គ្រប់អាជីវកម្មតែងផ្តោតសំខាន់លើការធ្វើទីផ្សារដើម្បីភាពជោគជ័យ

4142

មនុស្សជាច្រើនបាននិយាយថាអាជីវកម្មរបស់អ្នកនឹងទទួលបានជោគជ័យឬអត់ គឺវាអាស្រ័យលើការធ្វើទីផ្សារ។ រាល់ការធ្វើទីផ្សារល្អបាន ផ្តោតសំខាន់ទៅលើផ្នែកជាច្រើនទាំង ការផ្សាយពាណិជ្ជកម្ម ការផ្សព្វផ្សាយទំនាក់ទំនងសាធារណៈ និងការលក់ដោយផ្ទាល់ជាដើម។ ការធ្វើទីផ្សារតើត្រូវធ្វើអ្វីខ្លះ? ការធ្វើទីផ្សារគឺជាដំណើរការមួយណែនាំចំពោះសេវាកម្ម ឬផលិតផលណាមួយ ហើយបន្ទាប់មកធ្វើអោយអតិថិជនមានចំណាប់អារម្មណ៍លើផលិតផលនោះ ដើម្បីបើកផ្លូវឲ្យអ្នកលក់។ ពេលខ្លះអ្នកមិនមានការធ្វើទីផ្សារត្រឹមត្រូវ ទោះបីផលិតផលរបស់អ្នកល្អប៉ុណ្ណា  ក៏គ្មានអ្នកណាស្គាល់ និងចាប់អារម្មណ៍។ ដោយហេតុនេះហើយ ទើបធ្វើឲ្យក្រុមហ៊ុនជាច្រើនត្រូវបានបិទទ្វារ ដោយសារការលក់របស់ពួកគេនឹងធ្លាក់ជាបន្តបន្ទាប់ ហើយធ្លាក់ចុះបំផុតនៅពេលដែលមានគូប្រជែងខ្លាំងមកដល់។ ចំណុចខាងក្រោមនេះ អ្នកអាចមើលថាហេតុអ្វីការធ្វើទីផ្សារមានសារៈសំខាន់ដើម្បីឱ្យអាជីវកម្មរបស់អ្នករីកចម្រើន។

១. ផ្សាយផលិតផលរបស់អ្នកអោយគេស្គាល់

ប្រសិនបើផលិតផលរបស់អ្នកមិនបានធ្វើអោយសង្គមទាំងមូលស្គាល់ ហើយអ្នកមិនមានទំនាក់ទំនងជាមួយអតិថិជនរបស់អ្នកទេ អ្នកត្រូវប្រើយុទ្ធសាស្ត្រទីផ្សារដើម្បីបង្កើតការទាក់ទាញសេវាកម្ម ឬផលិតផលរបស់អ្នកទៅដល់អតិថិជន។​ បង្ហាញអោយចំៗនូវចំនុចពិសេស និងអ្វីជាចំណុចដែលបញ្ជាក់ថាអតិថិជនគួរជ្រើសផលិតផលរបស់អ្នក។

២. បង្កើនការលក់របស់អ្នកដោយប្រើប្រាស់ការផ្សព្វផ្សាយ

អ្នកត្រូវពិចារណាថា តើទីណាដែលអ្នកគួរដាក់ផ្សព្វផ្សាយ ហើយវាពិតជាមានផលប្រយោជន៍លើផ្នែកទីផ្សាររបស់អ្នក។ ពេលនោះវាពិតជាឱកាសដ៏ល្អរបស់អ្នក ប្រសិនបើអតិថិជនថ្មីពេញចិត្តចំពោះការផ្សព្វផ្សាយ ពេលខ្លះពួកគេអាចប្រាប់តៗទៅទៀតដូចជា ក្រុមគ្រួសារ និងមិត្តភក្តិអំពីសេវាកម្មរបស់អ្នក ឬផលិតផលដែលពួកគេបានឃើញនោះ។ ដូច្នេះការ ប្រើយុទ្ធសាស្រ្តទីផ្សារនេះនឹងមានប្រសិទ្ធិភាពដើម្បីអោយអ្នកទទួលបានជោគជ័យ។

៣. ធ្វើទីផ្សារលើស្លាកយីហោរ (Branding)

