របៀបបើកហាងកាហ្វេប្រេន

13853

អាជីវកម្មហាងកាហ្វេកំពុងតែរីកដូចផ្សិតនៅក្នុងទីផ្សាររាជធានីភ្នំពេញ ខ្លះកំពុងតែសាងសង់ ខ្លះទើបតែសម្ភោធ និងខ្លះទៀតកំពុងរៀបចំបិទទ្វារបណ្តើរៗ។ នៅក្នុងទីផ្សារដែលចង្អៀតបែបនេះ ប្រសិនបើអ្នកចង់រកស៉ីក្នុងអាជីវកម្មហាងកាហ្វេនេះ អ្នកត្រូវធ្វើឲ្យហាងកាហ្វេរបស់អ្នកខុសប្លែកពីគេ បើពុំដូច្នោះទេ អ្នកប្រាកដជាពិបាកក្នុងការកសាងយីហោរឡើងណាស់។ វត្តមានរបស់ហាងកាហ្វេ Starbuck នៅក្នុងទីក្រុងភ្នំពេញបានធ្វើការពង្រីកខ្លួនយ៉ាងលឿន ថែមទាំងទទួលបានជោគជ័យខ្លាំងផងដែរ ខណៈហាងកាហ្វេលំដាប់ពិភពលោកមួយទៀតគឺ Costa Coffee អាចនឹងបាត់ខ្លួនពីទីផ្សារកម្ពុជាឆាប់ៗ។ ងាកមកមើលហាងកាហ្វេលំដាប់កំពូលរបស់កម្ពុជាយើងវិញគឺ Brown Coffee បានកំពុងតែឈជើងយ៉ាងរឹងមាំនៅក្នុងទីផ្សារ ហើយកំពុងតែប្រកួតប្រជែងជាមួយយីហោរហាងកាហ្វេបរទេសធំៗដូចជា Starbuck ជាដើម។ តើអ្នកមានមហិច្ចតាចង់បង្កើតយីហោរហាងកាហ្វេដែលអស្ចារ្យជាង Brown និង Starbuck នៅកម្ពុជាដែរទេ? ឬគ្រាន់តែចង់បើកហាងកាហ្វេមួយសាមញ្ញៗដើម្បីកំដរអារម្មណ៍? 

ប្រសិនបើអ្នកមានក្តីស្រមៃចង់បើកហាងកាហ្វេ ហើយកំពុងតែស្វែងរកឱកាសបើកវាផងនោះ ខាងក្រោមនេះគឺជារបៀបចាប់ផ្តើម។

មានជម្រើសបីក្នុងការបើកហាងកាហ្វេ៖

  • ទិញសិទ្ធបន្តពីហាងដែលល្បីស្រាប់ (Franchise)
  • ទិញយកហាងដែលកំពុងដំណើរការស្រាប់
  • ចាប់ផ្តើមពីចំណុចសូន្យ បង្កើតយីហោរដោយខ្លួនឯង

មិនថាអ្នករើសយកជំរើសណាមួយក្នុងចំណោមជម្រើសទាំងបីខាងលើក៏ដោយ ផែនការអាជីវកម្មរបស់អ្នកគួរតែធ្វើតាមចំណុចគន្លឹះខាងក្រោមនេះ៖

១. ស្វែងរកកន្លែងដ៏សាកសម្យ និងមានតម្លៃជួលសមរម្យ

តើហេតុអ្វីបានជាហាងកាហ្វេដទៃទៀតល្បីម្លេះ?

