ទម្លាប់ងាយៗដែលល្អសម្រាប់ជីវិតនិងការរកស៊ី

2108

ជោគជ័យក្នុងជីវិតអាចកើតឡើងបានដោយសារទម្លាប់ក្នុងការរស់នៅល្អ និងពោរពេញដោយភាពសកម្ម។ ដើម្បីអនុវត្តទម្លាប់ខាងក្រោមនេះជាប្រចាំបានទាមទារអោយមានវិន័យក្នុងខ្លួន និងការលះបង់មួយចំនួន។ ប្រសិនបើអ្នកធ្វើវាបាននោះជីវិតប្រចាំថ្ងៃ និងការងាររកស៊ីក៏ល្អជាងមុនដែរ។ 

១. បង្កើតអោយមានទម្លាប់ពេលព្រឹក៖ ត្រូវព្យាយាមក្រោកពីព្រឹកព្រលឹមដើម្បីធ្វើលំហាត់ប្រាណ រៀបចំខ្លួនអោយបានស្អាតបាត ហើយបរិភោគអាហារពេលព្រឹកដែលសំខាន់បំផុតក្នុងចំណោមអាហារទាំងអស់។ សកម្មភាពនេះផ្ដល់នូវអារម្មណ៍ស្រស់ស្រាយដល់អ្នកសម្រាប់ធ្វើការងារផ្សេងៗបន្តទៀត។ ក្នុងមួយថ្ងៃអារម្មណ៍របស់អ្នកល្អឬមិនល្អភាគច្រើនមកពីសកម្មភាពអ្នកធ្វើនៅពេលព្រឹក បើអ្នកធ្វើវាដោយប្រញ៉ាប់ព្រោះខ្លួនតែងតែក្រោកយឺត ហើយពេលខ្លះមិនបានបរិភោគអាហារទៀតនោះ វាមិនត្រឹមតែធ្វើអោយស្ត្រេសទេថែមទាំងអាចប៉ះពាល់ដល់សុខភាពទៀតផង។

២. ធ្វើការងារដែលសំខាន់មុន៖ ក្នុងមួយថ្ងៃៗការងារមានច្រើនជំពូក ដូចនេះអ្នកត្រូវបែងចែកពេលវេលាតិចច្រើនទៅតាមទំហំការងារ។ ការងារណាប្រើពេលច្រើនហើយចាំបាច់នឹងត្រូវធ្វើ ប្រាកដណាស់ថាអ្នកត្រូវធ្វើវាមុនអោយបានចប់សព្វគ្រប់មុននឹងធ្វើការងារផ្សេងឬសម្រាក។ បើអ្នកមិនសូវចាំច្បាស់អំពីការងារណាសំខាន់ៗដែលត្រូវធ្វើនោះទេ អ្នកគួរសរសេរទុកដើម្បីរំលឹកខ្លួនឯង។

៣. អានអោយបានច្រើន៖ ការអានសៀវភៅផ្ដល់ចំណេះដឹងជាច្រើនដល់យើង មិនត្រឹមតែប៉ុណ្ណោះវាជួយអោយយើងបង្កើនការផ្ដោតអារម្មណ៍ទៅលើការងារទូទៅ ដោយសារតែពេលអានសៀវភៅក៏យើងត្រូវផ្ដោតអារម្មណ៍ដូចគ្នា។ សៀវភៅមានច្រើនប្រភេទទាំងល្អនិងមិនល្អ ដូចនេះអ្នកត្រូវចេះរើសសៀវភៅណាដែលផ្ដល់ចំណេះដឹង ជំនាញ ឬគំនិតល្អៗដល់ខ្លួន។

៤. ធ្វើការម្ដងមួយៗ៖ អ្នកដឹងទេថាមានតែមនុស្ស 2% ប៉ុណ្ណោះនៅលើពិភពលោកដែលអាចធ្វើការច្រើនក្នុងពេលតែមួយបាន។ អ្នកគួរផ្ដោអារម្មណ៍ធ្វើការម្ដងមួយៗ ព្រោះបើអ្នកធ្វើកិច្ចការច្រើន វានឹងរារាំងខួរក្បាលអ្នកមិនអោយបែងចែកថាសកម្មភាពណាគួរធ្វើឬមិនគួរធ្វើ ហើយចុងបញ្ចប់អ្នកចំណាយពេលកាន់តែច្រើនរីឯការងារក៏ធ្វើមិនសូវបានល្អ។ ដូចចំនុចទីពីរអញ្ចឹង ពេលធ្វើកិច្ចការម្ដងមួយៗអ្នកត្រូវធ្វើកិច្ចការណាដែលសំខាន់ជាងគេ។

