ម្ចាស់ក្រុមហ៊ុន NIKE ប្រាប់ថាគន្លឹះទាំងនេះអាចជួយឱ្យអ្នកជោគជ័យក្នុងជីវិតបាន

3701

NIKE គឺជា Brand របស់ក្រុមហ៊ុនដែលមានវិសាលភាពបំផុតមួយក្នុងលោកខាងផលិតសម្ភារៈកីឡា និងស្បែកជើងដែលត្រូវបានបង្កើតឡើងដំបូងបំផុតក្នុងឆ្នាំ ១៩៦៤ ដោយស្ថាបនិកពីររូបគឺលោក Phil Knight និង Bill BowermanNIKE ក៏ជាគូរប្រជែងដ៏ស្វិតស្វាញរបស់ក្រុមហ៊ុនខ្នាតយក្សអាឡឺម៉ង់ ADIDAS និង PUMA ផងដែរ។

វិធីសាមញ្ញមួយដែលជួយឱ្យ Phil Knight សម្រេចបានក្តីស្រមៃក្នុងការក្លាយខ្លួនជាអ្នកជំនួញដ៏លេខធ្លោគឺ ការនាំស្បែកជើងពីប្រទេសជប៉ុនមកលក់នៅសហរដ្ឋអាមេរិក ហើយក្រោយមកបានចាប់ផ្តើមបើករោងចក្រផលិតស្បែកជើងដោយខ្លួនឯង បន្ទាប់ពីបានជួបដៃគូរម្នាក់ដែលជាអតីតគ្រូបង្វឹកផ្នែកកីឡារបស់គាត់កាលពីរៀននៅមហាវិទ្យាល័យ។ ខាងក្រោមនេះគឺជាគន្លឹះទាំង ១០ ដែល Phil Knight ចង់ចែករំលែកដល់មនុស្សគ្រប់គ្នាដើម្បីសម្រេចជោគជ័យក្នុងជីវិត៖

១. ប្រើវ័យខ្ទង់ ២០ របស់អ្នកដើម្បីរៀន និងស្រាវជ្រាវ

បន្ទាប់ពីបញ្ចប់ការសិក្សាពីមហាវិទ្យាល័ និងធ្លាប់បានចូលបម្រើជាទាហានជើងទឹករបស់អាមេរិកអស់រយៈពេលមួយឆ្នាំ Phil Knight នៅមានអាយុ ២៤ ឆ្នាំ បានសម្រេចធ្វើដំណើរកម្សាន្តមួយជុំវិញពិភពលោកដោយគាត់បានឆ្លងកាត់ប្រទេសជាច្រើនដូចជា ជប៉ុន ទីក្រុងហុងកុង ប្រទេសវៀតណាម ហ្វីលីពីន ឥណ្ឌា កេនយ៉ា អេហ្សីប តួគី អាឡឺម៉ង់ បារាំង។ ល។ ដើម្បីសិក្សាអំពីមេរៀនប្រវត្តិសាស្រ្ត ប្រពៃណី វប្បធម៌ និងស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសដទៃ។

២. ជឿជាក់លើអ្វីដែលអ្នកធ្វើ

ការងារដំបូងរបស់ Knight គឺជាការងារដែលទាក់ទងនិងការលក់ ប៉ុន្តែវាជាកិច្ចការដែលធ្វើឱ្យគាត់មានចិត្តតប់ប្រមល់ជាខ្លាំង គួបផ្សំនិងគាត់ជាមនុស្សមិនសូវចេះនិយាយច្រើនផងនោះ។ តែអ្វីៗបានផ្លាស់ប្តូរយ៉ាងរហ័សនៅពេលដែលគាត់មានអាជីវកម្មខ្លួនឯងដោយការលក់ស្បែកជើង និងបានប្រែក្លាយខ្លួនទៅជាអ្នកលក់ដ៏ជំនាញម្នាក់។ រឿងនេះបានឆ្លុះបញ្ចាំងឱ្យឃើញថា គាត់គឺជាមនុស្សដែលអាចយកឈ្នះភាពភ័យខ្លាចរបស់ខ្លួនឯង ឫអាចនិយាយបានម្យ៉ាងទៀតថា Knight ជាមនុស្សដែលជឿជាក់ទៅលើកិច្ចការដែលគាត់ធ្វើ។

