គូប្រជែងធំៗបំផុតក្នុងពិភពជំនួញ

3147

ក្នុងសេដ្ឋកិច្ចទីផ្សារសេរីដើម្បីអោយរីកចម្រើនបានទាមទារត្រូវអោយមានការប្រកួតប្រជែងរវាងអ្នកលក់និងអ្នកលក់ក្នុងគោលបំណងទាក់ទាញអតិថិជនអោយបានច្រើន។ វាបានជួយជំរុញអោយក្រុមហ៊ុននីមួយៗខិតខំស្វែងរកគំនិតថ្មីៗ ឬបច្ចេកវិទ្យាបន្ថែមដើម្បីផលិតអោយទាន់តម្រូវការនិងអាចរកប្រាក់ចំនេញបានបន្ថែម ហើយអ្នកដែលចំនេញនោះគឺទាំងអ្នកលក់និងអ្នកទិញព្រោះផលិតផលកាន់តែល្អរីឯតម្លៃក៏ចុះថោកជាងមុន។ ខាងក្រោមនេះគឺជាការប្រកួតប្រជែងធំៗដែលធ្លាប់កើតមានឡើងរវាងបុគ្គលនិងបុគ្គល ឬរវាងក្រុមហ៊ុននិងក្រុមហ៊ុន។ 

១. Steve Jobs vs Bill Gates ៖ អ្នកជំនួញទាំងពីរនេះជាបុគ្គលដែលមានប្រវត្តរូបខុសគ្នាដូចមេឃ និងដីដោយ Bill Gates ជាកូនរបស់គ្រួសារអភិជនមួយដែលមានលទ្ធភាពទៅរៀននៅសាកលវិទ្យាល័យ Harvard ខណៈ Steve Jobs ត្រូវបានឪពុកម្ដាយបង្កើតបោះបង់ចោលតាំងពីកើតភ្លាម ហើយក្រោយមកគ្រួសារត្រកូល Jobs ដែលជាគ្រួសារធម្មតាមួយបានយកលោកមកចិញ្ចឹមរហូតដល់ធំ និងបានទៅរៀននៅ Reed College។ ការប្រជែងក្នុងជំនួញរបស់បុគ្គលទាំងពីររូបនេះគឺទាក់ទងនឹងកុំព្យូទ័រ ដោយ Bill Gates ជាអ្នកជំនាញខាងសរសេរកូដរហូតដល់បង្កើតបានក្រុមហ៊ុន Microsoft ដែលស្ទើរតែគ្រប់កុំព្យូទ័រកំពុងប្រើប្រាស់សព្វថ្ងៃនេះ។ Steve Jobs គាត់មិនចេះសរសេរកូដឬជំនាញខាងបង្កើតកុំព្យូទ័រអីទេ តែគាត់ជាអ្នកលក់ដែលមានថ្មីមាត់ពូកែ ហើយដៃគូរជំនួញនៅពេលគាត់ចាប់ផ្ដើមដំបូងនោះគឺ Steve Wozniak ដែលជាអ្នកជំនាញខាងអេឡិចត្រូនិច និងបានជួយបង្កើតកុំព្យូទ័រដំបូងរបស់ Apple។ នៅពីរទសវត្សដំបូងនៃការប្រណាំងប្រជែងរបស់បុគ្គលទាំងពីរ Bill Gates មានប្រៀបជាង Steve Jobs ដោយកម្មវិធី Microsoft ត្រូវបានគេប្រើប្រាស់ជាច្រើន ខណៈដែលនៅទសវត្ស ១៩៨០ Steve Jobs ត្រូវបានដេញចេញពីក្រុមហ៊ុន Apple ដែលខ្លួនបានបង្កើត។ ប៉ុន្ដែចាប់ពីឆ្នាំ ១៩៩៧ ដែល Steve Jobs ត្រលប់មកកាន់ Apple វិញ ពេលនោះហើយដែល Steve Jobs មានប្រៀបជាង Bill Gates វិញម្ដងដោយគាត់បានបង្កើតនូវឧបករណ៍អេឡិចត្រូនិចល្បីៗជាច្រើនដូចជា iMac, MacBook Pro, iPod, iPhone…។ ចុងបញ្ចប់អ្នកដែលឈ្នះគឺលោក Steve Jobs ព្រោះគាត់បានបង្កើតនូវក្រុមហ៊ុនដែលធំជាងគេបំផុតក្នុងប្រវត្តិសាស្ត្ររបស់មនុស្ស និងជាក្រុមហ៊ុនដំបូងគេដែលមានទ្រព្យសម្បត្តិរហូតដល់មួយទ្រីលានដុល្លាអាមេរិច។ 

