អារម្មណ៍ ៣យ៉ាង ដែលរុញច្រានអ្នកចេញពីភាពជោគជ័យ

2559

អារម្មណ៍ គឺជាការគិតស្រមើស្រមៃរបស់យើងម្នាក់ៗដែលមានលក្ខណៈផ្លាស់ប្តូរឥតឈប់ឈរ។ ពេលខ្លះយើងមានអារម្មណ៍ថាសោកស្តាយ សប្បាយចិត្ត ពិបាកចិត្ត ខ្វាយខ្វល់ ឬភ័យខ្លាចជាដើម។ មនុស្សមួយចំនួនមិនបានធ្វើការចាប់អារម្មណ៍ទេថា អារម្មណ៍របស់ពួកគេអាចជះឥទ្ធិពលយ៉ាងខ្លាំងមកលើការរស់នៅប្រចាំថ្ងៃរបស់ពួកគេ ជាពិសេសគឺការសម្រេចចិត្តក្នុងការធ្វើនូវកិច្ចការអ្វីមួយជាដើម។ ហើយអារម្មណ៍ដែលមានឥទ្ធិពលខ្លាំងជាងគេ អាចមានការប៉ះពាល់ដល់វាសនានៃអនាគតរបស់យើងគ្រប់គ្នានោះគឺអារម្មណ៍នៃភាពភ័យខ្លាច ការភ័យខ្លាច គឺជាឧបសគ្គចម្បងមួយដែលតែងរារាំងអ្នកមិនអោយឈានដល់គោលដៅដែលអ្នកចង់បាន។ ហេតុដូចនេះហើយគេហទំព័ររបស់ Apamat និងធ្វើការបកស្រាយពីការភ័យខ្លាចដែលកើតចេញពីអារម្មណ៍ ៣យ៉ាង ដែលអាចទាញអ្នកអោយឆ្ងាយពីភាពជោគជ័យ។

១. ខ្លាចភាពបរាជ័យ

ក្នុងចំណុចនេះយើងអាចនិយាយបានថាមនុស្សដែលខ្លាចភាពបរាជ័យ គឺជាមនុស្សដែលមិនដែលទទួលបានភាពជោគជ័យ ព្រោះថាពួកគេមិនដែលហ៊ានសាកល្បងធ្វើអ្វីដែលថ្មី ដែលខុសពីគេ ឬតាមគំនិតដែលខ្លួនឯងចង់ធ្វើនោះទេ។ អារម្មណ៍ដែលថាខ្លាចខ្លួនឯងបរាជ័យនេះ គឺជាសត្រូវនៃភាពជោគជ័យរបស់អ្នក។ឧទាហរណ៏​​អ្នកចង់ឆាប់មានសេរីភាពផ្នែកហិរញ្ញវត្ថុ ហើយអ្នកដឹងថាវិធីសាស្ត្រតែមួយដែលអាចជួយអ្នកបាននោះគឺការធ្វើការរកស៊ី ឬវិនិយោគទុន ប៉ុន្តែនៅពេលដែលអ្នកមានអារម្មណ៍ថាខ្លាចភាពបរាជ័យ អារម្មណ៍មួយនោះនឹងទាញអ្នកចេញភ្លាមពីការចង់ធ្វើអ្វីមួយ ព្រោះអ្នកកំពុងតែគិតថាខ្លាចធ្វើទៅខុស បរាជ័យ ឬមានការខាតបង់ជាដើម

២. ខ្លាចការបដិសេធពីអ្នកដទៃ

ហេតុផលដែលបុគ្គលមួយចំនួនតែងមានអារម្មណ៍ភ័យខ្លាចចំពោះការបដិសេធពីអ្នកដទៃ ព្រោះពួកគេយល់ឃើញថាវាជាការបាក់មុខនៅពេលដែលយើងស្នើរសុំអ្វីមួយតែគេមិនយល់ព្រម ឬស្របតាម។ ការដែលយើងមានគំនិតបែបនេះវាមិនត្រឹមត្រូវទេ ហើយវាក៏មិនបានជួយយើងអោយទៅដល់គោលដៅរបស់យើងដែរ ផ្ទុយទៅវិញវាមានតែធ្វើអោយយើងខកខាននូវឱកាសដែលអាចធ្វើឲ្យយើងសម្រេចបាននូវគោលដៅជីវិតទៅវិញ។ មនុស្សមួយចំនួនតែងមានអារម្មណ៍ខ្លាចត្រូវគេបដិសេធដោយតែងគិតថាអ្វីដែលខ្លួនគិតគឺមិនសូវជាល្អ ឬមួយពួកគេមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ជាដើមតែពួកគេភ្លេចនឹកឃើញរឿងមួយថាបើមិនទាន់សាកផងធ្វើដូចម្តេចអាចដឹងនូវចម្លើយបានទៅ។