  • ហាងកាហ្វេគឺជាកន្លែងមួយដ៏អស្ចារ្យសម្រាប់ធ្វើសង្គមនីយកម្ម ពោលគឺហាងកាហ្វេជាកន្លែងមួយដែលមនុស្សចូលចិត្តណាត់មិត្តភក្តិជួបជុំគ្នា។ មិនត្រឹមតែប៉ុណ្ណោះ វាគឺជាកន្លែងដែលមនុស្សចូលចិត្តទៅបំពេញការងារក្រៅម៉ោង កិច្ចការសាលា និងអានសៀវភៅជាដើម។
  • ហាងកាហ្វេ គឺជាកន្លែងមួយដ៏ពេញនិយមសម្រាប់ការពិភាក្សាកិច្ចការជំនួញក្រៅផ្លូវការណ៍។

ចំណុចទាំងពីរខាងលើ គឺជាកន្លឹះក្នុងការស្វែងរកទីតាំងដែលល្អបំផុត។ ស្វែងរកទីតាំងណាដែលក្រុមមនុស្សទាំងនោះនៅ ហើយជាកន្លែងដែលអាចទាក់ទាញពួកគេ។ ប្រសិនបើអ្នកទិញសិទ្ធមកបើកបន្ត ឬក៏ទិញយកហាងដែលដំណើរការស្រាប់ ទីតាំងនឹងត្រូវបានគេកំណត់យកមុន ប៉ុន្តែអ្នកនៅតែអាចស្រាវជ្រាវ ហើយសម្រេចចិត្តថាទិញហាងណា ហើយនៅកន្លែងណា។ 

ទីតាំង Vs ការជួល

អ្នកគួរចាំថា ទីតាំងនៅកណ្តាលក្រុងភាគច្រើន អាចនឹងមិនមែនជាជម្រើសដ៏ល្អបំផុតក្នុងការចាប់ផ្តើមពីចំណុចសូន្យដោយខ្លួនឯងនោះទេ។ ផ្សារទំនើប និងនៅតាមដងផ្លូវដែលមានចរាចរណ៍មមាញឹក ជាទូទៅមានតម្លៃជួលថ្លៃ ហើយមានគូប្រជែងនៅជិតច្រើន។ បើកហាងនៅជាប់ផ្លូវធ្វើដំណើរគឺល្អបំផុតសម្រាប់ហាងកាហ្វេ មនុស្សអាចមើលឃើញច្រើន និងមានតម្លៃថោកជាងផ្សារទំនើប ហើយអ្នកអាចកំណត់ម៉ោងបើក-បិទហាងដោយខ្លួនឯង។ ម្ចាស់ហាងកាហ្វេខ្លះ ពួកគាត់សម្រេចចិត្តបើកហាងកាហ្វេនៅទីតាំងផ្ទាល់ខ្លួន ដោយសារតែគាត់យល់ថាវាជាការកាត់បន្ថយចំណាយថ្លៃជួល ប៉ុន្តែគាត់បែរជាមិនផ្តោតលើថាតើទីតាំងរបស់គាត់នោះមិនទាក់ទាញអតិថិជនបានឬអត់។ ទីតាំង និងតម្លៃជួល​គួរតែស៉ីមេទ្រីគ្នា ហើយប្រៀបធៀបជាមួយចំណូលពីការលក់។ 

ផ្លូវធ្វើដំណើរ និងកន្លែងចតយានជំនិះ

ប្រសិនបើអ្នកបើកក្នុងផ្សារទំនើប ឬក្នុងតំបន់ពាណិជ្ជកម្មធំៗ គេមានចំណតជាស្រេច។ បើសិនអតិថិជន គាត់ពិបាកក្នុងការចូលចតនៅលើផ្លូវដែលមានចរាចរណ៍មមាញឹកខ្លាំង ពួកគាត់នឹងទៅហួស មកហួស។ អ្នកប្រាកដជាចង់បានទីតាំងដែលដែលមានភាពងាយស្រួល មានមនុស្សធ្វើដំណើរឆ្លងកាត់ច្រើន មានកន្លែងចំណតទូលាយ ដែលអាចឲ្យអតិថិជនងាយស្រួលចូលហាងរបស់អ្នកនៅពេលដែលពួកគាត់ចេញពីធ្វើការ ឬចេញពីសាលារៀន។