៥. ចេះពេញចិត្តនឹងជីវិតរបស់ខ្លួន៖ ការរកស៊ីឬការធ្វើជំនួញពេលខ្លះពិតជាធ្វើអោយយើងស្ត្រេស ហើយឈានដល់ការគិតថាជីវិតរបស់ខ្លួនមិនល្អ ឬមិនមានដូចគេជាដើម។ ការពិតជីវិតមនុស្សម្នាក់ៗមិនល្អឥតខ្ចោះទេ ដូចនេះអ្នកត្រូវរៀនចេះពេញចិត្តនឹងអ្វីដែលខ្លួនមានមិនថារបស់នោះតិចតួចប៉ុណ្ណាទេ កុំសូវគិតច្រើនពេក ហើយគួរចំណាយពេលជាមួយគ្រួសារ។ វានឹងធ្វើអោយយើងមានអារម្មណ៍ល្អ និងជួយអោយយើងបំពេញការងារបានប្រសើរជាងមុន។ 

៦. នៅជិតមនុស្សមានគំនិតវិជ្ជមាន៖ អ្នកត្រូវចេះរៀនជ្រើសរើសមិត្តភក្កិ ឬមនុស្សដែលអ្នកធ្វើការរកស៊ីជាមួយ ព្រោះបើជុំវិញអ្នកសុទ្ធតែជាមនុស្សវិជ្ជមាន ឧស្សាហ៍ព្យាយាម និងមានសីលធម៌ល្អនោះអ្នកនឹក្លាយទៅជាមនុស្សដូចពួកគេ។ ដោយសារហេតុផលនេះហើយទើបយើងឃើញសេដ្ឋីមានមិត្តភក្កិសុទ្ធតែជាសេដ្ឋីមិនមែនដោយសារតែគេរើសអើងអ្នកក្រទេតែដោយសារតែគំនិត និងអត្តចរិតខុសគ្នា។ 

៧. ធ្វើលំហាត់ប្រាណ៖ ការហាត់ប្រាណជាប្រចាំល្អសម្រាប់រាងកាយ ហើយថែមទាំងធ្វើអោយខួរក្បាលរហ័សរហួន និងមានអារម្មណ៍ល្អ។ ប្រសិនបើថ្ងៃណាអ្នកមានអារម្មណ៍ថាតប់ប្រមល់ឬស្ត្រេស អ្នកគួរសាកហាត់ប្រាណរួចនឹងសង្កេតឃើញថាភាពតប់ប្រមល់នោះនឹងរំសាយចេញពីខួរក្បាល។ 

៨. ស្ដាប់អោយបានច្រើន៖ អ្នកជោគជ័យទាំងអស់សុទ្ធតែជាអ្នកពូកែស្ដាប់ សូម្បីតែអាជីវកម្មអាចរីកចម្រើនបានក៏ដោយសារតែស្ដាប់ការរិះគន់របស់អតិថិជន។ ពេលយើងផ្ដោតអារម្មណ៍ស្ដាប់នរណាម្នាក់ វាមិនត្រឹមតែធ្វើអោយគេគិតថាយើងអោយតម្លៃដល់គេទេ យើងខ្លួនឯងថែមទាំងអាចដឹងពីការយល់ឃើញនិងគំនិតរបស់គេ។ ត្រូវចងចាំថានៅពេលអ្នកផ្ដោតអារម្មណ៍ស្ដាប់ អ្នកអាចនឹងចេះអ្វីពីអ្នកនិយាយនោះបាន។

៩. កុំសូវប្រើបច្ចេកវិទ្យាពេក៖ មនុស្សសព្វថ្ងៃជាមធ្យមចំណាយពេលមួយម៉ោងសែសិបនាទីសម្រាប់តែប្រើប្រាស់បណ្ដាញសង្គម ហើយតាមការស្រាវជ្រាវបង្ហាញថា បើអ្នកប្រើប្រាស់បច្ចេកវិទ្យាកាន់តែយូរនោះអ្នកមានភាគរយកើតជម្ងឺផ្លូវចិត្តខ្ពស់។ ដូចនេះបើអាចអ្នកគួរតែកាត់បន្ថយការប្រើទូរស័ព្ទឬកុំព្យូទ័រ ហើយចេញទៅសង្គមខាងក្រៅអោយបានច្រើនជាងមុន ឬចំណាយពេលជាមួយក្រុមគ្រួសារឬមិត្តភក្កិដើម្បីជជែកគ្នាលែងក៏ល្អដែរ។

១០. ផ្ដល់រង្វាន់ដល់ខ្លួនឯង៖ បើយើងប្រឹងធ្វើការរកស៊ីច្រើនពេកក៏មិនល្អ ដូចនេះអ្នកគួរផ្ដល់រង្វាន់ដល់ខ្លួនឯងដូចស្ដាប់ចម្រៀង មើលរឿង ចេញទៅបរិភោគនៅហាងខាងក្រៅ ឬផឹកកាហ្វេ…។ និយាយរួមជារៀងរាល់ថ្ងៃក្រោយពេលធ្វើការងារចប់ហើយអ្នកគួរតែផ្ដល់រង្វាន់ដល់ខ្លួនឯងដើម្បីអោយខ្លួនមានកម្លាំងចិត្តធ្វើនៅថ្ងៃស្អែកទៀត និងកាត់បន្ថយភាពតឹងតែង៕ 

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។