ពេលខ្លះកាលដែលយើងទម្លាប់ខ្លួនអោយមានអារម្មណ៍បែបនេះ វាបានធ្វើអោយអ្នកខកខាននូវឱកាសល្អម្តងហើយម្តងទៀត រហូតអាចធ្វើអោយអ្នកឈានទៅដល់ពេលវេលាមួយដែលគេនិយាយថា ហួសពេលហើយ ឧទាហរណ៍៖ អ្នកចង់ប្រកបអាជីវកម្មមួយប៉ុន្តែអ្នកខ្វះដើមទុន មធ្យោបាយតែមួយដែលអាចសម្រេចបានគឺអ្នកអាចខ្ចីប្រាក់ពី ក្រុមគ្រួសាររបស់អ្នក ធនាគារ ឬស្វែងរកដៃគូសហការជាមួយ។ល។ យ៉ាងណាម៉ិញអ្នកមិនបានសម្រេចចិត្តជ្រើសរើសនូវមធ្យោបាយដូចដែលបានរៀបរាប់ខាងលើទេ តែបែរជាសម្រេចចិត្តបញ្ចប់នូវក្តីស្រមៃដែលអ្នកប៉ងប្រាថ្នាទៅវិញទាំងដែលដឹងថាមានសង្ឃឹមខ្ពស់ថានឹងអាចទទួលបានភាពជោគជ័យដោយមូលហេតុតែមួយព្រោះអ្នកគិតថាខ្លាចត្រូវគេបដិសេធ ទាំងដែលខ្លួនឯងមិនទាន់បានទុកឱកាសអោយខ្លួនឯងសាកល្បងម្តងផង ព្រោះតែខ្លាចទទួលរងនូវភាព​​អាម៉ាស់ ឬក្លាយជាមនុស្សអន់ប្រសិនបើត្រូវគេច្រានចោលនូវសំណើរដែលបានស្នើរសុំ។ យើងចង់អោយអ្នកសាកល្បងគិតម្តងទៀតថា ប្រសិនបើមានអ្នកដទៃធ្វើដូចអ្វីដែលអ្នកគ្រោងទុក តែអ្នកបានត្រឹមគិតទុកមិនបានអនុវត្តព្រោះអ្នកបណ្តោយអោយអារម្មណ៍ភ័យខ្លាចបាំងមុខ ហើយអ្វីដែលសំខាន់អ្នកដទៃនោះគេយកគំនិតដែលអ្នកគិតទៅអនុវត្តហើយទទួលបានភាពជោគជ័យត្រឹមមួយភ្លេត តើអ្នកមានអារម្មណ៍យ៉ាងណាវិញ?

