ម្ចាស់ក្រុមហ៊ុនថែរក្សាសក់ដ៏ល្បីមានទីតាំងជាង១០០សាខា បានគំនិតបង្កើតមុខរបរនេះដោយសារតែសួរអតិថិជនរបស់ខ្លួន

2106

ក្នុងរយៈពេល១០ឆ្នាំអ្នកស្រី Alli Webb បានបង្កើតហាងថែរក្សាសក់ឈ្មោះថា Drybar ជាង១០០សាខាក្នុងសហរដ្ឋអាមេរិច និង កាណាដា។ គាត់បានប្រឡូកក្នុងវិស័យថែរក្សាសក់ស្ត្រីអស់ពេល២០ឆ្នាំមកហើយដោយដំបូងឡើយគាត់គឺគ្រាន់តែជាអ្នកធ្វើម៉ូតសក់ចល័តតាមផ្ទះក្នុងតម្លៃ៤០ដុល្លាសម្រាប់មនុស្សម្នាក់ ហើយពេលកំពុងធ្វើការងារចល័តនោះហើយដែលគាត់បានគំនិតក្នុងការបើកហាងថែរក្សាសក់ផ្ទាល់ខ្លួន។ ក្នុងរយៈពេលជាងមួយឆ្នាំចុងក្រោយពេលគាត់កំពុងធ្វើសក់តាមផ្ទះនោះ គាត់បានសួរទៅកាន់អតិថិជនថា “បើខ្ញុំមិនអាចមកធ្វើសក់អោយនៅផ្ទះបាន តើអ្នកនឹងធ្វើដូចម្ដេច?” អតិថិជនទាំងនោះបានឆ្លើយថា “ខ្ញុំនឹងផ្អាកធ្វើសក់សិន ឬទៅហាងផ្សេងតែហាងទាំងនោះសេវាកម្មមិនល្អទេ។” អតិថិជនខ្លះទៀតបានឆ្លើយថា “ខ្ញុំនឹងទៅហាងកាត់សក់ឬសាឡូន តែការតែផ្លុំសក់នៅហាងទាំងនោះមានតម្លៃថ្លៃ និងពេលខ្លះត្រូវអ្នកធ្វើសក់បង្ខំអោយកាត់សក់និងលាបពណ៌ទៀតផង។’’

ពេលនោះហើយដែលអ្នកស្រីបានដឹងថាបើគ្មានសេវាកម្មរបស់អ្នកស្រីទេ អតិថិជនរបស់គាត់គ្មានកន្លែងណាដែលខ្លួនអាចទៅផ្លុំសក់ក្នុងតម្លៃសមរម្យហើយមានសេវាកម្មល្អទេ។ គាត់បន្ថែមថានៅក្នុងទីក្រុងញូវយ៉កមានសេវាកម្មទាំងនេះដែរ តម្លៃធូរថ្លៃ និងសេវាកម្មលឿនតែការបម្រើអតិថិជនមិនសូវល្អ។ 

នៅឆ្នាំ២០០៨ អ្នកស្រីជាមួយប្ដី និងប្អូនប្រុសបានបង្កើតហាងថែរក្សាសក់មួយឈ្មោះថា Drybar ក្នុងទីក្រុង Los Angeles។ សព្វថ្ងៃនេះហាង Drybar មានទ្រព្យសរុបជាង ១០០លានដុល្លា និងទីតាំងចំនួន៧ថ្មីទៀតនឹងលេចរូបរាងឡើយក្នុងពេលឆាប់ៗនេះ។ ក្រៅពីនេះហាងរបស់គាត់មានផលិតផលថែរក្សាសក់ជាច្រើនប្រភេទដោយសហការផលិតជាមួយអ្នកអ្នកជំនាញល្បីៗក្នុងពិភពលោក។ ដំបូងឡើយគាត់បង្កើតហាងនេះគឺសម្រាប់តែអតិថិជនតាមចាស់របស់គាត់ និងដើម្បីបំពេញក្ដីស្រមៃតាំងពីតូចរបស់គាត់ប៉ុណ្ណោះ តែចុងបញ្ចប់គាត់បង្កើតនូវមុខរបរថ្មីមួយដោយចៃដន្យដែលមិនធ្លាប់មានពីមុនមកហើយទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីស្ត្រីជាច្រើន។ កាលនោះបើគាត់មិនបានសួរអំពីតម្រូវការរបស់អតិថិជន និងសិក្សាពីការខ្វះខាតក្នុងទីផ្សារទេ ឥឡូវនេះគាត់ប្រហែលនៅត្រឹមតែជាអ្នកធ្វើសក់តាមផ្ទះប៉ុណ្ណោះ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។