៣. ហ៊ានធ្វើ

កំឡុងពេលធ្វើដំណើរជុំវិញពិភពលោក នៅចន្លោះពីវ័យ ២០ ទៅ ៣០ ឆ្នាំ Knight បានរកឃើញគំនិតឆ្គួតឡប់មួយដោយនាំយកស្បែកជើងពីប្រទេសជប៉ុនទៅលក់នៅឯសហរដ្ឋអាមេរិកទាំងដែលគាត់គ្មានប្រាក់ក្នុងខ្លួន និងគ្មានជំនាញផ្នែកលក់ផងនោះ។ Knight បានស្នើរណាត់ជួបជាមួយនាយកផ្នែកប្រតិបត្តិរបស់រោងចក្រផលិតស្បែកជើងម៉ាក Tiger នៅទីក្រុង Onitsuka ប្រទេសជប៉ុន ដើម្បីពិភាក្សាការងាររកស៊ី។ នៅពេលដែលគេសួរគាត់ថាតើគាត់ជាអ្នកតំណាងឱ្យក្រុមហ៊ុនណាមួយឫ? Phil បានឆ្លើយថាពិតមែនហើយ ហើយថែមទាំងបានសន្យាថានឹងទិញស្បែកជើងពីរោងចក្រនោះទាំងដែលការពិតគាត់គ្មានអ្វីឡើយ។ ទោះជាយ៉ាងណា Knight បានត្រឡប់មកប្រទេសរបស់គាត់វិញហើយបានបើកក្រុមហ៊ុនមួយឈ្មោះ Blue Ribbon Sports (ក្រោយមកបានប្តូរមកជា NIKE)។ សម្តីរបស់ Phil Knight បានក្លាយជារូបរាងពិតប្រាកដបានដោយសារមូលហេតុចម្បងមួយគឺ គាត់ហ៊ានធ្វើវា ឫ “Just Do It” ដែលជាឃ្លាប្រចាំត្រកូលរបស់ផលិតផល NIKE

៤. មានដៃគូរជាទីទុកចិត្ត

តាំងពីពេលចាប់ផ្តើមក្រុមហ៊ុន NIKE លោក Phil Knight បានទទួលការជ្រោមជ្រែងជាបន្តបន្ទាប់ពីមនុស្សមួយចំនួនដែលទុកចិត្តគាត់ ក្នុងនោះមានទាំងអតីតមិត្តរួមក្រុមកីឡានៅមហាវិទ្យាល័យ គ្រូបង្វឹក បុគ្គលិកផ្នែកគណនេយ្យនិងផ្នែកច្បាប់ដំបូងរបស់គាត់។ ល។ លើសពីនេះទៅ ឪពុកម្តាយរបស់បុគ្គលិកទាំងនេះថែមទាំងហ៊ានឱ្យ Phil ខ្ចីលុយទៀតផង នៅពេលដែលក្រុមហ៊ុនរបស់គាត់ខ្វះខាតសាច់ប្រាក់។ នេះក៏ដោយសារមនុស្សទាំងនោះមានគំនិតមួយថា ប្រសិនបើអ្នកមិនទុកចិត្តក្រុមហ៊ុនដែលកូនរបស់អ្នកកំពុងធ្វើការឱ្យផង តើនៅមានអ្នកណាដែលអ្នកអាចទុកចិត្តបាននោះ?

៥. បើបានជាធ្វើ ចូរធ្វើឱ្យពេញទំហឹង

Knight ធ្លាប់បានបម្រើការងារជាគណនេយ្យករនិងជាជំនួយការសាស្រ្តចារ្យនៅសាកលវិទ្យាល័យ ២ ៣ ឆ្នាំ ស្របពេលដែលគាត់កំពុងមានអាជីវកម្មផ្ទាល់ខ្លួន។ មូលហេតុដែលគាត់ធ្វើដូច្នេះក៏ព្រោះតែគាត់ត្រូវការចំណូលដើម្បីទ្រទ្រង់ការចំណាយផ្ទាល់ខ្លួន ហើយគាត់ក៏មិនប្រកដថាអាជីវកម្មដែលទើបនិងបើកដំបូងរបស់គាត់ (Blue Ribbon Sports) អាចជោគជ័យឫអត់។ តែប៉ុន្មានឆ្នាំក្រោយមក គាត់បានបោះការងារនោះចោល ហើយត្រឡប់មកចំណាយពេលស្ទើរគ្រប់វិនាទីរបស់គាត់សម្រាប់ Blue Ribbon Sports

