ក្រុមហ៊ុន SiriusXM ទិញយកក្រុមហ៊ុនស្តាប់តន្ត្រី Pandora ក្នុងតម្លៃ 3.5ពាន់លានដុល្លារ

1668

អេមេរិក(TechCrunch)៖ ក្រុមហ៊ុន SiriusXM បានប្រកាសផែនការទិញយក Pandora មុនពេលទីផ្សារភាគហ៊ុនបើកដំណើរការ។ ក្រុមហ៊ុន SiriusXM នឹងទិញភាគហ៊ុនរបស់ក្រុមហ៊ុន Pandora ក្នុងតម្លៃ 3.5ពាន់លានដុល្លារឬ 10.14ដុល្លារក្នុងមួយហ៊ុន ហើយ Pandora នឹងបន្តមានជាសេវាឯករាជ្យរបស់ខ្លួនដដែល។

សម្រាប់ភាគទុនិក Pandora ការផ្តល់ជូននេះតំណាងឱ្យបុព្វលាភ 13,8 ភាគរយ លើតម្លៃភាគហ៊ុនគិតជាមធ្យមក្នុងរយៈពេល 30 ថ្ងៃចុងក្រោយ។ ទាំងក្រុមប្រឹក្សាភិបាល Pandora និងក្រុមប្រឹក្សាភិបាល SiriusXM បានអនុម័តផែនការនេះរួចរាល់ហើយ។

ប៉ុន្តែប្រតិបត្តិការនេះនឹងមិនកើតឡើងភ្លាមៗទេ។ Pandora បានចរចារការផ្តល់ “go-shop” ដែលមានន័យថាក្រុមប្រឹក្សាភិបាលរបស់ Pandora នៅតែអាចវាយតម្លៃការផ្តល់ជូនផ្សេងទៀតបាន។ ការទិញនេះត្រូវបានគេរំពឹងថានឹងបញ្ចប់នៅត្រីមាសទី 1 ឆ្នាំ 2019 ។

សេចក្តីប្រកាសបានលើកឡើងថាក្រុមហ៊ុន SiriusXM គ្រោងនឹងប្រើប្រាស់សេវាកម្មទាំងពីរនេះដើម្បីជំរុញសេវាផ្សេងទៀត។ ឧទាហរណ៍អ្នកអាចឃើញសេចក្តីយោងទៅកម្មវិធី SiriusXM ខណៈពេលកំពុងស្ដាប់ក្នុងកម្មវិធី Pandora ។ ហើយម៉ាស៊ីន SiriusXM អាចស្នើទាញយកកម្មវិធីទូរស័ព្ទ Pandora បានផងដែរ ។

ក្រុមហ៊ុននេះក៏មានផែនការបង្កើតកញ្ចប់ជាវ (Subscription) ដែលអាចរួមបញ្ចូលទាំង SiriusXM radio ក៏ដូចជាការជាវ Premium Pandora ដែរ។ SiriusXM ក៏មានគម្រោងធ្វើឱ្យវាកាន់តែងាយស្រួលក្នុងការស្តាប់ Pandora នៅក្នុងរថយន្តនៅពេលដែល SiriusXM ត្រូវបានគេដាក់លក់យ៉ាងទូលំទូលាយនៅក្នុងរថយន្តរបស់អាមេរិក។

ភាគហ៊ុន Pandora បច្ចុប្បន្នកើនឡើង 8,58% ស្មើនឹង 10,65 ដុល្លារក្នុងការជួញដូរមុនពេលទីផ្សារបើក។ ភាគហ៊ុន SiriusXM បច្ចុប្បន្នកំពុងជួញដូរក្នុងតម្លៃ 6,89 ដុល្លារអាមេរិក (ធ្លាក់ចុះ 1,29 ភាគរយ) ក្នុងការជួញដូរមុនពេលទីផ្សារបើក។

ក្រុមហ៊ុន Pandora បានក្លាយជាក្រុមហ៊ុនសាធារណៈតាមរយៈការលក់ភាគហ៊ុនជាសាធារណៈចាប់តាំងពីឆ្នាំ 2011មក ប៉ុន្តែបានខាតបង់ប្រាក់ជាបន្តបន្ទាប់។ ក្រុមហ៊ុនបានវិនិយោគខ្លាំងទៅលើការវិស័យបច្ចេកវិទ្យាស្តាប់តន្ត្រី ដោយប្រើប្រាស់របកគំហើញថ្មីៗ និងឆ្លាតវៃ។

ខណៈពេលនេះ Pandora បច្ចុប្បន្នមានអ្នកស្តាប់ប្រចាំជាង 70 លាននាក់ក្នុងមួយខែ ភាគច្រើននៃពួកគេមិនមែនជាអតិថិជនដែលមានជីវភាពខ្ពស់នោះទេ។ ក្រុមហ៊ុន Pandora មានអតិថិជនត្រឹមតែ 6 លាននាក់ប៉ុណ្ណោះ ដែលប្រើប្រាស់ដោយបង់ប្រាក់ ខណៈក្រុមហ៊ុន Spotify មានអ្នកប្រើប្រាស់បង់ប្រាក់ចំនួន 83 លាននាក់។ អតិថិជនដែលបង់ប្រាក់ ជាធម្មតាអាចបង្កើនប្រាក់ចំណូលជាមធ្យមនៃអ្នកប្រើប្រាស់សរុប ប៉ុន្តែក្រុមហ៊ុននេះមិនដែលគិតរកវិធីណាដើម្បីធ្វើឲ្យអ្នកប្រើឥតគិតថ្លៃទាំងនោះ ទៅជាអ្នកប្រើប្រាស់បង់ប្រាក់នោះទេ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។