២. ប្តេជ្ញាផ្តល់នូវគុណភាពផលិតផលដ៏ល្អលើសគេ និងប្លែកពីគេ

ប្រជាជនកម្ពុជា ត្បិតតែពួកគាត់និយមចូលហាងកាហ្វេពិតមែន ប៉ុន្តែមិនមានន័យថាពួកគាត់ចេះផឹកកាហ្វេពិតប្រាកដនោះទេ។ មានន័យថា យុវវ័យទៅហាងកាហ្វេភាគច្រើនគឺដោយសារការនិយម ដោយពួកគាត់មិនមែនជាអ្នកស្គាល់រសជាតិ និងស្គាល់ក្លិនកាហ្វេ ចំជាអ្នកផឹកកាហ្វេពិតប្រាកដនោះទេ។ ប៉ុន្តែអ្នកគួរតែប្តេជ្ញាផ្តល់គុណភាពផលិតផលនៅក្នុងហាងរបស់អ្នកទាំងកាហ្វេ ទាំងនំម្សៅ អាហារសម្រន់ និងភេសជ្ជៈផ្សេងទៀត ព្រោះមនុស្សទៅហាងរបស់អ្នក មិនមែនគ្រាន់តែផឹកកាហ្វេមួយកែវ បរិភោគអាហារមួយពេល ឬភេជ្ជៈផ្សេងទៀតនោះទេ ពួកគាត់ត្រូវការកាហ្វេដែលហាងផ្សេងទៀតមិនមាន អាហារឆ្ងាញ់ខុសពីគេ និងបរិយាកាសល្អដាច់គេ។ មានន័យថា អ្នកនឹងត្រូវ៖

  • ទិញគ្រាប់កាហ្វេដែលល្អ និងសុទ្ធ
  • ទិញម៉ាស៉ីនឆុងកាហ្វេដែលមានគុណភាពខ្ពស់ រួមទាំងសម្ភារៈពាក់ព័ន្ធផ្សេងទៀតដូចជាម៉ាស៉ីនក្រឡុកគ្រាប់កាហ្វេ ម៉ាស៉ីនបន្សុទ្ធទឹក…
  • ដាក់លក់នំម្សៅផ្សេងៗ និងអាហារសម្រន់ដែលសាកសមនឹងញាំជាមួយកាហ្វេ
  • ប្រើតែបុគ្គលិកដែលត្រូវបានបង្វឹករួចរាល់ ជាពិសេសបុគ្គលិកផ្នែកឆុងកាហ្វេ និងសេវាកម្មអតិថិជន
  • ដាក់បញ្ជូលភេស្ជជៈសំខាន់ៗដែលអតិថិជនចូលចិត្ត ដូចជាភេសជ្ជៈបែបក្រឡុក៖ តែបៃតងក្រឡុក …។ (បើបង្កើតភេសជ្ជៈប្រចាំហាងកាន់តែអស្ចារ្យ)

៣. ផ្តល់សេវាកម្មអតិថិជនដោយភាពអស្ចារ្យ

មនុស្សទិញដោយប្រើអារម្មណ៍ មិនមែនសំខាន់តែលើរសជាតិនោះទេ។ បើអ្នកមានទីតាំងដ៏ល្អ មានផលិតផលដែលមានគុណភាព និងមានសេវាកម្មអតិថិជនអស្ចារ្យទៀតនោះ ឱកាសជោគជ័យនឹងខិតជិតអ្នកហើយ។ 

តាមការពិនិត្យមើលរបស់ខ្ញុំឃើញថា ភាពជោគជ័យរបស់ Starbuck គឺដោយសារជំនាញក្នុងការឆុងកាហ្វេ និងសេវាកម្មដ៏ល្អរបស់គេ។ 

សេវាកម្មបម្រើអតិថិជនដល់តុ Vs សេវាកម្មនៅនឹងបញ្ជរ (Counter Service)

