អាជីវកម្មបង្កើតថ្មីរបស់ឥណ្ឌា OYO គឺជាកម្មវិធីស្វែងរកផ្ទះសំណាក់ និងសណ្ឋាគារ បានបង្កើនទុនចំនួនមួយពាន់លានដុល្លារដើម្បីពង្រីកវិសាលភាពទៅក្នុងទីផ្សារប្រទេសចិន និងទីផ្សារអន្តរជាតិផ្សេងទៀត។
ម្ចាស់ទុនធំជាងគេគឺដឹកនាំដោយក្រុមហ៊ុន Vision Fund របស់ SoftBank និងមានការចូលរួមដោយក្រុមហ៊ុន Lightspeed, Sequoia និង Greenoaks Capital មានតម្លៃ ៨០០លានដុល្លារ។ ក្រុមហ៊ុន OYO បាននិយាយថា ទុនចំនួន ២០០លានដុល្លារទៀតគឺបានមកពីវិនិយោគិនដែលមិនអាចបង្ហាញឈ្មោះបាន ខណៈកិច្ចព្រមព្រៀងនេះបានវាយតម្លៃក្រុមហ៊ុន OYO ដែលទើបបង្កើតបានប្រាំឆ្នាំ ក្នុងតម្លៃរហូតដល់ទៅ ៥ពាន់លានដុល្លារ។

OYO ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៣ ដោយលោក Thiel Fellow Ritesh Agarwai ដែលកាលណោះគាត់មានអាយុតែ ១៩ឆ្នាំប៉ុណ្ណោះ។ គិតត្រឹមបច្ចុប្បន្ន OYO ត្រូវបានគេទិញសិទ្ធទៅប្រើចំនួន ១០ ០០០កន្លែង នៅក្នុងទីក្រុងជាង ៣៥០ ក្នុងប្រទេសចំនួនប្រាំ។ ក្រុមហ៊ុន OYO បានប្រកាសថានឹងពង្រីកខ្លួនចេញពីឥណ្ឌាទៅកាន់ប្រទេសចិននៅក្នុងរដូវក្តៅនេះ ហើយក៏បង្ហាញខ្លួននៅប្រទេសនេប៉ាល និងម៉ាឡេស៉ីផងដែរ។ ក្នុងខែនេះ OYO ក៏ទើបតែបានចូលក្នុងទីផ្សារប្រទេសអង់គ្លេសដែរ។
គួររំលឹកដែរថា OYO គឺត្រូវបានបង្កើតឡើងដោយយកគម្រូតាមក្រុមហ៊ុនស្វែងរកទីស្នាក់អាស្រ័យរបស់អាមេរិក Airbnb ហើយឈ្មោះពិតរបស់ស្ថាបនិក OYO គឺ Ritesh Agarwai ប៉ុន្តែសេដ្ឋីឥណ្ឌាវ័យ២៤ឆ្នាំម្នាក់នេះធ្លាប់ទទួលបានការគាំទ្រទាំងការរៀនសូត្រ និងជ្រំជ្រែងពីមូលនិធិរបស់មហាសេដ្ឋីអាមេរិក លោក Peter Thiel ដែលមូនិធិនោះឈ្មោះថា Thiel Fellowship ទើបដាក់ឈ្មោះភ្ជាប់មកជាមួយបែបនេះ។ លោក Peter Thiel គឺជាសហស្ថាបនិករបស់ PayPal ដែលកាលណោះធ្វើការជាមួយលោក Elon Musk៕
លោកអ្នកអាចរៀនសូត្របន្ថែមពី OYO តាមរយៈគេហទំព័រផ្លូវការណ៍ www.oyorooms.com
