ស្នេហាបើរំពឹងទុកខ្ពស់ប៉ុណ្ណា អ្នកនឹងឈឺចាប់ខ្លាំងប៉ុណ្ណឹងដូចគ្នា

1690

សំណួរមួយដែលមនុស្សពីរនាក់តែងតែសួរគ្នាពេលដែលផ្តើមស្រលាញ់គ្នាគឺ ម៉េចបានស្រលាញ់ខ្ញុំ? ឬក៏ហេតុអ្វីបានជ្រើសយកខ្ញុំ? យើងប្រាកដជាមានហេតុផលមួយចំនួនឆ្លើយទៅកាន់ដៃគូម្ខាងទៀតរបស់យើង ត្រូវអត់? ហេតុផលទាំងអស់នេះហើយគឺជាការរំពឹងទុករបស់យើងម្នាក់ៗ។ ឧទាហរណ៍៖ អ្នកស្រលាញ់បុរសឬនារីម្នាក់នោះដោយសារគាត់មានអត្តចរិតចាស់ទុំ។ ដោយសង្កេតឃើញអត្តចរិតគេដូច្នេះទើបវាក្លាយជាហេតុផលមួយសម្រាប់អ្នកហើយវាក៏ជាការរំពឹងទុកមួយរបស់អ្នក។ អ្នកស្រមៃថា អត្តចរិតចាស់ទុំបែបនេះនឹងអាចជួយទប់កំហឹងឬអត្តចរិតឆេវឆាវរបស់អ្នកបាន។

គ្មានអ្វីដែលស្ថិតស្ថេរនោះទេ មនុស្សយើងក៏អាចប្រែប្រួលដូចគ្នា ដូច្នេះបើយើងយកស្តង់ដារណាមួយមកកំណត់ហេតុផលនៃការស្រលាញ់ ស្នេហានោះក៏មិនអាចបន្តយូរអង្វែងដែរ។ ខ្ញុំតែងតែលើកពាក្យមួយឃ្លាថា “កុំស្រលាញ់នរណាម្នាក់ព្រោះតែហេតុផល ព្រោះថ្ងៃណាមួយនៅពេលហេតុផលនោះបាត់ខ្លួនក្តីស្រលាញ់យើងក៏បាត់បង់ទៅតាមវាដូចគ្នា”។ ដោយសារមានហេតុផលទើបនាំអោយមានការរំពឹងទុក ហើយការរំពឹងទុកខ្ពស់ប៉ុណ្ណា យើងនឹងកាន់តែឈឺចាប់ខ្លាំងប៉ុណ្ណឹង។ ពាក្យចាស់ពោលថា “កាន់តែនៅទីខ្ពស់ធ្លាក់មកកាន់តែឈឺ”។

ភាពប្រះស្រាំនិងឈឺចាប់នៃស្នេហាមួយចំនួនគឺកើតចេញពីការរំពឹងទុកនេះតែម្តង។ នៅពេលចាប់ផ្តើមនៃស្នេហាយើងតែងគិតថាគ្រប់យ៉ាងនឹងមិនអីទេ ភាពមិនប្រក្រតីមួយចំនួនយើងអាចទទួលយកបាន។ ឧទាហរណ៍៖ មនុស្សប្រុសម្នាក់នោះចូលចិត្តនិយាយស្តីលឺៗ ប៉ុន្តែគេមានចំណុចល្អខ្លះៗដែលនារីម្នាក់នោះគិតថា នាងអាចទទួលយកបាន ហើយចំពោះទម្លាប់និយាយស្តីរបស់គាត់នាងនឹងអាចកែប្រែគាត់បាន។ ចាប់តាំងពីទាក់ទងគ្នាមក នារីម្នាក់នោះក៏កាន់តែមានអារម្មណ៍ថាហត់នឿយ ព្រោះអ្វីដែលនាងរំពឹងទុកថានឹងប្រសើរឡើង ប៉ុន្តែបែរជាមិនអាចទៅរួចទៅវិញ។ កាន់តែហត់ នាងកាន់តែមានអារម្មណ៍ថាឈឺចាប់ព្រោះបុរសម្នាក់នោះមិនបានធ្វើតាមការរំពឹងទុករបស់នាងទេ។​ បន្ថែមពីនេះទៅទៀតក៏នៅមានប្តីប្រពន្ធមួយចំនួនទៀតដែលបែកបាក់គ្នាដោយសារការរំពឹងទុកខ្ពស់នេះដែរ។ មុខពេលរៀបការ ម្នាក់ៗសុទ្ធតែរំពឹងថាបែបនេះ ឬ បែបនោះតាមការចង់បានរបស់ខ្លួន លុះដល់អ្វីៗមិនប្រព្រឹត្តដូចការគិតទើបយល់ថាវាជាការសម្រេចចិត្តខុសរបស់ខ្លួន។

បើយើងមិនអាចទទួលយកបានតាំងពីដំបូងក៏បដិសេធន៍តែម្តងទៅ កុំយល់ព្រមស្រលាញ់ដោយរំពឹងទុកថាគេនឹងធ្វើបែបនេះឬបែបនោះសម្រាប់អ្នក។កុំស្រលាញ់គេព្រោះតែចង់កែប្រែគេ។ ស្រលាញ់មនុស្សម្នាក់ហេតុអ្វីចាំបាច់ស្រមើស្រមៃវែងឆ្ងាយម្ល៉េះ? បើថ្ងៃស្អែកមិនទាន់មកដល់ផង ហេតុអ្វីចាំបាច់ប្រញាប់គិតដល់ថ្ងៃខានស្អែកមួយទៀតទៅហើយ? អ្នកគួររៀនរីករាយនូវបច្ចុប្បន្នភាពដែលអ្នកទាំងពីរចំណាយពេលជាមួយគ្នា ហើយកសាងការចងចាំដ៏ល្អៗជាមួយគ្នា៕

 

ផ្ទាំងឃោសនាពាណិជ្ជកម្ម
Hi readers, my name's Jing Chhing and I'm currently a junior student studying at IFL. Personally, my daily hobby is reading and reading business news provide me a massive understanding so I would love to share it to all of you too.