កេរ្ដិ៍ឈ្មោះរបស់ក្រុមហ៊ុន គឺជាកត្តាដ៏ធំមួយដែលសម្រេចថាតើអាជីវកម្មរបស់អ្នកនឹងជោគជ័យ ឬអត់។ ការមានយុទ្ធសាស្ត្រទីផ្សារលើស្លាកយីហោរល្អ អាចជួយអ្នកឲ្យបង្កើតម៉ាកយីហោររបស់អ្នក មានគេទទួលស្គាល់ច្រើន។ នៅពេលអ្នកបានកំណត់កេរ្តិ៍ឈ្មោះខ្ពស់សម្រាប់ក្រុមហ៊ុនរបស់អ្នកនៅក្នុងក្រសែភ្នែកសាធារណៈជន នោះហើយក្រុមហ៊ុនរបស់អ្នកនឹងអាចឈររឹងមាំលើវិស័យជំនួញ។ ដូច្នេះនៅពេលកេរ្តិ៍ឈ្មោះរបស់អ្នកកាន់តែរីកចម្រើន​​ វានិងបង្កើនការលក់ ថែមទាំងកម្លាំងពង្រីកអាជីវកម្មរបស់អ្នកក៏មានល្បឿនលឿន។ ដើម្បីកសាងកេរ្តិ៍ឈ្មោះល្អសម្រាប់ក្រុមហ៊ុនរបស់អ្នក អ្នកត្រូវចូលរួមយ៉ាងសកម្មនៅក្នុងកម្មវិធីសហគមន៍មានទំនាក់ទំនងល្អទាំងក្នុង និងក្រៅប្រទេសដើម្បីផ្តល់នូវសេវាកម្ម និង​ ផលិតផលដែលមានគុណភាពដើម្បីគាំទ្រដល់ការធ្វើទីផ្សាររបស់អ្នក និងធ្វើឱ្យការខិតខំប្រឹងប្រែងរបស់អ្នកមានប្រយោជន៍។ អ្នកប្រាកដជាធ្លាប់ឃើញក្រុមហ៊ុនជាច្រើនចុះធ្វើការងារសហគមន៍ ចែកអំណោយ ហើយឧកញ្ញ៉ាមួយចំនួនក៏ប្រើយុទ្ធសាស្ត្រមនុស្សធម៌នេះ ដើម្បីបង្កើតកេរិ៍ឈ្មោះទាំងខ្លួនឯង និងបន្តដល់អាជីវកម្មរបស់ពួកគេទៀត។ ទាំងនេះហើយគឺជារបៀបបង្កើត និងបង្កើនកេរិ៍ឈ្មោះរបស់ពួកគេ ហើយយុទ្ធសាស្ត្រ ទីផ្សារធ្វើឡើងដោយគោលបំណងធំៗបីគឺ ធ្វើឲ្យមនុស្សស្រលាញ់ ជឿជាក់ និងគោរពស្លាកយីហោររបស់យើង។

ក្រុមហ៊ុនធំៗតែងប្រើវិធីជាច្រើនដើម្បីធ្វើឲ្យមនុស្សស្រលាញ់ ជឿជាក់ និងគោរព តាមរយៈសកម្មភាពមនុស្សធម៌ ការផ្តល់អាហាររូបករណ៍ ការចំណាយលុយដាក់ផ្សាយពាណិជ្ជកម្មលើឧបករណ៍ផ្សាយពាណិជ្ជកម្មល្បីៗ និងការចំណាយលុយជួលតារាល្បីៗឲ្យធ្វើជាតំណាងយីហោរជាដើម។ សកម្មភាពទាំងនេះ គឺមិនមែនផ្តោតលើតែការបង្កើនការលក់នោះទេ ប៉ុន្តែគឺដើម្បីធ្វើយីហោរឲ្យរឹងមាំ ហើយគេដឹងទៀតថា បន្ទាប់ពីយីហោររបស់ពួកគេខ្លាំងហើយ ល្បឿននៃការលក់គឺទៅមុខដោយមិនបាច់ច្រាន៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
សួស្តី! ខ្ញុំគឺជាអ្នកសរសេរអត្ថបទម្នាក់នៅលើគេហទំព័រ APAMAT ហើយអត្ថបទរបស់ខ្ញុំភាគច្រើនជាអត្ថបទព័ត៌មានពាណិជ្ជកម្ម។ បច្ចុប្បន្ន ខ្ញុំគឺជានិស្សិតឆ្នាំទីបួន ជំនាញវិទ្យាសាស្ត្រសេដ្ឋកិច្ច និងជាសមាជិកក្រុម startup ម្នាក់នៅ Apamat Team ផងដែរ។