Phil knight ខាងស្ដាំ និងគ្រូបង្វឹក Bill-bowerman

៦. ត្រូវដឹងឱ្យប្រាកដពីរបស់ដែលអ្នកចង់បាន

Phil និយាយថា បើអ្នកកំពុងចរចារអំពីការរកស៊ី អ្នកត្រូវដឹងឱ្យច្បាស់ពីអ្វីដែលអ្នកចង់បាន ហើយលើកវាមកពិភាក្សាមុន។ ជាឧទាហរណ៍ នៅពេលដែល Knight ធ្វើការចរចារការរកស៊ីជាមួយក្រុមហ៊ុនផ្សេងទៀតដែលផ្គត់ផ្គង់ទំនិញឱ្យ Blue Ribbon Sports គាត់បានបញ្ជក់យ៉ាងច្បាស់លាស់ថាក្រុមហ៊ុនទាំងនេះត្រូវតែផ្តល់ទំនិញឱ្យទាន់ពេលវេលាកំណត់។ គ្រប់ពេល អ្នកត្រូវតែច្បាស់ពីអ្វីដែលអ្នកចង់បាន ដើម្បីចៀសវាងការភ័ន្តច្រឡំនៅពេលក្រោយ។

៧. ត្រៀមផែនការទីពីរជានិច្ច

មេរៀនសំខាន់មួយទៀតដែលនាំឱ្យ Phil Knight សម្រេចក្តីស្រមៃក្នុងនាមជាអ្នកជំនួញជោគជ័យគឺ ការមានគម្រោងការទី ២។ គ្រាដំបូងដែលគាត់ដឹងថាក្រុមហ៊ុនដែលជាអ្នកផ្គត់ផ្គង់ទំនិញដល់គាត់នៅឯ Onitsuka ប្រទេសជប៉ុនកំពុងមានទំនាក់ទំនងរកស៊ីជាមួយក្រុមហ៊ុនថ្មីនៅសហរដ្ឋអាមេរិក Phil បានត្រៀមផែនការទី ២ រួចជាស្រេចដើម្បីផលិតស្បែកជើងដោយខ្លួនឯង។ ចំណុចនេះបានជួយឱ្យ Knight បង្កើត NIKE បានជោគជ័យនៅពេលក្រុមហ៊ុននៅជប៉ុននោះផ្ដាច់ការទាក់ទងធ្វើជំនួញជាមួយគាត់។

៨. គ្រប់គ្រងអាជីវកម្មរបស់អ្នក

គេសង្កេតឃើញថា Phil Knight តែងតែធ្វើជាអ្នកគ្រប់គ្រងចំណែកភាគហ៊ុនធំជាងគេរបស់ NIKE លុះដល់ពេលប្រហែលជាជាងមួយទសវត្សចុងក្រោយនេះទើប Phil សម្រេចចិត្តលក់ភាគហ៊ុនមួយផ្នែកធំរបស់ក្រុមហ៊ុនជា Initial Public Offering (IPO) ដូចក្រុមហ៊ុនសកលធំៗដទៃទៀត។ ប៉ុន្តែភាគហ៊ុនដែល NIKE ដាក់លក់នេះត្រូវបានបែងចែកជាពីរ ទីមួយហៅ “A Shares” (សម្តៅដល់អ្នកទិញភាគហ៊ុនធំៗរបស់ក្រុមហ៊ុននិងមានសិទ្ធិក្នុងការទទួលភាគលាភ ចូលរួមផ្តល់យោបល់និងការបោះឆ្នោតផ្សេងៗនៅក្នុងក្រុមហ៊ុន) ទីពីរគឺ “B Shares” (អ្នកដែលមានចំណែកភាគហ៊ុននេះគឺផ្ទុយពី “A shareholders” គឺពួកគេមានសិទ្ធិត្រឹមទទួលបានផលចំណេញឫភាគលាភពីក្រុមហ៊ុនតែប៉ុណ្ណោះ)។

៩. ផ្តល់ក្តីសង្ឃឹម និងការជឿជាក់ដល់កូនក្រុម

បន្ទាប់ពីផ្តាច់ទំនាក់ទំនងពីក្រុមហ៊ុននៅ Onitsuka របស់ប្រទេសជប៉ុន NIKE ហាក់ដូចជាបាត់ខ្នងបង្អែកមួយដ៏រឹងមាំ។ យ៉ាងណាមិញ Phil Knight បានខិតខំជម្រុញកូនចៅរបស់ខ្លួន ផ្តល់ទំនុកចិត្ត និងក្តីសង្ឃឹមដល់ពួកគេថា ជោគវាសនារបស់ NIKE គឺមិនមែនពឹងពាក់លើក្រុមហ៊ុននៅ Onitsuka ទាំងស្រុងនោះទេ។ តែផ្ទុយទៅវិញ ការប្រឹងប្រែងរបស់បុគ្គលិក ទាំងអស់ទើបជាកត្តាកំណត់ពីជោគជ័យ ឫបរាជ័យឱ្យ NIKE