ហាងកាហ្វេជោគជ័យភាគច្រើនជ្រើសយកសេវាកម្មអតិថិជននៅនឹងបញ្ជរ ដូចជា Starbuck ជាដើម គឺសុំឈ្មោះអតិថិជន រួចហៅឈ្មោះឲ្យមកយកកាហ្វេនៅពេលឆុងហើយ។ ការប្រើវិធីនេះ គឺចំណេញការចំណាយលើប្រាក់ខែបុគ្គលិកលើកអាហារជូនអតិថិជនមួយផ្នែក។ ចំណែកនៅហាងខ្លះ គេប្រើឧបករណ៍រោទិ៍ជំនួសឲ្យការស្រែកហៅឈ្មោះអតិថិជន។

សេវាកម្មអតិថិជនដល់តុ ជាទូរទៅមានភាពយឺតយ៉ាវ ចំណាយលើបុគ្គលិកច្រើន ប៉ុន្តែល្អសម្រាប់ភោជនីដ្ឋានដែលភ្ញៀវហៅអាហារច្រើនមុខ និងចំណាយពេលយូរដើម្បីញាំ។ ការផ្តល់សេវាកម្មអតិថិជនដល់តុ មានឱកាសច្រើនក្នុងការលក់ផផលិតផលផ្សេងទៀតដូចជានំ និងអាហារសម្រន់។ 

៤. បង្កើតបរិយាកាសឲ្យអតិថិជនមានអារម្មណ៍ថាគួរឲ្យចង់ចូលអង្គុយ សម្រាក ជជែកគ្នា លំហែរអារម្មណ៍…

បរិយាកាសនៅក្នុងហាងក៏ជាទិសដៅដែលធ្វើឲ្យអតិថិជនចង់ចូលទិញផងដែរ។ ហាងកាហ្វេ Starbuck តែងតែគិតគូចំពោះការរចនាផ្នែកខាងក្នុងហាង ដោយតែងតែចំណាយលុយជួលក្រុមហ៊ុនល្បីៗដើម្បីរចនាផ្នែកខាងក្នុងហាង ហើយវាក៏ជាចំណែកមួយនៃភាពជោគជ័យរបស់ Starbuck ផងដែរ។ 

ផ្នែកខាងក្នុងហាងដែលមនុស្សចាប់អារម្មណ៍មាន កៅអីអង្គុយ សាឡុង តុ កម្រាល ភ្លើងលំអ ពិដាន ការតុបតែង និងដេគ័ររបស់របរសិល្បៈ និងបន្ទប់ទឹក។ អ្នកអាចប្រៀបធៀបគ្នារវាងហាង Brown Coffee, Starbuck, Amazon និង Coffee Today ឬហាងកាហ្វេល្បីៗផ្សេងទៀត ថាក្នុងហាងទាំងនោះគឺសម្រាប់នរណា។ រចនាបទរបស់ Starbuck គឺសម្រាប់អតិថិជន High Class ហើយតម្លៃរបស់វាក៏ខ្ពស់ដែរ។ ហាងកាហ្វេ Brown សម្រាប់អតិថិជន Middle និង High Class ស្របទៅនឹងការតុបតែង ប៉ុន្តែចំពោះហាង Amazon គឺសម្រាប់ក្មេងៗដែលទៅដើម្បីលេងហ្គេម និងជជែកគ្នាលេង។ ដូច្នេះការរចនាបរិយាកាសនៅក្នុងហាងរបស់អ្នក គឺអាស្រ័យលើការតម្រូវចិត្តអតិថិជនគោលដៅរបស់អ្នក។

៥. បង្កើត App

ហាងកាហ្វេជាច្រើន មិនថាតូច ឬធំសុទ្ធតែកំពុង និងធ្លាប់ប្រើយុទ្ធសាស្ត្រទីផ្សារទិញថែមតាមរយៈកាត ហើយភាគច្រើនគឺទិញចំនួន១០កែវ នឹងបានមួយកែវដោយឥតគិតថ្លៃ។ ប៉ុន្តែសម័យឌីជីថលនេះ កាតទាំងនោះគឺជិតលែងមានអ្នកប្រើហើយ គេងាកមកប្រើ App ជំនួសវិញ ក្នុងគោលបំណង៖