២. Coca Cola vs Pepsi ៖ នៅឆ្នាំ ១៨៨៦ អ្នកគីមីវិទូម្នាក់បានផ្សំរូបមន្ដសម្រាប់ភេសជ្ជៈមួយប្រភេទឈ្មោះថា Coca Cola ដោយគាត់អះអាងថាអាចជំនួយដល់អ្នកមានបញ្ហារាងកាយនិងផ្លូវចិត្ត។ ប្រាំពីរឆ្នាំក្រោយមក Pepsi Cola ត្រូវបាននាំចូលទីផ្សារតែភ្លាមៗនោះ Coca Cola មិនបានចាត់ទុក Pepsi ជាដៃគូរប្រជែងរបស់ខ្លួនរហូតទាល់តែប៉ុន្មានទសវត្សក្រោយមកទើបវត្តមានរបស់ Pepsi ធ្វើអោយប៉ះពាល់ដល់ទីផ្សាររបស់ Coca Cola ខ្លះៗ។ នៅទសវត្ស ១៩៥០ Pepsi ក្លាយទៅជាក្រុមហ៊ុនភេសជ្ជៈទីពីរដោយពាក្យស្លោករបស់ក្រុមហ៊ុនពេលនោះគឺ “បំបាក់Coca Cola” រីឯ Coca Cola ក៏មិនអន់ដែរដោយមិនហៅ Pepsi ចំឈ្មោះទេតែហៅថា “ពួកចម្លងតាមគេ” ។ នៅឆ្នាំ ១៩៧៩ ដែលជាលើកដំបូងបំផុតក្នុងប្រវត្តសាស្ត្រដែល Pepsi លក់បានច្រើនជាង Coca Cola តែជ័យជម្នះនោះមិនបាននៅយូរទេ។ ទីបំផុតក្រុមហ៊ុន Coca Cola បានឈ្នះការប្រកួតប្រជែងនេះដោយក្លាយទៅជាក្រុមហ៊ុនភេសជ្ជៈធំជាងគេបំផុតក្នុងពិភពលោករហូតមកដល់បច្ចុប្បន្ន។ 

៣. Boeing vs Airbus ៖ ក្រុមហ៊ុនទាំងពីរនេះគឺមានសារៈសំខាន់ដល់សេដ្ឋកិច្ចរបស់ប្រទេសរបស់គេណាស់ដោយបង្កើតអោយមានការងាររាប់ពាន់កន្លែង ហើយធ្វើអោយជនជាតិគេមានមោទនភាពនឹងសមត្ថភាពក្នុងការផលិតយន្ដហោះរបស់ខ្លួន។ ដំបូងក្រុមហ៊ុន Boeing របស់អាមេរិចជាអ្នកនាំមុខក្នុងវិស័យអាកាសចរ តែក្រោយមកនៅឆ្នាំ ២០០៣ Airbus របស់អឺរ៉ុបជាអ្នកនាំមុខម្ដង។ បច្ចុប្បន្ននេះក្រុមហ៊ុន Boeing មានទីផ្សារ ៤៣%ក្នុងពិភពលោក និងផលិតយន្ដហោះសម្រាប់ដឹកអ្នកដំណើរ យន្ដហោះយោធា និង យន្ដហោះរបស់ប្រធានាធិបតីអាមេរិច AirForce One។ រីឯ Airbus មានទីផ្សារ ៤៥% ហើយផលិតយន្ដហោះដឹកអ្នកដំណើរ និងយន្ដហោះយោធាសម្រាប់ប្រទេសមួយចំនួននៅអឺរ៉ុប។ 

៤. McDonald’s vs Burger King ៖ ក្នុងប្រវត្តសាស្ត្ររបស់ហាងលក់អាហារទាំងអស់គ្មានការប្រកួតប្រជែងណាខ្លាំងជាងហាងទាំងពីរនេះទេរហូតលោក Ray Kroc (អ្នកបង្កើតMcDonald’s) និយាយថាបើគេលង់ទឹកហើយយើងនឹងជាន់ពន្លិចបន្ថែម។ ការប្រកួតប្រជែងក្នុងទីផ្សាររវាងក្រុមហ៊ុនទាំងពីរនេះដំបូងកើតឡើងនៅទសវត្ស១៩៥០ ដោយពេលនៅឆ្នាំ ១៩៥៧ Burger King បានដាក់លក់បឺហ្គឺរ Whopper ក្នុងតម្លៃ៣៧សេន ដើម្បីឆ្លើយតបទៅនឹងបឺហ្គឺររបស់ McDonald’s ដែលតូចជាងតែលក់ក្នុងតម្លៃ១៥សេន។ នៅឆ្នាំ ១៩៦៨ McDonald’s បានដាក់លក់ Big Mac ដែលជាគូរប្រជែងរបស់ Whopper វិញ។ ឆ្នាំ ១៩៨២ Burger King បានដាក់ផ្សាយពាណិជ្ចកម្មមួយដែលអះអាងថាអតិថិជនចូលចិត្តអាហាររបស់ខ្លួនជាង McDonald’s និង Wendy’s តែត្រូវបានហាងទាំងពីរប្ដឹងរងរឿងព្រោះការអះអាងនោះមិនមានភស្ដុតាងច្បាស់លាស់។  ឆ្នាំ ១៩៩៧ Burger King បានចេញផ្សាយពាណិជ្ជកម្មមួយទៀតថាអាហាររបស់ខ្លួនឆ្ងាញ់ជាង McDonald’s ហើយក៏ត្រូវ McDonald’s វាយបកវិញតាមរយៈការផ្សាយពាណិជ្ជកម្មរបស់ខ្លួន។ ក្រោយមកការប្រជែងបានថមថយទៅវិញដោយសារបញ្ហានៅក្នុងក្រុមហ៊ុនរបស់ Burger King ហើយនៅឆ្នាំ ២០១១ Wendy’s បានក្លាយទៅជាហាងធំទីពីរនៅអាមេរិចបន្ទាប់ពីរ McDonald’s។ បច្ចុប្បន្ននេះ McDonald’s ក្លាយទៅជាក្រុមហ៊ុនអាហារធំជាងគេលើពិភពលោកដោយមានសាខារហូតដល់ជាង ៣៧០០០ ហាង៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។