៅលើពិភពលោករហូតសព្វថ្ងៃនេះ។ លោក Ma បាននិយាយក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Tianjin ប្រទេសចិនថា៖រឿងតែមួយគត់ដែលធ្វើអោយខ្ញុំក្លាយទៅជាអ្នកជំនួញដ៏ជោគជ័យម្នាក់ដូចសព្វថ្ងៃនេះ គឺបានមកពីបទពិសោធន៍នៃការងារបង្រៀនរបស់ខ្ញុំ។  លោក Ma ដែលត្រូវបានគេស្គាល់ថាជាបុគ្គលល្បីល្បាញផ្នែកអាជីវកម្ម ធ្លាប់ត្រូវបានគេបដិសេធពីការងារចំនួន 30 កន្លែង មុនពេលលោកសម្រេចចិត្តបង្កើតក្រុមជំនួញជាមួយមិត្តភក្តិនៅលោកមានអាយុ 29ឆ្នាំ ដើម្បីបង្កើតក្រុមហ៊ុនអ៊ីនធឺណិតរបស់លោក។ នៅពេលនោះគាត់បាននិយាយថា គាត់មិនស្គាល់អ្វីទៅជាការធ្វើទីផ្សារទេ មិនមានគំនិតផ្នែកបច្ចេកវិទ្យាឡើយ ហើយក៏មិនមានសមត្ថភាពផ្នែកហិរញ្ញវត្ថុដែរ ប៉ុន្តែគាត់អាចចាប់យកជំនាញមួយពីអាជីពដំបូងរបស់គាត់ដែលធ្វើជាគ្រូបង្រៀនភាសាអង់គ្លេសនៅប្រទេសចិននោះគឺ សមត្ថភាពក្នុងការកំណត់អត្តសញ្ញាណ និងបង្កើនទេពកោសល្យ។

លោកបាននិយាយថា វាគឺជាកត្តាចម្បងសម្រាប់តួនាទីរបស់គាត់ក្នុងការបង្វែរក្រុមហ៊ុនអាលីបាបាអោយទៅជាក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកដែលមានទ្រព្យសរុបរាប់ពាន់លានដុល្លារអាមេរិក។ គាត់បានធ្វើការពន្យល់ក្នុងអត្ថាធិប្បាយដែលត្រូវបានបកប្រែជាភាសាអង់គ្លេសដោយស្ថានីយទូរទស្សន៍ CNBC ថា៖ ពេលវេលារបស់ខ្ញុំភាគច្រើនត្រូវបានគេចំណាយលើការកំណត់អត្តសញ្ញាណ និងទេពកោសល្យដើម្បីហ្វឹកហាត់ពួកគេ និងដាំដុះពួកគេនៅក្នុង AliGroup គាត់បន្តទៀតថា មោទនភាពកំពូលរបស់ខ្ញុំគឺ មិនមែនជាគំរូអាជីវកម្មទេ តែផ្ទុយទៅវិញសព្វថ្ងៃនេះវាជាឋានានុក្រមនៃទេពកោសល្យរបស់យើង ជារចនាសម្ព័ន្ធរបស់អង្គភាព និងជាការអភិវឌ្ឍវប្បធម៌ទៅវិញទេ។

លោក Ma បាននិយាយថាអស់រយៈពេលជិតពីរទសវត្សរ៍មកហើយ ក្រុមហ៊ុនកំពុងធ្វើការដើម្បីអភិវឌ្ឍទេពកោសល្យនោះហើយឥឡូវនេះ គាត់ជឿជាក់ថាពួកគេនៅគោលដៅនោះហើយ។ ដូច្នេះ ជាការពិតណាស់ដែលគាត់បាននិយាយថាគាត់ជឿជាក់ថាក្រុមហ៊ុននេះមានមេដឹកនាំជំនាន់ទី 5 របស់ខ្លួនរួចរាល់។

ដូចនេះហើយ កាលពីសប្តាហ៍មុនបុរសអាយុ 54 ឆ្នាំរូបនេះបានប្រកាសថាគាត់នឹងចូលនិវត្តន៍ដោយលាលែងពីតំណែងជាប្រធានក្រុមហ៊ុន Alibaba នៅឆ្នាំ 2019 ដោយទុកកន្លែងអោយនាយកប្រតិបត្តិបច្ចុប្បន្នលោក Daniel Zhang ចូលកាន់តំណែងនេះជំនួសវិញ។ គួរបញ្ជាក់ផងដែលថាលោក Zhang បានចូលបម្រើការងារជាលើកដំបូងជាមួយក្រុមហ៊ុន Alibaba Group ក្នុងឆ្នាំ 2007 ដែលមានតួនាទីជាប្រធានហិរញ្ញវត្ថុនៃទីផ្សារអ្នកប្រើប្រាស់ទៅកាន់អ្នកប្រើប្រាស់នៅ Taobao នៅដើមដំបូងលោក Ma បាននិយាយថា លោកបានកំណត់អត្តសញ្ញាណនៅក្នុងទេពកោសល្យពីរយ៉ាងរបស់លោក Zhang ដែលខ្លួនលោកខ្វះនោះគឺការគិតគូផ្នែកប្រព័ន្ធគ្រប់គ្រងនិងចិត្តគំនិតដែលលោកបាននិយាយថានឹងមានសារៈសំខាន់ណាស់ក្នុងការជំរុញអាជីវកម្មមួយនេះអោយទៅមុខ។

លោកបានបន្ថែមទៀតថា សព្វថ្ងៃនេះលោក និងសហស្ថាបនិកទាំង 17 រូបរបស់លោក ត្រូវបានគេចាត់ទុកថាគឺជាមេដឹកនាំជំនួញដ៏រឹងមាំ ប៉ុន្តែលោកជឿជាក់ថាជោគជ័យនាពេលអនាគតរបស់ក្រុមហ៊ុន គឺស្ថិតនៅលើអ្នកជំនាន់ក្រោយ។ ជាការពិតលោកបាននិយាយថា ស្ថាបនិកជាច្រើនដែលពួកគេមិនទទួលបានការងារ អាចនឹងមិនបំពេញតាមតម្រូវការរបស់ក្រុមហ៊ុន ប្រសិនបើពួកគេបានដាក់ពាក្យសុំការងារនៅក្នុងក្រុមហ៊ុន Alibaba កាលពី 20ឆ្នាំមុន។

លោក Ma បាននិយាយថាអ្វីដែលយើងទទួលបានជោគជ័យនាសព្វថ្ងៃនេះ មិនមែនជាជោគជ័យរបស់ខ្ញុំទេ តែវាជាជោគជ័យរបស់ក្រុមខ្ញុំ លោកនិយាយថាអ្នកចំណូលថ្មីមានភាពខ្លាំងក្លាជាងពួកយើងខាងផ្នែកចំណេះដឹង សមត្ថភាព និងជំនាញរបស់ពួកគេ។ ពិសេសនៅពេលដែលយើងផ្តល់ពេលវេលាអោយពួកគេ ពួកគេនឹងផ្តល់អោយយើងនូវភាពជោគជ័យថ្មីបន្ថែមទៀត

ប្រភពអត្ថបទ៖ CNBC

ផ្ទាំងឃោសនាពាណិជ្ជកម្ម
I'm a freelance writer of APAMAT. Mostly, my articles are about youth, businesswomen, money and life. This moment, I'm also running my own business, an import and export company between China-Cambodia. I'm here because I love to share my experiences with you about both life and business. Enjoy!