  • លើកទឹកចិត្តឲ្យអតិថិជនមកទិញម្តងហើយម្តងទៀតតាមរយៈការការទិញសន្សំពិន្ទុ
  • ទាក់អតិថិជនមិនឲ្យទៅរកគូប្រជែង
  • ជម្រុញឲ្យអតិថិជនចំណាយកាន់តែច្រើន
  • ប្រើដើម្បីផ្ញើរសារផ្សាយពាណិជ្ជកម្ម និងកម្មវិធីប្រូម៉ូសិនផ្សេងៗ

៦. ម្ចាស់ហាងគួរតែមានវត្តមាននៅក្នុងហាង

អតិជននឹងមានអារម្មណ៍រំភើបចិត្ត នៅពេលពួកគាត់ឃើញម្ចាស់ហាងឈរស្វាគមន៍ភ្ញៀវនៅបញ្ជរ(Counter Table) ហើយវាក៏ជាការធ្វើឲ្យបុគ្គលិកយកចិត្តទុកដាក់ក្នុងការបំពេញភារកិច្ចផងដែរ។ ប្រសិនបើអ្នកមានហាងច្រើនសាខា អ្នកអាចចល័តគ្រប់ហាងម្តងម្កាល។ 

៧. ភ្ជាប់ Wi-Fi 

ហាងកាហ្វេភាគច្រើនមាន Wi-Fi សម្រាប់ឲ្យអតិថិជនប្រើដើម្បីស្រាវជ្រាវ ធ្វើកិច្ចការសាលា និងកំសាន្តក្នុងការប្រើប្រាស់បណ្តាញសង្គម និង Youtube។ ប៉ុន្តែនៅពេលដែលក្នុងហាងមានសុទ្ធតែមនុស្សកាន់ទូរស័ព្ទ ចុចកុំទ្យូទ័រ និងថេបប្លែត ក៏មិនមែនជាបរិយាកាសល្អប៉ុន្មានដែរ។ ការនិយាយជជែក ពិភាក្សាគ្នា និងសកម្មភាពរស់រវើកជាច្រើនទៀត ទើបធ្វើឲ្យបរិយាកាសកាន់តែអស្ចារ្យ ប៉ុន្តែបើអ្នកមិនដាក់ Wi-Fi អ្នកអាចនឹងធ្លាក់ចំណូល ព្រោះនៅក្នុងទីផ្សារកម្ពុជាត្រូវតែតម្រូវតាមអតិថិជនបែបនេះ។ 

សរុបមក ចំណុចទាំងអស់ខាងលើ គឺសុទ្ធសឹងតែចំណុចសំខាន់ដែលអ្នកគួរយកទៅប្រើក្នុងគម្រោងអាជីវកម្មហាងកាហ្វេរបស់អ្នក ហើយប្រសិនបើអ្នកមិនធ្លាប់សរសេរគម្រោងអាជីវកម្ម អ្នកអាចអានអត្ថបទអំពីរបៀបសរសេរគម្រោងអាជីវកម្មនៅលើគេហទំព័ររបស់យើង ក្នុងទំព័រចេញរកស៉ី។ មួយវិញទៀត ប្រសិនបើអ្នកចង់កសាងយីហោរថ្មី ហើយអ្នកចង់ធ្វើឲ្យវាអាចល្បី និងឈរក្នុងតារាងជាមួយ Brown Coffee និងហាងកាហ្វេធំៗផ្សេងទៀតក្នុងទីផ្សារកម្ពុជា អ្នកត្រូវជួល ឬរកដៃគូខ្លាំងជាក្រុមដើម្បីអនុវត្តន៍កិច្ចការសំខាន់ៗដូចជាផ្នែកទីផ្សារ គ្រប់គ្រងប្រតិបត្តិការ ហិរញ្ញវត្ថុ និងផ្នែកអភិវឌ្ឍអាជីវកម្ម៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។