តើអ្នកធ្លាប់នៅសុខៗស្រាប់តែលេចឡើងនូវគំនិតរកស៊ី ឬវិធីក្នុងការបង្កើតផលិតផលថ្មីមួយក្នុងខួរក្បាលហើយអ្វីដែលអ្នកគិតឃើញនោះមិនធ្លាប់មានក្នុងទីផ្សារដែរឬទេ? បន្ទាប់មកអ្នកគិតថាគួរតែធ្វើអាជីវកម្មអ្វីមួយដែលទាក់ទងនឹងគំនិតនោះ ប៉ុន្ដែអ្នកមិនបានបញ្ចេញសកម្មភាពធ្វើអ្វីទេ។ ក្រោយមកផលិតផលដែលអ្នកបានគិតឃើញ ហើយមិនធ្លាប់មានដាក់លក់ពីមុនមកស្រាប់តែលេចខ្លួនក្នុងទីផ្សារ ឬនៅក្នុងពត៌មានជាដើម និងទទួលបានការគាំទ្រពីអ្នកប្រើប្រាស់ទៀតផង។ ពេលនោះអ្នកអាចនឹងគិតថាប្រហែលជាគេលួចគំនិតរបស់ខ្លួន បន្ទាប់មកក៏មានការស្ដាយក្រោយ និងគិតថាបើខ្លួនយកគំនិតនោះធ្វើអោយចេញជារូបរាងម្ល៉ោះខ្លួននឹងក្លាយទៅជាអ្នកមានបាត់ទៅហើយ។ 

ប្រសិនបើរឿងនេះធ្លាប់កើតឡើងចំពោះអ្នកម្ដងពីរដងហើយតែអ្នកមិនធ្វើអ្វីសោះ នោះមួយជីវិតរបស់អ្នកនៅតែប៉ុណ្ណឹងមិនសូវជារីកចម្រើនទៅណាទេ។ អ្នកអាចគិតថាការមានគំនិតរកស៊ីល្អគឺមានតម្លៃ តែតាមពិតគ្រាន់តែគំនិតវាគ្មានអីអស្ចារ្យ  ប៉ុន្មានទេ។ ដើម្បីជោគជ័យបានគឺយើងត្រូវការទាំងគំនិតល្អនិងការអនុវត្តគំនិតនោះអោយបានល្អផងដែរ។ ឧទាហរណ៍គំនិតអន់បូករួមនឹងការអនុវត្តឬមិនអនុវត្ត លទ្ធផលស្មើរសូន្យ។ ប្រសិនបើគំនិតល្អតែគ្មានការអនុវត្តនោះលទ្ធផលបានសូន្យឬបានតិចតួចប៉ុណ្ណោះ។ អ្វីដែលអាចអោយយើងជោគជ័យបានគឺត្រូវការទាំងគំនិតល្អនិងការអនុវត្តអោយចេញជាផ្លែផ្កាបានល្អ សូម្បីតែគំនិតធម្មតាតែបើអនុវត្តបានល្អក៏អាចរកចំណូលអោយអ្នកបានគួរសមដែរ។ 

ដូចនេះអ្វីដែលអ្នកត្រូវការដើម្បីជោគជ័យនោះគឺមិនមែនផ្ដោតចម្បងលើគំនិតទេ តែអ្នកត្រូវការចាំបាច់បំផុតគឺការអនុវត្តដែលមានប្រសិទ្ធិភាព។ អ្វីដែលមានតម្លៃបំផុតក្នុងការរកស៊ីនោះគឺការធ្វើអោយគំនិតល្អៗទាំងនោះក្លាយទៅជាការពិតបាន។ តើធ្វើដូចម្ដេចដើម្បីអោយគំនិតនោះក្លាយទៅជាការពិតបាន? ដំបូងគឺអ្នកត្រូវការមនុស្សដែលមានសមត្ថភាពគ្រប់គ្រាន់ដើម្បីជួយអ្នក បន្ទាប់មកត្រូវការពេលវេលាសាកសមដើម្បីអភិវឌ្ឍគំនិតនោះអោយចេញជារូបរាង និងចុងក្រោយគឺត្រូវការទីផ្សារដែលត្រូវនឹងផលិតផលថ្មីនោះ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។