១០. ដឹងថាពេលណាគួរឈប់

ចាប់តាំងពី NIKE បានដំណើរការមក ស្ថាបនិក Phil Knight បានយកឈ្នះឧបសគ្គជាច្រើនដូចជា ការខ្វះខាតលុយកាក់សម្រាប់ទ្រទ្រង់ក្រុមហ៊ុន ការតវ៉ាស្វែងរកសិទ្ធិធ្វើអាជីវកម្មស្របច្បាប់ជាមួយក្រុមហ៊ុនផ្តល់ការផ្គត់ផ្គង់នៅ Onitsuka រួមទាំងការតតាំងជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិកដែលបានចោទប្រកាន់លោកពីបទមិនបានបង់ពន្ធនាំចូលឱ្យស្មើរភាព។ ថ្វីត្បិតតែ Phil ជាមនុស្សមានចិត្តមានះបែបនេះក៏ដោយ ប៉ុន្តែគាត់ដឹងច្បាស់ថាពេលណាជាពេលដ៏សមស្របបំផុតក្នុងការចរចារ។ គាត់បានយល់ព្រមបញ្ចប់ទំនាស់ជាមួយដៃគូររកស៊ី Onitsuka ដោយក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រទេសជប៉ុននេះយល់ព្រមសងថ្លៃប៉ះពៅផ្លូវចិត្តដល់គាត់ពាក់កណ្ដាល។ ជាងនេះទៅទៀត Knight ក៏បានយល់ព្រមបង់ថ្លៃ ១ ភាគ ៣ នៃតម្លៃពន្ធនាំចូលដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកបានទាមទារ។ រឿងនេះហាក់ដូចជាធ្វើឱ្យគាត់បាក់មុខបន្តិច ប៉ុន្តែ Knight ពិតជាបានដឹងប្រាកដថាពេលណាជាពេលដែលត្រូវបញ្ឈប់ការតតាំង។

ដំណើរកម្សាន្តជុំវិញពិភពលោកអស់ពេលជាង ១៥ ឆ្នាំ ជាពិសេសការមកដល់ប្រទេសជប៉ុន បានធ្វើឱ្យជីវិតរបស់ Phil Knight ស្ទើរតែប្រែប្រួលទាំងស្រុង និងបានកសាងក្រុមហ៊ុនផលិតផលិតស្បែកជើងនិងសម្ភារៈកីឡាគ្រប់ប្រភេទដ៏ល្បីល្បាញក្នុងលោកដែលមានតម្លៃទីផ្សារជាង ៨៥ ពាន់លានដុល្លារ និងមានទីតាំងលក់ប្រមាណជា ១, ១៨២ កន្លែងទូទាំងសកលលោក៕

ចុចអានបន្ទាប់៖ Phil Knight៖ ដំណើរឆ្ពោះទៅបង្កើត BRAND របស់ក្រុមហ៊ុនដ៏ល្បីល្បាញក្នុងលោក NIKE

ប្រភពៈ businessinsider

ផ្ទាំងឃោសនាពាណិជ្ជកម្ម
សួស្តី! ខ្ញុំគឺជាអ្នកសរសេរអត្ថបទឱ្យ Apamat.com និងប្រែសម្រួលអត្ថបទណាទាក់ទងនិងអ្នកជំនួញល្បីៗ ជាពិសេសរបៀបក្នុងការសម្រេចជោគជ័យ ព្រមទាំងបទពិសោធន៍បរាជ័យរបស់ពួកគេ។ សម្រាប់ទស្សនៈខ្ញុំផ្ទាល់ ខ្ញុំយល់ថា ការធ្វើអាជីវកម្មគឺជាថ្នាំដ៏ស័ក្តិសិទ្ធិមួយដែលអាចកែប្រែទំនាស់ផលប្រយោជន៍រវាងមនុស្សនិងមនុស្ស។ សូមអរគុណចំពោះចំណាប់អារម្មណ៍ និងពេលវេលាដ៏មានតម្លៃរបស់អ្នកក្នុងការអានអត្ថបទរបស់ខ្ញុំ៕