៣. ខ្លាចអ្នកដទៃរិះគន់

បច្ចុប្បន្ន មនុស្សភាគច្រើនតែងមានអារម្មណ៍ខ្លាចទទួលរង់ការរិះគន់ពីអ្នកដទៃ តែពួកគេភ្លេចរឿងមួយដែលថាយើងមិនអាចហាមឃាត់មាត់មនុស្សបានទេ ទោះយើងខំប្រឹងធ្វើអោយល្អយ៉ាងណាក៏មិនអាចផ្គាប់ចិត្តមនុស្សគ្រប់គ្នាបានដែរ។ បើគង់តែត្រូវគេរិះគន់ដដែល ហេតុអ្វីបានជាយើងមិនសាកល្បងធ្វើនូវអ្វីដែលខ្លួនឯងចង់ធ្វើ? កាលដែលយើងមានអារម្មណ៍បែបនេះ វាបានរុញច្រានយើងអោយក្លាយទៅជាមនុស្សអសកម្មដោយមិនដឹងខ្លួន វាមានន័យថាយើងខ្លាចនេះខ្លាចនោះគ្រប់ពេលដែលចង់ធ្វើអ្វីមួយ ហើយវិធីសាស្រ្តតែមួយដែលអាចជៀសផុតពីការរិះគន់របស់អ្នកដទៃលុះត្រាយើងកុំធ្វើ កុំបញ្ចេញមតិ ឬកុំមានសកម្មភាពអ្វីទាំងអស់។ ទោះជាយ៉ាងណាក៏ដោយការដែលអ្នកសម្រេចចិត្តបែបនេះក៏មិនប្រាកដថាអ្នកនឹងមិនត្រូវបានគេរិះគន់មួយរយភាគរយនោះទេ តែខ្ញុំច្បាស់ថាអ្នកនឹងក្លាយទៅជាបុគ្គលម្នាក់ដែលមិនបានផ្តល់នូវភាពរីកចម្រើនដល់ខ្លួនឯង គ្រួសារ រួមទាំងសង្គមជាតិឡើយ ព្រោះកាលណាមនុស្សម្នាក់គ្មានសកម្មភាព អ្នកមិនមានភាពរីកច្រើន ហើយបើគ្មានភាពរីកចម្រើន វាស្មើរនឹងគ្មានចំណេះដឹង ហើយបើគ្មានចំណេះដឹងហើយមិនមានភាពសកម្មក្នុងការបំពេញកិច្ចការងារអ្វីទៀតនោះ វាជារឿងមួយដែលពិបាកនឹងជួយអ្នកអោយទទួលបានភាពជោគជ័យក្នុងជីវិតណាស់។

ជារួមមក សូមកុំព្យាយាមគិតថាអារម្មណ៍របស់យើងជារឿងតូចតាចដែលកើតឡើងត្រឹមរយៈពេលខ្លីហើយតែងគិតថាវាមិនអីទេរហូត។ សូមកុំគិតថាចាំធ្វើវានៅថ្ងៃក្រោយពេលដែលអ្នកចង់ធ្វើរឿងអ្វីមួយ ជាពិសេសគឺក្នុងរឿងរកស៊ីព្រោះថ្ងៃនេះអ្នកមិនធ្វើមិនប្រាកដថាថ្ងៃក្រោយអ្នកធ្វើ ឬបើបានធ្វើក៏មិនប្រាកដថានឹងទទួលបានភាពជោគជ័យដូចថ្ងៃនេះដែរមូលហេតុព្រោះថាបើយើងមិនធ្វើ អ្នកផ្សេងនឹងធ្វើ ហើយបើអ្នកផ្សេងធ្វើមុន វាមិនចម្លែកទេដែលគេនឹងទទួលបានឱកាសដែលទទួលបានភាពជោគជ័យខ្ពស់ជាងយើង ដោយថាក្នុងន័យអាជីវកម្មអ្នកណាមកមុនអ្នកនោះគឺជាអ្នកឈ្នះ ហើយបើគេមិនឈ្នះនៅក្នុងថ្ងៃនេះថ្ងៃស្អែកគេនឹងឈ្នះព្រោះការបរាជ័យក្នុងថ្ងៃនេះនឹងក្លាយទៅជាមេរៀនដ៏ល្អសម្រាប់ភាពជោគជ័យនាថ្ងៃស្អែករបស់គេ។ មួយវិញទៀតអ្នកត្រូវដឹងថាបើគេជោគជ័យមុនអ្នកហើយ អ្នកដែលជាបុគ្គលចាប់ផ្តើមតាមក្រោយ គឺពិបាកនឹងទទួលបានភាពជោគជ័យណាស់ ព្រោះថាអ្នកត្រូវរកអោយឃើញហើយធ្វើអោយបាននូវចំណុចលេចធ្លោរ លើគូប្រកួតរបស់អ្នក។ ដូចនេះហើយ ខ្ញុំយល់ថាអ្វីដែលគួរអោយខ្លាចនោះមិនមែនជាភាពបរាជ័យ ការបដិសេធពីអ្នកដទៃ ឬមួយការរិះគុណរបស់អ្នកណាម្នាក់ឡើយ តែវាគឺជាភាពសោកស្តាយទៅវិញទេ ជាការសោកស្តាយដែលយើងដឹងពីវិធីដែលទទួលបានភាពជោគជ័យហើយតែបែរជាប្រលែងចោលទៅវិញ

ផ្ទាំងឃោសនាពាណិជ្ជកម្ម
I'm a freelance writer of APAMAT. Mostly, my articles are about youth, businesswomen, money and life. This moment, I'm also running my own business, an import and export company between China-Cambodia. I'm here because I love to share my experiences with you about both life and business. Enjoy!